សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការ​ខេត្ត​រតនគិរី​សាក​សួរ​សកម្មជន​បរិស្ថាន​ម្នាក់

សកម្មជនបរិស្ថាន លោក​ ឆន ផល្លា ថ្លែងក្នុងសន្និសីទកាសែតមួយ​នៅទីក្រុងភ្នំពេញ​កាល​ពីថ្ងៃទី​១៦​ ខែ​កក្កដា។ បញ្ញា ឆព័ណ្ណ

តុលាការខេត្តរតនគិរីបាន​សាកសួរ​សកម្មជនបរិស្ថានម្នាក់កាលពីថ្ងៃទី​២២​ខែ​កញ្ញា​ជុំវិញ​ពាក្យបណ្តឹងដែលលោកបានប្តឹងមន្ត្រីមូលដ្ឋានប្រាំមួយ​រូបនិង​អ្នកភូមិ​១០នាក់ផ្សេងទៀត​ពីបទគំរាមកំហែង​បង្កហិង្សា​ដោយចេតនា​និង​បទគំរាមថានឹង​សម្លាប់។

លោក ​រ៉ា​ បូរ៉ានឌី ព្រះរាជអាជ្ញារងតុលាការខេត្តរតនគិរី​បានបញ្ជាក់ថា តុលាការពិតជា​បាន​សាកសួរ​លោក ឆន ផល្លា ដែលជាដើម​បណ្តឹងមែន បន្ទាប់ពី​លោកបាន​ដាក់ពាក្យបណ្តឹងកាលពីខែកក្កដា​ប៉ុន្តែលោក បូរ៉ានឌី បានបដិសេធ​មិនផ្តល់ព័ត៌មានលម្អិត​ជុំវិញករណីនេះទេ ដោយសារតែតុលាការកំពុង​បន្តនិតិវិធីនៅឡើយ​។​

បណ្តឹងនេះធ្វើ​ឡើង​ បន្ទាប់ពី​លោក ឆន ផល្លា អាយុ​៤១​ឆ្នាំ​ដែលតាមចោទថា បានរងការវាយ​ដំនៅវេទិកាសាធារណៈមួយ​កាលពីថ្ងៃទី​៨​ ខែកក្កដា​ក្នុងឃុំសេដា ស្រុកលំផាត់​ ទីដែល​លោកបាន​ធ្វើ​ការចោទប្រកាន់ជា​ថ្មីទៅលើអាជ្ញាធរមូលដ្ឋានថា បាន​ឃុំឃិតគ្នា​រាននិងលក់ដីព្រៃសហគមន៍​នៅក្នុងតំបន់នេះកាលពីឆ្នាំ​២០១៧​។

កាលពីថ្ងៃទី​២០ ខែកក្កដា សកម្មជនរូបនេះបានដាក់ពាក្យបណ្តឹងអ្នក​ភូមិ​ដែល​លោកបានចោទថា បាន​ចូលរួម​កាប់ឈើ​ខុស​ច្បាប់​និង​ក្រុម​មន្ត្រី រួម​ទាំង​មេឃុំ មន្ត្រីនគរបាល ប្រជាការពារនិង​ប្រធានសហគមន៍​ដែល​លោក​និយាយថា បាន​បំផិតបំភ័យនិងគំរាម​សម្លាប់លោក។

លោក ហូ សំអុល មេធាវី​របស់លោក ឆន ផល្លា​ បាន​និយាយកាលពីថ្ងៃទី​២៣​ ខែកញ្ញា​ថា ព្រះរាជអាជ្ញា​បានសាកសួរ​កូន​ក្តីរបស់​លោក​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​បង្ករ​ហិង្សា​និង​គំរាម​កំហែង។ លោកបាន​និយាយផងដែរថា តំណាង៦រូប​ផ្សេងទៀត​មក​ពីភូមិ​សមុទ្រក្រោមបាន​ប្តឹងលោក​ ផល្លា​ ដោយ​ចោទថា បាន​អុកឡុក​វេទិកាសាធារណៈនិង​ញុះញង់ឲ្យ​ប្រព្រឹត្តិបទល្មើសជាអាទិ៍។

លោក សំអុល បាន​និយាយថា៖ «​យើង​មាន​ភស្តុតាងគ្រប់គ្រាន់​ដើម្បីដាក់បន្ទុក​ជន​សង្ស័យ​ទាំងនេះ» ដោយលោក​បានបន្ថែមថា លោកក៏​កំពុង​ប្រមូល​ភស្តុតាង​ទាក់ទិននឹងករណីដែល​អ្នក​ភូមិ​ប្តឹង​លោក​ ផល្លា​ ផងដែរ។

លោក សំអុល បាន​និយាយទៀតថា៖ «យើង​មាន​ភស្តុតាងច្រើន​ ដើម្បី​បង្ហាញ​ថា កូន​ក្តីរបស់ខ្ញុំមិនបានប្រព្រឹត្តិបទល្មើស​ដូចដែល​ពួកគេ​បានចោទប្រកាន់នោះទេ។ យើង​មាន​រូបភាព​និង​សាក្សីមួយចំនួន​ដែល​បាន​ចូលរួមក្នុង​វេទិកានោះដែល​បង្ហាញថា លោក ផល្លា មិនបាន​ប្រព្រឹត្តិបទល្មើសទេ»

លោកបាន​បន្តថា លោក​សង្ឃឹមថា ព្រះរាជអាជ្ញា​នឹង​ទម្លាក់​រាល់ការចោទប្រកាន់មកលើកូន​ក្តីរបស់​លោក និង​ស្វែងរកពិរុទ្ធភាពរបស់អ្នក​ភូមិដែល​បាន​ប្រព្រឹត្តិអំពើ​ហិង្សា។

លោក ផល្លា បាន​ចោទប្រកាន់ថា អំឡុង​វេទិកា​សាធារណៈកាលពីថ្ងៃទី​៨​ ខែកក្ក​ដា​ មាន​អ្នកភូមិ​មួយក្រុម​បានដាល់និងវាយ​លោក​ភ្លាមៗ បន្ទាប់ពី​លោក​ឡើង​និយាយថា លោកមានអារម្មណ៍ថា អាជ្ញាធរមិន​អើពើ​នឹង​ការកាប់បំផ្លាញដីព្រៃសហគមន៍ពីសំណាក់អ្នក​ភូមិ​កាលពីឆ្នាំ​២០១៧​។

នៅឆ្នាំនោះ អ្នក​ភូមិ៩នាក់រួមទាំង​លោក ផល្លា បាន​ដាក់ពាក្យបណ្តឹងទៅ​តុលា​ការខេត្តដោយចោទប្រកាន់​អភិបាលស្រុក អធិការនគរបាលស្រុកនិង​នាយប៉ុស្តិ៍ឃុំ មេឃុំ ប្រធានភូមិនិង​ប្រធាន​មន្ទីរបរិស្ថានខេត្តថា ខកខានមិនបាន​ដាក់ពាក្យបណ្តឹង​ បន្ទាប់ពី​បានឃើញ​បទល្មើស​ នេះបើ​តាម​ការអះអាងរបស់​លោក ឆន ផល្លា។

អំឡុង​សន្និសីទកាសែតមួយ​នៅទីក្រុងភ្នំពេញ​កាល​ពីថ្ងៃទី​១៦​ ខែ​កក្កដា លោក​ ផល្លា បាន​រំឭកហេតុការណ៍ថា បន្ទាប់ពីវេទិកានោះ មេឃុំសេដាបានគំរាម​ចាប់ខ្លួន​លោក ប្រសិនបើ​លោក​មិនដកពាក្យបណ្តឹង​របស់​លោកវិញ។

លោកបាន​និយាយថា នៅថ្ងៃបន្ទាប់​ អាជ្ញាធរមូល​ដ្ឋាន​បាន​នាំ​ខ្លួន​លោក​តាម​រថយន្ត​មក​ប៉ុស្តិ៍​នគរបាល ឲ្យ​ផ្តិតមេដៃ​លើកិច្ច​ព្រមព្រៀង​មួយដែល​ថា លោក​យល់ព្រមដកពាក្យ​បណ្តឹង​ ប៉ុន្តែ​លោកមិនបានធ្វើតាមទេ ដោយសារលោកបានរងរបួស​ធ្ងន់ពេក ហើយ​បានគេនាំទៅកាន់មន្ទីរពេទ្យ​ជំនួស​វិញ​។ នគរបាលនិង​មន្ត្រីមូលដ្ឋានបដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ។

លោក ផល្លា បាននិយាយថា អំឡុង​ពេល​សាកសួរ​កាល​ពីថ្ងៃទី២២​ ខែ​កញ្ញា​ លោកបាន​ធ្វើការពន្យល់លម្អិតពីហេតុការណ៍ដែលឈាន​ដល់ការ​វាយ​ដំលោក​កាលពីថ្ងៃទី​៨ ខែកក្កដា​និង​ការគំរាមកំហែងជាបន្តបន្ទាប់​ដែល​អាជ្ញាធរបានធ្វើមកលើ​លោក។

លោកបាន​និយាយទៀតថា៖ «​ខ្ញុំ​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​តាម​ច្បាប់​និង​ស្វែង​យុត្តិធម៌ដល់ខ្ញុំដែលជា​ជនរងគ្រោះ»

លោក​ក៏បាន​បដិសេធ​ការចោទប្រកាន់ពីសំណាក់អ្នក​ភូមិ​ក្នុងមូលដ្ឋាន​ផងដែរ​ដែល​ថា លោកបាន​អុកឡុកវេទិកា​និង​បាន​ញុះញង់​អ្នកភូមិឲ្យ​រាន​ដីព្រៃ។

លោក ផល្លា បាន​និយាយថា៖ «ខ្ញុំបាន​បដិសេធ​រឿងនេះ [ ចំពោះមុខ​ព្រះរាជអាជ្ញា​ ] ពីព្រោះ​ខ្ញុំមិនបានប្រព្រឹត្តិដូចអ្វីដែលពួកគាត់បានចោទប្រកាន់នោះទេ។ អ្វីដែលខ្ញុំកំពុង​ធ្វើ​គឺដើម្បី​ការពារព្រៃឈើ​និង​ទ្រព្យសម្បត្តិរដ្ឋ»។​

លោកបានបន្ថែមថា៖ «ខ្ញុំមិនបារម្ភ​ពីការចាប់ខ្លួន​ទេ ដូច្នេះហើយបានជា​ខ្ញុំហ៊ាន​បង្ហាញមុខ​នៅ​តុលាការ​ដើម្បីឆ្លើយ​នឹង​សំណួរ»

រហូតមកដល់ពេលនេះ វាមានរយៈ​ពេល​ពីរ​ខែ​ហើយ​ចាប់តាំងពី​លោក ផល្លា បាន​គេចចេញពី​ភូមិសមុទ្រក្រោម​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកដោយសារតែ​ការធ្វើទុក្ខបុកម្និញ ប៉ុន្តែ​ដោយសារតែ​អាជ្ញាធរ​បានបដិសេធ​ការចោទប្រកាន់​គំរាម​និង​វាយ​ដំ ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍ថា លោក​គ្មាន​សុវត្ថិភាពក្នុងការវិលត្រឡប់​ទៅ​ផ្ទះវិញ។

លោក ផល្លា បាន​និយាយថា៖ «​ខ្ញុំមិនហ៊ាន​វិលត្រឡប់ទៅ​ភូមិវិញទេនៅពេលនេះទេ ពីព្រោះ​បញ្ហា​មិន​ទាន់​បានដោះស្រាយ​ ហើយ​គ្មាន​ការ​ធានាចំពោះសុវត្ថិភាពរបស់​ខ្ញុំ ប្រសិនបើ​ខ្ញុំវិលត្រឡប់ទៅភូមិ​វិញ​ ជាពិសេសដោសារតែ​ជនសង្ស័យមិនទាន់​ត្រូវ​បាន​ផ្តន្ទាទោស​»

លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី មានប្រសាសន៍កាលពីថ្ងៃទី​២២ ខែកញ្ញា​ថា អាជ្ញាធរអាចជួយ​លោក​ ផល្លា និង​អ្នក​ភូមិផ្សេងទៀតសម្របសម្រួល​គ្នា​​បាន​ ប៉ុន្តែ​ថា ពួកគេមិនអាចធានាសុវត្ថិភាព​របស់​លោកបាន​ទេ ប្រសិនបើ​ក្រោយ​មក​ អ្នក​ភូមិណាម្នាក់​ទៅស្វែងរកការសងសឹកជាមួយគាត់។

លោក សំអឿន មានប្រសាសន៍ថា​៖ «​នេះគឺជារឿង​ឯក​ជនរវាងបុគ្គលនិងបុគ្គល​ ដូច្នេះ​យើងមិនដឹងថា ធានាសុវត្ថិភាពរបស់គាត់យ៉ាងម៉េចទេ។ សំខាន់គាត់ខ្លួន​ឯងនិយាយ​ដោយផ្ទាល់ជាមួយ​អ្នក​ភូមិផ្សេងទៀតដែល​មាន​ជម្លោះជាមួយគ្នា»។

លោក ខាំ ផរសាវ៉ាត ជាមេភូមិសមុទ្រក្រោម​បានបញ្ជាក់ថា លោក ផល្លា មិនបាន​វិលត្រឡប់​ទៅ​ភូមិ​វិញទេ​ ចាប់តាំងពីលោកចាកចេញ​កាលពីខែ​កក្កដា។

លោកបាន​និយាយថា លោក ផល្លា​ និង​សមាជិក​គ្រួសារបីនាក់ទៀតបាន​ចាកចេញពីភូមិជាមួយគ្នា​ ដោយ​និយាយថា ពួកគេ​ត្រូវ​ទៅពេទ្យ។

លោក​បាន​និយាយថា៖ «គ្មាន​បញ្ហា​បែប​នោះទេ [ ការគំរាម​កំហែង​] ។ ពួកគេ​គ្រាន់តែ​និយាយថា ពួកគេទៅពេទ្យ​ហើយបានចាកចេញពីភូមិ»

លោក​បាន​បន្ថែមថា តុលាការមិនបាន​កោះហៅ​លោក​ជុំវិញ​បញ្ហា​ណាមួយជាមួយនឹង​ ផល្លា ទេ។​

លោក ឡា បែ ជា​នាយប៉ុស្តិ៍​នគរបាលឃុំសេដា​បាន​និយាយថា លោកមិនបានដឹងថា លោក ផល្លា នៅទីណានោះទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​អាជ្ញាធរខេត្តវិញ។

លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​នៃសមាគមអាដហុកបាន​និយាយថា ក្រុមសង្គម​ស៊ីវិល​បារម្ភ​ថា អាជ្ញាធរមិនបាន​ចាត់វិធានការ ដើម្បីធានា​សុវត្ថិភាពដល់​លោក ផល្លា​ នៅពេលលោកវិលត្រឡប់​ទៅ​ផ្ទះរបស់​លោកវិញ។

លោកបាន​មានប្រសាសន៍ថា៖ «​យើង​បារម្ភ​ [ អំពីការវិលត្រឡប់​របស់គាត់ទៅភូមិ] ពីព្រោះ​យើងដឹងថា អ្នកភូមិ​និង​អាជ្ញាធរបាន​បណ្តេញគាត់ចេញពីភូមិ»

លោក សែនករុណា បាន​បន្ថែមថា៖ «​វាហាក់ដូចជា​ប្រថុយប្រថាន​សម្រាប់គាត់​ក្នុងការ​រស់នៅទីនោះ ប្រសិនបើ​គ្មាន​ការ​ធានា​ពីសន្តិសុខផ្ទាល់ខ្លួន​របស់​គាត់​»

លោកក៏បានអំពាវនាវឲ្យតុលាការច្រាន​ចោល​បណ្តឹងដែល​អ្នកភូមិន៦​នាក់​បាន​ប្តឹងលោក ឆន ផល្លា ផងដែរ។

លោក សែនករុណា ​បាន​មាន​ប្រសាសន៍ថា៖ «​យើងសង្ឃឹមថា តុលាការ​នឹង​ទម្លាក់​ការ​ចោទប្រកាន់មកលើគាត់ពីបទញុះញង់​ បន្ទាប់ពីសាកសួរ​រួច​ ហើយ​នឹងបន្ត​ស៊ើបអង្កេត​ជនល្មើស​ដែលគួរ​តែត្រូវ​បាន​ផ្តន្ទាទោស»

108 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម