តុលាការ​ផ្តន្ទាទោស​ចាងហ្វាងប្រព័ន្ធផ្សព្វផ្សាយ​អនឡាញម្នាក់​ឲ្យ​ជាប់ពន្ធនាគារ១៨ខែ​ ពាក់ព័ន្ធបទញុះញង់

Share on facebook
Share on twitter
Share on linkedin
លោក សុវណ្ណ រិទ្ធី ចាងហ្វាងបណ្តាញព័ត៌មាន TVFB ត្រូវ​បាន​នរគរបាលនាំខ្លួ​​នមកកាន់សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃទី​៨ ខែមេសា។ បញ្ញា ឆពណ្ណ
Share on facebook
Share on twitter
Share on linkedin

សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​ចាងហ្វាងបណ្តាញព័ត៌មានអនឡាញ TVFB ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​ ១៨ខែ ​កាលពីថ្ងៃទី ៥ ខែតុលា​ បន្ទាប់ពី​លោកបាន​ដកស្រង់ប្រសាសន៍ណែនាំរបស់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅកាន់អ្នក​រត់ម៉ូតូឌុប​ ដោយ​ប្រាប់ពួកគេឲ្យ​លក់​ទោចក្រយាន្តរបស់​ពួកគេសិន ប្រសិនបើ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារតែ​ជំងឺកូវីដ​១៩នោះ។

លោក សុវណ្ណ រិទ្ធី ចាងហ្វាងបណ្តាញព័ត៌មាន TVFB ត្រូវបានចាប់ខ្លួន​ពីបទញុះញង់នៅខណ្ឌសែនសុខ កាលពីថ្ងៃទី​៧​ ខែមេសា​ ដោយសារការបង្ហោះសារនៅលើ​ហ្វេសប៊ុកផ្ទាល់ខ្លួន​របស់​លោក ដែល​ក្នុងនោះលោក​បាន​ដកស្រង់ប្រសាសន៍លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​លោកថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយនោះទេ»។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​លោក លិ សុខា កាលពីថ្ងៃចន្ទបាន​ផ្តន្ទាទោស​លោក សុវណ្ណ រិទ្ធី ឲ្យជាប់ពន្ធនាគារ ១៨ ខែ ចំណែកទោស​នៅសល់​ត្រូវ​បាន​ព្យួរ​ បន្ទាប់ពី​លោក​បានអនុវត្តទោស​មុនការកាត់ក្តីរយៈ​ពេល​៦​ខែ​កន្លងមក ​នេះ​បើ​តាមការ​អះអាងរបស់​លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូង​រាជធានីភ្នំពេញ​ ។

លោក គុជ គឹមឡុង មានប្រសាសន៍ថា៖ « [ លោកចៅក្រុម] បាន​បង្គាប់ឲ្យដោះលែងជនជាប់ចោទនៅថ្ងៃនេះ ដោយបាន​អនុវត្តទោស​​ចាប់ពីពេល​ត្រូវ​បាន​ចាប់ខ្លួន​»។

តុលាការបានចោទប្រកាន់លោក សុវណ្ណ រិទ្ធី តាម​មាត្រា​៤៩៥​ នៃក្រុមព្រហ្មទណ្ឌ ដែលជាអំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី​៦ ខែ​ទៅ​២ឆ្នាំ​និង​ពិន័យជា​ប្រាក់​ពី ១​លានរៀលទៅ ៤ លានរៀល​ (ប្រហែល​ ២៥០​ ដុល្លារទៅ​ ១.០០០​ដុល្លារ)។

ខណៈ​អង្គុយ​នៅ​មុ​ខបន្ទប់​សវនាការ លោក រិទ្ធី និង​សាច់ញាតិ​របស់​លោកបដិសេធមិន​ធ្វើ​អត្ថាធិប្បាយទេ​ ដោយលោកអះអាងថា មាន​ជំងឺ។ ស្ត្រីម្នាក់ដែល​អះអាងថា ជា​សាច់ញាតិរបស់​លោក រិទ្ធី និយាយថា «​គាត់ឈឺក» ប៉ុន្តែ​បដិសេធ​មិន​ប្រាប់ឈ្មោះ​របស់ខ្លួន​ឬឈ្មោះមេធាវីការពារលោក រិទ្ធី ទេ។ 

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាន​ចេញសេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃទី​ ៥ ខែតុលានេះ ដោយ​សម្តែងការខកចិត្តចំពោះ​សាលក្រមរបស់តុលាការដែល​ផ្តន្ទាទោស​លោក សុវណ្ណ រិទ្ធី ដោយសារតែធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងបញ្ហា​ជំងឺកូវីដ ១៩។

លោក ណុប វី ជា​នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (​ខេមបូចា) បាន​លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖​ «លោក សុវណ្ណ រិទ្ធី គ្រាន់តែបានប្រើប្រាស់តួនាទីរបស់គាត់ជា​អ្នកសារព័ត៌មានម្នាក់​ ដោយ​ស្រង់សម្តីរបស់​ប្រភព​មក​ផ្សព្វផ្សាយ។ ដូច្នេះការដាក់ទោសលើអ្នកសារព័ត៌មានដោយប្រើប្រាស់ក្រមព្រហ្មទណ្ឌគឺនៅតែជាការគំរាម​កំហែង​ និងបង្កើត​ឲ្យមានការភ័យខ្លាចដល់អ្នក​សារព័ត៌មានផ្សេងទៀត ហើយ​ឆ្លុះបញ្ចាំងថា ច្បាប់ស្តីពីសារព័ត៌មានមិនត្រូវបាន​យកមកអនុវត្តឡើយ»

ខេមបូចា ​ស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​អ្នកសារព័ត៌មានផ្សេងទៀតដូចជា​ លោក រស់ សុឃិត លោក សុខ ឧត្តម និងអតីត​អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពីរនាក់គឺលោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ព្រមទាំង អតីត​អ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី គឺលោក អូន ភាព និង​លោក ភីធើ ហ្សំបូរ (Zsombor Peter)

ខេមបូចា ក៏សូមអំពាវនាវ​ទៅដល់​ក្រសួង​ព័ត៌មាន​ ផ្តល់ជូនឡើងវិញ​នូវ​អាជ្ញាបណ្ណមជ្ឈមណ្ឌលផ្សព្វផ្សាយ​ TVFB ដែល​ត្រូវ​បាន​ដកហូត​ភ្លាមៗ បន្ទាប់ពី​ការចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី នេះបើតាម​លិខិតដែលចេញដោយ​ក្រសួង​ព័ត៌មានកាលពីខែ​មេសា។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នក​កាសែតកម្ពុជា (CCJ) បាន​និយាយថា ការផ្តន្ទាទោស​លោក រិទ្ធី មិនគួរចាត់ទុក​ជា​ការគំរាម​កំហែង​លើ​អ្នក​កាសែតអាជីព​ផ្សេងទៀតនោះទេ ដោយសារតែលោក រិទ្ធី គ្រាន់តែជា​អ្នក​ប្រើប្រាស់ហ្វេសប៊ុក​ម្នាក់ប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «​ខ្ញុំ​មិន​គិតថា វាប៉ះពាល់ស្មារតីអ្នកសារព័ត៌មាននោះទេ ពីព្រោះនៅប្រទេសកម្ពុជា មានអ្នកកាសែតច្រើនដែលបំពេញ​ការងារប្រកបដោយវិជ្ជាជីវៈ ហើយពួកគេមិនត្រូវ​បាន​ប៉ះពាល់នោះទេ»

លោកមានប្រសាសន៍បន្ថែមថា៖ «​ជាមធម្មតា [រដ្ឋាភិបាល]​ ហាក់ដូចជាតឹង​រ៉ឹង​បន្តិចទៅលើ​រឿងដែលទាក់ទងនឹងជំងឺកូវីដ​១៩ ប៉ុន្តែក្នុងនាមអ្នកសារព័ត៌មាន យើងគួរយល់ថា វាគឺជាករណីក្នុងគ្រាអាសន្ន ហើយ​រដ្ឋាភិបាល​បាន​ចាត់វិធានការណ៍… ដើម្បី​ការពារសន្តិសុខ​និង​អាយុជិវិតរបស់ពលរដ្ឋ»

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួង​ព័ត៌មានបានបដិសេធមិនធ្វើ​អត្ថាធិប្បាយទេ​ ដោយមានប្រសាសន៍ថា លោកជាប់ប្រជុំ។

នៅដើមឆ្នាំនេះ អាជ្ញាធរកម្ពុជា​បានចាប់ខ្លួន​មនុស្ស​មួយចំនួន​ដោយ​ចោទប្រកាន់ថា ពួកគេ​បាន​ផ្សព្វផ្សាយ​ «ព័ត៌មានក្លែងក្លាយ» អំពីជំងឺកូវីដ​១៩។ រហូតមកដល់ត្រឹម​ថ្ងៃទី ៩ ខែ​មេសា​ អង្គការឃ្លាំមើលសិទ្ធិមនុស្ស​បានរកឃើញថា មានមនុស្ស​២៣​នាក់ត្រូវបានចាប់ខ្លួន​ទាក់ទងនឹងការផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ពាក់ព័ន្ធនឹងជំងឺកូវីដ​១៩ ដោយ​មាន​មនុស្ស​១០នាក់​ក្នុងចំណោម​នោះ​ត្រូវ​បានឃុំខ្លួន​បណ្តោះអាសន្នរង់ចាំការកាត់ក្តី ហើយ៨នាក់ក្នុងចំណោម​ពួកគេគឺជា​អតីតសមាជិក​គណបក្ស​សង្គ្រោះជាតិ ជា​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​រួចហើយ​នោះ៕

Share on facebook
Share on twitter
Share on linkedin
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ
ព័ត៌មានពេញនិយម