ក្រុម​និយោជក​ផលិត​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​អំពាវនាវ​ឱ្យ​ពន្យា​ពេល​ព្យួរ​ EBA

កម្មករកាត់​ដេរសម្លៀកបំពាក់​​ដើរ​​ចេញ​ពី​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០​២០​។ បញ្ញា ​ឆព័ណ្ណ

សមាគម​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ផលិត​ស្បែកជើ​ង​ និង​ក្រុម​អ្នក​ជំនួញ​អឺរ៉ុប​នៅ​កម្ពុជា​ បាន​​អំពាវ​នាវ​ឱ្យ​សហភាព​អឺរ៉ុប​ពន្យា​ពេល​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា​ ដោយ​លើក​ហេតុ​ផល​ថា​វិបត្តិ​កូវីដ​១៩​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

លិខិត​រួម​គ្នា​មួយ​ចុះ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ សមាគម​រោងចក្រ​កា​ត់​ដេរ​នៅ​កម្ពុជា​ សមាគម​ស្បែក​ជើង​កម្ពុជា​​​ និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ការ​រីក​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​កូវី​ដ​១៩​ បាន​​នឹង​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ ផលិត​ផល​សម្រាប់​ការ​ធ្វើ​ដំណើរ​ អ្នក​ផលិត​ ក៏​ដូច​ជា​កម្មករ​ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​ទាំង​នេះ​។ ក្នុង​លិខិត​ដដែល​នោះ​ ក្រុម​និយោជក​ បាន​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ពន្យា​ពេល​ ១២​ខែ​ទៀត​ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ​» សម្រាប់​កម្ពុជា​ ដែល​តាម​ការ​គ្រោង​ទុក​​ការ​ព្យួរ​នេះ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ខាង​មុខ​នេះ​។ ការ​ព្យួរ​នេះ​នឹង​ប៉ះ​ពាល់​ ២០​ភាគ​រយ​ដល់​សម្លៀក​បំពាក់​ និង​៣០​ភាគ​រយ​ដល់​ផលិត​ផល​សម្រាប់​ការ​ធ្វើ​ដំណើរ​ក៏​ដូច​ជា​ស្បែក​ជើង​ដែល​នាំ​ចូល​សហភាព​អឺរ៉ុប​។

លិខិត​ដដែល​បាន​លើក​ឡើង​ទៀត​​ថា​រោងចក្រ​កាត់​ដេរ​ និងផលិត​ស្បែក​ជើង​ចំនួន​២៥៦​ បាន​​ផ្អាក​ដំណើរ​ការ​ ខណៈ​រោងចក្រ​ដែល​កំពុង​ដំណើរ​ការ​ក៏​បា​ន​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន​ផងដែ​រ​។ តាម​លិខិត​ដដែល​នេះ​ កម្មករ​ជាង ​១៣​ម៉ឺន​​នាក់​បាន​បង់​ការងារ​របស់​ពួក​គេ​ ហើយតួ​​លេខ​នេះ​ក៏​អាច​នឹង​បន្ត​កើន​ឡើង​ទៀត​។

ក្រុម​​និយោជក​បាន​លើក​ឡើង​ក្នុង​លិខិត​ដដែល​ថា​៖ «ពិត​ណាស់​​ បញ្ហា​នេះ​ (វិបត្តិ​កូវី​ដ១៩​) បា​ន​ជះ​ឥ​ទ្ធិ​ពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​។ រឿង​ដែល​ទទួល​បាន​​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​បំផុត​នោះគឺ​ការ​បញ្ជា​ទិញ​ដែល​ពេល​បច្ចប្បន្ន​នេះ​សម្រាប់​ត្រីមាស​ទី​២​ និង​ទី​៣​ មិន​ទាន់​មាន​នោះ​ទេ​»។

ក្រុម​និយោជក​ និង​អ្នក​ជំនួញ​អឺរ៉ុប​បាន​ប៉ាន់​ស្មាន​ថា​ការ​លក់​ក្នុង​វិស័យ​​វាយភណ្ឌ​កម្ពុជា​ក្នុង​ត្រីមាស​ទី​២​ ឆ្នាំ​២០​២០​ អាច​នឹង​ធ្លាក់​ចុះ​ប្រមាណ​ពី​៥០​ទៅ​៦០​ភាគរយ​ បើ​ធ្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១​៩​។

លិខិត​នោះសរសេរ​ទៀត​ថា​៖ «ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​គ្រួសារ​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​បាត់​បង់​ការងារ​ ហើយ​រាប់​លាន​នាក់​ទៀត​អាច​នឹង​ត្រលប់​ទៅ​រក​ភាព​ក្រីក្រ​វិញ​» ដែល​នេះ​ជាលទ្ធផល​នៃ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ ​«គ្រប់មុ​ខ​ទំ​និញ​លើក​លែង​សព្វា​វុធ​»​

ក្រុម​និយោជក​ក៏​បាន​ទទួល​ស្គាល់​ថា​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ពី​អ្នក​បញ្ជា​ទិញ​ជា​សកល​ជា​បញ្ហា​ដែល​មិន​អាច​ជៀស​ផុត​ព្រោះ​សេដ្ឋកិ​ច្ច​កំពុង​ធ្លាក់​ចុះ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩​ ទាំង​នៅ​សហភាព​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ ដែល​សុទ្ធ​សឹង​តែ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​។

លិខិត​ដដែល​សរសរ​ទៀត​ថា៖​«មាន​ម៉ាក​ផលិត​ផល​និង​ក្រុម​ហ៊ុន​ចែក​ចាយ​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ក្ស័យ​ធន​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​​រាត​ត្បាត​ (កូវីដ​១៩​) ហើយ​បញ្ហា​សេដ្ឋ​កិច្ច​នៅអឺរ៉ុប​ ក៏​ដូច​ជា​អាមេរិក​ខាង​ជើង​​ក៏​ប្រហែល​ជា​នៅ​តែ​មាន​ និង​បន្ត​ជិះ​ឥទ្ធិពល​ដ​​ល់​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា​រហូត​ដល់​ត្រីមាសទី៤ឆ្នាំ​២០២០ ហើយ​ប្រាកដ​ណាស់​នៅ​ឆ្នាំ២០២១ ​ក៏​ដូច​គ្នា​។​»​

លោក​ កាំង ម៉ូនីកា អគ្គលេខា​ធិការ​រងសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ មិន​អាច​ទាក់​ទង​សុំ​​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នោះទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង​ សួ​រ​ បាន​លើក​ឡើង​ថា​​សំណើ​សុំ​​ពន្យា​ពេល​ព្យួរ ​EBA​ គឺ​ជា​រឿង​រវាង​ឧស្សាហកម្ម​វាយនភណ្ឌ​និង​សហភាព​អឺរ៉ុប​។

លោក​បាន​ប្រាប់​ថា​៖​ «រឿង​នោះ​ជា​ករណី​រវាង​វិស័យ​ឯកជន​ និង​​ភាគី​ពាក់​ព័ន្ធ​។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ជំហរ​របស់​យើង​ជុំវិញ​បញ្ហា​ EBA ​នេះ​យូរ​មក​ហើយ​»។ ទោះ​យ៉ាង​ណា​ក៏​ដោយ ​លោក​ ហេង​ សួរ​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​ទៀត​ទេ​ជុំវិ​ញ​ករណី​នេះ​។

បន្ទាប់​ពី​ការ​សិក្សា​ពិនិត្យ​អស់​រយៈ​ពេល​១​ឆ្នាំ​ សហភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​សម្រេច​ថា​​សហភាព​អឺរ៉ុប​នឹង​យក​ពន្ធ​លើ​ផលិត​ផល​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​មួយ​ចំនួន​ ក៏​ដូច​ជា​ផលិត​ផល​ធ្វើ​ដំណើរ​ទាំង​អស់​ រួម​ទាំង​ស្ករ​ស ដែល​មាន​​តម្លៃ​ជា​ទឹក​ប្រាក់​ជាង១ពាន់​លាន​ដុល្លា​។ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ជា​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​សហភា​ព​អឺរ៉ុប ​«មិន​មាន​ជម្រើស​ណា​មួយ​» ក្រៅ​តែ​ពីកាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​​EBA​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មា​ន​ដែល​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ខែ​កុម្ភៈ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ហៅ​សេ​​ចក្តី​សម្រេច​នោះ​ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​ ហើយ​ថែម​ទាំង​បាន​ការពារ​ការ​រំលាយ​បក្ស​ប្រឆាំង​តែ​មួយ​គត់​ថាធ្វើ​ឡើង​តាម​ដំណើរ​ការ​តុលា​ការ​។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​លើក​ឡើង​នា​ពេល​នោះ​ថា​៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកា​ន់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុង​ការ​បដិសេធ​រាល់​ការ​ប៉ុន​ប៉ង​ដោយ​ដៃ​គូរ​ខាង​ក្រៅ​​ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ ឬ​ជំនួយ​អភិវឌ្ឍន៍​​​ ដើម្បី​ជា​លេស​ក្នុង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​»។​

លោក​ស្រី ​យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សម្ព័​ន​សហជីព​កម្ពុជា​បាន​និយាយ​ថា​វា​ជា​រឿង​ល្អ​ដែ​ល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ស្នើ​សុំ​ឱ្យ​មាន​ការ​ពន្យា​ពេល​ដក​ EBA​។

លោក​ស្រី​ យ៉ាង ​សុភ័ណ្ឌ​ បាន​និយាយ​ថា​៖ «នេះ​ជា​គំនិត​ល្អ​មួយ​ ប៉ុន្តែ​នេះ​ក៏​មិន​មែន​ជា​ជម្រើស​តែ​មួយ​ដែរ​ ​ព្រោះ​ថា​រដ្ឋាភិបាល​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែ​រ​»។

លោក​ស្រី​បាន​បន្ត​ថា​៖«វា​ពិត​​ជា​សំខាន់​ណាស់​សម្រាប់​ពួក​យើង​ដែល​ត្រូវ​ដឹង​ថា​តើ​រ​​ដ្ឋាភិបាល​ពិ​ត​ជា​មាន​ចេតនា​ដោះ​ស្រាយ​ (បញ្ហា​សិទ្ធិ​មនុស្ស​) ឬ​អ​ត់​»។

លោក​ ប៉ាវ​ ស៊ី​ណា ​ប្រធាន​សម្ព័ន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ក៏​បាន​សាទរ​នឹង​សំណើរ​របស់​ក្រុម​និយោជក​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​នេះ​ដែរ​។

លោក​ ប៉ាវ​ ស៊ីណា ​មាន​ប្រសាសន៍​ថា​៖«ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​ដើម្បី​ស្នើ​សុំ​​ព្រោះថា​ទាំង​ពិភព​លោក​ និង​កម្ពុជា​សុទ្ធ​តែ​កំ​ពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​»។ លោក​បាន​និយាយ​ទៀត​ថា​៖«ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ EBA​ ពី​កម្ពុជា​នៅ​ខែ​សីហា ​កម្ពុជា​នឹង​ប្រឈម​នឹង​វិបត្តិធ្ងន់​ធ្ង​រ​»។​

ប្រធាន​សហជីព​រូប​នេះ ​បាន​​លើក​ឡើង​ទៀត​ថា​សហជីព​ និង​សហព័ន្ធ​សហជីព​ នឹង​ពិភាក្សាគ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ម្តង​ទៀត​ ហើយ​ក៏​ប្រហែល​ជា​នឹង​ធ្វើ​សំណើ​មួយ​ទៀត​ទៅ​កាន់​សហភាព​អឺរ៉ុប​ដែរ​។ លោក​បានបន្ថែម​ថា​​មុន​ពេល​ផ្ទុះ​​កូវីដ​១៩​ សហជីព​ និង​សហព័ន្ធ​សហជីព​ ក៏​បាន​អំពាវ​នាវ​ពីរដង​រួច​មក​ហើយ​ស្នើ​សុំ​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​សម្រាប់​​កម្ពុជា​។

លោក​ ប៉ាវ​ ស៊ីណា ​បាន​និយាយ​ថា​៖​​​«​យើង​នឹង​ស្នើ​ទៅ​ស​​ហភាព​អឺរ៉ុប​ឱ្យ​បន្ត​រក្សា​ EBA​ សម្រាប់​កម្ពុជា​នៅ​ពេល​អនាគត​។​»

23 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »