មន្រ្តីជាន់ខ្ពស់ចិននិងកម្ពុជានៅថ្ងៃទី១២ ខែតុលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលអនុញ្ញាតឱ្យកម្ពុជានាំចូលទំនិញទៅកាន់ទីផ្សារចិនបានកាន់តែច្រើន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ដ៏មានឥទ្ធិពលរបស់ខ្លួន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាដែលចូលរួមដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី និងមន្ត្រីជាន់ខ្ពស់ដទៃទៀត លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ប្រជាជាតិទាំងពីរ។
លោកបានមានប្រសាសន៍នៅក្នុងពិធីនៅឯវិមានសន្តិភាពក្នុងរាជធានីភ្នំពេញថា៖«ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបង្ហាញពីចំណងកាន់តែរឹងមាំរវាងប្រទេសទាំងពីរនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន»។
លោកបានបន្ថែមទៀតថា៖ «ឥតមានការសង្ស័យឡើយ កិច្ចព្រមព្រៀងនេះនឹងផ្តល់ភាពជាដៃគូសេដ្ឋកិច្ចយ៉ាងរឹងមាំថែមទៀត តាមរយៈការចូលទៅទីផ្សារកាន់តែមានកម្រិតទូលំទូលាយ ការធ្វើសេរីភាវូបនីយកម្ម ចំពោះទំនិញ សេវាកម្ម និងការវិនិយោគ»។ «ការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានទាន់ពេលវេលានឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ប្រជាជននៃប្រទេសទាំងពីរ តាមបែបផែនផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
លោកបានមានប្រសាសន៍ថា លោករំពឹងថាភាគីទាំងពីរនឹងអាចអនុវត្តកិច្ចព្រមព្រៀងបានពេញលេញនៅដើមឆ្នាំ ២០២១ ។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីតាមរយៈប្រព័ន្ធវីដេអូពីប្រទេសចិន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក ចុង ស្សាន (Zhong Shan) បានកោតសរសើរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំរបស់ប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ថា៖ «ចាប់ពីដើមឆ្នាំនេះក្រសួងទាំងពីររបស់យើងបានអនុវត្តការឯកភាពគ្នាដោយថ្នាក់ដឹកនាំរបស់ពួកយើង ហើយបានពន្លឿននិងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរី ចិន-កម្ពុជាយ៉ាងឆាប់រហ័ស»។
លោក ចុង បានបន្តទៀតថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ពួកយើងនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី»។ «ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជាដើម្បីជំរុញឱ្យមានការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ឡុង កែមវិចិត្រ បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជារួមទាំងឱកាសពង្រីកទីផ្សារ និងវិនិយោគ ។
លោក កែមវិចិត្រ បានលើកឡើងថា៖ «នៅក្នុងកិច្ចព្រមព្រៀងយើងបានយល់ព្រមបើកទីផ្សារសម្រាប់ទំនិញនិងការវិនិយោគ ដូច្នេះយើងបានពិភាក្សាជាមួយភាគីចិនដើម្បីបើកទីផ្សារនាំចេញទំនិញជាច្រើន»។ «ដូច្នេះយើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រទេសចិន» ។
លោកបានកត់សម្គាល់ថាក្នុងចំណោមទំនិញដែលអាចនាំចេញដោយមិនគិតពន្ធទៅប្រទេសចិនមានត្រី សាច់ស្ងួត ផ្លែឈើស្រស់ និងបន្លែ រួមទាំងផលិតផលកសិកម្មកែច្នៃផ្សេងទៀតដូចជាម្រេចនិងតាង៉ែនកំប៉ុងជាដើម។
លោកបានមានប្រសាសន៍ថាប្រទេសកម្ពុជារំពឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយទាក់ទាញការវិនិយោគពីក្រុមហ៊ុន ដែលកំពុងសម្លឹងមើល ដើម្បីទាញយកផលប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មទៅកាន់ប្រទេសចិន។
លោកបានបន្ថែមថា ដោយសារកិច្ចព្រមព្រៀងនេះនឹងមានផលប្រយោជន៍ជាទ្វេភាគី វាមិនមែនធ្វើឡើងក្នុងបំណងជំនួសការបាត់បង់ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដោយសារតែការដកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ជាមួយប្រទេសកម្ពុជានោះទេ។
លោក កែមវិចិត្រ បានឱ្យដឹងទៀតថាទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនបានកើនឡើងដល់ ៨,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ហើយបានឈានដល់ ៣,៨ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ។
តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១២ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីចិនដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជានិងបានសរសើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានបញ្ជាក់ថា៖ «EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត»។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក យី មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ១១ និង ១២ ខែតុលា លោក យី ក៏បានជួបជាមួយមន្រ្តីជាច្រើនរួមមាន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាអន្តរជាតិដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាថ្ងៃទី១១ខែតុលា លោក ហុង និងលោកយី បានពិភាក្សាអំពីការប្រើប្រាស់ប្រាក់កម្ចីនិងជំនួយឥតសំណងក្នុងឆ្នាំនេះដើម្បីចាប់ផ្តើមគម្រោងនានារួមមាន គម្រោងខ្សែកាបអុបទិកថ្មីភ្ជាប់ទៅក្រុង ហុងកុង គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិ រួមទាំងគម្រោងជំរុញការនាំចេញអង្ករ។
លោក យី បានប្រាប់ លោក ហោ ណាំហុង ថាបន្ទាប់ពីកូវីដ១៩ ប្រទេសចិននឹងធ្វើការលើផែនការអភិវឌ្ឍន៍រួមគ្នាដើម្បីបង្កើនការវិនិយោគនៅកម្ពុជា។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង លោកយី បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ពួកគេថា៖«ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់(ប្រហែល១៤០លានដុល្លារ)» ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា បានមានប្រសាសន៍ថា បើទោះបីហេតុផលផ្លូវការសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដោយលោកបានចោទជាសំណួរថាតើភាគីណាមួយនឹងទទួលបានផលប្រយោជន៍ច្រើនបំផុត។
លោកសុវណ្ណារ៉ា មានប្រសាសន៍ថា៖ «[កម្ពុជា]ត្រូវជំរុញជំនួញនិងការវិនិយោគក្នុងស្រុក ឱ្យកាន់តែខ្លាំងនិងទាញយកប្រយោជន៍ពីឱកាសដែលបានពីកិច្ចព្រមព្រៀងរវាងកម្ពុជានិងចិន»។
លោកបានថ្លែងបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី រវាងកម្ពុជា និងចិននឹងពង្រីកទីផ្សារនៅកម្ពុជា ក៏ប៉ុន្តែមិនអាចជំនួសតម្លៃនៃ EBA បានទេ។
លោកបានបន្ថែមទៀតថា បន្ទាប់ពីមានកិច្ចព្រមព្រៀងថ្មីនិងជំនួយឥតសំណងពីប្រទេសចិន វានៅតែត្រូវបានគេមើលឃើញថា តើកម្ពុជានឹងរក្សាបាននូវចំណងទាក់ទងរឹងមាំជាមួយសហរដ្ឋអាមេរិកទៀតដែរឬទេ។
លោកសុវណ្ណារ៉ា បានមានប្រសាសន៍ថា ៖ «យើងរងចាំមើលថាតើប្រទេសកម្ពុជាអាចឈរជើងពីរជាប់ឬយ៉ាងណា» ។ «[ប្រសិនបើកម្ពុជាជ្រើស] យកចំណុចណាមួយដែលហាក់ដូចជាកំពុងងាកចេញពីអាមេរិកនោះវាជាការខាតបង់របស់កម្ពុជា» ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier មានប្រសាសន៍ថាសហរដ្ឋអាមេរិកជាដៃគូជាប់លាប់ជាមួយកម្ពុជាទាក់ទងនឹងជំនួយមនុស្សធម៌ និងពាណិជ្ជកម្ម។ លោកសង្ឃឹមថាគ្រប់ក្រុមហ៊ុនអន្តរជាតិទាំងអស់ដែលចង់ធ្វើជំនួញនៅកម្ពុជា«នឹងទទួលបានឱកាសប្រកួតប្រជែងគ្នាដោយស្មើភាព»។
លោកបានលើកឡើងថា ៖ «ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ ហើយជាធម្មតាមានវត្តមានសេដ្ឋកិច្ចនៅទីនេះ នៅក្នុងប្រទេសកម្ពុជា។ យើងមិនស្នើឱ្យ កម្ពុជាផ្លាស់ប្តូរការសម្រេចចិត្តនោះទេ» ។ «បើទោះជាយ៉ាងណាអ្វីដែលយើងសង្ឃឹមថានឹងមានការប្រកួតប្រជែងក្នុងការរកស៊ីមួយដែលស្មើគ្នាសម្រាប់ក្រុមហ៊ុនទាំងអស់ដោយគោរពតាមស្តង់ដារអន្តរជាតិនិងការអនុវត្តអាជីវកម្មល្អបំផុត» ។
លោកបានបន្ថែមថា៖ «យើងជឿជាក់ថាទំនាក់ទំនងពាណិជ្ជកម្មគួរតែមានផលប្រយោជន៍ទៅវិញទៅមក តម្លាភាព និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត រួមទាំងសិទ្ធិការងារផងដែរ» ។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចូលទំនិញពីប្រទេសចិនក្នុងតម្លៃ ៧,៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើងបន្តិចពី ៦,១២ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសចិនបាននាំចូលទំនិញមានតម្លៃ ១ ពាន់លានដុល្លារពីប្រទេសកម្ពុជាកាលពីឆ្នាំមុនគឺកើនឡើងពី ៨៥៥ លានដុល្លារកាលពីឆ្នាំមុន៕