តំណាងសហជីពធំៗចំនួន១៤បានដាក់ញត្តិទៅក្រសួងការងារនៅថ្ងៃទី២២ ខែមិថុនាអំពាវនាវឱ្យនិយោជកផ្តល់ប្រាក់អតីតភាពការងារដែលជំពាក់កម្មករ បន្ទាប់ពីក្រសួងសម្រេចមិនតម្រូវឱ្យក្រុមនិយោជកទូទាត់ប្រាក់អតីតភាពការងាររហូតដល់ឆ្នាំ២០២១។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយនៅក្រៅក្រសួងថាតំណាងគណៈកម្មាធិការដោះស្រាយកូដកម្មក្រសួងការងារបានទទួលញត្តិរួចហើយ។
លោក ស៊ីណា បានលើកឡើងថាសហជីពបានដាក់សំណើរបស់ពួកគេស្នើសុំក្រសួងការងារពិនិត្យឡើងវិញនូវសេចក្តីប្រកាសថ្មីៗរបស់ខ្លួនដែលអនុញ្ញាតឱ្យក្រុមហ៊ុនពន្យាពេលបើកប្រាក់អតីតភាពការងាររបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ និង២០២០។ សេចក្តីប្រកាសចុះថ្ងៃទី២ ខែមិថុនា អនុញ្ញាតឱ្យនិយោជកគ្រប់វិស័យទាំងអស់រួមមានវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ទេសចរណ៍ និងសំណង់ពន្យាពេលទូទាត់ប្រាក់អតីតភាពការងារដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ស៊ីណា មានប្រសាសន៍ថា៖ «សហជីពរបស់យើងគិតថាការសម្រេចចិត្តរបស់ក្រសួងការងារក្នុងការពន្យាពេលបើកប្រាក់អតីតភាពការងារនឹងបណ្តាលឱ្យកម្មករមានការលំបាកបន្ថែមទៀត ខណៈពេលដែលពួកគេកំពុងប្រឈមនឹងការព្យួរការងាររួចទៅហើយ ថែមទាំងទទួលបានប្រាក់ចំណូលតិចទៀត ដែលជារឿយៗមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃរបស់ពួកគេផង»។
លោកមានប្រសាសន៍ថា ការសម្រេចរបស់ក្រសួងហាក់ដូចជាផ្តល់ឱកាសឱ្យនិយោជកនិងថៅកែរោងចក្រយកលេសដើម្បីកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករបន្ថែមទៀត ខណៈពេលដែលកម្មករកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
ក្រសួងការងារកាលពីឆ្នាំ២០១៨ បានសម្រចឱ្យមានការបើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំសម្រាប់កម្មករនិយោជិតដែលស្ថិតក្នុងកិច្ចសន្យារយៈពេលមិនកំណត់។ នេះបើយោងតាមប្រកាសរបស់ក្រសួងការងារ។ចំនួននេះអាចមានរយៈពេលពី ១៥ ទៅ ៣០ថ្ងៃនៃប្រាក់ឈ្នួលក្នុងមួយឆ្នាំអាស្រ័យលើក្រុមហ៊ុនឬរោងចក្រដែលកម្មករបំពេញការងារ។
ញត្តិដែលចុះហត្ថលេខាដោយសហជីពចំនួន ១៤ រួមមាន CUMW, CCAWDU សហភាពសហព័ន្ធសហជីពកម្មករកម្ពុជា និងសហព័ន្ធសហជីពកម្ពុជាបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេងពិចារណាជំរុញឱ្យថៅកែផ្តល់ប្រាក់អតីតភាពការងារទាន់ពេលវេលាសម្រាប់ឆ្នាំ២០១៩ និង២០២០។ ជាធម្មតាក្រសួងតម្រូវឱ្យបើកប្រាក់អតីតភាពការងារពីរដងដែលធ្វើឡើងក្នុងខែមិថុនា និងខែធ្នូ។
ញត្តិនោះបានសរសេរថា៖ «កម្មករកំពុងប្រឈមនិងបន្ទុកហិរញ្ញវត្ថុកើនឡើងរួមមានការបង់ប្រាក់កម្ចីប្រចាំខែ ការចំណាយព្យាបាលសមាជិកគ្រួសារដែលឈឺ ក៏ដូចជាការចំណាយក្នុងការរស់នៅប្រចាំថ្ងៃ»។
ទោះបីជាសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២ ខែមិថុនារបស់ក្រសួងអនុញ្ញាតឱ្យពន្យាពេលទូទាត់ប្រាក់អតីតភាពការងាររហូតដល់ឆ្នាំ២០២១ ក៏ដោយ ក៏វាតម្រូវឱ្យនិយោជកធ្វើការទូទាត់ប្រាក់ក្នុងករណីដែលកម្មករបានលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារ។
លោក និន វណ្ណៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្មនៅក្រសួងការងារបានបញ្ជាក់ថាលោកបានទទួលញត្តិរបស់សហជីពហើយនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ។
លោក វណ្ណៈ បានប្រាប់ខេមបូចាមុនពេលបដិសេធបកស្រាយបន្ថែមលើបញ្ហានេះថា៖ «ក្រសួងបានទទួលញត្តិហើយយើងនឹងព្យាយាមឆ្លើយតបចំពោះសហជីពនៅពេលឆាប់ៗនេះ»។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ បានមានប្រសាសន៍ថា សហជីពរបស់កញ្ញាបានចុះហត្ថលេខាលើញត្តិនេះខណៈបុគ្គលិកកាស៊ីណូបានរងនូវបញ្ហាហិរញ្ញវត្ថុចាប់តាំងពីខែមីនានៅពេលដែលរដ្ឋាភិបាលបង្ខំឱ្យកន្លែងកម្សាន្តធំៗ បិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
កញ្ញា ស៊ីថរ បានថ្លែងថា៖ «សហជីពទាំង១៤ ស្នើឱ្យរដ្ឋាភិបាលលុបចោលសេចក្តីប្រកាសដែលចុះនៅថ្ងៃទី២ ខែមិថុនា ពីព្រោះវាមិនបានជួយកាត់បន្ថយទុក្ខលំបាករបស់ពួកយើងទេ ប៉ុន្តែផ្ទុយទៅវិញកាត់បន្ថយផលប្រយោជន៍របស់កម្មករថែមទៀត។ យើងសង្ឃឹមថាសម្តេច [នាយករដ្ឋមន្រ្តីហ៊ុន សែន] និងរដ្ឋាភិបាលនឹងទទួលសំណើរបស់ពួកយើង ហើយលុបចោលសេចក្តីប្រកាសពន្យាពេលប្រាក់អតីតភាពការងារ» ។
ឆេង ហេង កម្មការិនីរោងចក្រកាត់ដេរ Top Silver ក្នុងខេត្ដព្រៃវែងបានប្រាប់តាមទូរសព្ទថាថៅកែរោងចក្ររបស់គាត់បានសម្រេចផ្អាកកម្មករទាំងអស់ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែសីហាឆ្នាំនេះ ដោយផ្តល់ជូនពួកគេនូវប្រាក់ខែ៣០ដុល្លារបន្ថែមលើការឧបត្ថម្ភប្រចាំខែ៤០ដុល្លារដែលរដ្ឋាភិបាលបានផ្តល់ឱ្យកម្មកររោងចក្រដែលផ្អាកពីការងារ។ នាងបាននិយាយថានាងគាំទ្រសំណើរបស់សហជីពដើម្បីជួយកម្មករទទួលបានប្រាក់អតីតភាពការងាររបស់ពួកគេ។
ហេង បាននិយាយថា៖ «ខ្ញុំគិតថាសំណើរបស់សហជីពគឺល្អ។ ខ្ញុំគាំទ្រវា»។ នាងបានបន្ថែមថាការទទួលបានប្រាក់អតីតភាពការងាររបស់នាងនៅឆ្នាំនេះនឹងជួយនាងសងប្រាក់កម្ចី ៧.០០០ ដុល្លារដែលគ្រួសាររបស់នាងបានចំណាយនៅឆ្នាំ២០១៨ ដើម្បីសង់ផ្ទះ។
នាងបន្តថា មុនពេលរោងចក្រផ្អាកដំណើរការ នាងអាចរកប្រាក់បានចន្លោះពី៣០០ ទៅ៥០០ដុល្លារក្នុងមួយខែ។
នាងបាននិយាយទៀតថា៖«ឥឡូវខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ដើម្បីសងធនាគារទេ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិដែលផ្សាយជាខេមរភាសាកាលពីចុងខែឧសភាលោកបានប៉ាន់ប្រមាណថាកម្មកររោងចក្រប្រហែល១១ម៉ឺននាក់នៅតែត្រូវបានបន្តព្យួរការងារជាបណ្តោះអាសន្ន៕