បុគ្គលិកកាស៊ីណូណាហ្គាវើលជាង ២០០នាក់បានដាក់ញត្តិនៅក្រសួងការងារដើម្បីស្នើសុំប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយខែដោយសារតែឧស្សាហកម្មសេវាកម្សាន្តនៅតែបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
កញ្ញា ឈឹម ស៊ីថរ វ័យ ៣២ឆ្នាំ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើល បាននិយាយនៅក្រៅរបងក្រសួងការងារថារូបនាងនិងបុគ្គលិកផ្សេងទៀតនៅកាស៊ីណូនេះ បាននាំយកញត្តិមកដាក់នៅក្រសួងព្រោះពួកគេមិនបានទទួលប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយខែដូចកម្មករដែលធ្វើការក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងក្លាដោយសារកូវីដ១៩។
កញ្ញា ស៊ីថរ បានលើកឡើងថា៖«ពួកយើងបានប្រាប់ឯកឧត្តមដែលជាតំណាងក្រសួងការងារថាបុគ្គលិកផ្នែកល្បែងស៊ីសងនៅក្រុមហ៊ុនណាហ្គាវើលមិនទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លាពីរដ្ឋាភិបាលឡើយ»។
កញ្ញាបានបន្ថែមថាក្រុមហ៊ុននេះបានបើកប្រាក់ឈ្នួលឱ្យបុគ្គលិកតែ ៥០ភាគរយប៉ុណ្ណោះនៃប្រាក់ឈ្នួលខែមេសា និងឧសភា ហើយបានប្រាប់បុគ្គលិកថានឹងមិនបើកប្រាក់ខែឱ្យពួកគេទេចាប់ពីខែមិថុនាតទៅ។
កញ្ញាបាននិយាយថា៖«ខ្ញុំសង្ឃឹមថាញត្តិរបស់ពួកយើងនឹងត្រូវបានពិចារណាដោយរដ្ឋាភិបាល»។ កញ្ញាក៏បានចោទសួរថាហេតុអ្វីបានជារដ្ឋាភិបាលមិនអនុញ្ញាតឱ្យណាហ្គាវើលបើកឡើងវិញខណៈដែលរោងចក្រនិងក្រុមហ៊ុនអនុញ្ញាតឱ្យដំណើរការណ៍ដួចធម្មតា។
កាស៊ីណូស្ថិតក្នុងចំណោមអាជីវកម្មដែលរដ្ឋាភិបាលដាក់បញ្ចូលក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី១៧ ខែមីនា ក្នុងការបិទកន្លែងសេវាកម្សាន្ត និងក្លឹបនៅពេលមានការផ្ទុះឡើងនូវកូវីដ១៩។
កញ្ញាស៊ីថរ បាននិយាយបន្ថែមថា ការចំណាយប្រចាំថ្ងៃ បុគ្គលិកណាហ្គាវើលជាច្រើនក៏ជំពាក់បំណុលធនាគារ និងគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ។
កញ្ញា ស៊ីថរ និយាយថា៖ «បុគ្គលិកណាហ្គាវើលស្ទើរតែទាំងអស់ត្រូវការលុយសងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូច្នេះហើយពួកគាត់ត្រូវចំណាយលុយរបស់ពួកគាត់ទាំងអស់ តាំងពីពេលដែលពួកគាត់ត្រូវបានព្យួរការងារ»។
កញ្ញា ស៊ីថរ បាននិយាយទៀតថា៖«ប្រសិនបើពីរឬបីខែទៅមុខទៀត ក្រុមហ៊ុននៅតែមិនបើកលុយឱ្យពួកយើង ហើយបើពួកយើងនៅតែមិនមានយន្តការឧបត្ថម្ភពីរដ្ឋាភិបាល […] ពួកយើងនឹងជួបវិបត្តិធ្ងន់ធ្ងរ»។
កញ្ញាបាននិយាយបន្ថែមថា៩០ភាគរយនៃបុគ្គលិកណាហ្គាវើលប្រហែល ៩០០០នាក់ បានយកកម្ចីគេ។ កញ្ញាបានលើកឡើងថាកញ្ញាកំពុងពិចារណាស្នើសុំធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពន្យាពេលសងប្រាក់។
បុគ្គលិកកាស៊ីណូណាហ្គាវើលម្នាក់ទៀត អ្នកស្រី រី សុវ៉ាន់ឌី អាយុ៣៨ឆ្នាំ និងជាសកម្មជនសហជីពដែលបានធ្វើការនៅកាស៊ីណូ និងរីសត អស់រយៈពេល ១៣ឆ្នាំ បាននិយាយថាគាត់កំពុងជួបបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយមិនអាចមានលទ្ធភាពសងប្រាក់ ៦០០ដុល្លារក្នុងមួយខែឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញបានទេ។
អ្នកស្រីបានលើកឡើងថា៖«ខ្ញុំជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុ៥០៥០០ដុល្លារ ដែលខ្ញុំបានខ្ចីកាលពីមួយឆ្នាំកន្លងទៅដើម្បីទិញផ្ទះ»។ «បន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានព្យួរកាលពីខែមីនា ខ្ញុំបានស្នើសុំ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ពន្យាពេលសងប្រាក់រយៈពេល ៦ខែ ព្រោះខ្ញុំសង្ឃឹមថា៦ខែទៀតស្ថានភាពកូវីដ១៩នឹងធូរស្រាល ហើយខ្ញុំអាចទៅធ្វើការងារវិញបាន»។
លោក និន វណ្ណៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្មនៅក្រសួងការងារមានប្រសាសន៍ថាក្រសួងបានទទួលញត្តិពីសហជីពណាហ្គាវើលហើយ។
លោកបានថ្លែងថា៖ «ខ្ញុំបានបញ្ជូនញត្តិទៅរដ្ឋមន្រ្តីក្រសួងការងាររួចហើយប៉ុន្តែយើងត្រូវរង់ចាំលទ្ធផល»។
ទោះយ៉ាងណាក៏ដោយ ញត្តិស្នើសុំការឧបត្ថម្ភហិរញ្ញវត្ថុស្រដៀងគ្នាដែលត្រូវបានយកទៅដាក់នៅក្រសួងការងារកាលពីថ្ងៃទី១០ ខែមិថុនា ដោយក្រុមសហជីពសេវាកម្សាន្តមួយក្រុម ត្រូវបានបដិសេធម្តងហើយកាលពីដើមសប្តាហ៍នេះ។ ដោយមានការគាំទ្រពីសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា(CFSWF) ក្រុមកម្មករបានស្នើសុំជំនួយហិរញ្ញវត្ថុពីក្រសួងការងារចំនួន៤០ ដុល្លារក្នុងមួយខែ ខណៈដែល KTV និងក្លឹបរាត្រីនៅតែបិទទ្វារ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន បានប្រាប់ថាក្រសួងការងារបានផ្ញើលិខិតមកមួយវិញកាលពីថ្ងៃទី១៥ ខែមិថុនា បដិសេធផ្តល់ប្រាក់ឧបត្ថម្ភ ដោយលើកឡើងថារដ្ឋាភិបាលបានបញ្ចប់កញ្ចប់ថវិការរបស់ខ្លួនហើយ។
លោកស្រី ទេពផល្លីន និយាយថា៖ «ការឆ្លើយតបរបស់ក្រសួងបង្ហាញថាពួកគាត់មិនចង់ឆ្លើយតបទៅនឹងសំណើររបស់ក្រុមបុគ្គលិកក្នុងវិស័យសេវាកម្សាន្តទេ»។ លោកស្រីបានបន្ថែមថាលិខិតនោះបែរជាប្រាប់ក្រុមបុគ្គលិកក្នុងវិស័យនេះស្វែងរកឱកាសការងារតាមរយៈសេវាកម្មថ្មីមួយដែលផ្តល់ឱ្យដោយក្រសួងទៅវិញ។
លោកស្រីបាននិយាយទៀតថា៖ «ប្រសិនបើ (កម្មករ)មានលទ្ធភាពដោះស្រាយបញ្ហានេះដោយខ្លួនឯងបាន ពួកគាត់មិនស្នើសុំជំនួយពីរដ្ឋាភិបាលទេ»។
លោកស្រីបានគូសបញ្ជាក់ថារដ្ឋាភិបាលបានផ្តល់ថវិកាដល់កម្មកររោងចក្រ និងវិស័យទេសចរណ៍ប៉ុន្តែបានបោះបង់ចោលអ្នកធ្វើការក្នុងវិស័យសេវាកំសាន្ត។
លោកស្រី ទេពផល្លីន បាននិយាយថា៖«ពួកយើងនៅតែជំរុញរដ្ឋាភិបាលឱ្យពិចារណាទៅលើសំណើររបស់ពួកយើងម្តងទៀត»។
លោកវណ្ណៈ បានលើកឡើងថា ក្រសួងបានឆ្លើយតបរួចហើយទៅលើអ្នកធ្វើការក្នុងឧស្សាហកម្មកំសាន្តហើយប្រាប់អ្នកសារព័ត៌មានទៅមើលគេហទំព័ររបស់ក្រសួងនិងបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការងារ ប្រាក់ឧបត្ថម្ភចុងក្រោយសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ រោងចក្រ ឬអាជីវកម្មដែលរងផលប៉ះពាល់ដោយកូវីដ១៩ត្រូវបានបញ្ចប់ហើយ ចំណែកឯពលករហើយនិងគ្រួសារក្រីក្រត្រូវបានដាក់បញ្ចូលក្រោមកញ្ចប់ថវិកា គាំពារសង្គមដែលមានតម្លៃ១០០លានដុល្លារ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖«រាជរដ្ឋាភិបាលពេលនេះកំពុងពិចារណាគម្រោងគាំពារសង្គមក្រោមរូបភាពផ្តល់ជាប្រាក់ដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ១៩ ក្នុងគោលបំណងជួយបន្ធូរបន្ទុកហិរញ្ញវត្ថុអំឡុងពេលមានវិបត្តិ»៕