កម្មកររោចក្រកាត់ដេរកំពុងប្រឈមនឹងការកាត់បន្ថយម៉ោងធ្វើការ ខណៈពេលមានការភ័យខ្លាចវីរុសកូរ៉ូណា និងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកពីកម្ពុជា។
រោងចក្រផ្សេងៗធ្លាប់បាននិយាយថា ខ្លួនកំពុងតែប្រឈមមុខនឹងកង្វះខាតវត្ថុធាតុដើមនាំចូលពីប្រទេសចិនដោយសារតែវិធានការដាក់ឲ្យនៅដោយឡែក ដើម្បីទប់ទល់នឹងការរាតត្បាតវីរុសកូរ៉ូណានៅទីនោះ ស្របពេលដែលសហភាពអឺរ៉ុបកាលពីដើមខែកុម្ភៈបានប្រកាសថា ខ្លួនបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ផលិតផលមួយចំនួននាំចេញពីកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
គណបក្សប្រឆាំងធំជាងគេបង្អស់នៅកម្ពុជាគឺ គណបក្សសង្គោះជាតិ ត្រូវបានរំលាយរយៈពេលប្រាំបីខែមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ជាមួយនឹងការបង្រ្កាបទៅលើបណ្តាញផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ដោយបានបង្កឲ្យមានការរិះគន់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លុយ អេង អាយុ ៤០ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រ Eastex Garment ក្នុងក្រុងភ្នំពេញបាននិយាយថា ម៉ោងថែមត្រូវបានលុបចោលនៅរោងចក្ររបស់អ្នកស្រីចាប់តាំងពីខែមករាមក។ ឥឡូវនេះ កម្មករប្រមាណ ៣០០០នាក់នៅរោងចក្រនេះត្រូវចេញពីធ្វើការនៅម៉ោង ៤រសៀលវិញ ខណៈពេលពីមុនមក ពួកគេអាចរកបានចំណូលបន្ថែមពេលធ្វើការថែមម៉ោងដល់ម៉ោង៩យប់។
លើសពីនេះទៀត អ្នកស្រី អេង និយាយថា កម្មករកុងត្រារយៈពេលខ្លីចំនួន ១០០០នាក់ ក៏មិនទទួលបានការបន្តកិច្ចសន្យាថ្មីផងដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ្នកស្រី អេង បានបន្ថែមថា សម្លៀកបំពាក់ភាគច្រើនដែលត្រូវបានផលិតឡើងនៅរោងចក្ររបស់អ្នកស្រី ដែលក្នុងនោះរួមមានម៉ាកសម្លៀកបំពាក់ H&M ផងដែរ ត្រូវនាំចេញទៅលក់នៅសហភាពអឺរ៉ុប។
យ៉ាង សាមាន អាយុ ២៧ឆ្នាំ ជាកម្មករនៅរោងចក្រ Akeentex ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងក្រុងភ្នំពេញ ក៏ត្រូវបានបញ្ជាឲ្យចេញពីធ្វើការនៅម៉ោង ៣ រសៀលផងដែរ។
កញ្ញា សាមាន បាននិយាយថា៖ «រោងចក្រនេះមិនបានបញ្ឈប់កម្មករពីការងារទេ ប៉ុន្តែរោងចក្របានកាត់បន្ថយម៉ោងការងារ»។
កញ្ញា សាមាន បានលើកឡើងថា ម៉ាកសម្លៀកបំពាក់កីឡា Puma ស្ថិតនៅក្នុងចំណោមម៉ាកសម្លៀកបំពាក់ផលិតឡើងនៅរោងចក្រ Akeentex។
សៀក ហុង អាយុ ៣៧ឆ្នាំ ជាកម្មករនៅរោងចក្រ Horizon Outdoor ក្នុងខេត្តកំពង់ឆ្នាំង ដែលមានកម្មករចំនួន ៨០០០នាក់ ក៏បានកាត់បន្ថយម៉ោងធ្វើការចំនួនពីរម៉ោងផងដែរ ដោយឲ្យកម្មករត្រូវចេញពីធ្វើការនៅម៉ោង ៤រសៀលវិញ ជំនួសឲ្យម៉ោង ៦ល្ងាច។
អ្នកស្រី ហុង បាននិយាយថា កាបូប និងសម្លៀកបំពាក់ម៉ាក North Face កំពុងត្រូវបានផលិតនៅរោងចក្ររបស់នាង ហើយត្រូវនាំចេញទៅលក់នៅប្រទេសអូស្រ្តាលី កាណាដា និងសហភាពអឺរ៉ុប។
នាងបាននិយាយថា៖ «កម្មករភាគច្រើននៅក្នុងរោងចក្រនេះ បារម្ភយ៉ាងខ្លាំងពីបញ្ហាEBA ព្រោះកម្មករអត់មានការងារអ្វីធ្វើ ក្រៅពីការងាររោងចក្រ ហើយយើងជំពាក់បំណុលធនាគារទៀត»។
លោក ព្រាប មុន្នីសុវណ្ណ អគ្គលេខាធិការសហព័ន្ធសហជីពចលនាកម្មករ បាននិយាយថា រោងចក្រចំនួនប្រាំ ដែលសហជីពរបស់លោកមានសមាជិកក្នុងនោះ បានចាប់ផ្តើមកាត់បន្ថយកម្លាំងពលកម្ម។
រោងចក្រ Orange Manufacturing ក្នុងខេត្តព្រៃវែង រោងចក្រ Top Silver ដែលមាននៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ រោងចក្រ Hong Sen ក្នុងខេត្តតាកែវ និងរោងចក្រ Woorie Garment ក្នុងក្រុងភ្នំពេញ កំពុងធ្វើការកាត់បន្ថយដូចគ្នានេះផងដែរ។
លោក មុនី្នសុវណ្ណ បាននិយាយថា៖ «រោងចក្រទាំងប្រាំបាននឹងកំពុងកាត់បន្ថយកម្លាំងពលកម្ម ដោយសារបញ្ហាEBA និងវីរុសកូរ៉ូណា។ ដូច្នេះវានឹងធ្វើឲ្យកម្មករបាត់បង់ការងារ»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថា សមាជិកសហជីពរបស់លោកស្រីបានរាយការណ៍ថា ម៉ោងធ្វើការត្រូវបានកាត់បន្ថយនៅរោងចក្រចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
លោកស្រីបាននិយាយថា៖ «ខាងរោងចក្របានបញ្ជាឲ្យកម្មករចេញពីធ្វើការនៅម៉ោង ៤រសៀល ចាប់តាំងពីខែកុម្ភៈ។ កាលពីមុន កម្មករធ្វើការថែមម៉ោងដល់ ម៉ោង ៦ល្ងាច»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានបញ្ជាឲ្យរោងចក្រផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនៅក្នុងករណីបាត់បង់ការងារ ដោយបង់ប្រាក់ជូនពួកគេចំនួន ៤០ភាគរយនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់រយៈពេលប្រាំមួយខែ ហើយរដ្ឋាភិបាលផ្តល់ប្រាក់បន្ថែម ២០ភាគរយពីលើនេះទៀត។
សមាគមរោងចក្រកាត់ដេរបានព្រមានពីការបាត់បង់ការងាររបស់កម្មករបន្ទាប់ពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា «ការបាត់បង់ការងារនេះនឹងបង្កឲ្យមានភាពក្រីក្របន្ថែមនៅក្នុងប្រទេស និងបង្កជាការលំបាកនៅក្នុងការដំឡើងបា្រក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករដទៃទៀត»។
អគ្គលេខាធិការរងសមាគមស្បែកជើងកម្ពុជា លោក ងួន ចាន់ណារ៉ា បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយចុះផ្សាយនៅថ្ងៃដូចគ្នាថា «ការព្យួរប្រព័ន្ធអនុគ្រោះពន្ធទៅលើផលិតផលស្បែកជើងផលិតនៅកម្ពុជា នឹងនាំឲ្យមានការបាត់បង់ការងារជាច្រើន និងបង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើកម្លាំងពលកម្មនៅក្នុងវិស័យនេះ ក៏ដូចជា ការបង្កជាលទ្ធភាពធ្លាក់ចូលក្នុងភាពក្រីក្រវិញសម្រាប់កម្មកររាប់ម៉ឺននាក់ និងសមាជិកគ្រួសាររាប់ម៉ឺននាក់ទៀតដែលពឹងអាស្រ័យលើពួកគេផងដែរ»៕