សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋ​កម្ពុជា​ត្រលប់​មក​ពី​ថៃ​វិញ​ព្រោះ​តម្រូវ​​ការងារ​មាន​តិច​

អ្នកស្រី នួន សារឿន ពលករ​ចំណាក​ស្រុក​ បាន​ជាប់​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជា​ច្រើន​ខែ​អំឡុង​ពេល​មាន​​ការ​បិទ​ប្រទេស​ដោយសារ​កូវីដ១៩​ ក្រោយ​ពេល​រោងចក្រ​ស្បែក​ជើង​របស់​គាត់​បាន​​បិទ​ទ្វារ​។

ពេល​សម្លេង​ទូរសព្ទ​ហៅ​ចូល​មក​អ្នក​ស្រី​ នួន​ សារឿន​ កូន​ប្រុស​តូច​របស់​គាត់​បាន​លើក​វា​ហើយ​ក៏​បាន​ហុច​ទៅ​ឱ្យ​​អ្នក​ស្រី ​ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​ក្នង​គ្រួសារ​ជជែក​គ្នា​លឺៗ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។ ថ្ងៃ​​ដែល​​មើល​ទៅ​ហាក់​បី​ដូច​ជា​ថ្ងៃ​ធម្មតា​ដែល​​ចំណាយ​ពេល​​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់​​បាន​ក្លាយ​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​បន្ទាប់​ពី​អ្នក​ស្រី​ សារឿន ​វ័យ​ ៤​០​ឆ្នាំ ដែល​​បាន​​ជាប់​គាំង​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កំឡុង​ពេល​​មាន​ការ​បិទ​ប្រទេស​នេះ​ព្រោះ​តែ​ជំងឺ​កូវីដ១៩​។ ទី​បំផុត​អ្នក​ស្រី​សារឿន​ក៏​បាន​ជួប​ជុំ​គ្រួសារ​អ្នក​ស្រី​វិញ​​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​។

អ្នកស្រី​សារឿន​ ជា​ពលករ​ខ្មែ​រ​ម្នាក់​ក្នុង​ចំណោម​ពលករ​ខ្មែ​រ​រាប់​ម៉ឺន​នាក់​ដែល​បាន​ជាប់​នៅ​ក្នុង​ប្រទេស​ថៃអំឡុង​បិទ​ប្រទេស​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​១៨​ ខែ​មីនា​ ខណៈ​ប្រទេស​នេះ​ព្យាយាម​ទប់​ស្តាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩​។គិត​ត្រឹម​ថ្ងៃ​ទី​៩​ ​​ខែ​មិថុនា​ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ចំនួ​ន​ ៣១២១​នាក់​។​​

យោង​តាម​ក្រសួង​ការងារ​ និង​សកម្មជន​ពលករ​ចំណាក​ស្រុក​ ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​បាន​លួច​ចេញ​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង​ខុស​ច្បាប់​ ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​ពី​ការ​បិទ​ប្រទេស​នេះ​ដែល​​ជា​ហេតុ​ធ្វើឱ្យ​កម្មករ​បាត់​បង់​ការងា​រ​។

អ្នកស្រី​ សារឿន​ បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែក​ជើង​មួយ​ក្នុង​ខេត្ត​ឈុន​បុរី ​​ប្រហែល​៧​ឆ្នាំ​ មុន​ពេល​ដែល​​រោងចក្រ​នោះ​បាន​បិទ​កាល​ពី​ខែ​វិច្ឆិកា​ ពោល​គឺ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​មុន​ពេល​កូវីដ​១៩​ បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​។ ដោយសារ​តែ​អ្នកស្រី​រង់ចាំ​សំណង​ដែល​ភាគី​រោងចក្រ​ជំពាក់​ ទើប​អ្នកស្រី​មិន​អាច​ត្រលប់​ចូល​មក​កម្ពុជា​បាន​វិញ​ភ្លាមៗ​នាពេលនោះ​។

អ្នកស្រី​បាន​រៀប​រាប់​ថា​៖​«ក្រសួង​ការងារ​ថៃ​បាន​មក​រោងចក្រ​ភ្លាមៗ​បន្ទាប់​ពី​បិទ​ ប៉ុន្តែ​យើង​គ្មាន​ឃើញដំណើរ​ការ​អ្វី​ទេ​ (ករណី​ប្រា​​​ក់​ដែល​រោងចក្រ​ជំពាក់​អ្នកស្រី​) រហូត​ដល់​ខែ​មេសា​ និង​​ឧសភា​»។ អ្នកស្រី​បាន​បន្ថែម​ថា​គាត់​ជា​ធម្មតា​ផ្ញើ​ប្រាក់​មក​ផ្ទះ ​១៣០​ដុល្លារ​ក្នុង​មួយ​ខែ​​ឱ្យកូន​របស់​គាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​។

អ្នកស្រី ​សារឿន​ និង​ពលករ​ខ្មែរ​រាប់​ពាន់​ផ្សេង​ទៀត​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ទ​ទួល​បាន​ប្រាក់​ខែ​ល្អ​ប្រសើរបាន​និងកំពុង​ស្វែង​រក​ការងារ​ធ្វើ​​ បន្ទាប់​ពី​រោងចក្រ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្តាល​មក​ពី​កូវីដ​១៩​។​

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ បាន​ប្រាប់​តាម​តេឡេក្រាម​ថា​ចាប់​ពី​ខែ​មីនា​ដល់​ចុង​ខែ​ឧសភា ​ពលករ​ចំណាក​ស្រុក​កម្ពុជា​ប្រមាណ​ ១១​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ពី​កន្លែង​ធ្វើការ​របស់​ពួក​គេ​នៅ​ថៃ​ក្នុង​ចំណោម​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​ ១.២ លាននាក់​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​នោះ​។​

លោក​ ប្រាក់​ ភក្រា្ត​ សកម្មជ​ន​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ដែល​​កាន់​ទំព័រ​ហេ្វសប៊ុក​​ឈ្មោះ​ថា​«ពលករ​» ដែល​ជួយ​ផ្តល់​ព័ត៌មាន​និង​ជំនួយ​ដល់​ពលករ​ខ្មែរ​នៅ​ទីនោះ​ បាន​ប្រាប់​ថា​ព្រោះ​តែ​កូវីដ​១៩​ ពលករ​ខ្មែ​ប្រ​ហែល ​៥៥​ភាគរយ​នៅ​ថៃ​បាន​បាត់​បង់​ការងា​រ​ ហើយ​៣០​ភាគ​រយ​ទៀត​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​អំឡុង​ពេល​ប្រទេស​នេះ​បិទ​​តាម​រយៈច្រង​របៀង​ខុស​ច្បាប់​ដោយ​ត្រូវ​ចំណាយ​យ៉ាង​ថ្លៃ​។ លោក​បាន​បន្ថែម​ថា​ចំនួន​រោងចក្រ​នៅ​ប្រទេស​ដែល​បិទ​គឺ​មិន​មាន​លោក​មិន​ច្បាស់​នោះទេ​ ដោយសារ​តែ​ក្រសួង​ការងារ​ថៃមិន​បាន​ផ្សព្វ​ផ្សាយ​ទិន្ន​ន័យ​នេះ​។

លោក ភក្រា្ត បាន​ប្រាប់ថា​គាត់​បាន​ទទួល​សារ​ហ្វេសប៊ុក​និង​ការ​ហៅទូ​សព្ទ​ចូល​ជា​ច្រើន​ពី​ពលករ​សួរ​នាំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ព្រំដែន​​ និង​កូវីដ១៩ ហើយ​ខ្លះទៀ​ត​បាន​សុំ​រក​ការ​ជួយ​ឧបត្ថម្ភ​ដើម្បី​យក​ទៅ​ទិញ​ម្ហូប​។ លោក​បាន​បន្ត​ថា​ក្នុង​ចំណោម​ពលករខ្មែរ​ ៥៥​ភាគរយ​នៅ​ថៃ​ដែល​​គ្មាន​ការងារ​ជា​ច្រើន​កំពុង​រង់ចាំ​ការ​បើក​ព្រំដែន​ឡើង​វិញ​។​

លោក​​ ភក្រា បា​ន​បន្ត​ថា​៖​«​ខ្ញុំ​គិត​ថា​អ្វី​ដែល​ពួក​គាត់​ចង់​បាន​បំផុត​នោះ​គឺ​ការ​បើក​ព្រំដែន ​ព្រោះ​ថា​ពួក​គាត់​មិន​ចង់​ត្រលប់​ទៅ​កម្ពុជា​វិញ​តាម​រយៈ​ការ​ឆ្លង​ដែន​តាម​ច្រករបៀង​ខុស​ច្បាប់​នោះ​ទេ​។ ពួក​គាត់​ខ្លាច​ថា​(ប្រសិន​បើ​ពួក​គាត់​លួច​ឆ្ល​ងមក​) ពួកគាត់​នឹង​មិន​អនុញ្ញាត​ឱ្យ​ត្រលប់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ទៀត​ទេ​»​។​

លោក​បានប​ន្ថែម​ទៀត​ថា​៖​«​ពលករ​ដែល​​នៅ​ថៃ​កំពុងជួប​នូវ​បញ្ហា​ថ្លៃ​ឈ្នួល​ស្នាក់​នៅ​។ ពួកគេ​​ត្រូវ​ចំណាយលើ​ម្ហូប​អាហារ​  ហើយ​អ្នក​ខ្លះទៀ​ត​នៅ​ជាប់​នៅ​ទី​នេះ​ ព្រោះ​តែ​ឯកសារ​​របស់ពួក​គាត់​ហួស​កំណត់​ អ៊ីចឹង​ហើយ​គាត់​មិន​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ​»​​។​

សម្រាប់​អ្នក​ស្រី​សារឿន​ ការ​វិល​​ត្រលប់​មក​កម្ពុជា​ជា​រឿង​មាន​តម្លៃ​ដែល​ត្រូវ​ចំណាយ​មិន​ស្តាយ​ថា​វា​ជា​ប្រាក់​ ឬ​ក៏កា​រ​បាត់បង់​ឱកាស​ត្រលប់​ទៅ​ធ្វើកា​រ​នៅ​ប្រទេស​ថៃ​វិញ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រី​សម្រច​ចិត្ត​វិល​ចូល​ប្រទេស​វិញ​តាម​ច្រក​របៀងខុស​ច្បាប់​។ អ្នក​ស្រី​បាន​ប្រាប់​ថា​ពេល​នេះអ្នក​ស្រី​ចង់​រក​ការងារ​ធ្វើ​នៅ​ទី​នេះ​វិ​ញ​។

អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​៖​«​ខ្ញុំ​ត្រូ​វ​លក់​ម៉ូតូ​របស់​ខ្ញុំ​ដើម្បី​មាន​លុយ​ជិះ​រថយន្ត​ត្រលប់​មក​ខ្មែរ​វិញ​ ម៉ូតូ​ដែល​ខ្ញុំ​បាន​ទិញ​ជិះ​ទៅ​ធ្វើ​ការ​នោះ​មាន​តម្លៃ​១​ម៉ឺន​​បាត​ (៣២០ដុល្លារ) ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​លក់​វា​ក្នុង​តម្លៃ​ប្រហែល​៥០០០​បាត​(១៦០ដុល្លា​រ​)​។​ ថ្ងៃ​ណាមួយ​ ខ្ញុំ​ប្រហែល​គ្មាន​លុយ​ទិញ​ម្ហូប​ញ៉ាំ​ទេ​។ តើ​ខ្ញុំ​​អាច​រស់​នៅ​យ៉ាង​ម៉េច​ទៅ​?​ ខ្ញុំ​គ្មាន​​ទាំង​លុយ​បង់​ថ្លៃបន្ទប់ផង​»។​

ពលករ​ចំណាក​ស្រុក​ម្នាក់​ទៀត​ ​វ័យ៣៦​ឆ្នាំ លោក សិទ្ធ កុយ ក៏​បាន​វិល​ចូល​ប្រទេស​កម្ពុជា​តាម​​ច្រក​ខុស​ច្បាប់​ដែរ​នៅ​សប្តាហ៍​នេះដោ​យ​គាត់​ត្រូវ​ចំណាយ​៧​ពាន់​បាត ​(២២៥ដុល្លារ)​​។

លោក កុយ បាន​ប្រាប់​ថា​គាត់​ចាប់​ផ្តើម​ធុញ​ទ្រាន់​នឹង​រោង​ចក្រ​របស់​គាត់​ បន្ទាប់​ពី​អ្នក​គ្រប់គ្រង​បាន​ដក​ហូត​លិខិត​ឆ្លងដែន​ និង​លិខិត​អនុញ្ញាត​ធ្វើ​ការងារ​របស់​គាត់​ ហើយ​មិន​បាន​ផ្តល់​ប្រាក់​ឱ្យ​បាន​សមរម្យ​ទៅ​នឹង​ចំនួន​ម៉ោង​ដែល​លោក​បាន​បំពេញ​ការងារ​។

លោក​បាន​ឱ្យ​ដឹង​ថា​៖«​ពេល​ខ្លះ​ ពួក​យើង​បាន​ធ្វើការ​៨​ម៉ោង​ ប៉ុន្តែ​ពួក​គេ​គិត​លុយ​ឱ្យ​តែ​៤​ម៉ោង​»​។​ ទោះបី​ពួក​យើង​ធ្វើការ​ថែម​ម៉ោង​ ពួកគេ​ក៏​មិន​ឱ្យ​លុយ​យើង​ដែរ​។ ​ខ្ញុំ​គ្មាន​លុយ​ផ្ញើ​ទៅ​ឱ្យ​កូនខ្ញុំ​ទេ​។ អ៊ីចឹង​ហើយ​ទោះបី​ខ្ញុំអាច​ត្រូវបា​ន​​ចាប់​ខ្លួន​ពេល​ឆ្លង​ដែន​មក​ផ្ទះ​វិញ​ ក៏​ខ្ញុំលែង​ខ្វល់​ដែរ»​។​

លោក​ កុយ​ បាន​លើកឡើង​ថា​គាត់​បាន​ហៅ​ទូរសព្ទ​ទៅ​ស្ថានទូ​ត​ខ្មែរ​នៅ​ថៃ​ដើម្បី​សូម​ឱ្យ​ជួយ​នាំ​គាត់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​គាត់​មិន​បាន​ជំនួយ​អ្វី​សោះ​។

លោកបានប្រាប់​ថា​​​​៖«​ខ្ញុំ​ដំបូងបានតេទៅ​ទូត​កាលពី​ខែមេសា​ ហើយ​ពួកគេបានប្រាប់​ខ្ញុំ​ថា​ឱ្យ​រង់ចាំ​។ ខ្ញុំ​ក៏បានសម្រេច​ចិត្ត​ចាក​ចេញ​ ហើយខ្ញុំ​បាន​និយាយថា​​ខ្ញុំ​មិន​អាច​រង់ចាំ​បាន​ទេ​។ ខ្ញុំ​​ចង់​បាន​ការងារ​ធ្វើ​ ហើយ​ខ្ញុំ​គ្មាន​លុយ​បង់​ផ្ទះ​ទេ»។  

លោក​បានប្រាប់បន្ត​ថា​៖​«(រោងចក្រ​) មិន​បាន​ឱ្យ​ឯកសារ​របស់​ខ្ញុំ​មក​ខ្ញុំ​វិញ​ទេ ​ពួក​គេ​បាន​យក​ទុក​ឯកសារ​ទាំង​អស់​ មាន​លិខិតឆ្លងដែន និយាយ​ទៅ​ទាំង​អស់​។ ខ្ញុំ​​ចង់​ធ្វើ​ដំណើរ​ទៅទីក្រុង​បាងកក​ស្វែង​រក​ការងារ​ផ្សេង​ធ្វើ ​តែ​ខ្ញុំ​អត់​មាន​ឯកសារ​។ ​ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណាទេ​ ព្រោះ​ថា​ខ្ញុំ​​ខ្លាច​ប៉ូលីស​ចា​ប់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ខ្លាច​ថា​ខ្ញុំ​អាច​នឹង​ឆ្លង​កូវីដ​១៩​ដែរ»។

ខេម​បូចា​ មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថាន​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ក្រសួង​ការងារ​ថៃ​ជុំ​វិញ​បញ្ហានេះ​បាន​ទេ​។​

លោក​ ភក្រា្ត​ បាន​ប្រាប់​ខេម​បូចា​ពី​ខេត្ត​ប៉ាតាយ៉ា​ ថា​​ការ​បិទ​ប្រទេស​នៅ​ថៃបាន​បង្ក​ការ​លំបាក​ច្រើន​ទៀត​សម្រាប់​រូប​លោក​ក្នុង​ការ​ជួយ​ដល់​ពលករ​ដែល​ត្រូវ​ការ​ជំនួយ​។​

លោក​បាន​លើ​ក​ឡើង​ថា​៖ ​«ប្រសិន​បើ​ពួក​គាត់​មាន​បញ្ហា​ ពួក​យើង​មិន​អាច​ទៅ​និង​ស៊ើប​អង្កេត​បាន​ទេ​ អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​នេះ​ ព្រោះ​ថា​យើង​មិន​អាច​មិន​គោរព​ច្បាប់​ថៃ​ទេ​»។

គាត់​បាន​បន្ថែម​ថា​៖​​ «តាំង​ពីការ​បិទប្រទេស​បាន​ចាប់​ផ្តើម​មក​ ពួកយើង​មិន​អាច​ជួយ​ពួក​គាត់​បាន​ទេ​។​ ខ្ញុំ​ត្រូវ​ចូល​រួម​ស្តាប់​សវនការមួយ​​នៅ​ខែមេសា​ ដើម្បីស​​ង្កេត​ ប៉ុន្តែ​ពួក​យើង​អត់​អាច​ទៅ​បាន​ទេ​។ អាជ្ញាធរ​ក៏​កំពុង​ផ្តោត​ទៅ​លើ​កូវីដ​១៩​ដែរ​ ដូច្នេះ​ពួកគេ​ក៏​យក​ចិត្ត​ទុកដាក់​តិច​ចំពោះរឿងផ្សេង​»​។​

លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​មិន​អាច​ផ្តល់​តួលេខ​ពលករ​ខ្មែរ​ដែល​កំពុង​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បាន​ទេ​ ហើយ​លោក​ប្រាប់​ថា​​ពលករ​ដែល​កំពុង​ស្វែង​រក​ការ​ឧបត្ថម្ភ​ផ្នែក​ថវិកា​​ ត្រូវ​សាក​សួរ​ក្រសួង​សង្គម​កិច្ច​ ឬ​ក្រសួង​ផែន​ការ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច​ លោក​ តូច​ ចាន់​នី​ បាន​ប្រាប់​ថា​ក្រសួ​ង​របស់​លោកមិន​មាន​កម្មវិធី​ដើម្បី​ជួយ​គាំទ្រ​ដល់​ពលករ​ខ្មែរ​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ថៃ​ទេ​ ហើយ​បាន​បង្វែរ​សំណួរ​ទាក់​ទ​ង​នឹង​ប្រាក់​ឧបត្ថម្ភ​ទៅ​ក្រសួង​ការងារ​វិញ​។​

ខេមបូចា​មិន​អាច​ទាក់​ទង​សុំ​​ការ​អត្ថាធិប្បាយ​ពី​ក្រសួង​ផែនការ​បាន​ទេ​។​

បច្ចុប្បន្ននេះ​ អ្នក​ស្រី ​សារឿន​ និង​ លោក ​កុយ​ ជា​ពលករ​ចំណាក​ស្រុក​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​នាក់​ទៀត​ដែល​ជ្រើស​រើស​យក​ការ​​ស្វែងរ​ក​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត​ក្នុង​ប្រទេស​កម្ពុជា​វិញ​ជាជាង​នៅក្នុង​ប្រទេស​ថៃ​។

ចំពោះ​អ្នកស្រី ​សារឿន ​ការ​ត្រលប់​មក​ស្រុក​កំណើត​វិញ​ជា​រឿង​រីករាយ​មួយ​។ អ្នក​ស្រី​បាន​លើក​ឡើង​ថា​៖ ​«​ពេល​នេះ​ខ្ញុំ​អាច​ជួប​ជុំ​ជា​មួយ​គ្រួសារ​។ ខ្ញុំ​​នឹ​ង​ចាប់​ផ្តើម​រក​រោងចក្រ​កាត់​ដេរ​ធ្វើ​ម្តង​ទៀត​នៅ​ខែ​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​៕​

62 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម