កាលពីថ្ងៃទី២៣ ខែកញ្ញា រដ្ឋាភិបាលបានអបអរសាទរទិវារំលឹកខួបនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញដោយចាត់ទុកធម្មនុញ្ញនេះថា ជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព ខណៈពេលក្រុមសង្គមស៊ីវិលបានអះអាងថា សិទ្ធិនិងសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញនោះមិនត្រូវបានគេការពារនោះទេ។
ដោយអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញដែលត្រូវចំថ្ងៃទី២៤ ខែកញ្ញា លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជាបានមានប្រសាសន៍ក្នុងកម្មវិធីដែលប្រារព្ធធ្វើមុនមួយថ្ងៃនេះថា ឯកសារនេះបានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពនយោបាយតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបានមានប្រសាសន៍ថា៖ «មកដល់បច្ចុប្បន្ននេះមានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក»។
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍បន្តទៀតថា អ្នករិះគន់ទាំងក្នុងនិងក្រៅប្រទេសកម្ពុជាដែលមានមន្ទិលថា តើប្រទេសកម្ពុជាគឺជាប្រទេសដំណើរការរបបប្រជាធិបតេយ្យសេរីពហុបក្សឬយ៉ាងណានោះ មិនបានផ្តល់ប្រយោជន៍អ្វីដល់ការរីកចម្រើនរបស់ប្រទេសនេះទេ។
លោកបានមានប្រសាសន៍ថា៖«ការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលផ្អែកតែលើ លក្ខណៈវិនិច្ឆ័យមួយជ្រុងនៃការអនុវត្តគុណតម្លៃទំនើប នឹងនាំឲ្យមានភាពអយុត្តិធម៌ ចំពោះអ្នកអនុវត្តដែលបានខិតខំសម្រេចសមិទ្ធផលធំៗជាច្រើនរបស់ជាតិ»។
លោកបានបន្ថែមថា ដើម្បីធ្វើការវាស់វែងដំណើរការនៃការអនុវត្តធម្មនុញ្ញកម្ពុជាដោយយុត្តិធម៌និងសមធម៌ សង្គមកម្ពុជាត្រូវតែគិតដល់អនាគតនិងប្រពៃណីរបស់ប្រទេសនេះផងដែរ។
ស្របពេលជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់វិបត្តិនយោបាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ហើយរដ្ឋធម្មនុញ្ញបានបង្កើតឡើងរយៈពេលពីរឆ្នាំក្រោយ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានការបង្រួបបង្រួម។
លោកបានសរសេរនៅលើទំព័រហ្វេប៊ុករបស់លោកថា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព បានមានប្រសាសន៍ថា បើទោះបីជាសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញរបស់ពលរដ្ឋកម្ពុជាគួរត្រូវបានតម្កល់ទោះក្នុងតម្លៃណាក៏ដោយ ក៏សិទ្ធិមួយចំនួនដូចជាសេរីភាពជាមូលដ្ឋាន «ភាគច្រើនមិនត្រូវបានគេអើពើហើយថែមទាំងបំពានដោយចេតនាផងដែរ»។
លោកស្រីបានសរសេរតាមអ៊ីម៉េលថា៖ «ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានគេមើលឃើញថា កាន់តែអាក្រក់ទៅៗ ជាការងាកចេញដ៏គួរឲ្យគ្រោះថ្នាក់ពីការសន្យាដែលមាននៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង»។
លោកស្រីបានលើឡើងថា៖ «បើទោះបីជាសិទ្ធិទាំងអស់នេះត្រូវបានការពារដោយរដ្ឋធម្មនុញ្ញាក៏ដោយ ក៏សេរីភាពជាមូលដ្ឋានទាំងនេះរួមទាំងសេរីភាពនៃការបញ្ចេញមតិ (មាត្រា៤១) សិទ្ធិបង្កើតសមាគមនិងការប្រមូលផ្តុំដោយសន្តិវិធី (មាត្រា៤២) ត្រូវបានគេបន្តរំលោភបំពានជាប្រចាំ។ ការរឹតត្បិតលើសេរីភាពបញ្ចេញបតិជាពិសេសតាមប្រព័ន្ធអ៊ីនធើណិតនៅតែបន្តកើនឡើង សិទ្ធិប្រមូលផ្តុំប្រឈមនឹងការប្រើប្រាស់កម្លាំងច្រើនហួសហេតុដោយអាជ្ញាធររដ្ឋកាន់តែខ្លាំងឡើងៗ ហើយសមាគមដែលគេចាត់ទុកថា រិះគន់រដ្ឋាភិបាលនោះបានក្លាយជាគោលដៅ»។
លោកស្រីបានទទួលស្គាល់ថា មានការរីកចម្រើនខ្លះក្នុងការពង្រឹងសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ដូចជាកិច្ចប្រឹងលុបបំបាត់ការរើសអើងលើស្ត្រី និងការលើកកម្ពស់សិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌និងសេរីភាពនៃការទទួលបានព័ត៌មាន។
លោកស្រីបានបន្ថែមថា៖ «ទោះបីជាយ៉ាងណា ការ ការពារសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ រដ្ឋធម្មនុញ្ញមិនមែនជាឯកសារដែលគេគ្រាន់តែគោរពដោយផ្នែកនោះទេ រាល់សិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញគួរត្រូវបានធានាដោយស្មើភាពនិងពេញលេញចំពោះពលរដ្ឋទាំងអស់»។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី២៣ខែកញ្ញាថា លោកមិនភ្ញាក់ផ្អើលទេដែលថា CCHR បានរិះគន់រដ្ឋាភិបាលទាក់ទិននឹងសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋនោះទេ។
លោកមានប្រសាសន៍ថា៖ «យើងឃើញថាវាមានលក្ខណៈដូចៗគ្នា ពីព្រោះដូចដែលយើងសង្កេតឃើញ របាយការណ៍របស់គាត់គ្មានការវិភាគស៊ីជម្រៅលើការអនុវត្តនៃសិទ្ធិសេរីភាពបញ្ចេញមតិ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា»។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ទៀតថា ដំណើរកាអនុវត្តច្បាប់រដ្ឋធម្មនុញ្ញមានភាពប្រសើរឡើងរៀងរាល់ឆ្នាំ ចាប់តាំងពីច្បាប់នេះត្រូវបានបង្កើតឡើង ដោយកត់សម្គាល់ថា ការអនុវត្តមិនដូចគ្នានឹងការអនុវត្តច្បាប់នៅបស្ចិមប្រទេសទេ ប៉ុន្តែផ្ទុយទៅវិញ គឺអនុវត្តទៅតាមលក្ខណៈបទដ្ឋានរបស់ខ្មែរ។
លោកបានមានប្រសាសន៍ថា៖ «យើងបានអនុវត្តគ្រប់មូលដ្ឋានគ្រឹះនិងគោលការណ៍ទាំងអស់នៅក្នុងរដ្ឋធម្មនុញ្ញា…ដែលតម្កល់ផលប្រយោជន៍ជាតិ ហើយដែលជាធាតុសំខាន់នៃរបបប្រជាធិបតេយ្យ សិទ្ធិនិងសេរីភាព»។
លោក មាស នី ជាអ្នកវិភាគនយោបាយមិនយល់ស្របនឹងការលើកឡើងនេះទេ ដោយលោកមានប្រសាសន៍ថា ជាក់ស្តែង សិទិ្ធរបស់ពលរដ្ឋកម្ពុជាមិនត្រូវបានអនុវត្តពេញលេញស្របតាមរដ្ឋធម្មនុញ្ញទេ ដោយលោកកត់សម្គាល់ថា ការធ្វើវិសោធកម្មច្បាប់ខ្លះកាន់តែរឹតត្បិតលើសេរីភាពជាមួយដ្ឋានរួមទាំងសេរីភាពបញ្ចេញមតិផងដែរ។
លោកមានប្រសាសន៍ថា៖ «ប្រទេសយើងគ្មានស្ថាប័នដែលអាចជួយវាយតម្លៃឯករាជ្យនោះទេ ថាតើការយករដ្ឋធម្មនុញ្ញមកប្រើប្រាស់ មានចំណុចចន្លោះប្រហោងកន្លែងណាខ្លះ ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញ» ដោយលោកបន្ថែមថា មនុស្សជាច្រើនបានរិះគន់រដ្ឋាភិបាលដែលខកខានមិនបានផ្តល់តម្លៃសិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងច្បាប់នេះ។
ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពកាលពីថ្ងៃទី៣១ ខែកក្កដាមក មានសកម្មជន តារាចម្រៀងនិងអ្នកការពារសិទ្ធិមនុស្សសរុប១៩នាក់ ត្រូវបានឃាត់ខ្លួនដោយសារតែការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ នេះបើយោងតាមអង្គការលីកាដូ ដែលបានចេញតារាងពេលវេលាដែលនិយាយលម្អិតពីការចាប់ខ្លួននីមួយៗកាលពីថ្ងៃទី២២ ខែកញ្ញា។
តារាងពេលវេលារបស់អង្គការសិទ្ធិមនុស្សនេះសរសេរថា៖ «ការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់នេះ បានចាប់ផ្តើមពីការចាប់ខ្លួនលោក រ៉ុង ឈុត ប្រធានសហជីពទាំងយប់…រយៈពេលជាងមួយខែកន្លះក្រោយមក សកម្មជនដែលបានអំពាវនាវជាសាធារណៈឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំសវនាការ»។
តារាងពេលវេលានេះបន្តថា៖ «ក្រៅពីសកម្មជនដែលអំពាវនាវឲ្យដោះលែងលោក រ៉ុង ឈុន ទទួលរងនូវការធ្វើទុក្ខបុកម្នេញនេះ ក៏បានកើតមានឡើងចំពោះអ្នកផ្សេងទៀតដែរ។ សកម្មជនបរិស្ថាន អ្នកចម្រៀងរ៉េបវ័យក្មេងនិងព្រះសង្ឃកាន់ព្រះពុទ្ធសាសនាត្រូវបានចាប់ខ្ឡួន ដោយសារតែការសម្តែងមតិអំពីបញ្ហាដែលប៉ះពាល់ដល់ប្រទេសជាតិ និងសហគមន៍របស់ខ្លួន» ដោយបានបន្ថែមថា សមាជិកអតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់និងឃុំខ្លួនក្នុងពន្ធនាគារនាពេលថ្មីៗនេះផងដែរ៕