តុលាការកំពូលនៅថ្ងៃទី ១៥ ខែកក្កដាបានសម្រេចបញ្ជូនសំណុំរឿងអ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ីRT លោក រ៉ាត់ រត្នមុនី ឱ្យកាត់សេចក្តីឡើងវិញ បន្ទាប់ពីរកឃើញថាសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្តល់ការផ្តន្ទាទោសគាត់ពីបទញុះញង់គឺមិនត្រឹមត្រូវ។
លោក រត្នមុនី ត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំ២០១៨ ដោយសារតួនាទីរបស់លោកនៅក្នុងការផលិតភាពយន្តឯកសារនិយាយពីការជួញដូរផ្លូវភេទអនីតិជននៅកម្ពុជារបស់ទីភ្នាក់ងារសារព័ត៌មាន RT របស់រុស្ស៊ី ដែលលោកត្រូវបានចាត់ទុកថាជាផលិតករប៉ុន្តែសាមីខ្លួនអះអាងថាលោកគ្រាន់តែជាអ្នកបកប្រែប៉ុណ្ណោះ។
អំឡុងពេលអានសាលដីការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី គឹម សត្ថាវី នៅថ្ងៃនេះបានប្រកាសថាសាលាឧទ្ធរណ៍ធ្វើការសម្រចក្តីលើសំណុំរឿងលោក រ៉ាត់ រត្នមុនីមិនបានត្រឹមត្រូវ។
លោកស្រី បានប្រកាសថា៖«តុលាការកំពូលបានពិចារណាឃើញថាតុលាការសាលាឧទ្ធរណ៍បានធ្វើសេចក្តីសម្រេចមិនត្រឹមត្រូវ ដូច្នេះ[តុលាការកំពូល] បានសម្រេចបដិសេធសាលដីការសាលាឧទ្ធរណ៍ និងបញ្ជូនសំណុំរឿងជនជាប់ចោទ រ៉ាត់ រត្នមុនី ទៅជំនុំជម្រះ នៅសាលាឧទ្ធរណ៍ជាថ្មី»។
ចៅក្រមគឹម សត្ថាវី មិនបានធ្វើការអត្ថាធិប្បាយបន្ថែមទៀតទេនៅក្នុងបន្ទប់សវនាការ។
ភាពយន្តឯកសារដែលបណ្តាលឱ្យលោក រ៉ាត់ រត្នមុនី ជាប់ពន្ធនាគារនោះមានចំណងជើងថា«ម្តាយខ្ញុំ លក់ខ្ញុំ» ដែលចេញកាលពីឆ្នាំមុន ហើយបាននិយាយពីរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជា៣នាក់ដែលត្រូវបានជួញដូរផ្លូវភេទដោយម្តាយរបស់ខ្លួន។
នៅបន្ទប់រង់ចាំនៅតុលាការបន្ទាប់ពីស្តាប់ការជំនុំជម្រះរួច លោក រ៉ាត់ រត្នមុនី បាននិយាយថាលោកមិនរំពឹងថានឹងមានសេចក្តីសម្រេចបែបនេះទេ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«ខ្ញុំមានភ្ញាក់ផ្អើលមែនទែនដែលតុលាការបានសម្រេចថាសាលាឧទ្ធរណ៍បានធ្វើសេចក្តីសម្រេចមិនត្រឹមត្រូវ»។
លោក រ៉ាត់ រត្នមុនី បាននិយាយទៀតថា៖«ខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍នឹងទម្លាក់ចោលបទចោទប្រឆាំងរូបខ្ញុំ» ដោយបន្ថែមថារយៈពេលជាប់ពន្ធនាគាររបស់លោកនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២០។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង បាននិយាយតាមសារហ្វេសប៊ុកបន្ទាប់ពីសវនាការថាវាពិតជាអយុត្តិធម៌សម្រាប់ស្វាមីអ្នកស្រីដែលនៅតែជាប់ឃុំ បើទោះណាជាតុលាការកំពូលឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះក្តីឡើងវិញក៏ដោយ។
អ្នកស្រីបានចោទជាសំណួរថា៖«សម្រាប់ខ្ញុំ ប្រសិនតុលាការកំពូលបានបដិសេធសាលដីការសាលាឧទ្ធរណ៍ហើយ តើហេតុអ្វីបានជាតុលាការមិនដោះលែងប្តីខ្ញុំទៅ?»។
ទោះយ៉ាងណាក៏ដោយ អ្នកស្រីសង្ឃឹមថាសាលាឧទ្ធរណ៍នឹងអាចផ្តល់យុត្តិធម៌ឱ្យស្វាមីអ្នកស្រី។
អ្នកស្រីបានលើកឡើងថា៖«សូមសាលាឧទ្ធរណ៍ ពន្លឿននីតិវិធីជំនុំជម្រះ ចៀសវាងបន្តឃុំប្តីខ្ញុំក្នុងពន្ធនាគារយូរ ខណៈដែលតុលាការ(កំពូល)បាននិយាយហើយថាពួកគេ(តុលាការសាលាឧទ្ធរណ៍)កាត់ទោសគាត់ខុស»។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក ឡោ ជុនធី បានស្វាគមន៍ចំពោះការសម្រេចរបស់តុលាការកំពូលដែលបដិសេធការសម្រេចរបស់តុលាការថ្នាក់ក្រោមៗ ដោយលោកហៅការសម្រេចនេះថាជា«សញ្ញាវិជ្ជមាន» ដែលកូនក្តីរបស់លោកអាចនឹងទទួលបានយុត្តិធម៌។
លោកបាននិយាយថា៖«ក្រុមRT ជាអ្នកទទួលខុសត្រូវអ្វីៗគ្រប់យ៉ាងទាំងអស់[នៅក្នុងវីដេអូឯកសារ] ហើយកូនក្តីរបស់ខ្ញុំមានតួនាទីគ្រាន់តែជាអ្នកបកប្រែនិងសម្របសម្រួលការងារជាមួយអាជ្ញាធរតែប៉ុណ្ណោះ»។
លោក ជុនធី បានលើកឡើងបន្តថាមិនមានភស្តុតាងដែលអាចដាក់បន្ទុកលោក រ៉ាត់ រត្នមុនី ពីបទញុះញង់ប្រឆាំងរូបគាត់បានទេ។ លោកបានបន្ថែមថាមាត្រាក្នុងក្រមព្រហ្មទណ្ឌដែលចែងពីបទញុះញង់បានបញ្ជាក់ថាបទឧក្រិដ្ឋអាចកើតឡើងទៅបានតាមរយៈសម្តីដែលធ្វើឡើងនៅ ទីសាធារណៈ ក្នុងទម្រង់ជាលាយល័ក្ខអក្សរដែលចែកចាយជាសាធារណៈ ឬ ដោយការទំនាក់ទំនងតាមសម្លេងនិងរូបភាពទៅកាន់សាធារណៈ។
លោកបានបន្ថែមទៀតថាមានចំណុចចន្លោះប្រហោងជាច្រើនក្នុងរឿងនេះព្រោះថាអាជ្ញាធរបានខកខានក្នុងការនាំខ្លួនស្រ្តីម្នាក់ដែលមានវត្តមានក្នុងភាពយន្តឯកសារនោះមកធ្វើសក្ខីកម្ម ដែលស្ត្រីរូបនោះបានប្រាប់វិទ្យុអាស៊ីសេរី នៅក្នុងបទសម្ភាសន៍ដែលខ្លួនបាននិយាយក្នុងភាពយន្តឯកសារថា«ជារឿងពិតរបស់ខ្ញុំ»។
លោក ជុនធី បានបន្ថែមថា៖ «អាជ្ញាធរមិនបានស្វែងរកស្រ្តីម្នាក់នោះមកបញ្ជាក់នៅតុលាការនោះទេ។ វាគឺជាផ្នែកមួយរសើបនៃករណីនេះ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក យី សុខសាន្ត ដែលបានតាមដានសវនាការនេះ បានលើកឡើងថាលោកមានការខកចិត្តដែលតុលាការកំពូលសម្រេចបង្វិលសំណុំរឿងនេះឱ្យកាត់ក្តីឡើងវិញ ដោយលោកថាវានឹងធ្វើឱ្យនីតិវិធី ដែលវានឹងប៉ះពាល់ដល់សេរីភាពរបស់ចុងចោទ។
លោកបាននិយាយថា៖«វាគឺអយុត្តិធម៌សម្រាប់ជនជាប់ចោទ[លោក រ៉ាត់ រត្នមុនី] ពីព្រោះលោកសង្ឃឹមថាតុលាការកំពូលអាចធ្វើការសម្រេចចិត្តលើកលែងបទចោទប្រឆាំងគាត់ ឬព្យួរទោស បន្ទាប់ពីមើលឃើញថាតុលាការថ្នាក់ក្រោមមិនបានធ្វើសេចក្តីសម្រេចត្រឹមត្រូវ»។
លោក សុខសាន្តថា៖«វាប៉ះពាល់សិទ្ធិសេរីភាពជនជាប់ចោទ» ដោយបន្ថែមថាអ្នកបកប្រែរូបនេះបានជាប់ពន្ធនាគារចំនួន២ភាគ៣នៃទោសសរុបរួចហើយ ហើយដែលគួរតែលុបចោលបទចោទ ឬដោះលែងឱ្យនៅក្រៅឃុំ។
នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀតនៅថ្ងៃនេះ តុលាការកំពូលបានសម្រេចចិត្តតម្តល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងការស៊ើបអង្កេតឡើងវិញនូវសំណុំរឿងផលិតវីដេអូអាសអាភាសដែលចោទប្រកាន់លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺ លោក អួន ឈិន និង លោក យាង សុធារិន។
នៅក្នុងសវនាការនៅដើមខែនេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២រូបបានស្នើសុំតុលាការទម្លាក់ចោលការស៊ើបអង្កេតឡើងវិញក្នុងសំណុំរឿងពួកគេ។
ចៅក្រមគឹម សត្ថាវី បានប្រកាសថា៖«សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍គឺត្រឹមត្រូវ ដូច្នេះតុលាការកំពូលបានសម្រេចតម្តល់សាលដីការតុលាការថ្នាក់ក្រោម»។
លោកសុធារិន និងលោក ឈិន ពីដំបូងត្រូវបានចោទប្រកាន់ថាបានផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលពាក់ព័ន្ធក្នុងការបន្តសរសេរអត្ថបទឱ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីការិយាល័យនៅភ្នំពេញរបស់ខ្លួនបានបិទកាលពីខែកញ្ញា ឆ្នាំ២០១៧ អំឡុងពេលដែលមានសម្ពាធធ្ងន់ធ្ងរលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជា។
បទចោទដំបូងដែលបណ្តាលឱ្យមានការចាប់ខ្លួនអ្នកទាំងពីរនៅចុងឆ្នាំ២០១៧ ធ្វើឱ្យពួកគាត់ទាំងពីរនាក់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ដោយឡែកបទចោទទាក់ទងនឹងការផលិតវីដេអូអាសអាភាសទើបតែត្រូវបន្ថែមកាលពីខែមីនា ឆ្នាំ២០១៨។
លោក សុធារិន បានប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការនាថ្ងៃទី១៥ ខែកក្កដានេះថាលោកពិតជាខកចិត្តចំពោះការសម្រេចរបស់តុលាការដែលបន្តការស៊ើបអង្កេតលើសំណុំរឿងរបស់លោក បើទោះបីជាមិនមានភស្តុតាងប្រឆាំងរូបលោកក្នុងរយៈពេលជិត៣ឆ្នាំតាំងពីពេលចាប់ខ្លួនលោកយ៉ាងណាក្តី។
លោកបានលើកឡើងថា៖«វានឹងប៉ះពាល់ជំនឿចិត្តរបស់សាធារណជនលើប្រព័ន្ធតុលាការ ជាពិសេសសិទ្ធិសេរីភាពរបស់ពួកយើងរយៈពេល៣ឆ្នាំមកនេះ»។
លោក សុធារិន បានបន្ថែម៖ «បាទ ខ្ញុំគិតថាពួកគាត់[រដ្ឋាភិបាល] មានចេតនាសងសឹកពួកយើងសម្រាប់អ្វី[ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន] ដែលយើងបានធ្វើក្នុងពេលអតីតកាល។ ខ្ញុំតែងតែយល់ថាការចាប់ខ្លួនធ្វើឡើងក្នុងចេតនាគំរាមកំហែងអ្នកសារព័ត៌មានឯករាជ្យ»។
លោកបានលើកឡើងទៀតថាបទចោទទាំងឡាយប្រឆាំងនឹងរូបលោក និង លោក ឈិន អាចត្រូវបានធ្វើឡើងក្រោមហេតុផលនយោបាយ ព្រោះថាការចាប់ខ្លួនរូបលោកទាំងពីរធ្វើឡើងជិលដល់ពេលបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានអំពាវនាវឱ្យតុលាការដោះលែងអ្នកបកប្រែឱ្យសារព័ត៌មាន RT លោក រ៉ាត់ រត្នមុនី និងទម្លាក់ចោលបទចោលទាំងអស់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ដោយលោកថាវានឹងជួយឱ្យប្រសើរឡើងនូវស្តង់ដារតុលាការក្នុងក្រសែភ្នែកសាធារណជន។
លោកបានលើកឡើងថា៖«វាបានប៉ះពាល់យ៉ាងខ្លាំងនូវសិទ្ធិរបស់គាត់ជាពលរដ្ឋម្នាក់[លោក រ៉ាត់ រត្នមុនី]។ គាត់បានជាប់ពន្ធនាគារមួយឆ្នាំជាងហើយ ដូច្នេះខ្ញុំគិតថាតុលាការគួរតែតម្តល់សារៈសំខាន់នៃសេរីភាពនិងសិទ្ធិរបស់ពលរដ្ឋម្នាក់»។
លោក វី បានបន្ថែមថា៖ «ករណីរបស់ពួកគាត់ជាការគំរាមកំហែងដល់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេ ឬក៏អ្នកដែលរិះគន់សកម្មភាពរដ្ឋាភិបាល»៕