កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី (Cintri) ជាងមួយពាន់នាក់បានធ្វើកូដកម្មអស់រយៈពេលបួនថ្ងៃកន្លងមកនេះ ដើម្បីទាមទារប្រាក់ឧបត្ថម្ភផ្សេងៗ ខណៈរដ្ឋបាលរាជធានីភ្នំពេញកំពុងពិនិត្យឡើងវិញលើកិច្ចសន្យាប្រមូលសំរាមផ្តាច់មុខនៅក្រុងភ្នំពេញជាមួយនឹងក្រុមហ៊ុនស៊ីនទ្រី។ កូដកម្មពីសំណាក់កម្មករប្រមូលសំរាមបានបណ្តាលឲ្យសំរាមគរពេញដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
កូដកម្មនេះចាប់ផ្តើមពីថ្ងៃទី២ ខែតុលា បន្ទាប់ពីកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីបានឃើញសេចក្តីប្រកាសមួយពីរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត ដោយលើកឡើងថា ក្រុមហ៊ុនថ្មីមួយនឹងត្រូវផ្តល់កិច្ចសន្យាដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដោយហេតុនេះបានបង្កឲ្យកម្មករព្រួយបារម្ភថា ក្រុមហ៊ុនស៊ីនទ្រីនឹងបិទទ្វារ ដោយមិនផ្តល់នូវប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់ខែចុងក្រោយ។
ជាការឆ្លើយតប រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសកាលពីថ្ងៃទី០៥ ខែតុលាថា ខ្លួននឹងរើសកម្មករថ្មីដើម្បីប្រមូលសំរាម ខណៈការចរចាកំពុងធ្វើឡើងរវាងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ។ យ៉ាងណាក្តី កម្មករមួយចំនួនយល់ថា ការធ្វើដូចនេះ គឺមិនសមហេតុផលនោះទេ។
លោក រ៉ង សារ៉ាយ អាយុ ៣៧ឆ្នាំ តំណាងមួយរូបឲ្យកម្មករស៊ីនទ្រីដែលធ្វើកូដកម្ម បាននិយាយកាលពីថ្ងៃទី០៥ ខែតុលាថា កម្មករប្រមាណមួយពាន់នាក់បានធ្វើបាតុកម្មអស់រយៈពេលបួនថ្ងៃមកហើយ ដើម្បីទាមទារនូវប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។

លោក សារ៉ាយ បាននិយាយថា៖ «យើងព្រួយបារម្ភពីបញ្ហានេះ ដូច្នេះយើងស្នើឲ្យក្រុមហ៊ុនបំពេញតម្រូវការទាំងប្រាំចំណុចរបស់យើង» ដោយកត់សម្គាល់ថា កម្មករចង់ឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាទាំងនេះមុនពេលផ្តល់កិច្ចសន្យាប្រមូលសំរាមឲ្យក្រុមហ៊ុនថ្មីមួយទៀត។
លោកបាននិយាយថា៖ «ប្រសិនបើមិនមានដំណោះស្រាយ យើងនឹងបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ។ កម្មករយើងបានឈប់ប្រមូលសំរាមអស់រយៈពេលបួនថ្ងៃមកហើយ»។
លោក សារ៉ាយ បានបន្តថា លោកបានធ្វើការឲ្យក្រុមហ៊ុនស៊ីនទ្រី អស់រយៈពេលជិតប្រាំឆ្នាំនេះ ដោយឥឡូវនេះលោកធ្វើជាជាងជួសជុលរថយន្តប្រមូលសំរាម បន្ទាប់ពីបានធ្វើជាអ្នកប្រមូលសំរាមរួចមក។
លោក អ៊ុំ វណ្ណី អាយុ ៣២ឆ្នាំ កម្មករក្រុមហ៊ុនស៊ីនទ្រី អស់រយៈពេល ១០ឆ្នាំមកនេះ បាននិយាយថា លោកនិងកម្មករដទៃទៀតនឹងឈប់ប្រមូលសំរាមក្នុងរយៈពេលខ្លី ខណៈប្តេជ្ញានឹងស្វែងរកដំណោះស្រាយឲ្យបានចំពោះការទាមទាររបស់កម្មករប្រមូលសំរាម។
លោក វណ្ណី បាននិយាយថា៖ «យើងមានការព្រួយបារម្ភថា ពួកគេនឹងបិទក្រុមហ៊ុនប្រមូលសំរាម ហើយក្រុមហ៊ុនចាស់ [ក្រុមហ៊ុនស៊ីនទ្រី] នឹងមិនបង់ប្រាក់ឧបត្ថម្ភផ្សេងៗដល់យើង។ សូមឲ្យសាលាក្រុងរកដំណោះស្រាយ ហើយមិនដាក់សម្ពាធមកលើពួកយើង ដោយនិយាយថា ប្រសិនបើយើងមិនធ្វើការ ពួកគេនឹងរកកម្មករថ្មីមកជំនួសពួកយើងវិញ។ នេះគឺ មិនសមហេតុផលនោះទេ»។
លោក វណ្ណី យល់ថា ទោះបីជាមានការរើសកម្មករដោយរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ ក៏នៅតែមានការលំបាកក្នុងការរកកម្មករដែលអាចប្រមូលសំរាមបានល្អផងដែរ។
លោក វណ្ណី និយាយថា៖ «ខ្ញុំគិតថា មិនមានមនុស្សច្រើនអាចធ្វើការងារនេះបានទេ» ដោយបន្ថែមថា ការងារនេះត្រូវការប្រើកម្លាំងខ្លាំង និងថា កម្មករជារឿយៗរងការមុតរបួសផ្សេងៗ ដោយសារប៉ះនឹងអំបែងកែវក្នុងសំរាមដោយចៃដន្យ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននិយាយថា សាលារាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៣ ខែតុលា ដោយបកស្រាយថា លក្ខខណ្ឌទាមទារមួយចំនួនរបស់កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីមិនអាចត្រូវបានបំពេញនោះទេ ដោយសារតែពួកគេនៅជាប់កិច្ចសន្យាការងារនៅឡើយ។
លោកមាសភក្តីបាននិយាយថា៖ «ក្រុមហ៊ុននៅតែបន្តដំណើរការ ដូច្នេះការទាមទាររបស់ពួកគេគឺមិនអាចទទួលយកបាននោះទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានលើកឡើងថា សាលារាជធានីភ្នំពេញពីមុនមកបានសម្រេចមិនបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយសារមិនពេញចិត្តនឹងសមត្ថភាពប្រមូលសំរាមរបស់ក្រុមហ៊ុននេះ។ លោកបានបន្តថា ផ្ទុយទៅវិញ សាលារាជធានីភ្នំពេញនឹងជ្រើសរើសក្រុមហ៊ុនបីផ្សេងទៀត ដែលនឹងចែករំលែកសេវាកម្មប្រមូលសំរាមក្នុងក្រុងភ្នំពេញ។
លោក មាសភក្តី បាននិយាយថា៖ «អំឡុងពេលអន្តរកាល យើងកំពុងស្វែងរកក្រុមហ៊ុនដទៃទៀត ដូច្នេះយើងនឹងប្រើយន្តការចាស់ ដោយជួលកម្មករក្រុមហ៊ុនស៊ីនទ្រីក្នុងរយៈពេលខ្លីសិន។ យើងនឹងរើសក្រុមហ៊ុនបីផ្សេងទៀត [ដើម្បីប្រមូលសំរាមក្នុងក្រុងភ្នំពេញ]»។
លោកបានបន្ថែមថា សាលារាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរខណ្ឌចេញប្រមូលសំរាម ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រីកំពុងធ្វើកូដកម្ម ប៉ុន្តែពលរដ្ឋក្រុងភ្នំពេញគួរចូលរួមចំណែករក្សាទុកសំរាមក្នុងគេហដ្ឋានសម្រាប់ពេលមួយរយៈសិនផងដែរ។
លោកបាននិយាយថា៖ «សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ចំពោះបញ្ហានេះ។ យើងគួរទុកសំរាមនៅផ្ទះសិនសម្រាប់ពេលនេះ ហើយសូមកុំដាក់សំរាមតាមដងផ្លូវ ពីព្រោះបើយើងដាក់សំរាមតាមដងផ្លូវ វានឹងធុំក្លិនអាក្រក់»។
សេចក្តីថ្លែងការណ៍ទីពីរចេញដោយសាលារាជធានីភ្នំពេញកាលពីថ្ងៃទី០៥ បានប្រកាសពីគោលបំណងរបស់សាលារាជធានីភ្នំពេញក្នុងការរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាមក្នុងរយៈពេលខ្លី។
អ្នកស្រី ស្រី ទូច អាយុ ៥៥ឆ្នាំ ពលរដ្ឋរស់នៅខណ្ឌបឹងកេងកង បានលើកឡើងថា អ្នកស្រីបានសម្គាល់ឃើញថា មិនមានការប្រមូលសំរាមតាមបណ្តោយផ្លូវជិតផ្ទះអ្នកស្រីនោះទេ ប៉ុន្តែអ្នកស្រីមិនបានដឹងពីហេតុផលនៅពីក្រោយនេះទេ។
អ្នកស្រី ទូច និយាយថា៖ «ប្រសិនបើកម្មករស៊ីនទ្រីមិនប្រមូលសំរាម សំរាមនឹងគរកាន់តែខ្លាំងតាមបណ្តោយផ្លូវ ហើយវានឹងស្អុយរលួយ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ញឹម ស្រីមុំ អាយុ ៣៥ឆ្នាំ អ្នកលក់គ្រឿងឧបភោគបរិភោគនៅខណ្ឌបឹងកេងកង បាននិយាយថា អ្នកស្រីបានឮពីមន្រ្តីសង្កាត់ថា កម្មករក្រុមហ៊ុនស៊ីនទ្រីមិនប្រមូលសំរាម ដោយសារពួកគេកំពុងធ្វើការតវ៉ា។
អ្នកស្រីបាននិយាយថា៖ «មន្រ្តីសង្កាត់បានប្រាប់ខ្ញុំថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ពួកគេនឹងមកប្រមូលសំរាម ប៉ុន្តែប្រសិនបើចាំមួយសប្តាហ៍ទៀត សំរាមនឹងស្អុយរលួយ ហើយនៅពេលភ្លៀង វានឹងធ្វើស្ទះលូ» ដោយបន្ថែមថា អ្នកស្រីសង្ឃឹមថា កម្មករប្រមូលសំរាមនឹងអាចដោះស្រាយបញ្ហាឲ្យបានក្នុងពេលឆាប់ៗនេះ។
លោក សេង សាវី អគ្គនាយកក្រុមហ៊ុនស៊ីនទ្រីបាននិយាយថា លោកកំពុងជាប់ប្រជុំដើម្បីស្វែងរកដំណោះស្រាយបញ្ចប់កូដកម្ម។
លោក សាវី បាននិយាយថា៖ «ខ្ញុំត្រូវការពេលវេលាដើម្បីពិភាក្សាលើបញ្ហានេះ»។
លោក ទូច កុសល ប្រធានសហជីពកម្មករនយោជិតវិស័យទេសចរណ៍ បាននិយាយថា បន្ទាប់ពីបានចូលរួមក្នុងជំនួបរវាងកម្មករ និងនយោជកក្រុមហ៊ុនស៊ីនទ្រី រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរការងារក្រុងភ្នំពេញ ខាងកម្មករ និងក្រុមហ៊ុននៅតែមិនអាចឈានដល់ចំណុចព្រមព្រៀងណាមួយនៅឡើយទេ។
លោក កុសល បាននិយាយថា៖ «នៅក្នុងការប្រជុំ លោកឧកញ៉ាដែលតំណាងឲ្យក្រុមហ៊ុនស៊ីនទ្រីនិយាយថា សាលាក្រុងភ្នំពេញនឹងដាក់ដេញថ្លៃកិច្ចសន្យាប្រមូលសំរាមនៅថ្ងៃទី១៦ ខែតុលាខាងមុខ» ដោយបន្ថែមថា តំណាងនយោជិត ដែលមានវត្តមាន បានបដិសេធសាជាថ្មីក្នុងការប្រមូលសំរាម រហូតទាល់តែការទាមទាររបស់ពួកគេត្រូវបានដោះស្រាយ៕