នៅក្នុង​វិស័យ​ជាច្រើន៖ ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ ​បាន​ធ្វើ​ឲ្យ​កម្មករ​ជំពាក់​បំណុល

កម្មករសំណង់​ដើរជិត​ការដ្ឋាន​ក្នុងទីក្រុងភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ៍។ រូបភាព៖ បញ្ញា ឆព័ណ្ណ

នៅគ្រា​ដែល​ ហៃ សុភាព មានអារម្មណ៍ថា ការងាររបស់នាង​មាន​សុវត្ថិភាព​នៅ​ក្នុង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NagaWorld) កាលពីពីរបីឆ្នាំមុន ហើយក៏​បាន​សម្រេចចិត្ត​ទិញផ្ទះរួមគ្នាជាមួយស្វាមី ដោយសង​បំណុល​ដែលជំពាក់ធនាគារ​ចំនួន ៤ម៉ឺនដុល្លារ គឺ​វាច្រើន​លើសលប់ស្រាប់ទៅហើយ ប៉ុន្តែ វាជាការចំណាយ​ដែល​អាចគ្រប់គ្រង​បាន ។

ដរាបណា​ភ្ញៀវចិន​ដែល​មក​លេង​ល្បែងនៅកាស៊ីណូ​នៅតែបន្ត​ហូរចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដូចដែល​ពួកគេ​ធ្លាប់មក​កាល​ពី​ប៉ុន្មានឆ្នាំមុន នាង​បានគិតថា ការងាររបស់នាងនៅក្នុងកាស៊ីណូ​ស្រប​ច្បាប់​តែមួយ​គត់​នៅក្នុង​រាជធានីភ្នំពេញ គឺ​ជា​ការងារ​មួយ​ដែលមាន​សុវត្ថិភាពបំផុត នៅក្នុង​ទីផ្សារ​ការងារដែល​រង្គោះរង្គើ ។

ប៉ុន្តែឥឡូវ សុភាព កំពុងប្រឈមមុខចំពោះ​គ្រោះ​មហន្តរាយមួយដែល​រូបគាត់​មិន​ដែល​នឹកស្មានដល់សោះ នៅពេលដែលគាត់​សម្រេចចិត្តទិញផ្ទះ។ រឿងមួយដែលមិននឹកស្មានដល់ បន្ទាប់ពីទិញ​ផ្ទះរួច​មិន​យូរ​ប៉ុន្មាន ស្វាមី​របស់​គាត់​ក៏បានស្លាប់ចោលគាត់ នៅឆ្នាំ​២០១៦ ដោយ​បន្សល់ទុកនូវបន្ទុក​បំណុល​ទិញផ្ទះ​ឲ្យរូបគាត់​រ៉ាប់រង​សងវិញ​តែម្នាក់ឯង។

ប៉ុន្តែ ជាច្រើន​ឆ្នាំ​មកហើយ រឿងនេះ​មិនជាបញ្ហាចោទទេសម្រាប់​រូបគាត់ ដោយសារតែ​គាត់​មាន​ការងារ​ធ្វើ​ជាប់លាប់ ។ ​

ឥឡូវនេះ​ ដូចគ្នា​នឹង​បុគ្គលិកខ្មែរ​នៅ​ក្នុង​​កាស៊ីណូ ណាហ្គាវើលដ៍ ជាច្រើននាក់ក្នុងចំណោមបុគ្គលិក
ទាំងអស់​ ៨ពាន់នាក់ដែរ រូបគាត់​ខ្លាចថា កាស៊ីណូ​ដែលកាលពីឆ្នាំទៅមិញ​រកចំណូលបានប្រមាណ ១,៨​ពាន់លានដុល្លារ និង​ចំណេញ​ ៥២១លានដុល្លារអាមេរិកនោះ នឹង​កាត់​ប្រាក់ខែ​បុគ្គលិក​ទាំងស្រុង
ខណៈ​ដែល​ការព្រួយបារម្ភ​អំពី​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឲ្យ​កាស៊ីណូ​បិទទ្វារ​ជាបន្តទៀតនោះ ។ 

អ្នកស្រី សុភាព អាយុ ៣២ឆ្នាំ ដែល​ជា​អ្នកមើលខុសត្រូវ​តុល្បែងនៅក្នុង​កាស៊ីណូ និយាយថា៖ «រៀងរាល់ខែ ខ្ញុំត្រូវ​សង​បំណុលជិត ៥០០ដុល្លារ ដូច្នេះ ប្រសិន​បើ​ ណាហ្គាវើលដ៍ បញ្ឈប់​បុគ្គលិក​នៅក្នុងខែឧសភា ខ្ញុំនឹងមាន​វិបត្តិធ្ងន់ធ្ងរ ។ ខ្ញុំនឹងគ្មាន​​លុយ​​ដើម្បី​សង​ធនាគារ​នោះទេ»។​

អ្នកស្រី សុភាព និយាយថា​ គាត់​បាន​ចាប់ផ្ដើម​ធ្វើការនៅកាស៊ីណូ​ ណាហ្គាវើលដ៍ នៅឆ្នាំ​២០០៧ ហើយក្រោយធ្វើការជាច្រើន​ឆ្នាំនៅទីនោះ​ អ្នកស្រីបានឡើង​តួនាទីបច្ចុប្បន្នដែលមាន​ប្រាក់ខែ​ច្រើន។

អ្នកស្រីនិយាយថា នៅមុន​កូវីដ១៩ គាត់ទទួលបាន​ប្រាក់ខែ​សុទ្ធប្រហែល ៨០០ដុល្លារ ដែល​ជា​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ទីផ្សារ​ការងារ​ក្នុងស្រុក ខណៈ​ដែល​វិស័យ​ធំជាងគេ​បំផុត គឺ​វិស័យ​ផលិត
​សម្លៀក​បំពាក់កាត់ដេរ​និង​ស្បែងជើង ផ្ដល់​ប្រាក់ខែ​អប្បបរមាន​ត្រឹមតែ ១៩០ដុល្លារ​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ​នេះ ។

សុភាព បាន​ប៉ាន់ស្មានថា ៩៩% នៃ​បុគ្គលិក​ដូច​រូបគាត់​ប្រហែល ៨០០០នាក់ ក៏ពឹងផ្អែក​ទៅលើ​ការងារនៅ​ក្នុង​កាស៊ីណូនេះ ដើម្បី​ទៅ​ខ្ចី​លុយ​ធនាគារ​ ឬ​ស្ថាប័ន​មីក្រុហិរញ្ញវត្ថុ​ដែលមាន​ការ​ប្រាក់ខ្ពស់​ ដើម្បី​ខំ​ធ្វើ​ឲ្យ​ជីវភាពរស់នៅ​ប្រសើរ​ឡើង​ជាងមុន ប៉ុន្តែ ឥឡូវនេះ គាត់​បារម្ភខ្លាចថា អ្វីៗ​ត្រូវបាត់បង់ទាំងអស់ ។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និងសេវាកម្ម​កម្ពុជា (CFSWF) បាន​និយាយថា មិនមែនតែកម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ៨សែន​នាក់​នោះ​ទេ ដែល​ធ្លាក់​ក្នុង​ស្ថានភាព​គ្មានលទ្ធភាពសង​បំណុល​ដោយសារ​ការបិទទ្វាររោងចក្រ​បណ្ដាលមកពី​ជំងឺ​កូវីដ១៩​នោះ ។

អ្នកស្រី​និយាយថា ថ្មីៗនេះ សហព័ន្ធ​សហជីពរបស់​អ្នកនាង​បាន​ធ្វើ​ការស្ទង់មតិ​មួយ ដែល​បង្ហាញថា ៩៥% នៃ​សមាជិក​ក្នុង​វិស័យសេវា​កម្សាន្ត​សរុប ៨ម៉ឺននាក់ សុទ្ធតែបានខ្ចីប្រាក់​ដើម្បីទិញ​របស់​ប្រើប្រាស់
ដូចជា ម៉ូតូជាដើម ដើម្បី​ជាយានជំនិះជិះទៅធ្វើការ និងថាពួកគេ​យក​ប្រាក់ខែ​មួយចំណែក​ទៅ​សង​បំណុល​នេះ ។ ​

អ្នកនាង ទេពផល្លីន ថ្លែង​ដូច្នេះថា៖ «ពួកគេម្នាក់ៗខ្ចីចន្លោះពី ៣០០ ទៅដល់ ១ម៉ឺនដុល្លារ​ ។ ភាគច្រើន​បំផុត គឺ​ពុំ​មាន​លទ្ធភាព​សង​ធនាគារ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​វិញទេ ក្នុង​អំឡុងពេល​កូវីដ១៩ នេះ»

អ្នកស្រី បានបន្ថែម​ថា៖ «ជាង​នេះ​ទៅទៀត ពួកគេ​ខ្វះលុយ​សូម្បីតែបង់​ថ្លៃឈ្នួល​បន្ទប់ ថ្លៃ​ទឹក​ថ្លៃភ្លើង ហើយ​សំខាន់​បំផុតនោះ ពួកគេ​ពុំមាន​លុយ​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ​ផងទេ ។ មានបុគ្គលិក​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ម្នាក់ ដែល​ត្រូវគេ​បណ្ដេញ​ចេញ​ពី​បន្ទប់​ជួល ដោយសារតែនាង​គ្មាន​ចំណូល​ពីរ​ខែ​មកហើយ »។​

ប្រធានសហជីព​ដដែល បាននិយាយថា កន្លងមក មាន​របាយការណ៍តិចតួច​នៅឡើយទេ អំពី​ករណី​ដែល​ធនាគារ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​រឹបអូស​យក​ទ្រព្យ​បញ្ចាំ ។ ប៉ុន្តែ សមាជិក​សហជីព​​ជាច្រើន​នាក់កាន់តែ​មានការភ័យខ្លាចខ្លាំងឡើងៗថា មុននិងក្រោយ បញ្ហា​គង់តែមកដល់ទេ ។

អ្នកស្រី​ បាន​និយាយ​​ថា៖ «ប្រសិន​បើ​ធនាគារ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​គំរាម​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​គ្មាន​លុយ​សង​បំណុល យើង​នឹង​តស៊ូ​មតិ​ជួយ​ដល់​ពួកគេ»។ អ្នកស្រីបាន​ពន្យល់​បន្តទៀត​ថា សម្រាប់ពេល​ឥឡូវនេះ សហជីព​របស់​អ្នក​ស្រី​កំពុង​ដោះស្រាយ​បញ្ហា​ដែលមាន​ភាព​បន្ទាន់​ជាងនេះ។

ការរិះរក​មធ្យោបាយ​ឲ្យ​បុគ្គលិក​កម្មករក្នុង​វិស័យ​សេវាកម្ម​និង​កម្សាន្ត​ ដូចជា​ បុគ្គលិក​កាស៊ីណូ​និង​អ្នក​ធ្វើការ​នៅតាម​ហាង​ខារ៉ាអូខេ អាច​រក​កម្រៃ​ទិញ​ម្ហូប​អាហារ និង​បង់​ថ្លៃផ្ទះ​បាននៅក្នុង​អំឡុងពេល​ដែល
រដ្ឋាភិបាលកំពុង​បិទ​កន្លែង​ការងារ​របស់ពួកគេ គឺ​ពិបាកដូច​គ្នា​នឹង​ការរិះរកមធ្យោបាយ​ឲ្យ​ពួកគេ​អាច​សង​បំណុល​បានដែរ ។ ​

អ្នកស្រី​ ទេពផល្លីន បាននិយាយ​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​គួរតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគេ​ខ្លះ ដើម្បី​ពួកគេអាច​បង់ថ្លៃ​បន្ទប់ និង​ទិញ​អាហារ​ហូប​ចុក​ប្រចាំថ្ងៃ ។ សព្វថ្ងៃនេះ ពួកគេ​គ្មាន​ចំណូល​ទេ»

បញ្ហា​សង​បំណុលនេះ កើតមាន​ស្ទើរតែ​គ្រប់​វិស័យ​ធំៗ​នៃ​ឧស្សហកម្ម​នៅក្នុង​ប្រទេស​ទៅហើយ ។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា​ បាន​និយាយថា ពិតជាពិបាក​រក​កម្មករ​សំណង់​ឯណា​ដែល​មិន​ជំពាក់បំណុល​និង​ត្រូវ​សង​ធនាគារ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​រៀងរាល់ខែ។

ប៉ុន្តែ ខុសពីកម្មករ​ក្នុងវិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​ត្រូវបាន​ធានា​ផ្ដល់​នូវ​ប្រាក់​ឧបត្ថម្ភ​ ៧០ដុល្លារ​ក្នុង​មួយខែ ប្រសិន​បើ​ត្រូវគេព្យួរពីការងារ ក្នុងអំឡុងពេល​នៃ​វិបត្តិកូវីដ-១៩។ លោក គីន បាន​កត់​សម្គាល់ថា កម្មករ​សំណង់​ប្រហែល ២៥ម៉ឺននាក់ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​ដោះស្រាយ​ដោយខ្លួន​ឯង នៅ​ពេល​ដែល​ពួកគេ​អត់មាន​ការងារ​ធ្វើ ។  

លោក គីន បាននិយាយថា កម្មករ​សំណង់  ដែលពួកគេ​ភាគច្រើន​បំផុត​រក​ចំណូល​ដោយ​គិត​ជា​ថ្លៃ​ឈ្នួល​ប្រចាំ​ថ្ងៃ ជាជាង​គិត​ជា​ប្រាក់​ខែនោះ គឺ​ជា​ក្រុម​ដែល​កំពុង​ជួបប្រទះស្ថានភាពអាក្រក់​ជាង​គេ​បំផុត ឥឡូវនេះ ខណៈដែលពួកគេ​គ្មាន​ការងារ​ធ្វើ ។   

លោក​ គីន ថ្លែងយ៉ាង​ដូច្នេះថា៖ «ខ្ញុំគិតថា កម្មករ​សំណង់​ប្រហែល ៨០%ក្នុងចំណោមកម្មករ​សំណង់​ទាំង​អស់ ដែល​ជំពាក់បំណុល​ធនាគារ ឬស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ។ ប្រសិន​បើ​កម្មករ​សំណង់​បាត់បង់​ការងារ ខណៈ​ដែល​ជំងឺ​កូវីដ១៩កំពុង​តែរាតត្បាត​នេះ រដ្ឋាភិបាល​គួរតែផ្ដល់អត្ថប្រយោជន៍​ខ្លះដល់​ពួកគេ ដូច​គ្នា​នឹង​វិស័យ​រោងចក្រ​កាត់ដេរ ដែរ »

កម្មករ​សំណង់​មួយរូប ឈ្មោះ ជា យ៉ុង អាយុ ៣៤ឆ្នាំ ដែលធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​សំណង់​​ SB Trust នៅក្នុង​រាជធានីភ្នំពេញ បាន​និយាយថា គាត់​អត់​មាន​ការងារ​ធ្វើ​ ២ខែ​ហើយ ហើយ​បាន​វិលត្រឡប់​មករស់នៅ​ជុំគ្នា​នឹង​គ្រួសារ​វិញ នៅក្នុងខេត្ត​កំពង់ឆ្នាំង ។

លោក យ៉ុង បាននិយាយថា រូបគាត់​បាន​ខ្ចី​លុយ​ ១០០០ដុល្លារ​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ កាលពី​៣ឆ្នាំ​មុន ដើម្បី​បង់​ថ្លៃ​ព្យាបាល​ប្រពន្ធ​របស់​គាត់ បន្ទាប់ពី​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ ។ ឥឡូវនេះ គាត់​បាននិយាយថា គាត់​មិន​ដឹងជាត្រូវធ្វើ​យ៉ាងណាទេ។

យ៉ុង បាននិយាយ​ថា៖ «ខ្ញុំត្រូវ​សងបំណុល​មីក្រូហិរញ្ញវត្ថុ​ពី ៧០ ទៅ ៧៥ដុល្លារ​ រៀងរាល់ខែ ប៉ុន្តែ ឥឡូវនេះ ពិបាកណាស់ ព្រោះ​ខ្ញុំ​អត់មាន​ការងារធ្វើ ហើយ​ខ្ញុំ​រកការងារថ្មីធ្វើអត់បាន ព្រោះ​​ជំងឺ​កូវីដ១៩ កំពុងតែរាតត្បាត»

លោក យ៉ុង បន្ថែមថា៖ «ខ្ញុំមិនដឹងថាអាចទៅរកលុយ​ពីណា​មក​ ដើម្បី​សង​បំណុលទេ ។ គ្រួសារ​ខ្ញុំ​ក្រ​ណាស់»

សូម្បីតែប្រជាជន​ដែល​បានសម្រេចចិត្ត​មិនធ្វើដំណើរ​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ប៉ុន្តែ ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅឯ​ខេត្ត​ជាស្រុកកំណើតរបស់ខ្លួន ក៏ឥឡូវនេះ កំពុង​មើលឃើញថា ជីវភាពរស់នៅដែល​ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​កសាងឡើងជាមួយនឹងប្រាក់កម្ចី​មួយចំនួននោះ ឥឡូវ ធ្លាក់ចុះ​ដុនដាប​ហើយ។

អាជីវករ​វ័យ ២៨ឆ្នាំ​មួយរូប ដែល​ប្រាប់ថា​នាង​ឈ្មោះ កញ្ញា បាននិយាយថា នាង​និង​ស្វាមី​បាន​ខ្ចី​ប្រាក់​ ៣ម៉ឺន ៥ពាន់ដុល្លារពីធនាគារ កាលពីពីរឆ្នាំមុន ដើម្បី​ចាប់ផ្ដើមមុខរបរ​​ដឹកស្រូវ​ទៅលក់​នៅវៀតណាម សម្រាប់​ឈ្មួញយកទៅកិនជាអង្ករ​និងនាំចេញ​បន្ត ។

ស្ត្រីជាម្ចាស់​អាជីវកម្ម​ខ្នាតតូច​មកពីខេត្ត​កំពង់ធំរូបនេះ បាននិយាយថា នាង​បាន​ព្យាយាម​ចរចា​ជាមួយ​ធនាគារ​ដើម្បី​សុំ​ពន្យារពេល​សងបំណុល ។ ប៉ុន្តែ នាងថា បុគ្គលិក​បាន​បញ្ជាក់ប្រាប់គាត់ថា ប្រសិន​បើ​រូប​គាត់​មិនមានលទ្ធភាព​សង​បំណុលទេនោះ ធនាគារ​នឹង​នៅតែ​កាន់កាប់​បណ្ណកម្មសិទ្ធិដី​របស់​គ្រួសារគាត់ ដែលរូបគាត់​និង​ស្វាមី​បានដាក់​ជាទ្រព្យ​បញ្ចាំ​នៅឯធនាគារ ។

អ្នកស្រី កញ្ញា និយាយថា៖ «ពួកយើង​ចង់​សុំ​ឲ្យ​ធនាគារ​ពន្យាពេល​សម្រាប់ការ​សង​បំណុល​ ប៉ុន្តែ ធនាគារ​មិន​យល់ព្រមទេ»

អ្នកស្រី​បាន​ពន្យល់ថា ក្នុង​មួយខែ គាត់​ត្រូវ​សង​ ៣០០ដុល្លារ៖ «យើង​មិន​បាន​ដឹក​ស្រូវទៅលក់​នៅវៀតណាម​ពីរខែ​មកហើយ ដោយសារតែ​ការ​ផ្ទុះឡើងនូវ​ជំងឺកូវីដ១៩»

អ្នកស្រី បន្ថែមថា៖ «បើធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​យល់ព្រម​ពន្យា​ពេល​ការសងបំណុល​ឲ្យ​យើង ពីរ ឬបីខែ ទៅថ្ងៃខាងមុខ ខ្ញុំ​គិតថា យើង​នឹង​ប្រសើរឡើង​វិញ​នៅពេលនោះ»

មេដឹកនាំរដ្ឋាភិបាលកម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់ធនាគារ​ជាតិ​កម្ពុជា​ ធ្លាប់​បានស្នើ​ឲ្យ​ធនាគារ​និង​ស្ថាប័ន​
​មីក្រូហិរញ្ញវត្ថុ​មានការយោគយល់​ចំពោះ​ផលលំបាក​ដែល​អតិថិជន​របស់ខ្លួន​កំពុង​ជួប​ប្រទះ​ ក្នុង​អំឡុង​ពេល​កូវីដ១៩នេះ ដើម្បី​ធ្វើការរៀបចំ​​កែសម្រួល​ឥណទាន​ឡើងវិញ ដោយ​ផ្អែកទៅតាមករណី​នីមួយៗ។

សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពីខែមុន ដោយ​អង្គការ​ស្ថាប័ន​ចំនួន ១៣៥ ក្នុង​នោះ​រួមទាំង​សហជីព ដូចជា CCAWDU និង​អង្គការ​សិទ្ធិមនុស្ស​ ដូចជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយថា ការអំពាវនាវ​ថ្មីៗនេះ​ពីសំណាក់​រដ្ឋាភិបាល​បានជួយ​តិចតួច​បំផុត​ ដល់​កម្មករ​ដែល​ជាប់​បំណុល​ភាគច្រើន​បំផុត ។

សេចក្ដីថ្លែងការណ៍រួមដដែលនេះ បាននិយាយថា៖ «ការរងគ្រោះ​របស់ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាននាក់​ដែលកំពុងប្រឈម​មុខនឹងវិបត្តិ​សេដ្ឋកិច្ច​ពីការរីករាលដាល​នៃជំងឺកូវីដ១៩ គឺកំពុង​ត្រូវបាន​រងគ្រោះ​បន្ថែមទៀត ដោយសារ​បន្តកើតមាន​នូវវិបត្តិ​ជំពាក់បំណុល​ច្រើនលើសលុប​នៅក្នុងប្រទេស ដែលកើត​ចេញពីកម្ចីឥណទាន ជាង១០ពាន់លានដុល្លារ​របស់គ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ​មួយចំនួន»

សេចក្ដីថ្លែងការណ៍ដដែល​បាន​អំពាវនាវ​ដល់រដ្ឋាភិបាល​ឲ្យ​ព្យួរជាបន្ទាន់​នូវ​រាល់​ការ​សង​បំណុល​គ្រប់​ប្រភេទ ព្រមទាំង​ការ​ប្រាក់​ដែលជាប់​នៅ​លើ​ប្រាក់បំណុល សម្រាប់​រយៈពេល​យ៉ាង​ហោចណាស់ ៣ខែ និង​ប្រគល់​បណ្ណកម្មសិទ្ធិ​ដីធ្លី​រាប់​​លាន​បណ្ណ​ ដែល​បច្ចុប្បន្ន​នេះ ស្ថិតក្រោម​ការ​កាន់កាប់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុជាទ្រព្យបញ្ចាំ ទៅ​ឲ្យ​ម្ចាស់​ដើមវិញ ។”

«បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជាច្រើន​ជាង ២,៥លាននាក់​ មានជាប់ជំពាក់​កម្ចីខ្នាតតូច ជាមួយ​នឹងអត្រាកម្ចី​ជាមធ្យម ៣៨០០ដល្លារ ដែលជាចំនួន​ច្រើនជាងគេ​នៅលើពិភពលោក» ក្រុមអង្គការស្ថាប័នខាង​លើ​បាន​សរសេរ​យ៉ាងដូច្នេះ ព្រមទាំង​​ចាត់ទុក​ការ​កែ​សម្រួល​ឥណទាន​ឡើងវិញ​ទៅតាម​ករណី​ជាក់ស្ដែង​នីមួយៗ ថាជាការគួរ​ឲ្យ​កោត​សរសើរ ប៉ុន្តែ មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ។

ប្រទេសកម្ពុជា​មាន​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជាង ៨០ស្ថាប័ន ហើយ​ដំណើរការ​នៃការពិនិត្យ​និងកែសម្រួល​ឥណទាន​ឡើងវិញទៅតាម​ករណី​ជាក់ស្ដែង​នីមួយៗ នឹងមិនបាន​លឿនគ្រប់គ្រាន់​ឡើយ សម្រាប់​អ្នក​ខ្ចី​ ២,៦លាននាក់ ដែល​ត្រូវការការសង្គ្រោះ​បន្ទាន់ ។

សមាគម​ធនាគារ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា [ឆ្នាំ​២០២០] បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ និយាយថា ធនាគារ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​បានដឹង​ច្បាស់​អំពី​ការ​លំបាក​ដែល​ប្រជាជន​ជាច្រើន​បាននិងកំពុងជួបប្រទះ ហើយ​បាន​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ដែលទន់ភ្លន់។ ប៉ុន្តែ ទោះបីយ៉ាងនេះ​ក្ដី ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​មានភាពចាំបាច់​ក្នុងការ​ធានាថា អ្នក​ខ្ចី​នឹង​មិនគេចវេស​ពីការ​សងបំណុល។

សេចក្ដីថ្លែងការណ៍​បាន​និយាយថា៖ «សមាគម​ធនាគារ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុចា បាន​បំភ្លឺថា ធនាគារ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​និង​កំពុង​ប្រតិបត្តិការ​ដោយ​ផ្អែកទាំងស្រុង​ទៅតាម​អនុសាសន៍របស់រដ្ឋាភិបាល​ ក្រសួង​ពាក់ព័ន្ធ និង​តាម​ការណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​ដែល​ធានានិងការពារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»

ដោយមាន​សេចក្ដីរាយការណ៍ពីប្រជាជនជាច្រើន​អំពី​ការគ្មាន​លទ្ធភាព​សង​បំណុល​ក្នុង​រយៈពេល​ខ្លី អត្រា​កើន​ឡើង​នៃ​ការ​មិនសង​បំណុល និង​ភាពគ្មានដីធ្លី​ អាចជារឿងដែល​កើត​ឡើង​ដោយ​​ជៀសមិនរួច លើកលែង​តែ​គេ​មាន​វិធានការ​ជាក់ស្ដែង​ជាងនេះ​ថែមទៀត ដើម្បី​ការពារ​អ្នកខ្ចី​បំណុល​ដែល​បាត់បង់​ការងារធ្វើ ។

ចំពោះ​កម្មករ​ជាច្រើន​នាក់ មើលទៅ គ្រាន់តែជារឿង​មុន ឬក្រោយ​តែប៉ុណ្ណោះ ដែល​ធនាគារ​នឹង​ចាប់​ផ្ដើម​រឹបអូស​ដីធ្លី​និងផ្ទះសម្បែង​ដែល​ដាក់​ជាទ្រព្យ​បញ្ចាំ ដើម្បី​ស្ដារ​មកវិញ​នូវការ​ខាត​បង់​ដោយសារ​ការ​មិន​សង​បំណុល​ដែល​កើនឡើង ។

សុភាព ដែល​ជា​អ្នកមើលខុសត្រូវ​តុល្បែង​នៅកាស៊ីណូ​ណាហ្គា បាននិយាយថា នាង​បាន​មើល​ឃើញ​ដំណោះស្រាយ​តែមួយគត់ ។

អ្នកស្រី​បាន​និយាយថា៖ «ប្រសិន​បើ​កូវីដ១៩​នៅតែ​បន្ត​អូសបន្លាយ​ពេលវេលា ៣ ឬ ៤ខែ​ទៀត ខ្លួន​ខ្ញុំ​និង​អ្នកផ្សេងទៀត​នឹង​ជួប​ការ​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ថែមទៀតជាមិនខាន ។ ខ្ញុំ​សូម​សំណូម​ពរ​ទៅរដ្ឋាភិបាល សូម​មេត្តា​ជំរុញ​ឲ្យ​ធនាគារ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ពន្យាពេល​និង​ព្យួរ​ការ​សង​បំណុល​សិន»

11 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »