ក្រសួងការងារកាលពីថ្ងៃទី១១ ខែកញ្ញា បានរក្សាការសម្រេចិត្តរបស់ថ្នាក់ដឹកនាំរោងចក្រកាត់ដេផេកធីក (Pactics) ដែលបានបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពពីការងារ ដោយបានចាត់ទុកការសម្រេចនេះត្រឹមត្រូវតាមច្បាប់។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា បានបញ្ជាក់ថាក្រសួងការងារបានរក្សាការសម្រេចរបស់ភាគីរោងចក្រ បន្ទាប់ពីវិវាទរវាងភាគីសហជីព និងម្ចាស់រោងចក្រ នាំឲ្យមានការធ្វើកូដកម្មជាងមួយសប្ដាហ៍កាលពីចុងខែសីហា។
លោក កុសល និយាយថា៖ «រដ្ឋមន្ត្រីក្រសួងការងារ [លោក អ៊ិត សំហេង] បានឯកភាពទៅនឹងការសម្រេចចិត្តរបស់មន្ទីរការងារខេត្ត ដែលបានគាំទ្រភាគីរោងចក្ររឿងបណ្ដេញថ្នាក់ដឹកនាំសហជីពម្នាក់ និងសកម្មជនសហជីពម្នាក់ពីការងារ»។
ប្រធានសហជីពឯករាជ្យសាមគ្គីនិយោជិតប្រចាំរោងចក្រ ផេកធីក លោក ម៉េត រ៉ាត់ និងសកម្មជនសហជីពលោក ពឹង ទាវ ត្រូវបានបញ្ឈប់ពីការងារកាលពីចុងខែមិថុនា។ ការបញ្ឈប់នេះធ្វើឡើងបន្ទាប់ពីអ្នកគ្រប់គ្រងរោងចក្រថាលោក ម៉េត រ៉ាត់ បានផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់រោងចក្រ ហើយលោក ពឹង ទាវ ឈប់សម្រាកពីការងារដោយពុំមានការអនុញ្ញាត។
មន្ទីរការងារខេត្តសៀមរាប កាលពីថ្ងៃទៅ៣០ ខែមិថុនា បានចាត់ទុកថាការបញ្ឈប់អ្នកទាំងពីរនេះជារឿងត្រឹមត្រូវ ប៉ុន្តែខាងសហជីពបានជំទាស់នឹងការយល់ឃើញនេះ និងបានប្ដឹងបន្តមកក្រសួងការងារកាលពីថ្ងៃទី១០ ខែកញ្ញា។
លោកឲ្យដឹងដែរថាកម្មកររោងចក្រផេកធីក បានផ្អាកការធ្វើកូដកម្មតាំងពីថ្ងៃទី៥ ខែកញ្ញា តាមសំណើរបស់ក្រសួងការងារ និងអាជ្ញាធរខេត្ត បន្ទាប់ពីខាងរោងចក្របានយល់ព្រមផ្ដល់ប្រាក់ខែពេញលេញ និងប្រាក់អតីតភាពការងារ នៅឆ្នាំ២០២១ ស្របតាមការសម្រេចរបស់ក្រសួងការងារដែលអនុញ្ញាតឲ្យមានការពន្យាបែបនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោក កុសល បន្ថែមថា៖ «ទោះយ៉ាងណា នៅមានចំណុចមួយគឺខាងរោងចក្រមិនព្រមទទួលយកកម្មករពីរនាក់ឲ្យចូលធ្វើការវិញ»។ លោកថាកម្មករបានពិភាក្សាថានឹងត្រូវធ្វើអ្វីបន្តទៀតនៅពេលខាងមុខ។
លោកឲ្យដឹងទៀតថាខាងក្រសួង និងមន្ត្រីមន្ទីរការងារខេត្តហាក់មិនយកចិត្តទុកដាក់លើការទាមទាររបស់កម្មករ ទាក់ទងនឹងសមាជិកសហជីពទាំងពីរនេះ។
លោក កុសល បន្តថា៖ «ខ្ញុំគិតថាដំណោះស្រាយគឺថាអនុញ្ញាតឲ្យអ្នកទាំងពីរចូលធ្វើការវិញ។ វាដូចជាមិនមានបញ្ហាអ្វីទេ ពីព្រោះអ្នកទាំងពីរមិនបានប្រព្រឹត្តអ្វីខុសធ្ងន់ធ្ងរផង»។
កម្មករជិត៤០០នាក់ក្នុងចំណោមកម្មករ៥០០នាក់នៅរោងចក្រនេះ បានចាប់ផ្ដើមធ្វើកូដកម្មកាលពីថ្ងៃទី២៨ ខែសីហា ដោយទាមទារឲ្យរោងចក្រទទួលលោក រ៉ាត់ និង លោក ទាវ ចូលធ្វើការវិញ ដែលអ្នកទាំងពីរជាផ្នែកមួយរបស់សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា។ កម្មករទាំងនោះក៏បានអំពាវនាវឲ្យភាគីនិយោជកផ្ដល់ប្រាក់ខែ និងទទួលយកកម្មករ៨០នាក់ផ្សេងទៀត ដែលត្រូវបានបញ្ឈប់ពីការងារដោយសារតែបញ្ហាសេដ្ឋកិច្ចបង្កដោយវិបត្តិកូវីដ១៩ លើការនាំទំនិញចេញរបស់ឧស្សាហ៍កម្មកាត់ដេរ។ ទោះយ៉ាងណា តំណាងសហជីពថា ត្រឹមថ្ងៃទី១១ ខែកញ្ញា ខាងនិយោជកបានផ្ដល់ការងារឲ្យកម្មករខ្លះក្នុងចំណោមទាំង៨០នាក់នោះវិញហើយដែរ។
លោក រ៉ាត់ និយាយឲ្យដឹងកាលពីដើមខែនេះថា លោក និងលោក ពឹង ទាវ ត្រូវបានបញ្ឈប់ពីការងារកាលពីដើមខែមិថុនា បន្ទាប់ពីលោក និងក្រុមកម្មករបានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទាក់ទងនឹងការបញ្ឈ់កម្មករកាលពីខែមេសា កន្លងទៅ។
លោក រ៉ាត់ និយាយនៅថ្ងៃទី១១ ខែកញ្ញា នេះថាមានកម្មករខ្លះក្នុងចំណោមកម្មករទាំង៨០នាក់ត្រូវបានឲ្យត្រឡប់ទៅធ្វើការវិញ ហើយវាអយុត្តិធម៌សម្រាប់លោក និងលោកទាវ ដែលមិនត្រូវអនុញ្ញាតឲ្យចូលធ្វើការវិញ។
លោក រ៉ាត់ និយាយថា៖ «ខ្ញុំគិតថាវាមិនយុត្តិធម៌ទេ ព្រោះនេះមិនមែនជាកំហុសធ្ងន់ធ្ងរអ្វីទេ។ ខ្ញុំស្នើឲ្យមន្ទីរការងារ និងក្រសួងការងារគួរតែពិចារណាឡើងវិញពីរឿងបញ្ឈប់ខ្ញុំ និងសកម្មជនសហជីពផ្សេងទៀត ហើយអនុញ្ញាតឲ្យត្រលប់ចូលធ្វើការវិញ»។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក ច័ន្ទ សុខុមចិន្តា បានមានប្រសាសន៍ថា រោងច្រផេកធីក បានអនុវត្តតាមច្បាប់ ក្នុងករណីបញ្ឈប់សមាជិកសហជីពទាំងពីរនេះ។
លោក សុខុមចិន្តា មានប្រសាសន៍ថា៖ «ផ្អែមតាមការធ្វើអធិការកិច្ច មន្ទីរការងារឯកភាពជាមួយភាគីនិយោជករឿងបញ្ឈប់កម្មករទាំងពីរ»។
លោកបន្ថែមថាមន្ទីរការងារមាននាទីត្រឹមជាអ្នកសម្របសម្រួល ហើយភាគីពាក់ព័ន្ធគួរតែអនុវត្តតាមការសម្រចក្រសួងការងារ។
សុខុមចិន្តា បានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទទួលយកនីតិវិធីរបស់ច្បាប់»។ លោកក៏សង្ឃឹមដែរថាភាគីទាំងពីរនឹងព្រមទទួលយកដំណោះស្រាយនាពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញរឿងនេះ បានទេ នៅថ្ងៃទី១១ ខែកញ្ញា។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ បាននិយាយថាវាជារឿងគួរឲ្យសោកស្ដាយដែលក្រសួងការងារឯកភាពទៅតាមការសម្រេចរបស់មន្ទីរការងារខេត្ត។
លោក ថារ៉ូ និយាយាថា៖ «ការសម្រេចចិត្តរបសរដ្ឋមន្ត្រីក្រសួងការងារគឺប៉ះពាល់ដល់សេរីភាពសហជីព ព្រោះការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើព័ត៌មានរបស់មន្ទីរការងារខេត្តសៀមរាប»។
លោកឲ្យដឹងទៀតថានបុគ្គលិករបស់សណ្ឋាគារឡឺមេរីឌានអង្គរ និងភូមិវប្បធម៌កម្ពុជា នៅបន្តធ្វើកូដកម្មនៅឡើង និងមិនទាន់បានទទួលដំណោះស្រាយណាមួយទេ។
លោក ថារ៉ូ និយាយថា៖ «ខ្ញុំបានមើលឃើញពីចំណុចខ្វះខាតរបស់មន្ទីរការងារខេត្តក្នុងការស៊ើបអង្កេតបញ្ហាការងារនៅទីនោះ» ។ លោកថា មន្ត្រីមន្ទីរការងារកន្លងទៅក៏ធ្លាប់គំរាមកំហែងដល់កម្មករដែលបានធ្វើកូដកម្មផងដែរ។
លោក ថារ៉ូ បានបន្តថា៖«ការសម្រេចចិត្តរបស់មន្ទីរការងារប៉ះពាល់ប្រយោជន៍កម្មកររាប់រយនាក់ និងមន្ត្រីសហជីពផងដែរ»។
លោក ថារ៉ូឲ្យដឹងទៀតថា លោកបានមើលឃើញពីការប្រើប្រាស់អំណាចមិនត្រឹមត្រូវរបស់មន្ត្រីមន្ទីរការងារ ដែលបានទទួលប្រតិភូកម្មអំណាចពីច្បាប់ស្ដីពីការងារ។
លោកបន្ថែមថា៖ «ច្បាប់បានធ្វើប្រតិភូកម្មអំណាច និងតួរនាទីដល់មន្ត្រីនៅមន្ទីរការងារ ប៉ុន្តែពួកគាត់បានប្រើប្រាស់មិនត្រឹមត្រូវ…ហើយពួកគាត់មិនធ្វើតាមនីតិវិធីច្បាប់លើបណ្ដឹងរបស់សហជីព។ ពួកគេត្រូវការយុត្តិធម៌ ប៉ុន្តែ[មន្ទីរ]បែរជាពន្យាពេលលើនីវិធីទៅវិញ»។
ករណីកូដកម្មមួយទៀតនៅខេត្តសៀមរាមដែរ គឺបុគ្គលិកសណ្ឋាគារឡឺមេរីឌានអង្គរ (Le Meridien Angkor Hotel ) បានកូដកម្មទាមទារឲ្យខាងសណ្ឋាគារទទួលយកតំណាងសហជីពបីនាក់ចូលធ្វើការងារវិញ ដោយថាការបញ្ឈប់អ្នកទាំងបីធ្វើឡើងដោយមិនសមហេតុផល កាលពីខែកក្កដា កន្លងទៅ។
សកម្មជនទាំងបីនៅក្នុងសហជីពឡឺមេរីឌានអង្គរ កញ្ញា ឌឿម ឆៃយ៉ា អ្នកស្រី សុខ ណារ៉ែន និង អ្នកស្រី ខាំ ស្រីភ័ក្រ ត្រូវបានបញ្ឈប់ពីការងារដោយរងការចោទប្រកាន់ថាបានបញ្ចុះបញ្ចូលកម្មករផ្សេងទៀតតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឲ្យគាំទ្រការកាត់ប្រាក់ខែក្នុងចំនួនតិចតួច។ តាំងពីពេលនោះមកបុគ្គលិកក៏បានធ្វើបាតុកម្មនៅមុខមន្ទីរការងារ និងសណ្ឋាគារ ហើយក៏មានជំនួបជាច្រើនបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហា តែមិនបានសម្រេចនោះទេ។
លោក លី លីនដា ប្រធានសហជីពឡឺមេរីឌានអង្គរ បាននិយាយថាបុគ្គលិកសណ្ឋាគារបានផ្ដើមធ្វើកូដកម្មជាថ្មីវិញកាលពីថ្ងៃទី៩ ខែកញ្ញា ព្រោះអ្នកទាំងនោះមិនបានទទួលដំណោះស្រាយណាមួយ។
លោក លីនដា ៖«នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ខ្ញុំ និងអ្នកតំណាងបុគ្គលិកផ្សេងទៀតបានទៅជួបអ្នកចាត់ការទូទៅសណ្ឋាគារដើម្បីស្នើឲ្យគាត់អនុញ្ញាតឲ្យតំណាងសហជីពទាំងបីនាក់ចូធ្វើការវិញ ប៉ុន្តែគាត់បដិសេធ»។ លោកបន្ថែមថា ដូចនេះ ហើយបានជាបុគ្គលិកបានសម្រេចធ្វើកូដកម្មជាថ្មីនៅរសៀលថ្ងៃនោះ។
លោកឲ្យដឹងទៀតថា ខាងសណ្ឋាគារក៏បានត្រៀមពាក្យបណ្ដឹង ដាក់ប្ដឹងលោកថាបានដឹកនាំកូដកម្មនៅសណ្ឋាគារផងដែរ។
លោក លីនដា បានបន្តថា៖ «ខ្ញុំសូមសំណូមពរឲ្យអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងភាគីពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ហើយយើងអាចនឹងត្រឡប់ចូលធ្វើការវិញ»។
អ្នកចាត់ការទូទៅរបស់សណ្ឋាគារឡឺមេរីឌានអង្គរ លោកស្រី Sabreena Jacob បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាលោកស្រីមិនកែប្រែការសម្រេចចិត្តណាមួយចំពោះការបណ្ដេញបុគ្គលិកទាំងបីនោះទេ។
លោកស្រីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងមានការខកចិត្តចំពោះសកម្មភាពរបស់បុគ្គលិកទាំងបីនាក់ដែលថ្មីៗនេះបានជ្រើសរើសយកការធ្វើកូដកម្មដោយខុសច្បាប់ ជាជាងការជួបចរចារជាមួយពួកយើង ទោះបីជាមានការអញ្ចើញឲ្យចូលរួមក៏ដោយ»។
លោកស្រីបន្តថា៖ «បើទោះបីជាមានការជូនដំណឹងពីខាងសណ្ឋាគារ និងអាជ្ញាធរថាសកម្មភាពរបស់ពួកគេខុសនឹងច្បាប់ក៏ដោយ ក៏អ្នកទាំងបីនៅបន្តធ្វើសកម្មភាពកូដកម្មដោយខុសច្បាប់ដដែល»។