បុគ្គលិក​​កាស៊ីណូ​​ណាហ្គាវើល​​ដាក់ញត្តិ​​ស្នើ​​សុំ​​ប្រាក់​ឧបត្ថម្ភ​​ពី​​រដ្ឋាភិបាល​​

បុគ្គលិក​​​កាស៊ីណូ​​ណាហ្គាវើល​​បង្ហាញ​​ញត្តិ​​របស់​​ពួកគេ​នៅ​​ក្រៅ​​ក្រសួង​​ការងារ​​នា​​ថ្ងៃ​​ទី​​១៦​​ ខែ​មិថុនា​​ អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពួក​គេ ​ខណៈ​កាស៊ីណូ​ និង​កន្លែង​សេវា​កម្សាន្ត​នៅ​តែ​បិទ​អំឡុ​ង​ពេល​កូវីដ​១៩​។ រូបភាព បញ្ញា​ ឆព័ណ្ណ​
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ជាង​ ២០០​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​សុំប្រាក់​ឧបត្ថម្ភ​ ៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដោយសារ​តែ​ឧស្សាហកម្ម​សេវាកម្សាន្ត​នៅ​តែ​បិទ​ទ្វារ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​១៩​ ​។

កញ្ញា​ ឈឹម​ ស៊ីថរ​ វ័យ​ ៣២​ឆ្នាំ​ ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​​ការងារ​​បុគ្គលិក​​កម្មករ​​ខ្មែរ​ នៃ​​ក្រុម​ហ៊ុន​​កាស៊ីណូ​ណាហ្គាវើល​ បាន​និយាយ​នៅ​ក្រៅ​របង​ក្រសួង​ការងារ​ថា​រូប​នាង​និង​បុគ្គលិក​ផ្សេង​ទៀត​នៅ​កាស៊ី​ណូ​នេះ​ បាន​នាំ​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួង​ព្រោះ​ពួកគេ​មិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ ៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដូច​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ក្លា​ដោយ​សារ​កូវីដ​១៩​។​

កញ្ញា ស៊ីថរ ​បាន​លើក​ឡើង​ថា​៖«​ពួក​យើង​​បាន​ប្រាប់​ឯកឧត្តម​ដែលជា​តំណាង​ក្រសួង​ការងារ​ថា​បុគ្គលិក​ផ្នែក​ល្បែង​ស៊ីសង​នៅ​ក្រុមហ៊ុន​ណាហ្គាវើល​មិន​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៤០ដុល្លា​ពី​រដ្ឋាភិបាល​ឡើយ​»។

​កញ្ញា​បាន​បន្ថែម​ថា​ក្រុម​ហ៊ុន​នេះ​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​បុគ្គលិក​តែ ​៥០​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ឈ្នួល​ខែ​មេសា​ និង​ឧសភា​ ហើយ​បាន​ប្រាប់​បុគ្គលិក​ថា​នឹង​មិន​បើក​ប្រាក់​ខែ​ឱ្យ​ពួក​គេ​ទេ​ចាប់​ពី​ខែ​មិថុនា​តទៅ​។

កញ្ញា​បាន​និយាយ​ថា​៖​«ខ្ញុំ​សង្ឃឹម​ថា​ញត្តិ​របស់​ពួក​យើង​នឹង​ត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋាភិបាល​»​។ ​កញ្ញា​ក៏​បាន​ចោទ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ណាហ្គាវើល​បើក​ឡើង​វិញ​ខណៈ​ដែល​រោងចក្រ​និង​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​ដំណើរ​ការណ៍​ដួច​ធម្មតា​។​

កាស៊ីណូស្ថិត​ក្នុង​ចំណោម​​អាជីវកម្ម​ដែល​រដ្ឋាភិបាល​ដាក់​បញ្ចូល​ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ក្នុង​ការ​បិទ​កន្លែង​សេវាកម្សាន្ត​ និង​ក្លឹប​​នៅ​ពេល​មាន​ការ​ផ្ទុះឡើង​នូវ​កូវីដ​១៩​។​

កញ្ញា​ស៊ីថរ ​បាន​និយាយ​បន្ថែម​ថា​ ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ បុគ្គលិក​ណាហ្គាវើល​ជា​ច្រើន​ក៏​ជំពាក់​បំណុល​​ធនាគារ​ ​​​និង​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​។

កញ្ញា ស៊ីថរ​ និយាយថា៖ «បុគ្គលិក​ណាហ្គាវើល​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​ការ​លុយ​សង​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដូច្នេះ​ហើយ​ពួក​គាត់​ត្រូវ​ចំណាយ​លុយ​របស់​ពួក​គាត់​ទាំង​អស់​ តាំង​ពី​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​ព្យួរ​​ការងារ​»។

កញ្ញា ​ស៊ីថរ​ បាន​និយាយ​ទៀត​ថា​៖​«​ប្រសិន​បើ​ពីរ​ឬ​បី​ខែ​ទៅ​មុខ​ទៀត​ ក្រុម​ហ៊ុ​ន​នៅ​តែ​មិន​បើក​លុយ​ឱ្យ​ពួក​យើង​ ហើយ​បើ​ពួក​យើង​នៅ​តែ​មិន​មាន​យន្តការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ​[…] ​ពួក​យើង​នឹង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​»​។​

កញ្ញា​បាន​និយាយ​បន្ថែមថា​៩០​ភាគរយ​នៃបុគ្គលិកណាហ្គាវើលប្រហែល ៩០០០នាក់ បានយកកម្ចីគេ។ កញ្ញាបានលើកឡើងថាកញ្ញាកំពុងពិចារណាស្នើសុំ​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពន្យាពេលសងប្រាក់។

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ម្នាក់​ទៀត​​ អ្នកស្រី​ រី​ សុវ៉ាន់ឌី​ អាយុ​៣៨​ឆ្នាំ​ និង​ជា​សកម្មជន​សហជីព​ដែល​បាន​ធ្វើ​ការ​​នៅ​កាស៊ីណូ​ និង​រីសត​ អស់​រយៈ​ពេល​ ១៣​ឆ្នាំ​ បាន​និយាយ​ថា​គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​មិន​អាច​មាន​លទ្ធភាព​សង​ប្រាក់​ ៦០០​ដុល្លារ​ក្នុង​មួយ​ខែ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិញ​បាន​ទេ​។

អ្នក​ស្រី​បាន​លើក​ឡើង​ថា​៖«ខ្ញុំ​ជំពាក់​ប្រា​ក់​មី​ក្រូ​ហិរញ្ញវត្ថុ​៥០៥០០​ដុល្លារ​ ដែល​ខ្ញុំ​បាន​ខ្ចី​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​ដើម្បី​ទិញ​ផ្ទះ​»។ «បន្ទាប់​ពី​ការងារ​របស់​ខ្ញុំ​ត្រូវ​បាន​ព្យួរ​កាល​ពី​ខែ​មីនា​ ខ្ញុំ​បាន​ស្នើ​សុំ​ (គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​) ពន្យា​ពេល​សង​ប្រាក់​រយៈពេល ​៦​ខែ​ ព្រោះ​ខ្ញុំ​​សង្ឃឹម​ថា​៦​ខែ​ទៀត​ស្ថានភាព​កូវីដ​១៩​នឹង​ធូរ​ស្រាល​ ហើយ​ខ្ញុំ​អាច​ទៅ​ធ្វើ​ការងារ​វិញ​បាន​»។

លោក​ និន​ វណ្ណៈ​ អគ្គ​លេខា​ធិកា​រ​រង​នៃ​គណៈ​កម្មា​ធិការ​ដោះស្រាយ​កូដ​កម្ម​នៅ​ក្រសួង​ការងារ​មាន​ប្រសាសន៍​ថា​ក្រសួង​បាន​ទទួល​ញត្តិ​ពី​សហជីព​ណាហ្គាវើល​ហើយ​។

លោក​បាន​ថ្លែង​ថា៖​ «​ខ្ញុំ​បាន​បញ្ជូន​ញត្តិ​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​រួច​ហើយ​ប៉ុន្តែ​យើង​ត្រូវ​រង់​ចាំ​លទ្ធផល​»។

ទោះ​យ៉ាង​ណា​ក៏ដោយ​ ញត្តិ​ស្នើ​សុំ​​ការ​ឧបត្ថម្ភ​ហិរញ្ញ​វត្ថុ​ស្រដៀង​គ្នា​ដែល​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ដោយ​ក្រុម​សហជីព​សេវា​កម្សាន្ត​មួយ​ក្រុម​ ត្រូវ​បាន​បដិសេធ​ម្តង​ហើយ​កាល​ពី​ដើម​សប្តាហ៍​នេះ​។ ដោយ​មាន​ការ​គាំទ្រ​ពី​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា​(CFSWF) ក្រុម​កម្មករ​បាន​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រសួង​ការងារ​ចំនួន​៤០​ ដុល្លារ​ក្នុង​មួយ​ខែ​ ខណៈ​ដែល​ KTV​ និង​ក្លឹប​រាត្រី​នៅ​តែ​បិទ​ទ្វារ​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ លោកស្រី​ អ៊ូ​ ទេព​ផល្លីន​ បាន​ប្រាប់​​​ថា​ក្រសួង​ការងារ​បាន​ផ្ញើ​លិខិត​មក​មួយ​វិញ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ បដិសេធ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ ដោយ​លើក​ឡើង​ថា​រដ្ឋា​ភិបាល​បាន​​បញ្ចប់​កញ្ចប់​ថវិការ​របស់​ខ្លួន​ហើយ​។​

លោកស្រី ទេព​ផល្លីន​ និយាយថា៖ «ការ​ឆ្លើយ​តប​របស់​ក្រសួង​បង្ហាញ​ថា​ពួក​គាត់​មិន​ចង់​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​ក្រុម​បុគ្គលិក​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេ»​។ លោក​ស្រី​​បាន​បន្ថែម​ថា​លិខិត​នោះ​បែរ​ជា​ប្រាប់​ក្រុម​បុគ្គលិក​ក្នុង​វិស័យ​នេះ​ស្វែង​រក​ឱកាស​ការងារ​តាមរយៈ​សេវា​កម្ម​ថ្មី​មួយ​ដែល​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ទៅ​វិញ​។

លោក​ស្រី​បាន​និយាយ​ទៀត​ថា៖​ «ប្រសិន​បើ​ (កម្មករ)​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង​បាន​ ពួក​គាត់​មិន​ស្នើ​សុំ​​ជំនួយ​ពី​រដ្ឋា​ភិបាល​ទេ»​។​

លោក​ស្រី​បាន​គូស​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ដល់​កម្មករ​រោង​ចក្រ​ និង​វិស័យ​ទេសចរណ៍​​ប៉ុន្តែ​បាន​បោះបង់​ចោល​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កំសាន្ត​។​

លោក​ស្រី ​ទេព​ផល្លីន​ បាន​និយាយ​ថា​៖​«ពួក​យើង​នៅ​តែ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ទៅ​លើ​សំណើរ​របស់​ពួក​យើង​ម្តង​ទៀត​»​។​

លោក​វណ្ណៈ ​បាន​លើក​ឡើង​ថា​​​ ក្រសួង​បាន​ឆ្លើយ​តប​រួច​ហើយ​ទៅ​លើ​អ្នក​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​កំសាន្ត​ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ទៅ​មើល​គេហ​ទំព័រ​របស់​ក្រសួង​​និង​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត​ទេ​។​

យោង​តាម​​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការងារ​ ​ប្រាក់​ឧបត្ថម្ភ​ចុង​ក្រោយ​សម្រាប់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ រោងចក្រ​ ឬ​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូវីដ​១៩​ត្រូវ​បាន​បញ្ចប់​ហើយ​ ចំណែក​ឯ​ពលករ​ហើយ​និង​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្រោម​កញ្ចប់​ថវិកា​ គាំពារ​សង្គម​ដែល​មាន​តម្លៃ​១០០​លាន​ដុល្លារ​។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖​«រាជ​រដ្ឋា​ភិបាល​ពេល​នេះ​កំពុង​ពិចារណា​គម្រោង​គាំពារ​សង្គម​ក្រោម​រូបភាព​ផ្តល់​ជា​ប្រាក់​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​កូវីដ​១៩​ ក្នុង​គោល​បំណង​ជួយ​បន្ធូរ​បន្ទុក​ហិរញ្ញវត្ថុ​អំឡុង​ពេល​មាន​វិបត្តិ​»៕​

7 views
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »