សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់កាលពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីមន្ត្រីរូបនេះបានបាញ់យុវជនវ័យ ២១ឆ្នាំម្នាក់ ឲ្យរងរបួសពេលកំពុងដើរល្បាត ដោយការផ្ទុះអាវុធនេះសមត្ថកិច្ចថា កើតឡើងដោយអចេតនា។
ក្រុមគ្រួសារយុវជនរងរបួស នាង មករា បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត ដោយប្ដឹងនាយរងប៉ុស្តិ៍នរដ្ឋបាលសង្កាត់និមិត្ត លោក ឬទ្ធី ពិសិទ្ធ កាលពីថ្ងៃទី៣១ ខែសីហា ដោយចោទពីបទ មនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធដោយខុសច្បាប់។
បើតាមក្រុមគ្រួសារជនរងគ្រោះ យុវជន មករា ត្រូវបាញ់ចំពីក្រោយខ្នងនៅយប់ថ្ងៃទី២៧ ខែសីហា ពេលបត់ម៉ូតូត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានជជែកគ្នាជាមួយនគរបាលបន្តិច ដែលបានឃាត់ម៉ូតូមិត្តរបស់ខ្លួន។ ទោះយ៉ាងណា សមត្ថកិច្ចថាការផ្ទុះអាវុធនេះជារឿងអចេតនា ដោយថា ពិសិដ្ឋ បានដកកាំភ្លើងក្នុងបំណងការពារខ្លួន ពេលដែល មករា រកវាយមកលើសមត្ថកិច្ច។
អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ មានប្រសាសន៍ថា លោក ពិសិដ្ឋ កំពុងនៅស្នងការដ្ឋាននគរបាលខេត្តនៅឡើង បន្ទាប់ពីតុលាការបានសាកសួរបានខ្លះ ដោយសារខ្វះឯកសារ។
លោក សាម៉ៃ មានប្រសាសន៍ថា៖ «គាត់ត្រូវបានបញ្ជូនមកតុលាការ ប៉ុន្តែព្រះរាជអាជ្ញាសម្រេចបញ្ជូនទៅឲ្យនគរបាលវិញ ព្រោះនៅខ្វះឯកសារមួយចំនួន»។ លោកបន្ថែមថា ជនសង្ស័យនឹងត្រូវសាកសួរបន្ថែមទៀតនៅថ្ងៃទី១ ខែកញ្ញា។
ឪពុកជនរងគ្រោះ លោក នង វល្លិ៍ វ័យ៤៩ ឆ្នាំ បាននិយាយថាលោកបានដាក់ពាក្យបណ្ដឹងទៅតុលាការ ក្រោយពីនគរបាលប៉ុស្តិ៍មិនអើពើចំពោះបណ្ដឹងរបស់លោកប្ដឹងឲ្យមានវិធានការផ្លូវច្បាប់លើជនជសង្ស័យ ឈ្មោះ ពិសិដ្ឋ។ លោកថាកូនប្រុសរបស់លោកកំពុងមានរបួសធ្ងន់ ដោយថាគ្រាប់កាំភ្លើងបានទម្លុះពីក្រោយក្រោមស្លាបប្រចៀវខាងឆ្វេង ធ្លាយទៅក្រោមក្លៀកខាងស្តាំ។
លោក បន្ថែមថា៖ «ខ្ញុំបានដាក់ពាក់បណ្ដឹងនៅប៉ុស្ដិ៍ កាលពីថ្ងៃសុក្រ ទី២៨ ប៉ុន្តែមន្ត្រីនគរបាលប៉ុស្ដិ៍អត់ចាត់ការអីទេ ទើបនៅថ្ងៃនេះខ្ញុំសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅតុលាការ»។
លោកបន្ថែមថា៖ «កូនរបស់ខ្ញុំត្រូវគេបាញ់ចំក្រោយក្រោមស្លាបប្រចៀវខាងឆ្វេង ធ្លាយទៅក្រោមក្លៀកខាងស្តាំ»។ លោកបន្តថា ពេលនេះកូនរបស់លោកកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមង្គលបុរី។
បើតាមលោក វល្លិ៍ កូនប្រុសរបស់លោកបាននិយាយជាមួយនគរបាលថា៖ «បើសិនជាគ្មានអ្វីទេ ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ»។ នៅពេលដែលកូនរបស់លោកកំពុងបត់ម៉ូតូមកផ្ទះ មន្ត្រីនគរបាលឈ្មោះ ពិសិដ្ឋ ក៏ដកកាំភ្លើង និងបាញ់កូនរបស់លោកពីក្រោយខ្នង។
លោក វល្លិ៍ និយាយថា៖ «នេះជាអំពើឃោរឃៅបំផុត ដោយមានចេតនាសម្លាប់មនុស្សតែម្ដង»។
លោក ចោទជាសំណួរថា៖ «គ្មានជម្លោះអីនឹងគ្នាផង ហេតុអ្វីនគរបាលបាញ់ពលរដ្ឋគ្មានអាវុធក្នុងដៃ?»។
បើតាមពាក្យបណ្ដឹងដែលខេមបូចាទទួលបាន បញ្ជាក់ថាកាលពីថ្ងៃទី២៧ ម៉ោងប្រហែល១០ និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូ ជាមួយមិត្តភក្ដិផ្សេងទៀតត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានលេងហ្គេម Top G ហ្គេមលើទូរសព្ទនៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត។ ពេលនោះ មករា បានឃើញនគរបាលឃាត់ម៉ូតូភក្ដិរបស់ខ្លួនត្រូវបានបញ្ជាឲ្យឈប់ដើម្បីពិនិត្យ។
មករា រៀបរាប់ក្នុងពាក្យបណ្ដឹង៖ « ពេលនោះ ខ្ញុំបានត្រឡប់ម៉ូតូមកក្រោយ និងបានសួរប៉ូលិសថាមានរឿងអី។ ប៉ូលិសថា ហ្អែងខ្លាំងអី? បើចង់ខ្លាំងចុះមក»។
មករា បានរៀបរាប់បន្ថែមក្នុងពាក្យបណ្ដឹងថា៖ « ពេលនោះខ្ញុំអត់បានតបអីច្រើនទេ គ្រាន់ថាបើអត់មានអី ខ្ញុំទៅផ្ទះហើយ។ ពេលខ្ញុំបត់ម៉ូតូត្រឡប់មកផ្ទះ ប៉ូលិសក៏មកពីក្រោយខ្ញុំ និងបានដកកាំភ្លើងបាញ់មកលើខ្ញុំ»។
នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់និមិត្ត លោក ម៉ា រិន បញ្ជាក់ថា លោក ឬទ្ធី ពិសិដ្ឋ ពិតជាត្រូវចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែសីហា និងនាំទៅសួរចម្លើយនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោក ម៉ា រិន មានប្រសាសន៍ថា៖ «គាត់ត្រូវចាប់ខ្លួននៅថ្ងៃនេះ ជាប់សង្ស័យរឿងបាញ់ជនរងគ្រោះ»។ ទោះយ៉ាងណាពេលសួរនាំបន្ថែម លោកប្រាប់ឲ្យសាកសួរថ្នាក់លើរបស់លោក គឺលោកអធិការក្រុងប៉ោយប៉ែត ធិន ស៊ិនដេត។
លោក ម៉ា រិន បានបន្ថែមថា លោក ពិសិដ្ឋទើបត្រូវបានតែងតាំងជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
ទោះយ៉ាងណា លោក ស៊ិនដេត បាននិយាយការពារមន្ត្រីក្រោមបង្គាប់ថា លោកពិសិដ្ឋ គ្មានចេតនាបាញ់ជនរងគ្រោះនោះទេ ដោយថា «លោកពិសិដ្ឋផ្ទុះអាវុធដោយអចេតនា»។ លោកបន្ថែមថា លោកពិសិដ្ឋកំពុងត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សាកសួរនៅស្នកងការខេត្ត។
លោក ស៊ិនដេត មានប្រសាសន៍ថា៖ «គាត់មានការធ្វេសប្រហែសក្នុងការប្រើប្រាសអាវុធរបស់គាត់ ប៉ុន្តែគាត់គ្មានចេតនាធ្វើឲ្យជងរងគ្រោះរបួសទេ»។
លោកបន្ថែមថា៖ «គាត់មានការធ្វេសប្រហែស ប៉ុន្តែសមត្ថភាពប្រើប្រាស់អាវុធនៅមានកម្រិត»។
បើតាមលោក ស៊ិនដេត ជនរងគ្រោះគឺជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន និងជាក្មេងទំនើង ផង។
លោកថា៖«មន្រ្តីនគរបាលសង្កាត់របស់យើងធ្លាប់ហៅគាត់(ជនរងគ្រោះ)មកអប់រំម្ដងហើយកាលលើកមុន ហើយគាត់ក៏ជាមុខសញ្ញាដែលយើងត្រូវឃ្លាំមើលដែរ»។
លោក ស៊ិនដេត មានប្រសាសន៍ថា នៅយប់ថ្ងៃទី២៧ ខែសីហា សមត្ថកិច្ចមូលដ្ឋានបានជិះម៉ូតូល្បាតដូចធម្មតា និងបានដកហូតដាវចំនួនពីរដើមពីយុវជនមួយក្រុមមុនបានជួបជាមួយជនរងគ្រោះ។ លោកបន្តថា សមត្ថកិច្ចបានហៅ លោក មករា ដើម្បីត្រួតពិនិត្យ ប៉ុន្តែលោកបានបដិសេធ និងបានហៅគ្នីគ្នាចំនួនពីរនាក់ទៀតដែល លោកពិសិដ្ឋ កំពុងឃាត់ឲ្យឈប់។
លោកបន្តថា៖ «ពេលហ្នឹង ភាគីជនរងគ្រោះរកវាយសមត្ថកិច្ច ដូចនេះទើបមន្ត្រីយើងទាញកាំភ្លើងដើម្បីបំភ័យពួកគេ ហើយក៏បានផ្ទុះអាវុធ ត្រូវជនរងគ្រោះពីក្រោយខ្នង»។
ស្នងការរងខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ឲ្យដឹងថាលោក ពិសិដ្ឋ ត្រូវបញ្ជូនទៅតុលាការតាមនីវិធីច្បាប់ពាក់ព័ន្ធនឹងការធ្វេសប្រហែសក្នុងតួនាទី។
លោក សិទ្ធ ឡោះ មានប្រសាសន៍ថា៖ «យើងបានអញ្ជើញគាត់មកសួរនាំ និងបានរកឃើញថាគាត់បានបាញ់កាំភ្លើង ធ្វើឲ្យមានមនុស្សរបួស តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ»។
លោកបញ្ជាក់បន្ថែមថា៖ «គាត់ធ្វេសប្រហែសធ្វើឲ្យផ្ទុះអាវុធ តែគាត់គ្មានចេតនាបាញ់ជនរងគ្រោះទេ»។ លោកថា មន្ត្រីនគរបាលក្នុងខេត្តបន្ទាយមានជ័យគឺ បានទទួលការហ្វឹកហាត់ប្រើប្រាស់អាវុធពីស្នងការខេត្ត។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុក បានថ្កោលទោសចំពោះសមត្ថកិច្ចដែលបានបាញ់ជនស៊ីវិលឲ្យរបួស។
លោក សែនករុណា មានប្រសាសន៍ថា៖ «វាគឺជាការរំលោភសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត ដែលគាំពារដោយច្បាប់ជាតិ និងអន្តរជាតិ»។
លោកបានអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ពេលបំពេញការងារ កុំប្រើអំណាចហួសព្រំដែននៃច្បាប់។
លោក សែនករុណា ថាសមាគមអាដហុក បានស៊ើបអង្កេតករណីនេះ និងបានរកឃើញថានគរបាលរូបនោះមិនមែនផ្ទុះអាវុធដោយអចេតនានោះទេ ហើយក៏មិនមែនប្រើក្នុងន័យការពារខ្លួនដែរ ពេលគាត់បាញ់យុវជននោះ។
លោកបន្ថែមថា៖ «ការបាញ់ជនរងគ្រោះ មិនមែនជាការការពារខ្លួននោះទេ គាត់បាញ់ទៅតាមអារម្មណ៍របស់ខ្លួន»។
លោក សែនករុណា មិនឯកភាពនឹងមន្ត្រីនគរបាលដែលថា លោកពិសិដ្ឋ ធ្វើឲ្យផ្ទុះអាវុធ «ដោយអចេតនា» នោះទេ ដោយលោកថាគ្រាប់កាំភ្លើងដែលបាញ់ចេញដោយអចេតនាគួរតែទៅត្រូវរបស់ផ្សេងច្រើនជាង។
លោក សែនករុណាលើកឡើងថា៖ « យើងមិនចង់ឃើញបញ្ហាកើតឡើងដដែលៗ ពីព្រោះតែអ្នកទាំងនោះការពារគ្នា។ យើងចង់បានការពិត»។ លោកបន្ថែមទៀតថាបើករណីនេះត្រូវគេធ្វើឲ្យក្លាយជានិទណ្ឌភាព នោះនឹងអាចមានករណីស្រដៀងៗគ្នាកើតឡើងបន្តទៀត៕