ចំនួនកូដកម្ម និងបាតុកម្មបានកើនឡើងយ៉ាងគំហុកនៅឆ្នាំ២០១៩ នេះបើយោងទៅតាមរបាយការណ៍មួយរបស់ក្រសួងការងារ។ ប៉ុន្តែក្រុមសហជីពនិយាយថា ការកើនឡើងនេះគឺកើតឡើងស្របពេលមានការរឹតត្បិតប្រឆាំងនឹងកម្មករ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើការរៀបចំដោយសេរី។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារ ដែលត្រូវបានចុះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២០ លើកឡើងថា កូដកម្មចំនួន ៧៥ និងបាតុកម្មចំនួន ១១ កាលពីឆ្នាំ២០១៩ គឺជា ការកើនឡើងពីកូដកម្មចំនួន ៤៥ និងបាតុកម្មចំនួន ០៥ កាលពីឆ្នាំ ២០១៨។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារបានបន្ថែមថា កូដកម្មចំនួន ៦៩ និងបាតុកម្មចំនួន ០៨ ក្នុងចំណោមបាតុកម្មចំនួន ១១ ត្រូវបានក្រសួងការងារដោះស្រាយជាស្ថាពរ។
របាយកាណ៍ខាងលើបានសរសេរថា៖ «ក្រសួងបានបន្តពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម និងបាតុកម្មនៅតាមគ្រប់មុខសញ្ញា»។ ដោយកត់សម្គាល់ថា នាពេលបច្ចុប្បន្ន មន្រ្តីចំនួន ៣៦៩៧ នាក់ ត្រូវបានចាត់តាំងដើម្បីដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកូដកម្ម និងបាតុកម្ម។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា កត់សម្គាល់ថា ទោះបីជាមានកំណើនចំនួនកូដកម្ម និងបាតុកម្មក៏ដោយ ក៏ចំនួននេះ នៅទាបខ្លាំងជាងកម្រិតដែលធ្លាប់មាននៅមុនពេលច្បាប់ស្តីពីសហជីពត្រូវបានអនុម័តកាលពីឆ្នាំ២០១៦។
លោក អាត់ ធន់ បានមានប្រសាសន៍ថា៖ «យើងធ្លាប់មានកូដកម្ម និងបាតុកម្មរាប់ពាន់ករណី។ កម្មករអាចសម្តែងមតិរបស់ពួកគេដោយសេរី ប៉ុន្តែឥឡូវខុសពីមុន»។
លោកបានបន្តថា មួយផ្នែកគឺដោយសារតែក្រសួងការងាររាប់បញ្ចូលតែចំនួនកូដកម្មនិងបាតុកម្មធំៗទៅក្នុងកំណត់ត្រារបស់ខ្លួន។ លោកក៏បានអំពាវនាវឲ្យក្រសួងការងារជួយកម្មករដោយស្មើភាព កំឡុងពេលមានជម្លោះជាមួយនឹងនយោជក។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនបានឆ្លើយតបនឹងសំណួររបស់ Camboja នោះទេ។
ច្បាប់ស្តីពីសហជីពត្រូវបានអនុម័ត ខណៈមានការរិះគន់ថា ច្បាប់នេះបានរឹតត្បិតសិទ្ធិកម្មករ និងវិសោធនកម្មជាបន្តបន្ទាប់ដែលត្រូវបានអនុម័តឡើងកាលពីឆ្នាំមុនក៏មិនបានជួយដោះស្រាយក្តីកង្វល់របស់សហជីពនោះទេ។
លោក ឃុន ថារ៉ូ មន្រ្តីសម្របសម្រួលការងារនៅអង្គការសង់ត្រាល (Central) បាននិយាយថា ច្បាប់ស្តីពីសហជីពកម្មករ និងសហជីពមានការលំបាកនៅក្នុងការធ្វើកូដកម្ម និងបាតុកម្ម។
លោក ថារ៉ូ បាននិយាយថា៖ «សេរីភាពត្រូវបានរឹតត្បិតយ៉ាងខ្លាំង។យើងត្រូវជូនដំណឹង នឹងបោះឆ្នោតជ្រើសរើសតំណាង មុនពេលដែលយើងធ្វើកូដកម្ម និងបាតុកម្ម»។
លោក ថារ៉ូ បានទទួលស្គាល់ថា កាលពីឆ្នាំមុន រដ្ឋាភិបាលបានផ្តល់លំហធំជាងមុនសម្រាប់ការធ្វើបាតុកម្ម និងកូដកម្ម ប៉ុន្តែបញ្ហាជាមូលដ្ឋាននៅតែមាន៕