ទីភា្នក់ងារវាយតម្លៃ Fitch Solution កាលពីថ្ងៃសុក្រ បានបង្ហាញការព្យារករណ៍របស់ខ្លួនទៅលើកំណើនផលិតផលកម្ពុជាសម្រាប់ឆ្នាំ ២០១៩ ប៉ុន្តែក៏បានព្យាករណ៍ពីការកំណើនយឺតយ៉ាវក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត ខណៈកំណើនលើការនាំចេញអាចជួបប្រទះបញ្ហា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារ Fitch បានលើកឡើងថា៖ «នៅ Fitch Solutions យើងកំពុងតែសើរើឡើងវិញនូវការព្យាករណ៍លើកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលនឹងមានក្នុងអត្រា ៦.៧ ភាគរយ នៅឆ្នាំ២០១៩ កើនពី ៦.៥ភាគរយនៅក្នុងការវាយតម្លៃកាលពីគ្រាមុន ដោយសារតែមានទិន្នន័យផ្នែកសេដ្ឋកិច្ចប្រសើរជាងមុននៅក្នុងឆមាសដំបូងនៃឆ្នាំ ២០១៩»។
យ៉ាងណាក្តី ទីភ្នាក់ងារ Fitch នៅតែរក្សាជំហរថា កំណើនផលិតផលក្នុងស្រុករបស់កម្ពុជានឹងថយចុះក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត ដែលមាន ៦.២ ភាគរយនៅឆ្នាំ ២០២០ និង ៥.៩ ភាគរយនៅឆ្នាំ២០២១។
ទីភ្នាក់ងារ Fitch បានលើកឡើងថា៖ «ការគំរាមកំហែងទណ្ឌកម្មពីបស្ចឹមប្រទេសកំពុងជំរុញឲ្យមានការរក្សាលំនឹងសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចមានផលវិជ្ជមានក្នុងរយៈពេលវែង បើទោះបីជានៅតែមានហានិភ័យចំពោះសេដ្ឋកិច្ចកម្ពុជា ដែលកំពុងពឹងផ្អែកច្រើនលើប្រទេសចិន»។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ហៅកាត់ថា «EBA» របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ពាក់ព័ន្ធនឹងកំណត់ត្រាសិទ្ធិមនុស្ស និងនយោបាយរបស់ប្រទេសនេះ។
ដោយលើកឡើងនូវទិន្នន័យពីធនាគារជាតិ ទីភ្នាក់ងារ Fitch បាននិយាយថា វិស័យឧស្សាហកម្មរបស់កម្ពុជាបានកើនឡើង ១០.៥ ភាគរយនៅក្នុងឆមាសដំបូងនៃឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដែលកំណើននេះត្រូវបានគាំទ្រដោយសកម្មភាពសំណង់តាមគម្រោងអចលនទ្រព្យ និងគម្រោងសំណង់សាធារណៈផ្សេងៗ ខណៈវិស័យសេវាកម្មក៏ទទួលបានកំណើន ៦.៦ ភាគរយផងដែរ ធៀបនឹងឆ្នាំមុន។
កំណើនការនាំចេញនៅតែរក្សាបានខ្លាំង ជាមួយកំណើន ១៣ ភាគរយក្នុងឆមាសដំបូងឆ្នាំនេះ ធៀបនឹងឆមាសដំបូងកាលពីឆ្នាំ២០១៩ ខណៈចំនួនអ្នកទេសចរបានកើនឡើងជាបឋម ១១.២ ភាគរយមកចំនួន ៣.៣ លាននាក់។ នេះបើយោងទៅតាមទីភ្នាក់ងារ Fitch ដែលបានលើកឡើងនូវទិន្នន័យពីធនាគារជាតិ។
ទីភ្នាក់ងារ Fitch បាននិយាយថា៖ «កម្ពុជាមានសក្តានុពលទទួលផលចំណេញពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននាពេលអនាគតដ៏ខ្លីខាងមុខ ទោះបីជាប្រទេសនេះនៅតែត្រូវរក្សាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលប្រព័ន្ធអនុគ្រោះពន្ធនេះកំពុងតែប្រឈមនឹងភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ន»។
សហរដ្ឋអាមេរិកក៏កំពុងតែពិចារណាដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់ខ្លួន ដែលផ្តល់នូវការអនុគ្រោះពន្ធចំពោះផលិតផលនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
នៅក្នុងវិធានការដាច់ដោយឡែកមួយទៀតដើម្បីការពារកសិករនៅអឺរ៉ុប កាលពីខែមករា សហភាពអឺរ៉ុបបានដាក់បន្ទុកពន្ធលើអង្គរនាំចេញពីកម្ពុជា បន្ទាប់ពីមានកំណើនខ្លាំងនៃការនាំចូលអង្ករ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះកាលពីថ្ងៃព្រហស្បតិ៍ សហព័ន្ធស្រូវអង្គរកម្ពុជាបាននិយាយថា ការយកពន្ធលើស្រូវអង្គរកម្ពុជានឹងប៉ះពាល់កសិករចំនួន ៥សែននាក់នៅក្នុងប្រទេស។
សហព័ន្ធស្រូវអង្គរកម្ពុជាបានបន្តថា នៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០១៩ កម្ពុជាបាននាំចេញអង្ករត្រឹមតែ ៩ម៉ឺន៣ពាន់តោនប៉ុណ្ណោះទៅកាន់សហភាពអឺរ៉ុប ដែលបរិមាណនេះមានត្រឹមពាក់កណ្តាលនៃបរិមាណស្រូវអង្ករនាំចេញក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៨។
សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា៖ «អ្វីដែលកាន់តែលំបាកនោះ គឺសហភាពអឺរ៉ុបឥឡូវនេះកំពុងតែពិចារណាដកចេញប្រព័ន្ធអនុគ្រោះពន្ធ EBA។ បញ្ហានេះអាចបង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាពលរដ្ឋ»។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបន្ថែមថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវឲ្យសហភាពអឺរ៉ុបជួយរក្សាជីវភាពប្រជាពលរដ្ឋកន្លះលានគ្រួសារ និងជួយរក្សាការងារដែលយើងធ្លាប់បានធ្វើដើម្បីទទូលបានការគោរពពីសហភាពអឺរ៉ុប ពីអតិថិជន និងពីអ្នកដែលយើងបម្រើការជូន»៕