សណ្ឋាគារ ឡេ ម៉េរីឌៀន អង្គរ (Le Meridien Angkor Hotel) បានប្រើកងសន្តិសុខឯកជនដើម្បីរារាំងបុគ្គលិកធ្វើការតវ៉ានៅក្នុងបរិវេណសណ្ឋាគារកាលពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីតំណាងសហជីពម្នាក់បានដាក់ពាក្យបណ្តឹងច្រានចោលដីកាបង្គាប់ដោយតុលាការខេត្តសៀមរាបដែលមានគោលបំណងបញ្ឈប់នូវកូដកម្មដែលកំពុងតែធ្វើឡើង។
លោក លី លីនដា ប្រធានសហជីពប្រចាំនៅសណ្ឋាគារ Le Meridien Angkor Hotel បាននិយាយថា កងសន្តិសុខបួននាក់ និងមន្រ្តីនគរបាលម្នាក់បានរារាំងក្រុមបុគ្គលិកសណ្ឋាគារចំនួន ៣០នាក់ ពីការចូលទៅក្នុងបរិវេណសណ្ឋាគារ ដើម្បីធ្វើកូដកម្ម ដែលបុគ្គលិកទាំងនោះបានរៀបចំធ្វើឡើងជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
លោកលីនដា បាននិយាយថា៖ «សណ្ឋាគារបានប្រើប្រាស់កងសន្តិសុខដើម្បីរារាំងបុគ្គលិកកុំឲ្យចូលទៅក្នុងបរិវេណសណ្ឋាគារដើម្បីតវ៉ាហើយសណ្ឋាគារបានអញ្ជើញកងសន្តិសុខទាំងនោះឲ្យមកទទួលទានអាហារថ្ងៃត្រង់នៅក្នុងសណ្ឋាគារថែមទៀតផង។ដូច្នេះនេះបង្ហាញពីការគំរាមកំហែងផ្លូវចិត្តមួយ ដើម្បីធ្វើឲ្យបុគ្គលិកខ្លាចរអាលែងហ៊ានចូលរួមធ្វើកូដកម្ម»។
បុគ្គលិកសណ្ឋាគារបានធ្វើកូដកម្មចាប់តាំងពីខែកក្កដាមក ក្រោយពីសណ្ឋាគារ Le Meridien Angkor Hotel បានបញ្ឈប់ការងារសមាជិកសហជីពចំនួនបីនាក់ ដែលសណ្ឋាគារបានចោទប្រកាន់ពីការញុះញង់បុគ្គលិកដទៃទៀត។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកសហជីពនោះបានប្រមូលស្នាមមេដៃដើម្បីស្នើឲ្យមានការបន្ធូរបន្ថយលើការកាត់ប្រាក់ខែបុគ្គលិក ក្រោយពីមានការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ដោយសារតែវិបត្តិជំងឺកូវីដ១៩។
ចាប់ពីពេលនោះមក កម្មករបានធ្វើកូដកម្មនៅខាងក្រៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប និងនៅមុខសណ្ឋាគារ ខណៈជំនួបចរចានានាសំដៅទៅដោះស្រាយជម្លោះនេះបានបរាជ័យ។
លោកលីនដា បានបន្ថែមថា៖ «យើងបានធ្វើកូដកម្មអស់ពេលជាងពីរខែមកហើយប៉ុន្តែលទ្ធផលគឺសូន្យ»។
បន្ទាប់ពីមានអន្តរាគមន៍ដោយកងសន្តិសុខ លោកបាននិយាយថា បុគ្គលិកត្រូវបង្ខំចិត្តធ្វើបាតុកម្មនៅតាមដងផ្លូវ ដែលពួកគេព្យាយាមបញ្ចៀសការធ្វើដូចនេះពីមុនមក ដោយសារតែអាចបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
បុគ្គលិកបន្តធ្វើការតវ៉ា ដោយសារតែផ្នែកគ្រប់គ្រងរបស់សណ្ឋាគារមិនបានផ្តល់កិច្ចសន្យាការងារថ្មីដល់បុគ្គលិកដែលធ្វើកូដកម្ម ខណៈអ្នកដែលមិនបានចូលរួមបាតុកម្ម និងអ្នកដែលមានកិច្ចសន្យាត្រូវបានបន្តថ្មី ត្រូវបានលើកទឹកចិត្តឲ្យនៅធ្វើការបន្ត។
ដីកាសម្រេចចាត់ចែងជាណ្តោះអាសន្នពីតុលាការខេត្តសៀមរាប ដែលបានចុះកាលពីថ្ងៃទី១៥ ខែកញ្ញា បានរារាំងការធ្វើកូដកម្មបន្ថែម ដោយចោទប្រកាន់ថា បុគ្គលិកបានបិទផ្លូវឆ្ពោះទៅកាន់បរិវេណរបស់សណ្ឋាគារអំឡុងពេលធ្វើកូដកម្មកាលពីគ្រាមុនៗ។
លោក លីន ដា បាននិយាយថា៖ «ពួកគេ [ផ្នែកគ្រប់គ្រងសណ្ឋាគារ] បានចោទប្រកាន់យើងពីការធ្វើកូដកម្មបិទផ្លូវប៉ុន្តែតាមពិតទៅរឿងមិនបានកើតមានដូច្នោះទេ»។
លោកបានបន្តថា ផ្នែកគ្រប់គ្រងរបស់សណ្ឋាគារបានរំលោភបំពានសិទ្ធិសមាជិកសហជីពនៅក្នុងការប្រមូលផ្តុំ តាមរយៈការរារាំងមិនឲ្យបុគ្គលិកធ្វើកូដកម្ម និងបានបញ្ជាឲ្យបុគ្គលិកប្រកាសថាតើពួកគេនៅខាងនយោជក ឬសហជីព។
អ្នកស្រី Yada Anukoonpittaya ជំនួយការផ្នែកទំនាក់ទំនងទីផ្សាររបស់សណ្ឋាគារ Le Meridien Angkor Hotel បាននិយាយថា សណ្ឋាគារប្រកាន់ជំហថា សណ្ឋាគារនៅតែគាំទ្របុគ្គលិកទាំងអស់ ហើយថា កងសន្តិសុខឯកជនត្រូវបានជួលមកស្របទៅតាមនីតិវិធីរក្សាសុវត្ថិភាព។
អ្នកស្រីបានលើកឡើងនៅក្នុងអ៊ីម៉ែលថា៖ «ពាក់ព័ន្ធនឹងកងសន្តិសុខសេចក្តីបង្គាប់ចុះដោយតុលាការ បានចែងថាគ្មានបាតុកម្មណាត្រូវធ្វើឡើងនៅខាងក្នុង និងខាងក្រៅបរិវេណសណ្ឋាគារដោយសារតែទាំងនេះគឺជាសកម្មភាពខុសច្បាប់។ការជួលកងសន្តិសុខគឺជាការគោរពទៅតាមនីតិវិធីជាទូទៅដោយសារតែសណ្ឋាគារនៅតែបន្តផ្តល់នូវបរិស្ថានប្រកបដោយសន្តិសុខមួយសម្រាប់ភ្ញៀវនិងអ្នកពាក់ព័ន្ធដែលធ្វើការនៅក្នុងសណ្ឋាគារនេះ»។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបធ្លាប់បានព្រមានសហជីពកាលពីថ្ងៃទី០៦ ខែសីហាថា កូដកម្មនេះគឺ ខុសច្បាប់ បន្ទាប់ពីមន្ទីរបានខកខានសម្រេចឲ្យបាននូវការព្រមព្រៀងក្នុងការចរចាលក្ខណៈត្រីភាគីមួយធ្វើឡើងជាមួយនឹងផ្នែករដ្ឋបាលសណ្ឋាគារកាលពីដើមខែកញ្ញា។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទូចថា ករណីបញ្ឈប់ការងារសកម្មជនសហជីពបីនាក់គួរតែត្រូវបានដោះស្រាយដាច់ដោយឡែកពីជម្លោះពាក់ព័ន្ធនឹងប្រាក់ឈ្នួលបុគ្គលិក ដែលការលើកឡើងនេះបានបណ្តាលឲ្យតំណាងបុគ្គលិកសណ្ឋាគារដើរចេញពីការចរចា។
បន្ទាប់មក ករណីវិវាទនេះត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយកាលពីថ្ងៃទី២៦ ខែសីហា។ យោងទៅតាមផ្នែកគ្រប់គ្រងរបស់សណ្ឋាគារ ក្រុមប្រឹក្សាបានទម្លាក់ចោលករណីវិវាទនេះ ដោយសារតែសហជីពខកខាននៅក្នុងការចូលរួមសវនាការកាលពីគ្រានោះ។
ក្រុមមេដឹកនាំសហជីពបាននិយាយថា ពួកគេមិនបានចូលរួម ដោយសារតែពួកគេចង់ឲ្យករណីជម្លោះនេះត្រូវបានដឹងឮជាករណីជម្លោះរួមមួយ និងព្រួយបារម្ភថា ក្រុមប្រឹក្សានឹងទទូចឲ្យបែងចែកករណីជម្លោះដូចមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈបានធ្វើកាលពីពេលមុនមក។
លោក ឈិន វាសនា អាយុ ៣៧ឆ្នាំ ដែលបានធ្វើការនៅសណ្ឋាគារ Le Meridien Angkor Hotel អស់រយៈពេលបួនឆ្នាំមកនេះ បាននិយាយថា លោកត្រូវបានកោះហៅឲ្យមកជួបជាមួយនឹងផ្នែកគ្រប់គ្រងរបស់សណ្ឋាគារជាច្រើនលើកចាប់តាំងពីពេលលោកបានចូលរួមក្នុងកូដកម្ម ហើយលោកត្រូវបានគេគំរាមបញ្ឈប់ការងារនៅក្នុងជំនួបកាលពីពេលថ្មីៗនេះ។
លោក វាសនា បាននិយាយថា៖ «ពួកគេបានប្រាប់ខ្ញុំថាប្រសិនបើខ្ញុំនៅតែបន្តធ្វើកូដកម្មដើម្បីជួយបុគ្គលិកស្រីទាំងបីនាក់នោះពួកគេនឹងផ្តាច់កិច្ចសន្យាការងាររបស់ខ្ញុំ។ពួកគេបានហៅខ្ញុំឲ្យចុះហត្ថលេខាព្រៀមព្រៀងបញ្ចប់កិច្ចសន្យាការងាររបស់ខ្ញុំកាលពីថ្ងៃទី០៧ខែកញ្ញា»។
ទោះបីយ៉ាងណាក៏ដោយ លោកមិនបានចុះហត្ថលេខាលើសំណៅឯកសារនោះទេ ហើយលោកកំពុងស្វែងរកជំនួយផ្លូវច្បាប់។
ប្រធានរដ្ឋបាលតុលាការខេត្តសៀមរាបលោក សុខ ថុល បដិសេធមិនធ្វើអធិប្បាយ ដោយនិយាយថា លោកកំពុងជាប់ប្រជុំ។
អ្នកនាំពាក្យតុលាការខេត្តសៀមលោក យ៉ិន ស្រាង បានបញ្ជាក់ថា សហជីពបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងដីកាសម្រេចចាត់ចែងជាណ្តោះអាសន្នរបស់តុលាការកាលពីថ្ងៃទី២២ ខែកញ្ញា។
មុនពេលបដិសេធបកស្រាយបន្ថែម លោកបាននិយាយថា៖ «តុលាការកំពុងតែពិនិត្យមើលសំណុំរឿង ដូច្នេះនៅពេលដែលតុលាការចុះសេចក្តីសម្រេចបន្ទាប់ហើយប្រសិនបើពួកគេមិនពេញចិត្តនឹងសេចក្តីសម្រេចនោះពួកគេអាចបន្តដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍តំបន់»។
លោកទូចកុសលប្រធានសហព័ន្ធសហជីពកម្មករនយោជិតក្នុងវិស័យទេសចរណ៍កម្ពុជាដែលសហជីពប្រចាំសណ្ឋាគារ Le Meridien Angkor ជាសមាជិកនៅក្នុងនោះផងដែរ បាននិយាយថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់សណ្ឋាគារនៅក្នុងការបញ្ឈប់ការងារ លោក វាសនា គឺជា ឧទាហរណ៍មួយនៃភាពអយុត្តិធម៌។
លោក កុសល បាននិយាយថា៖ «យោងទៅតាមព័ត៌មានទទួលបានពីខាងសហជីពលោក វាសនាបានចូលរួមបាតុកម្មកាលពីពេលមុនៗជាមួយនឹងសហជីព ដូច្នេះខាងសណ្ឋាគារមិនពេញចិត្តនឹងទង្វើរបស់គាត់ហើយពួកគេក៏បានបញ្ឈប់ការងាររបស់គាត់។ខ្ញុំគិតថាពួកគេនឹងបន្តបញ្ឈប់ការងារបុគ្គលិកដទៃទៀតដែលចូលរួមធ្វើកូដកម្ម»។
លោក កុសល បានបន្ថែមថា៖ «ខ្ញុំក៏ទទួលបានព័ត៌មានផងដែរថាឥឡូវនេះខាងសណ្ឋាគារបានកោះហៅបុគ្គលិកម្នាក់ៗមកសួរថាតើពួកគេគាំទ្រសណ្ឋាគារឬគាំទ្រសហជីព។ដូច្នេះការណ៍នេះបង្ហាញពីបំណងរបស់ពួកគេនៅក្នុងការរើសអើងប្រឆាំងនឹងសហជីព»។
មន្រ្តីនគរបាលក្រុងសៀមរាបមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកមិនត្រូវអនុញ្ញាតឲ្យនិយាយទៅកាន់បណ្តាញផ្សព្វផ្សាយ បានលើកឡើងថា មន្រ្តីនគរបាលដែលចូលរួមជាមួយនឹងកងសន្តិសុខដើម្បីរារាំងបុគ្គលិកសណ្ឋាគារ Le Meridien Angkor Hotel ពីការតវ៉ា បានធ្វើសកម្មភាពដោយខ្លួនឯង។
លោកបាននិយាយថា៖ «គាត់បានទៅទីនោះកាលពីម្សិលមិញប៉ុន្តែនេះមិនពាក់ព័ន្ធជាមួយនឹងមន្រ្តីប៉ូលិសរបស់យើងនោះទេ»។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីថ្ងៃទី២៩ ខែកញ្ញា៕