សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករ​ខ្មែរ​មួយក្រុមទៀត​វិលត្រឡប់​ពី​ប្រទេស​ហ៊្សកដានី និង​រិះគន់​លក្ខខណ្ឌ​ការងារ​នៅ​ទី​នោះ​​

ពលករ​ខ្មែរ​​ឈរ​ថត​រូប​ជា​ក្រុម​ក្នុង​​រូប​ថត​មួយ​បង្ហោះ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​សង់ត្រាល (Central) ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា បន្ទាប់​ពី​ពលករ​ទាំង​នេះ​បាន​មក​ដល់​អាកាសយានដ្ឋាន​​មួយ​នៅ​ប្រទេស​ហ្ស៊កដានី។

ក្រុម​ពលករ​ចំណាកស្រុក​​កម្ពុជា​ទី​ពីរ​បាន​​វិលត្រឡប់​មក​ពី​ប្រទេស​ហ្ស៊កដានី​វិញ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ខណៈដែលកម្មករ​មកពីរោងចក្រកាត់ដេរ​ចំនួន​ពីរ​នៅ​ប្រទេស​នោះ​បាន​រំឭក​ពី​លក្ខខណ្ឌ​ធ្វើការ​ដ៏​លំបាក​ដែល​ពួកគេ​បាន​ជួប​ប្រទះ។ ​លក្ខខណ្ឌ​ការងារ​នោះ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរការ និង​កាត់បន្ថយ​ប្រាក់កម្រៃ​កម្មករ​កាល​ពី​ដើម​ឆ្នាំ​នេះ។​​

អឿន ស្រីណា ពលករ​ចំណាកស្រុក​វ័យ ២៥​ឆ្នាំ​ម្នាក់​ ដែល​ឥឡូវ​នេះ​ កំពុង​ស្នាក់នៅ​ដាច់​ដោយ​ឡែក​នៅ​ស្រុក​កំណើត​របស់​នាង​ក្នុង​ស្រុក​កំពង់ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា​ថា នាង​បាន​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ Camel Textile ក្នុង​ក្រុង Al-Karak ប្រទេស​ហ្ស៊កដានី​ អស់រយៈពេល​​ពីរ​ឆ្នាំ​កន្លះ​។ នាង​បាន​បន្ត​ថា នាង​រក​បាន​ការងារ​នៅ​រោងចក្រ​នោះ​តាមរយៈ​រោងចក្រ​ឈ្មោះ Lotus នៅ​កម្ពុជា ដែល​មាន​ដៃគូ​ជាមួយ​នឹង​រោងចក្រ​ Vega និង​រោងចក្រ​ Camel Textile កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន​។

ស្រីណា​បាន​និយាយ​ថា៖ «កិច្ចសន្យារបស់ខ្ញុំត្រូវបានផ្តាច់មួយខែ មុនពេលខ្ញុំត្រឡប់មកកម្ពុជាវិញ» ដោយ​បន្ថែម​ថា ជំងឺ​កូវីដ១៩ បាន​ចាប់​ផ្តើម​រាលដាល​នៅ​ប្រទេស​ហ្ស៊កដានី​ កាល​ពី​ដើម​ឆ្នាំ​នេះ  ហើយ​នាង និង​ពលករ​ចំណាកស្រុក​ដទៃ​ទៀត​ត្រូវ​បាន​ផ្អាក​ការងារ​អស់រយៈពេល​បី​ខែ​ចាប់​​ពី​ខែ​មីនា​រហូត​ដល់​ខែ​មិថុនា។​ នាង​​និង​ពលករ​មួយ​ចំនួន​ទៀត​ពី​កម្ពុជា​ត្រូវ​បាន​ផ្តល់​សំណង​ចំនួន ៥០​ភាគរយ​នៃ​ប្រាក់ខែ​របស់​ពួកគេ​សម្រាប់​រយៈពេល​បី​ខែ​នោះ។​

ទោះ​បី​ជា​ត្រូវ​បាន​ស្នើ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការវិញ​ក៏ដោយ កិច្ចសន្យា​របស់​នាង​ត្រូវ​បាន​បញ្ចប់​កាល​ពី​ខែ​សីហា ដូចគ្នា​នឹង​កិច្ចសន្យា​របស់​ពលករ​ខ្មែរ​ជាង ២០​នាក់​ផ្សេង​ទៀត​ផងដែរ។

ក្រុម​ពលករ​ខ្មែរ​ចំនួន ២៨​នាក់ ដែល​​ធ្វើការ​នៅ​រោងចក្រ​ Camel Textile និង​រោងចក្រ​ Vega Textile មិន​ទទួល​បាន​​ការងារ​មក​វិញ​នោះ​ទេ បន្ទាប់​ពី​រោងចក្រ​បាន​ផ្អាក​ដំណើរការ​កាល​ពី​ខែមីនា ហើយ​ត្រូវ​ត្រឡប់​មក​កម្ពុជា​​វិញ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ដោយ​មិន​ទទួល​បាន​ប្រាក់ឈ្នួល​អស់រយៈពេល​ជា​ច្រើន​ខែ។ ​

ខណៈ​ពេល​កំពុង​ធ្វើការ​នៅ​ប្រទេស​ហ្ស៊កដានី ស្រីណា​ ទទួល​បាន​ប្រាក់​ខែពី​ ២០០​ទៅ​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ទំហំ​ប្រាក់​ខែ​នេះ​គឺ​ ស្រដៀង​ទៅ​នឹង​ប្រាក់​ខែ​ដែល​នាង​រក​បាន​ពី​ពេល​មុន​មក​ អំឡុង​ពេល​ធ្វើការ​នៅ​រោងចក្រ​នៅ​កម្ពុជា ប៉ុន្តែ​ក្រោម​លក្ខខណ្ឌ​ការងារ​អាក្រក់​ជាង​នេះ​នៅ​ប្រទេស​ហ្ស៊កដានី។

នាង​បាន​និយាយ​ថា៖ «ខ្ញុំបានធ្វើការដោយមិនមានម៉ោងសម្រាក ហើយខ្ញុំត្រូវមកដល់រោងចក្រនៅម៉ោងនិង៤០នាទីព្រឹក។ ការងារចាប់ផ្តើមនៅម៉ោងព្រឹក ប៉ុន្តែ​​ប្រសិនបើយើងមកដល់នៅម៉ោង៦និង៥០នាទីព្រឹក ខាងរដ្ឋបាលរោងចក្រនឹងព្រមានយើង ហើយមិនអនុញ្ញាតឲ្យយើងចូលធ្វើការទេ។ពួកគេប្រើកម្មករដូចគោអ៊ីចឹង»

ស្រីណា ​បាន​បន្ត​ថា ​អ្នក​គ្រប់គ្រង​តម្រូវ​ឲ្យ​កម្មករ​នយោជិត​ធ្វើការ​រហូត​ដល់​ម៉ោង ១២ និង​៣០​នាទី​ ឬ​ ១២ និង​៥០​នាទី​ រសៀល។ នៅ​ពេល​ខ្លះ​កម្មករ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​ទទួលទាន​អាហារ​​ថ្ងៃត្រង់​តែ​ ០៥ ទៅ​១០​នាទី​ប៉ុណ្ណោះ មុន​ពេល​ត្រឡប់​មក​ធ្វើការ​វិញ ហើយ​ពួកគេ​ត្រូវ​ធ្វើការ​រហូត​ដល់​ហួស​ម៉ោង​ប្រាំ​ល្ងាច។ ​

នាង​បាន​និយាយ​ថា៖ «ចាប់តាំងពីការកើតមានការរាតត្បាតជំងឺកូវីដ១៩មក ទោះបី​​ជាខ្ញុំបានធ្វើការបន្ថែមម៉ោងក៏ដោយ ក៏ម្ចាស់រោងចក្រមិនបានបង់ថ្លៃប្រាក់ឈ្នួលសម្រាប់ម៉ោងបន្ថែមដែរ»

នៅ​ពេល​ឈប់​ធ្វើការ​​ ខាង​រោងចក្រ​បាន​ផ្តល់​ប្រាក់​សរុប​ចំនួន ៩០០​ដុល្លារ​ ដើម្បី​បំពេញ​ថ្លៃ​​ធានារ៉ាប់រង និង​ប្រាក់​ឧបត្ថម្ភ​ដទៃ​ទៀត​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ដល់​​ស្រីណា​​។ ប៉ុន្តែ​ ស្រីណា​បាន​និយាយ​ថា អង្គការ​ការពារ​សិទ្ធិ​ពលករ​ហៅ​កាត់​ថា សង់ត្រាល (Central) ​នៅ​កម្ពុជា បាន​ជួយ​​អន្តរាគមន៍​​ដោយ​ចរចា​ជាមួយ​នឹង​ម្ចាស់​រោងចក្រ​ ដើម្បី​ធានា​ថា រោងចក្រ​នឹង​បង់ប្រាក់​ឲ្យ​បាន​គ្រប់​ចំនួន​ បន្ទាប់​ពី​បាន​បដិសេធ​មិន​ផ្តល់​ប្រាក់​ធានារ៉ាប់រង​កាល​ពី​ដំបូងឡើយ។

ស្រីណា​បាន​លើកឡើង​ថា នាង​មិន​លើក​ទឹកចិត្ត​ឲ្យ​ពលករ​ខ្មែរ​ដទៃ​​ទៀត​ទៅ​ធ្វើការ​នៅ​ប្រទេស​ហ្ស៊កដានី​នោះទេ​ ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​នៅ​ទី​នោះ​គឺ ​មិន​អាច​​ទទួល​យក​បាន។

ស្រីណា​បាន​និយាយ​ថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរទាំងអស់ សូមកុំទៅធ្វើការនៅទីនោះ ពីព្រោះពួកគេប្រើឲ្យកម្មករធ្វើការលើសម៉ោងកំណត់។ ខ្ញុំគិតថា ការងារនៅទីនោះគឺលំបាកជាងនៅស្រុកខ្មែរ»

​ទាំង​រោងចក្រ​ Vega Textile និង​រោងចក្រ​ Camel Textile ស្ថិត​នៅ​ក្រោម​កម្មសិទ្ធិ​ក្រុមហ៊ុន​ធំ​មួយ​ទៀត​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​រោងចក្រ​ចំនួន​ពីរ​ទៀត​នៅ​កម្ពុជា​ រួម​មាន​ រោងចក្រ​ Optimum Fashion Manufacturing Co., Ltd នៅ​ខេត្ត​កំពង់​ស្ពឺ និង​រោងចក្រ U.I.C Apparel Manufacturing Co., Ltd នៅ​ខណ្ឌ​ពោធិ៍សែនជ័យ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​ដោយ​អង្គការ​សង់ត្រាល​កាល​ពី​ខែ​កក្កដា។ ​

យោង​ទៅ​តាម​អង្គការ​សង់ត្រាល កម្មករ​កាត់ដេរ​កម្ពុជា​ជាង ៣០០​នាក់​ បាន​ទៅធ្វើការ​ប្រទេស​ហ្ស៊កដានី​ កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន​តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​នឹង​រោងចក្រ​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា Lotus ប៉ុន្តែ​ពលករ​ភាគច្រើន​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ នៅ​ពេល​រោងចក្រ​បាន​បិទ។

សួន ស៊ីណា ​អាយុ ៤០​ឆ្នាំ ពលករ​ចំណាកស្រុក​មួយ​រូប​ទៀត​ ដែល​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា បាន​និយាយ​ថា អ្នកស្រី​បាន​ទៅ​ប្រទេស​ហ្ស៊កដានី​ចំនួន​ពីរ​លើក​ដើម្បី​ធ្វើការ ហើយ​បាន​វិលត្រឡប់​មក​វិញ​​ក្រោយ​ពី​បាន​ធ្វើ​ការ​អស់​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់​ពី​អ្នកស្រី​បាន​ទៅ​ធ្វើការ​លើក​ដំបូង។​​

អ្នកស្រី ស៊ីណា បាន​ថ្លែង​​ប្រាប់ ខេមបូចា តាម​ទូរសព្ទ​ពី​ស្រុក​កំណើត​របស់​អ្នកស្រី​ពី​ស្រុក​សំរោងទង​ក្នុង​ខេត្ត​កំពង់ស្ពឺ​ថា៖ «ឥឡូវនេះ ខ្ញុំបានវិលត្រឡប់មកកម្ពុជាវិញ ដោយសារតែរោងចក្របានដូរម្ចាស់ ហើយពួកគេ​​មិនបានផ្តល់កិច្ចសន្យាការងារថ្មីឲ្យខ្ញុំ»។ ​

អ្នកស្រី​​​​គិត​ថា លក្ខខណ្ឌ​ធ្វើការ​​នៅ​ទីនោះ​គឺ​ គួរ​សម ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា កម្មករ​នយោជិត​ដទៃ​ទៀត​ប្រឈម​នឹង​ការ​លំបាក​ ពីព្រោះ​តែ​ម្ចាស់​រោងចក្រ​ជំរុញ​ឲ្យ​កម្មករ​ប្រជែង​គ្នា​ ដើម្បី​រក​ថា អ្នកណា​អាច​ផលិត​បាន​ច្រើន​ជាង​គេ។ អ្នក​គ្រប់គ្រង​តាម​​ផ្នែក​នឹង​ផ្តល់​រង្វាន់​ដល់​កម្មករ​ណា​ ដែល​អាច​ផលិត​បាន​បរិមាណ​ច្រើន​ជាង​គេ ហើយ​អ្នក​ដែល​មិន​សម្រេច​គោលដៅ​​​កំណត់​ឲ្យ​ត្រូវ​បាន​ស្តី​បន្ទោស។ ​

អ្នកស្រី​ស៊ីណា ​បាន​បន្ត​ថា៖ «ពលករភាគច្រើនចង់វិលត្រឡប់មកកម្ពុជាវិញ ពីព្រោះពួកគេ​​ភ័យខ្លាចពីការត្រូវរារាំងមិនឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែជំងឺកូវីដ ១៩»

អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​ទទួល​បាន​ប្រាក់​​​ឧបត្ថម្ភ​បន្ថែម​ចំនួន ១​ពាន់​៣​រយ​ដុល្លារ​អាមេរិក​សម្រាប់​ការ​ធ្វើការ​រយៈពេល​បួន​ឆ្នាំ​នៅ​រោងចក្រ​នៅ​ប្រទេស​ហ្ស៊កដានី។ ​

លោក​ ឃុន ថារ៉ូ ​មន្រ្តី​សម្របសម្រួល​ផ្នែក​​កម្មវិធី​ប្រចាំ​នៅ​អង្គការ​សង់ត្រាល់ បាន​និយាយ​ថា ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ហ្ស៊កដានី​ ដោយ​មិន​មាន​អនុស្សារណៈ​យោគយល់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ហ្ស៊កដានី ​គឺ​ជា រឿង​ខុសច្បាប់។

​លោក​ថារ៉ូ​ បាន​មាន​ប្រសាសន៍​ថា៖ «យើងចង់ឲ្យក្រសួងការងារ និងក្រសួងការបរទេស ធ្វើការវាយតម្លៃឡើងវិញថាតើពលករកម្ពុជាគួរតែត្រូវបានអនុញ្ញាតឲ្យ​​ធ្វើការនៅប្រទេសហ្ស៊កដានីទេ»

លោក​បាន​បន្ត​​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ និង​តាមដាន​ទីភ្នាក់ងារ​ ឬ​ក្រុមហ៊ុន​ដៃ​គូ ដែល​បញ្ជូន​ពលករ​ទៅ​ប្រទេស​ហ្ស៊កដានី និង​​ប៉ាន​ប្រមាណ​ថា នៅ​មាន​ពលករ​ខ្មែរ​ប្រមាណ​ ២៧​​នាក់​ទៀត​​កំពុង​ធ្វើការ​នៅ​ប្រទេស​ហ្ស៊កដានី​នៅ​ឡើយ។

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ កុយ គួង និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ​ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា៕

131 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម