រដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងចំនួនពីរដុល្លារ ដោយឡើងដល់ ១៩២ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ ២០២១។ សេចក្តីសម្រេចនេះបានធ្វើឲ្យសហជីព និងនិយោជកមិនសូវពេញចិត្តនោះទេ បន្ទាប់ពីភាគីទាំងពីរមិនបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំមួយ ដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុម័តប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ដុល្លារសម្រាប់ឆ្នាំ ២០២១ ដោយមិនបានដំឡើងលើសឆ្នាំ ២០២០នោះទេ បន្ទាប់ពីមានការចរចាមួយ ដែលក្នុងនោះសហជីពបានទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាជិត ១២ដុល្លារ ហើយនិយោជកស្នើសុំឲ្យមានការកាត់បន្ថយចំនួន ១៧ដុល្លារ។ ក្រោយមក រដ្ឋាភិបាលបានសម្រេចថា ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។
ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះគឺជា ការដំឡើងដ៏ទាបបំផុតមួយ ចាប់តាំងពីប្រាក់ឈ្នួលអប្បបមាមិនមានការផ្លាស់ប្តូររវាងឆ្នាំ ២០១០ និងឆ្នាំ ២០១៣។ នៅក្នុងការចរចាកាលពីឆ្នាំមុន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានព្រមព្រៀងលើការដំឡើងចំនួន ៨ដុល្លារ។
កិច្ចពិភាក្សាចម្រុះត្រីភាគីត្រូវបានធ្វើឡើងកាលថ្ងៃទី០៣ និងថ្ងៃទី០៩ ខែកញ្ញា រវាងសមាជិកក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងចំនួន ១៧នាក់ មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ក្រុមសហជីព និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភក្សាចម្រុះត្រីភាគីចេញលទ្ធផលព្រមព្រៀងជាឯកច្ឆន្ទចំពោះប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ដុល្លារសម្រាប់ឆ្នាំ ២០២១ ដោយគិតបញ្ចូលពីសម្ពាធសេដ្ឋកិច្ច បង្កឡើងដោយការរាតត្បាតជំងឺកូវីដ១៩ នៅលើសាកលលោកមកលើឧស្សាហកម្មកាត់ដេរ ដែលនាំឲ្យមានកង្វះខាតវត្ថុធាតុដើម និងការបញ្ជាទិញធ្លាក់ចុះយ៉ាងគំហុក។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «ខ្ញុំបានថ្លឹងថ្លែងគម្លាតរវាងភាគីទាំងពីរ ហើយខ្ញុំជ្រើសយកជំហរកណ្តាល ដោយជ្រើសយកតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារ ដែលតួលេខនេះទទួលបានការព្រមព្រៀងជាឯកច្ឆន្ទ»។
លោកបានបន្ថែមថា មានតួលេខផ្សេងទៀតផ្តល់ឲ្យដោយនយោជក និងសហជីពអំឡុងពេលកិច្ចពិភាក្សានោះ ហើយបន្ទាប់ពីយល់ព្រមថា ពួកគេមិនអាចដោះស្រាយលើបញ្ហាកំណត់ប្រាក់ឈ្នួលអប្បបរមាបានទេ សហជីព និងភាគីរោងចក្របានព្រមព្រៀងទុកសេចក្តីសម្រេចនេះឲ្យមករដ្ឋមន្រ្តីក្រសួងការងារ។
លោក អ៊ិត សំហេង ថ្លែងថា បន្ទាប់មក លោកបានបញ្ជូនរបាយការណ៍ពីសេចក្តីសម្រេចរបស់លោកលើប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ដុល្លារទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីក៏បានសម្រេចបន្ថែមពីរដុល្លារពីលើទៀត ហើយការដំឡើងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «វាពិតជាលំបាក ប៉ុន្តែវានៅតែអាចមានភាពវិជ្ជមាន ទោះបីជាមានការដំឡើងតិចតួច» ដោយបន្ថែមថា ភាគីទាំងបីបានបង្ហាញនូវភាពអត់ធ្មត់ និងយោគយល់គ្នាអំឡុងពេលការចរចា។ លោកបានបន្តថា នាពេលបច្ចុប្បន្ន មានរោងចក្រប្រមាណ ១០០ ទៅ១៥០ បានផ្អាកដំណើរផ្នែកខ្លះក្នុង១ថ្ងៃ ដោយធ្វើឲ្យកម្មករចំនួន ៤ម៉ឺនទៅ ៥ម៉ឺននាក់បាត់បង់ការងារ។
លោក អ៊ិត សំហេង បានពន្យល់ថា៖ «ខ្ញុំសូមបញ្ជាក់ថា រោងចក្រផ្អាកដំណើរការ មិនមែនមានន័យថា រោងចក្របិទទ្វារនោះទេ ហើយរោងចក្រមួយចំនួនគ្រាន់តែផ្អាកដំណើរការលើផ្នែកផលិតកម្មមួយចំនួនរបស់ខ្លួនតែប៉ុណ្ណោះ»។
លោកបានបន្ថែមថា ការនាំចេញក៏បានធ្លាក់ចុះពី ១០ ទៅ១៥ភាគរយផងដែរ មកទល់ពេលនេះ។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «ការនាំចេញគឺមិនមានខ្លាំងដូចមុននោះទេ ប៉ុន្តែនេះមិនមែនជាស្ថានភាពអាក្រក់ណាស់ណាទេសម្រាប់កម្ពុជា»។
នៅពេលសួរថាការដកប្រព័ន្ធអនុគ្រោះពន្ធលើ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» របស់សហភាពអឺរ៉ុបបានជះឥទ្ធិពលមកលើសេចក្តីសម្រេចមិនដំឡើងប្រាក់ឈ្នួលអប្បបរមាឬទេ លោករដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង បានមានប្រសាសន៍ថា៖ « ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជាបញ្ហាចោទនោះទេ ពីព្រោះជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ខ្លាំង [មកលើវិស័យកាត់ដេរ]»។
ប្រាក់ឈ្នួលអប្បបរមាបានរ៉ាប់រងទៅលើកម្មករចំនួន ៨សែននាក់ មកពីរោងចក្រជាង ១០០០ នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើង។
ក្រុមមេដឹកនាំសហជីពបានធ្វើកិច្ចប្រជុំផ្ទៃក្នុងមួយ កាលពីថ្ងៃទី២៨ ខែសីហា ដើម្បីជ្រើសរើសការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលខ្លួនចង់បាន ដោយព្រមព្រៀងលើការដំឡើងចំនួន១១.៥៩ ដុល្លារអាមេរិក ដោយតួលេខនេះស្រដៀងនឹងសំណើដែលបានធ្វើកាលពីឆ្នាំមុនៗ ហើយស្មើនឹងការដំឡើងចំនួន ៦,១ ភាគរយ។ តំណាងនយោជកម្នាក់បាននិយាយ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី០៣ ខែកញ្ញាថា ភាគីនិយោជកនឹងរង់ចាំរហូតដល់ថ្ងៃចុងក្រោយដើម្បីបញ្ចេញនូវតួលេខ ដែលខ្លួនស្នើឡើង។
លោក ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បាននិយាយថា ការឈានទៅដល់ការព្រមព្រៀងលើថ្លៃប្រាក់ឈ្នួលអប្បបរមាគឺជា រឿងលំបាកមួយ។
លោក ណាង សុធី មានប្រសាសន៍ថា៖ «វាជាការលំបាកសម្រាប់នយោជក។ ប៉ុន្តែនៅក្នុងស្មារតីភាតរភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី [ហ៊ុន សែន] ការបង្ហាញនូវសាមគ្គីភាព ទោះបីជាពេលនេះមានវិបត្តិជំងឺកូវីដ យ៉ាងណា និយោជក និយោជិត និងរដ្ឋាភិបាល ជាចង្កោមតែមួយ»។
ទោះបីយ៉ាងណាក៏ដោយ លោកបានបន្ថែមថា នយោជកនឹងបន្តប្រឈមនឹងការលំបាកនៅឆ្នាំ ២០២១។
លោក ណាង សុធី បាននិយាយថា៖ «វាជារឿងលំបាកមួយ [ដើម្បីទាក់ទាញវិនិយោគិន] ហើយយើងមិនបានឃើញការវិនិយោគទំហំធំដុំនោះទេ ដោយសារតែជំងឺកូវីដ១៩»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា លោកខកចិត្តនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ២ដុល្លារ។
លោកបានមានប្រសាសន៍ថា៖ «យើងមិនពេញចិត្តនឹងតួលេខ ១៩២ដុល្លារសម្រាប់កម្មករនោះទេ។ តួលេខនេះគឺតិចណាស់ ប៉ុន្តែផ្អែកលើស្ថានភាពដូចពេលនេះ យើងក៏ដឹងថា មានការលំបាកផងដែរសម្រាប់ការទាមទាររបស់យើង»។
លោកបានបន្តថា ឆ្នាំ ២០២០នេះពិតជាស្ថានភាពដ៏លំបាកមួយសម្រាប់ការចរចាពីប្រាក់ឈ្នួលអប្បបរមា ដោយសារការគួបផ្សំគ្នារវាងវិបត្តិជំងឺកូវីដ ១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយនៃការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃជិត ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងទៅតាមគណៈកម្មការសហភាពអឺរ៉ុប។
លោក អាត់ ធន់ បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងចាប់ផ្តើមចរចា យើងបានស្នើការដំឡើងចំនួន ១២ដុល្លារ ប៉ុន្តែខាងនយោជកបានស្នើឲ្យកាត់បន្ថយចំនួន ១៧ដុល្លារ»។
លោកអាត ធន់បានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរមកលើវិស័យកាត់ដេរនៅឡើយទេ ហើយលោកបានបន្តថា នៅក្នុងកិច្ចប្រជុំ ក្រសួងបានជំរុញឲ្យតំណាងរោងចក្រផលិតនូវផលិតផលណាដែលមិនរងការប៉ះពាល់ដោយសារការប្រថាប់ពន្ធ។
អ្នកស្រី អេង លុយ អាយុ ៤១ឆ្នាំ នយោជិត និងមេដឹកនាំសហជីពមួយរូបនៅរោងចក្រ Estext ក្នុងក្រុងភ្នំពេញ ដែលបានចូលរួមនៅក្នុងការចរចាផងដែរ បាននិយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួនពីរដុល្លារគឺ «តិចតួចណាស់» ហើយការដំឡើងនេះមិនអាចជួយលើកកម្ពស់ជីវភាពរបស់កម្មករនោះទេ។ ជាពិសេសអ្នកដែលរងការប៉ះពាល់ខ្លាំងដោយសារការបិទ ឬផ្អាកដំណើរការរបស់រោងចក្រ។
អ្នកស្រីបាននិយាយថា៖ «យើងយល់ព្រមជាមួយនឹងប្រាក់ឈ្នួលនាពេលបច្ចុប្បន្ន ពីព្រោះថា ជាសំណាងល្អដែរ ដែលប្រាក់ឈ្នួលមិនត្រូវបានកាត់បន្ថយដូចអ្វីដែលនយោជកបានស្នើឡើង» ដោយបន្ថែមថា តំណាងនយោជកបានស្នើឲ្យមានការកាត់បន្ថយប្រាក់ខែកម្មករចំនួន ២០ភាគរយ។
អ្នកស្រីបានបន្តថា៖ «តាមពិតទៅ កម្មករមិនសប្បាយចិត្តនោះទេ ប៉ុន្តែយើងត្រូវយល់ពីស្ថានភាពនាពេលបច្ចុប្បន្ន»។
អ្នកស្រីបានលើកឡើងថា ដើម្បីឲ្យកម្មករមានជីវភាពប្រសើរជាងមុន ប្រាក់ខែពី២៥០ ទៅ៣០០ដុល្លារ គឺទើបជាប្រាក់ខែសមរម្យ។
កម្មករមួយរូបទៀតឈ្មោះ ឆេង ហេង ធ្វើការនៅរោងចក្រ Top Silver Factory ក្នុងខេត្តព្រៃវែង ក៏យល់ស្របនឹងក្តីព្រួយបារម្ភរបស់អ្នកស្រី អេង លី ផងដែរ ដោយលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះគឺតិចតួចពេក និងមិនអាចជួយបំពេញនូវការចំណាយទូទៅរបស់នាងបានទេ។
ឆេង ហេង បាននិយាយថា៖ «ឥឡូវនេះ ម្ហូបអាហារក៏ថ្លៃ ហើយត្រូវបង់ថ្លៃជួលផ្ទះ និងថ្លៃភ្លើងថែមទៀតផង»។
លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បដិសេធមិនធ្វើការអធិប្បាយនៅពេលលោកត្រូវបានសួរនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីកិច្ចប្រជុំចប់។ ចំណែក លោក កាំង ម៉ូនីកា អនុប្រធានសមាគមកាត់ដេររោងចក្រកាត់ដេរនៅកម្ពុជា មិនទាក់ទងសុំយោបល់បាននោះទេ៕