កម្មកររោងចក្រកំពុងតែទន្ទឹងរង់ចាំដោយក្តីព្រួយបារម្ភនូវសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបជុំវិញការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មមកលើកម្ពុជា។ ស្របពេលដូចគ្នានេះ កម្មករភាគច្រើនកំពុងជាប់បំណុល កម្មករមួយចំនួនត្រូវរងសម្ពាធដោយគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកម្ពុជាដើម្បីជួយកាត់បន្ថយចំណាយសម្រាប់ម្ចាស់រោងចក្រ និងដំណើរការអាជីវកម្មហាក់ដូចជាថមថយនៅតាមរោងចក្រនានា។
កម្មករប្រមាណប្រាំបីសែននាក់ នៅក្នុងឧស្សាហកម្មវាយនភណ្ឌអាចនឹងរងផលប៉ះពាល់ ខណៈសហភាពអឺរ៉ុបកំពុងពិចារណាលើការផ្អាកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ហៅកាត់ថា EBA ជុំវិញបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
សហភាពអឺរ៉ុបបានធ្វើការសិក្សាវាយតម្លៃអស់រយៈពេលជិតមួយឆ្នាំ ដើម្បីពិនិត្យមើលថាតើកម្ពុជាបានបំពេញតាមលក្ខខណ្ឌកំណត់ឡើងក្នុងប្រព័ន្ធអនុគ្រោះពន្ធ EBA ឬទេ និងបានលើកឡើងថា ការដាក់សម្ពាធផ្លូវច្បាប់ទៅលើមេដឹកនាំពលករ និងការរំលាយគណបក្សប្រឆាំងនៅក្នុងប្រទេសអាចជាហេតុផលគ្រប់គ្រាន់មួយដើម្បីព្យួរប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។ សហភាពអឺរ៉ុបក៏បានទាមទារឲ្យមាន «ការកែប្រែស្ថានការណ៍ឲ្យបានប្រសើរឡើងវិញបែបពិតប្រាកដ និងគួរឲ្យជឿទុកចិត្ត» ខណៈដែលគណបក្សសង្រ្គោះជាតិ ជាគណបក្សប្រឆាំងចម្បងនៅកម្ពុជានៅតែប្រឈមនឹងការហាមឃាត់ ហើយមេដឹកនាំគណបក្សនេះគឺលោក កឹម សុខា កំពុងជាប់សវនាការពីបទក្បត់ជាតិ។
នៅខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ កម្មករមួយរូបឈ្មោះ យ៉ាង សាមាន បាននិយាយថា នាងព្រួយបារម្ភពីផលប៉ះពាល់មកលើរូបនាង និងកម្មកររោងចក្រដទៃទៀត ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានដកចេញ។ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកជាទីផ្សារធំជាងគេបង្អស់មួយដែលទទួលទិញសំលៀកបំពាក់នាំចេញពីកម្ពុជា។
កញ្ញា សាមាន អាយុ ២៧ឆ្នាំ បាននិយាយថា៖ «ខ្ញុំគិតថាកម្មករភាគច្រើនមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ វានឹងធ្វើឲ្យយើងបង្ខំចិត្តចាកចេញពីស្រុកកំណើត ទៅធ្វើការនៅក្រៅប្រទេស»។
កញ្ញា សាមាន បាននិយាយថា នាងជាប់បំណុល ដូចអ្នកដែលធ្វើការជាមួយនាងភាគច្រើនដែរ និងមិនអាចបាត់បង់ការងារនេះបានទេ។
កញ្ញា សាមាន បានបន្តថា នាពេលថ្មីៗនេះ រោងចក្រដែលនាងធ្វើការ ឈ្មោះថា Akeentext ស្ថិតនៅលើបណ្តោយផ្លូវវេងស្រេង ហាក់មិនមានការងារគ្រប់គ្រាន់ ដើម្បីឲ្យកម្មកររបស់ខ្លួននោះទេ។ ម្ចាស់រោងចក្រក៏បានប្រាប់ទៅក្រុមកម្មករផងដែរឲ្យពន្លឿនផលិតកម្ម ដែលនេះអាចជាសញ្ញាមួយបង្ហាញថា រោងចក្រកំពុងរំពឹងថា នឹងមានសម្ពាធមកលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
ប៊ី សុភី ជាកម្មករម្នាក់ទៀតនៅរោងចក្រ Akeentext បាននិយាយថា បញ្ហាហាក់ដូចជា រោងចក្រមិនអាចទទួលបានវត្ថុធាតុដើមគ្រប់គ្រាន់។
អ្នកស្រី សុភី អាយុ ៤៥ ឆ្នាំ ដែលបានធ្វើការនៅរោងចក្រនេះអស់រយៈពេល ១០ឆ្នាំមកហើយ បាននិយាយថា៖ «ឥឡូវនេះអ្នកបញ្ជាទិញធំៗមិនផ្តល់វត្ថុធាតុដើមដល់កម្មករដើម្បីផលិត ព្រោះពួកគេខ្លាចបញ្ហា EBA»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអធិប្បាយបាននោះទេ។ យ៉ាងណាក្តី លោកហេង សួរ បានប្រាប់កាសែត Phnom Penh Post ថា ដំណើរការយឺតយ៉ាវនៃអាជីវកម្មរបស់រោងចក្រនានាគឺ មិនមែនដោយសារតែសេចក្តីសម្រេចលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលខិតជិតចូលមកដល់នោះទេ ប៉ុន្តែគឺដោយសារការភ័យខ្លាចវីរុសកូរ៉ូណាពីចិនទៅវិញទេ។
ស៊ាង វិចិត្រ អាយុ ៣៦ឆ្នាំ ជាតំណាងសហជីពម្នាក់នៅរោងចក្រ Southland បាននិយាយថា កម្មករកំពុងស្ថិតនៅក្រោមសម្ពាធរួចទៅហើយ បន្ទាប់ពីរដ្ឋាភិបាលបានលុបចេញនូវថ្ងៃឈប់សម្រាកចំនួនប្រាំមួយថ្ងៃ និងបានកាត់បន្ថយថ្លៃឈ្នួលម៉ោងធ្វើការវេនយប់ ដើម្បីបន្ថយការចំណាយសម្រាប់ម្ចាស់រោងចក្រ។
លោក វិចិត្រ បាននិយាយថា៖ «កម្មកររបស់យើងមិនទាន់បានត្រៀមខ្លួនសម្រាប់បញ្ហា EBA នោះទេ»។
ឡាញ់ នាង អាយុ ២៦ ឆ្នាំ ដែលតែងតែធ្វើការវេនយប់នៅរោងចក្រ E-Garment ក្នុងខេត្តតាកែវ បាននិយាយថា ច្បាប់ពីមុន ដែលបានផ្តល់ឲ្យអ្នកធ្វើការវេនយប់ចំនួន ៣០ ភាគរយបន្ថែមលើអត្រាប្រាក់ឈ្នួលវេនថ្ងៃ គឺមិនគ្រប់គ្រាន់នោះទេ ដោយសារតែការលំបាកក្នុងការធ្វើការពេលយប់។
ឡាញ់ នាង បាននិយាយថា នាងត្រូវធ្វើការពីម៉ោង ៧យប់ ដល់ម៉ោង៦ ព្រឹក ដោយមានចន្លោះពេលសម្រាកតែមួយម៉ោងប៉ុណ្ណោះ។
ឡាញ់ នាង បាននិយាយថា៖ «ខ្ញុំធ្វើការវេនយប់ទទួលបានប្រាក់ខែលើស៣០ភារយនៃវេនថ្ងៃ ហើយខ្ញុំត្រូវប្រឹងទាល់តែអស់កម្លាំង»។
ឡាញ់ នាង បន្ថែមថា៖ «ភាគច្រើន ខ្ញុំអាចគេងបានតែ១ទៅ២ម៉ោង នៅពេលថ្ងៃ ព្រោះវាក្តៅពេកនៅបន្ទប់ជួល ហើយវាថ្លង់ទៀត»។
ឡាញ់ នាង បានបន្តទៀតថា នាងដាក់ពាក្យសុំច្បាប់បួន ឬប្រាំថ្ងៃជារៀងរាល់ខែ ដោយសារតែនឿយហត់ខ្លាំង និងព្រួយបារម្ភពីការរងរបួសជាមួយនឹងម៉ាស៊ីនដេរ ព្រោះនាងត្រូវធ្វើការទាំងងងុយ។
គោលនយោបាយថ្មីរបស់រដ្ឋាភិបាលកម្ពុជាបានដកចេញនូវប្រាក់បន្ថែម ៣០ភាគរយសម្រាប់ការធ្វើការវេនយប់ ដោយធ្វើឲ្យប្រាក់ឈ្នួលវេនយប់ស្មើនឹងប្រាក់ឈ្នួលវេនថ្ងៃ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានមានប្រសាសន៍ថា សម្ពាធផ្នែកហិរញ្ញវត្ថុ គឺទំនងនឹងពន្យារបន្ថែមលើកិច្ចពិភាក្សាស្តីពីប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះ។
លោក ស៊ីណា បាននិយាយថា៖ «អ្នកវិនិយោគ នឹងតម្រូវឲ្យនិយោជកកាត់បន្ថយការចំណាយរបស់ពួកគេ ព្រោះតែបញ្ហា EBA»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC មិនអាចទាក់ទងសុំការអធិប្បាយបានទេ។
កាលពីឆ្នាំមុន ធនាគារពិភពលោកបានព្យាករណ៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបអាចធ្លាក់ចុះប្រមាណ ៦៥០ លានដុល្លារ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានព្យួរ។
នៅរោងចក្រ Callisto Apparel ក្នុងក្រុងភ្នំពេញ កម្មករនិយាយថា ពួកគេមិនដឹងថា នឹងត្រូវរំពឹងអ្វីនោះទេ។ កម្មករម្នាក់ឈ្មោះ គីម ឡុង អាយុ ៤០ឆ្នាំ បាននិយាយថា អ្នកស្រីសង្ឃឹមថារោងចក្រនឹងមិនបង្ខំចិត្តបិទទ្វារនោះទេ។ អ្នកការធ្វើការជាមួយអ្នកស្រីម្នាក់ទៀតឈ្មោះ នុត ស្រីពៅ អាយុ ២២ឆ្នាំ បានបន្ថែមថា កម្មករនឹងមិនទទួលយកការបាត់បង់ការងារដោយស្រួលៗនោះទេ។
ស្រីពៅ បាននិយាយថា៖ «ប្រសិនបើបញ្ហានេះកើតឡើងចំពោះកម្មករ យើងនឹងមិននៅស្ងៀមនោះទេ»៕