បុគ្គលិក​​ធ្វើការ​​ក្នុង​​វិស័យ​​សេវា​​កម្សាន្ត​​ស្នើ​​សុំ​​​ជា​​ថ្មី​​ឱ្យ​​រដ្ឋ​​ជួយ​​ឧបត្ថម្ភ​​

បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ដែល​បាន​បាត់​បង់​ការងារ​របស់​ពួក​គេ​បន្ទាប់​ពី​រដ្ឋាភិបាល​បិទ​KTV​ កា​ស៊ីណូ​ និង​ក្លឹប​កម្សាន្ត​នានា​ដោយ​សារ​ការ​ផ្ទុះ​នៃ​កូវីដ​១៩​ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។​ រូបភាព បញ្ញា ឆព័ណ្ណ

អ៊ុំ​ ម៉ានិត​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ ​ចំណី​អាហារ​និងសេវាកម្ម​កម្ពុជា​​ (CFSWF) បាន​ដឹកនាំ​ក្រុម​បុគ្គលិក​សេវា​កម្សាន្ត​ទាំង​នោះ​ទៅ​ក្រសួង​ការងារ​ដើម្បី​ដាក់​ញត្តិ​ដែល​ត្រូវ​បាន​ផ្តិត​មេដៃ​ដោយ​បុគ្គលិក​ចំនួន​ ៩៩​នាក់​ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង​ការងារ​ផ្តល់​ថវិកាជួយសង្រ្គោះដល់ពួកគេ។

ម៉ានិត​ បាន​និយាយ​ថា​៖​«​ក្រុម​បុគ្គលិក​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​៤០​ដុល្លារ​ក្នុង​មួយ​ខែ​រហូត​ដល់​ស្ថាន​ការណ៍​កូវីដ​១៩​បាន​ធូរ​ស្រាល និង​រហូត​ដល់​កន្លែង​ការងាររបស់​ពួកគេ​បើកឡើង​វិញ​។ ពួក​គេក៏​បាន​ស្នើសុំ​​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​ម្ចាស់​ផ្ទះ​បញ្ចុះ​តម្លៃ​ឈ្នួល​ផ្ទះ​ ថ្លៃ​ទឹក​ ភ្លើង​ ហើយ​ជួយ​ពួកគេ​ទទួល​បាន​ចំណី​អាហារ​ផង​»​។

ម៉ានិត ​បន្ថែម​ថា​៖«​យើង​ស្នើ​សុំ​រដ្ឋាភិបាល​ជួយ​ពួក​គេ​ព្រោះ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ណាស់​»​។​

​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ រដ្ឋា​ភិបាល​បាន​បញ្ជា​ឱ្យ​បិទ​ KTV ក្លឹប​កម្សាន្ត​ រោងកុន​ និង​កាស៊ីណូរហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩​។​

លិខិត​មួយ​របស់​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា​ដែល​ចេញ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​បុគ្គលិក​ប្រហែល​ ៨០០០០​នាក់​ប៉ះពាល់​ដោយ​សារ​ការ​បិទ​នេះ​។

បច្ចុប្បន្ន​រដ្ឋាភិបាល​ឧបត្ថម្ភ​តែ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ​ និង​ទេសចរណ៍​តែ​ប៉ុណ្ណោះ​។​ កម្មករ​រោងចក្រ​ដែល​ត្រូវ​ព្យួរ​ការងារ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​ចំនួន​ ៤០​ដុល្លារ​ និង​៣០​ដុល្លារ​ទៀត​ពី​ម្ចាស់​រោងចក្រ​ដែល​ផ្អាក​ ឬ​បិទ​ទ្វារ​។​

អ្នកស្រី​អ៊ូ​ ទេព​ផល្លីន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា​ មាន​ប្រសាសន៍​ថា​បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​មិន​អាច​រក​ការងារ​ថ្មី​បាន​នោះ​ទេ​ចាប់​តាំ​ង​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​មក​។

អ្នកស្រីបា​ន​និយាយ​ថា៖​«ពួក​គេ​ស្ទើរ​តែ​ទាំង​អស់​មិនមាន​លុយ​សម្រាប់​បង់​ផ្ទះ​ ទឹក​ភ្លើង​ ​ឬ​ទិញ​ចំណី​អាហារ​ទេ​។ ម្ចាស់​ផ្ទះ​មួយ​ចំនួន​បាន​យល់​ព្រម​ឱ្យ​ពួកគេ​ពន្យា​ពេល​បង់​ឈ្នួល​ផ្ទះ​ពីរ​បី​ខែ​»​។

អ្នកស្រី​បាន​កត់​សម្គាល់​ថា​បុគ្គលិក​តិច​តួច​ប៉ុណ្ណោះ​ដែល​អាច​រក​ការងារ​ធ្វើ​បាន​ដូច​ជា​ទៅ​លាង​ចាន​នៅ​តាម​ភោជនីយដ្ឋាន​ ហើយ​ខ្លះ​ទៀត​ទៅ​រើស​អេតចាយ​។

អ្នកស្រី​ ទេព​ផល្លីន​ បាន​បន្ថែម​ថា​ក្រុម​អ្នកស្រី​បាន​ដាក់​ញត្តិ​ម្តង​រួច​ហើយ​ទៅ​កាន់​ក្រសួង​ការងារ​កាល​ពី​ថ្ងៃទី​២៨​ ខែ​ឧសភា​ ឱ្យ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​នេះ​ ប៉ុន្តែ​ក្រសួង​មិន​បាន​ឆ្លើយ​តប​អ្វី​​ទេ​ ទើប​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា​មក​ដាក់​ម្តង​ទៀត​។

លោក​​​ និន​ វណ្ណៈ​ អគ្គលេខា​ធិការ​រង​​នៃ​​គណៈកម្មា​ធិការ​ដោះស្រាយ​កូដកម្ម​នៅ​ក្រសួង​ការងារ​បាន​និយាយ​ថា​លោក​បាន​ទទួល​ញត្តិ​ដែល​ក្រុម​សហជីព​បាន​ដាក់​ជា​លើក​ទី​២​នេះ​ហើយ​។

 លោក​វណ្ណៈ​បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ទទួល​ញត្តិ​ពី​ពួកគេ​ហើយ​។ ខ្ញុំ​នឹង​ផ្ញើ​ញត្តិ​នេះ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ (លោក​ អ៊ិត​ សំហេង​) ដើម្បី​ពិចារណា​»​។​

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​​បញ្ហា​នេះ​។

ស្រប​ពេល​ជាមួយ​គ្នា​​នេះ​​បុគ្គលិក​​ខារ៉ាអូខេ កំពុង​​បន្ត​​ព្យាយាម​​​ផ្គត់​​ផ្គង​​គ្រួសារ​​ឬ​ស្វែង​​រក​​ការងារ​។

អ្នកស្រី​ ម៉ុន​ ប៊ុនហេង​ អាយុ​៣៦​ បុគ្គលិក​បម្រើ​ការងារផ្នែករត់តុ​នៅ​ KTV ​​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​គាត់​​បាន​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​អស់​រយៈពេល​​៥​ឆ្នាំ​មក​ហើយ​ មុន​ពេល​​ដែល​​កន្លែង​នោះបា​ន​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​រដ្ឋាភិបាល​កាល​ពី​ខែ​មីនា​។ អ្នកស្រី​និង​ស្វាមី​មាន​កូន​៣​នាក់​ ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ព្យាយាម​​រក​លុយ​សម្រាប់​ហូប​តែ​មួយ​ពេលៗ​ និង​​បង់​ថ្លៃ​ផ្ទះ​ និង​ទឹក​ភ្លើង​។

អ្នកស្រី​ ប៊ុន​ហេង​ បាន​និយាយ​ប្រាប់​ថា​៖«ចាប់​តាំង​ពី​កន្លែង​ធ្វើការ​របស់​ខ្ញុំ​បាន​បិទ​មក​ គ្រួសារ​ខ្ញុំ​បាន​ជួប​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​រក​ការងារ​ផ្សេង​បាន​ធ្វើ​ ហើយ​ស្រប​ពេល​ហ្នឹង​ប្តី​ខ្ញុំ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ក៏​រក​លុយ​ពី​ការរត់ម៉ូឌុបអត់​បាន​ដែរ​ព្រោះ​តែ​បញ្ហា​កូវីដ​១៩​ហ្នឹង​»​។​

អ្នកស្រី​បាន​បន្ថែម​ថា​តាំង​ពី​មិន​មាន​ការងារ​ធ្វើ​មក​ អ្នកស្រី​និង​ស្វាមី​បាន​ខ្ចី​លុយ​ពី​មិត្ត​ភក្រ​ចំនូន​១០០០​ដុល្លារ​។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖​«ខ្ញុំ​ស្នើ​សូម​ឱ្យ​រដ្ឋាភិបាល​ និង​សម្តេច​ ហ៊ុន​ សែន​ មេត្តា​ជួយ​ឧបត្ថម្ភ​ពួក​យើង​ផង​»​។

អ្នកស្រី ​ប៊ុន​ ហ៊ីវ​ អ្នក​កាន់​បន្ទប់​ក្នុង​ KTV ​មួយ​នៅ​ភ្នំពេញ​ បាន​ប្រាប់ ​ខេម​បូចា ​ថា​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ ​KTV ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ អ្នកស្រី​មិន​ទាន់​រក​ការងារ​បាន​នៅ​ឡើយ​ទេ​ ហើយ​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​។

អ្នកស្រី​បាន​ប្រាប់​ថា៖​«ខ្ញុំ​​បាន​ត្រលប់​ទៅ​នៅ​ជា​មួយ​បងស្រី​ខ្ញុំ​​នៅ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ វិញ​ ព្រោះតែខ្ញុំ​​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ និង​ទឹក​ភ្លើង​។ ខ្ញុំ​​គ្មាន​ទាំង​លុយ​ទិញ​ម្ហូប​ផង​រាល់​ថ្ងៃ​នេះ​»​។​

អ្នកស្រី​និយាយ​ថា​អ្នកស្រី​ត្រូវ​ការ​ប្រាក់​ដើម្បី​ទំនុក​បម្រុង​កូន​របស់​ខ្លួន​ ប៉ុន្តែ​ថា​ពេល​នេះ​អ្នកស្រី​គ្មាន​ចំណូល​អ្វី​សោះ​។

អ្នកស្រី​និយាយ​ថា៖​«ខ្ញុំ​បាន​ព្យាយាម​រក​ការងារ​ផ្សេង​ដែរ​ តែ​រក​មិន​បាន​។​ អ៊ីចឹង​ហើយ​ខ្ញុំ​​កំពុង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវភាព​រស់​នៅ​ ព្រោះ​ខ្ញុំ​​ក៏​អត់​មាន​ផ្ទះ​ដែរ​»​។​

អ្នកស្រី​បាន​ស្នើ​ថា​៖«​សូម​សម្តេច​នាយក​រដ្ឋមន្រ្តី​ ជួយ​ពួក​យើង​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ​​ព្រោះ​ថា​ពួក​យើង​កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ​។​

អ្នក​ធ្វើ​ការ​ក្នុង​ KTV ​​ម្នាក់​ទៀត​ដែល​ប្រាប់​ឈ្មោះ​ត្រឹម​តែ​លីណា​ អាយុ​២៨​ឆ្នាំ​ បាន​និយាយ​ថា​នាង​ក៏​មិន​អាច​រក​ការងារ​ថ្មី​បាន​ធ្វើ​ ហើយ​ក៏​គ្មាន​ប្រាក់​បង់​ថ្លៃ​បន្ទប់​​របស់​គាត់ដែរ​នៅ​ខណ្ឌ​សែន​សុខ​បាន​​នោះ​ទេ​។​​ គាត់​បាន​បន្ថែម​ថា​ស្ថានភាព​ជីវភាព​គាត់​កាន់​តែ​អាក្រក់​ជាង​គេ​បន្តិច​ថែម​ទៀត​ ព្រោះ​ថា​កាល​ពី​ខែ​មករា​ ឪពុក​ម្តាយ​របស់​គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​១៥០០​ដុល្លារ​ឱ្យ​គាត់​ ដោយ​គាត់​សង្ឍឹម​ថា​អាច​រក​សង​វិញ​បាន​។​

លីណា​ បាន​ប្រាប់​ថា​៖«​ខ្ញុំ​បាន​សុំ​ឱ្យ​ឪពុក​ម្តាយ​ខ្ញុំ​ខ្ចី​លុយ​ពី​ធនាគារ​ព្រោះ​យើង​អត់​ដឹង​ថា​កូវីដ​១៩​អាច​នឹង​រីក​រាល​ដាល​នៅ​កម្ពុជា​ទេ​»​។​ លីណា​បាន​ឱ្យ​ដឹង​ទៀត​ថា​ទាំង​ម្ចាស់​ផ្ទះ​ជួល​ និង​ធនាគារ​សុទ្ធ​តែ​បដិសេធ​សំណើ​សុំ​ពន្យា​ពេល​បង់​ប្រាក់​ និង​សង​កម្ចី​។​

លោក​ ប៉ា​ ចន្ទរឿន​ នាយក​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ឧបត្ថម្ភ​ដល់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​កូវីដ​១៩​។​

លោក​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​គាំទ្រ​សំណើ​របស់​ពួកគេ​ដើម្បី​ស្វែង​រក​នូវ​ដំណោះស្រាយ​។ អ៊ីចឹង​រដ្ឋាភិបាល​គួរ​ជួយ​ដោះស្រាយ​​បញ្ហា​សម្រាប់​ពួកគេ​»​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​​លោក​បាន​និយាយ​ថា​លទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ខុស​ពី​រដ្ឋាភិបាល​លោក​ខាង​លិច​និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​មាន​លទ្ធភាព​ជួយ​ពលរដ្ឋ​ទាំង​អស់​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​។​ លោក​បាន​លើក​ឡើង​ទៀត​ថា​មិន​ដូច​នៅ​អូស្ត្រាលី​ ឬ​អាមេរិក​ទេ​ កម្ពុជា​មិន​មាន​របាយ​ការណ៍​ពី​ចំនួន​​អ្នក​ដែល​រងផល​ប៉ះពាល់​ប៉ុន្មាន​នាក់​នោះ​ទេ​ ដែល​ពួក​គេ​ទាំងនោះ​គួតែ​ត្រួវ​ទទួល​បាន​ការ​ជួយ​ពី​រដ្ឋា​ភិបាល​។​

លោក​មាន​ប្រសាសន៍​ថា​៖«​ជាទូទៅ​ ពលរដ្ឋ​ណា​ដែល​​កំពុង​ប្រឈម​​បញ្ហា​លំបាក​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​រស់នៅ​គួរតែ​អាច​ពឹង​ផ្អែក​លើ​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​​»​៕​

15 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »