ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្រមានមេដឹកនាំសហជីពមួយរូបពីការបំពានច្បាប់ការងារដោយបានចោទប្រកាន់មេដឹកនាំសហជីពរូបនេះថាបានញុះញង់កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី (Cintri) ឲ្យធ្វើកូដកម្មដើម្បីដាក់សម្ពាធលើនិយោជកឲ្យធានានូវប្រាក់ឧបត្ថម្ភផ្សេងៗនិងប្រាក់ខែចុងក្រោយប្រសិនបើកម្មករទាំងនេះបានបាត់បង់ការងារ។
នៅក្នុងលិខិតមួយចុះកាលពីថ្ងៃទី០៨ ខែតុលា ទៅកាន់លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាក្រសួងការងារ បានចោទប្រកាន់លោក ទូច កុសល ថាបានដឹកនាំកម្មករក្រុមហ៊ុនស៊ីនទ្រីប្រមាណពីរពាន់នាក់ឲ្យធ្វើកូដកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃទី០២ខែតុលានិងបានបញ្ជាឲ្យលោកបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
លិខិតខាងលើបានសរសេរថា៖ «លោក ទូច កុសល បានធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់សហព័ន្ធដឹកនាំធ្វើកូដកម្មពុំស្របតាមនីតិវិធីច្បាប់និងញុះញង់កម្មករនិយោជិតឲ្យប្រព្រឹត្តកំហុសធ្ងន់»។
លិខិតនេះបានបន្តថាលោក កុសល បានដឹកនាំ និងញុះញង់កម្មករនិយោជិតឲ្យដាក់សម្ពាធលើភាគីនិយោជក ដើម្បីទទួលបាននូវការទូទាត់ប្រាក់ឈ្នួលផ្ទុយពីស្មារតីច្បាប់និងបទប្បញត្តិពាក់ព័ន្ធនឹងវិស័យការងារ។
លិខិតពីក្រសួងការងារ បានព្រមានលោក កុសល ថា៖ «ចំពោះមុខករណីពុំមានការកែប្រែឬផ្គើនចំពោះលិខិតព្រមាននេះអង្គការវិជ្ជាជីវៈរបស់លោកអាចនឹងត្រូវប្តឹងដើម្បីរំលាយចោល ឬទទួលនូវវិធានការផ្សេងៗទៀតតាមការកំណត់ច្បាប់ជាកំហិត»។
កម្មករក្រុមហ៊ុនស៊ីនទ្រី បានចាប់ផ្តើមធ្វើកូដកម្មបន្ទាប់ពីឮដំណឹងថាសាលារាជធានីភ្នំពេញមានផែនការបញ្ចប់កិច្ចសន្យាក្រុមហ៊ុនស៊ីនទ្រីនៅថ្ងៃទី១៦ ខែតុលា ដោយជំនួសមកវិញនូវក្រុមហ៊ុនប្រមូលសំរាមថ្មីចំនួនបីដែលការណ៍នេះអាចធ្វើឲ្យពួកគេបាត់បង់ការងារនៅក្រុមហ៊ុនស៊ីនទ្រី។ ជាលទ្ធផល កម្មករបានទាមទារឲ្យនិយោជកសន្យាថានឹងផ្តល់ឲ្យនូវប្រាក់បំណាច់អតីតភាពការងារប្រាក់សំណងជំងឺចិត្តប្រាក់ជំនួសការជូនដំណឹងមុនប្រាក់ខែចុងក្រោយនិងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។
យោងទៅតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែតុលា មន្រ្តីសាលារាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុនបាននិយាយថាការទាមទាររបស់កម្មករមិនអាចត្រូវធានាបាននោះទេពីព្រោះក្រុមហ៊ុនស៊ីនទ្រីកំពុងដំណើរការនៅឡើយនិងបានជំរុញឲ្យកម្មករនយោជិតវិលត្រឡប់មកធ្វើការដូចធម្មតាវិញ ប៉ុន្តែការអំពាវនាវនេះមិនបានជោគជ័យនោះទេ។
លោក កុសល បាននិយាយថាការចោទប្រកាន់ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមានមូលដ្ឋានសមស្របទេពីព្រោះលោកមិនបានញុះញង់ឲ្យកម្មករក្រុមហ៊ុនស៊ីនទ្រីឲ្យធ្វើកូដកម្មនោះទេ។
លោកបាននិយាយថា៖ «ខ្ញុំគិតថាការចោទប្រកាន់មកលើរូបខ្ញុំគឺមិនមានភស្តុតាងច្បាស់លាស់ហើយពួកគាត់ចេះតែទម្លាក់កំហុសមកលើខ្ញុំ។នេះជារឿងអយុត្តិធម៌ហើយខ្ញុំមិនទទួលបានទេ»។
លោក កុសល បាននិយាយថានៅពេលដែលកម្មករប្រមូលសំរាមបានចាប់ផ្តើមធ្វើកូដកម្មកាលពីល្ងាចថ្ងៃទី០២ ខែតុលា លោកកំពុងស្ថិតនៅខេត្តសៀមរាមហើយលោកមិនបានចូលរួមនៅក្នុងជំនួបរួមគ្នាលើកដំបូងរវាងកម្មករនយោជិតតំណាងក្រុមហ៊ុននិងតំណាងរដ្ឋាភិបាលកាលពីថ្ងៃទី០៣ខែតុលានោះទេ។
លោកបានកត់សម្គាល់ថាកម្មករនិងមេដឹកនាំសហជីពនៅក្រុមហ៊ុនស៊ីនទ្រីបានស្នើសុំជំនួយពីរូបលោកបន្ទាប់មកហើយលោកទើបតែបានចូលរួមការប្រជុំលើកទីពីររវាងភាគីទាំងបីខាងលើកាលពីថ្ងៃទី០៥ ខែតុលា។
លោក កុសល បានបន្ថែមថានេះជាលើកទីបីហើយនាឆ្នាំនេះដែលលោកត្រូវបានព្រមានពីការធ្វើសកម្មភាពតំណាងឲ្យសហជីពរបស់លោកដោយការព្រមានចំនួនពីរលើកគឺចេញមកពីក្រសួងការងារ និងតុលាការខេត្តសៀមរាបជុំវិញកិច្ចប្រឹងប្រែងរបស់លោកដើម្បីជួយបុគ្គលិកសណ្ឋាគារ Le Meridien Angkor Hotel ដែលបានធ្វើកូដកម្មចាប់តាំងពីខែសីហាមក។
លោកបានបន្តថាលោកបានស្នើឲ្យមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យសេចក្តីលម្អិតនៃករណីនេះមុនពេលចុះជាលិខិតព្រមានដែលមិនមានមូលដ្ឋានច្បាស់លាស់ និងអាចបង្កការខូចខាតដល់សាម៉ីបុគ្គលដែលលិខិតនោះសំដៅមកលើ។
លោក កុសល បាននិយាយថា៖ «ការចោទប្រកាន់មកលើរូបខ្ញុំគឺមិនត្រឹមត្រូវនោះទេ ពីព្រោះនៅពេលខ្ញុំទៅចរចាខ្ញុំគ្រាន់តែសម្របសម្រួសរវាងកម្មករ ក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ។ ខ្ញុំមិនមែនមេដឹកនាំកូដកម្មនោះទេ»។
លោក កៅ សុខវ៉ាត ប្រធានសហព័ន្ធសហជីពកម្មករនយោជិតវិស័យទេសចរណ៍ប្រចាំនៅក្រុមហ៊ុនស៊ិនទ្រីបានបញ្ជាក់ថាលោកបានស្នើសុំជំនួយពីលោក ទូច កុសល ដើម្បីធ្វើការចរចាដោយសារលោក កុសល មានចំណេះដឹងផ្នែកច្បាប់និងបានបញ្ជាក់ផងដែរថាលោកកុសលមិនបានចូលរួមក្នុងការការចរចាលើកទីមួយកាលពីថ្ងៃទី០៣ខែតុលានោះទេ។
លោកបាននិយាយថា៖ «គាត់មិនមែនជាអ្នកនៅពីក្រោយរឿងនេះទេ។ ខ្ញុំគិតថាគាត់មិនបានធ្វើអ្វីខុសនោះទេ»។
លោក សុខវ៉ាត បានបន្ថែមថាលោក កុសល ក៏បានមិននៅកៀកនឹងកម្មករធ្វើកូដកម្មផងដែរដោយសារតែការចោទប្រកាន់ប្រឆាំងនឹងរូបលោក។
លោកបាននិយាយថា៖ «ខ្ញុំសូមស្នើឲ្យក្រសួងការងារពិនិត្យឡើងវិញ [ករណីនេះ] ពីព្រោះ សហជីព និងសហព័ន្ធ មិនមែននៅពីក្រោយរឿងនេះទេ។កម្មករបានធ្វើកូដកម្មដោយខ្លួនឯងផ្ទាល់»។
អ៊ុំ វណ្ណនី អាយុ ៣២ឆ្នាំ កម្មករក្រុមហ៊ុនស៊ីនទ្រីបាននិយាយថា លោក កុសល ឬតំណាងសហជីពមិនពាក់ព័ន្ធនឹងការធ្វើកូដកម្មនោះទេហើយថាកម្មករបានសម្រេចធ្វើកូដកម្មដោយខ្លួនឯងផ្ទាល់។
លោកបាននិយាយថា៖ «នេះជាការគំរាមកំហែងមកលើសហជីព និងសហព័ន្ធ ក៏ដូចជាពួកខ្ញុំផ្ទាល់។វាមិនពាក់ព័ន្ធសហជីព និងសហព័ន្ធ នោះទេពីព្រោះយើងចង់ឲ្យខាងក្រុមហ៊ុនបំពេញនូវការទាមទារចំនួនប្រាំចំណុចរបស់យើង»។
លោក វណ្ណនី បានបន្ថែមថាឥឡូវនេះកម្មករនៅតែបន្តធ្វើកូដកម្មដរាបណាក្រុមហ៊ុនឬអាជ្ញាធរផ្តល់ជាដំណោះស្រាយសមស្របមួយ។
យោងទៅតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែតុលា រវាងកម្មករក្រុមហ៊ុនស៊ីនទ្រីតំណាងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន មន្រ្តីពីសាលារាជធានីភ្នំពេញមន្រ្តីពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថានក្រុមហ៊ុនស៊ិនទ្រីបាននិយាយថាខ្លួននឹងគោរពទៅតាមច្បាប់ការងារដើម្បីឆ្លើយតបនឹងការទាមទាររបស់កម្មករ។
លោក អ៊ូ រតនា អគ្គលេខាធិការរងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មនិងបាតុកម្មនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបដិសេធមិនធ្វើការអធិប្បាយនិងបានបង្វែរសំណួរមកកាន់ប្រធាននាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកជ្រុនថេរ៉ាវង្សដែលបដិសេធមិនធ្វើការអធិប្បាយដូចគ្នា។
អ្នកនាំពាក្យក្រសួងការងារលោកហេងសួរបាននិយាយថាវាមិនចាំបាច់សម្រាប់ធ្វើការបកស្រាយលម្អិតពីលិខិតខាងលើនោះទេ។
លោកបាននិយាយថា៖ «ខ្ញុំមិនបរិយាយលើលិខិតដែលជាលិខិតទៅបុគ្គលដែលអនុវត្តខុសនោះទេ។ក្នុងលិខិតមានយោងនិងបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សាមីខ្លួនដែលធ្វើការក្នុងវិស័យនេះ»។
អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថាស្របពេលដែលកម្មករក្រុមហ៊ុនស៊ីនទ្រីនៅតែបន្តធ្វើកូដកម្មលោកបានបញ្ជាឲ្យអាជ្ញាធរខណ្ឌចុះប្រមូលសំរាមរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថាលោកមិនអាចធ្វើការអធិប្បាយលើលិខិតទៅកាន់លោក ទូច កុសល បានទេដោយសារតែលោកមិនបានឃើញលិខិតនោះ។
លោក ឃួង ស្រេង បាននិយាយថា៖ «ប្រសិនបើក្រសួងការងារចេញអញ្ចឹងគាត់កុំធ្វើឲ្យខុសតាមនឹងទៅ»។
ខេមបូចាមិនអាចទាក់ទងសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៅអង្គការគាំពារសិទ្ធិការងារសង់ត្រាល់ (CENTRAL) បាននិយាយថាការចោទប្រកាន់ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមកលើលោកទូចកុសលគឺមិនមានមូលដ្ឋានច្បាស់លាស់នោះទេដោយសារតែតួនាទីរបស់ លោក កុសល ជាមេដឹកនាំសហជីពដែលមានតួនាទីសម្របសម្រួលកិច្ចប្រជុំរវាងកម្មករនិងភាគីពាក់ព័ន្ធដទៃទៀត។
លោក ថារ៉ូ បាននិយាយថា៖ «ជាធម្មតាសេចក្តីសម្រេច[ធ្វើកូដកម្ម]គឺផ្អែកទៅកម្មករឬតំណាងសហជីព»។
លោកបាននិយាយថាការចោទប្រកាន់ពីក្រសួងការងារគឺមិនមានភស្តុតាងគ្រប់គ្រាន់នោះទេនិងថាការងាររបស់មេដឹកសហព័ន្ធគឺត្រូវឆ្លើយតបនៅពេលត្រូវបានកោះហៅដោយកម្មករធ្វើកូដកម្ម។
លោកបាននិយាយថា៖ «ខ្ញុំគិតថានេះគឺជារឿងអយុត្តិធម៌មួយចំពោះអង្គការប្រកបដោយវិជ្ជាជីវៈជាតិមួយដែលគ្រាន់តែដើរតួនាទីសម្របសម្រួលនិងដោះស្រាយវិវាទ។គាត់គួរតែត្រូវបានគោរពនិងឲ្យតម្លៃសម្រាប់ការងាររកដំណោះស្រាយ។នៅពេលពួកគាត់ចេញ [លិខិត] ដូចនេះវាជាការគំរាមកំហែងមួយមកលើសហជីព»៕