អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី ២ ខែកញ្ញា បានបង្ហោះសារតាមបណ្តាញសង្គមដើម្បីទាមទារឱ្យលោកទទួលបានការអនុញ្ញាតចូលធ្វើនយោបាយឡើងវិញ និងអំពាវនាវជាថ្មីឱ្យតុលាការទម្លាក់ការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងរូបលោក ខណៈដែលអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៣ រូបផ្សេងទៀត ក៏បានស្នើសុំសិទ្ធិធ្វើនយោបាយរបស់ពួកគេឡើងវិញផងដែរ។
លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយដីការបស់តុលាការកំពូលកាលពីឆ្នាំ ២០១៧ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៧ ហើយត្រូវបានចោទប្រកាន់ ពីបទសមគំនិតជាមួយរដ្ឋបរទេស ដោយធ្វើការជាមួយអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល បើទោះបីជាលោកកឹមសុខាតែងតែអះអាងថាលោកបានធ្វើសកម្មភាពប្រកបដោយតម្លាភាពដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។ ការជំនុំជម្រះក្តីកំពុងតែបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។
អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ និង អតីតសមាជិកក្រុមការងារ គណបក្ស លោក វ៉ា សាម៉ុន និងលោក តាវ កឹមឈន នៅថ្ងៃទី ២៧ ខែសីហា បានផ្ញើលិខិតដាច់ដោយឡែកពីគ្នាទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសុំសិទ្ធិក្នុងការធ្វើ នយោបាយឡើងវិញ។ កន្លងមកមាន សមាជិកគណបក្សសង្គ្រោះជាតិចំនួនប្រាំបួនរូបហើយដែលទទួលការអនុញ្ញាតធ្វើនយោបាយឡើងវិញ រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ទ សិលា អ្នកស្រី ទេព សុទ្ធី និង លោកស្រី ស៊ីម សុវណ្ណនី ។
ពួកគាត់ទាំង ១៣ នាក់ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ដែលត្រូវបានតុលាការហាមឃាត់មិនឱ្យធ្វើនយោបាយភ្លាមៗបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ។
តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គាត់ កាលពីថ្ងៃទី ២ ខែកញ្ញា លោក កឹម សុខា មានប្រសាសន៍ថាបន្ទាប់ពីបានស្តាប់សវនាការដំបូង របស់គាត់ កាលពី ខែមករា និងកុម្ភៈ តុលាការមិនមានភស្តុតាងបង្ហាញថា លោកបានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលទេ ដូច្នេះការចោទប្រកាន់គួរតែត្រូវបានទម្លាក់ចោល ហើយរូបលោក គួរតែទទួលបានសិទ្ធិដើម្បីចូលរួមក្នុងជីវិតនយោបាយឡើងវិញ។
លោកបានបង្ហោះសារថា៖«រហូតមកដល់ថ្ងៃនេះ អស់រយៈពេល ៣ ឆ្នាំហើយដែលខ្ញុំបានបាត់បង់នូវសេរីភាព ជាពិសេសសិទ្ធិក្នុងការធ្វើនយោបាយដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។
លោក កឹម សុខា បានមានប្រសាសន៍ថា៖ «ឆ្លងតាមសវនាការនៅតុលាការកន្លងមក ខ្ញុំមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទខ្ញុំថា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ»។
លោកក៏បានលើកឡើងទៀតថា៖ «ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត ខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត»។
លោក កឹម សុខា បានថ្លែងថា ក្នុងកាលៈទេសៈដែលលំបាកដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាជនខ្មែរគួរតែមានការផ្សះផ្សារជាតិ ឯកភាពជាតិ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ។
លោកបានសរសេរបន្ត៖«គួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង»។ លោក កឹម សុខា បានលើកឡើងដូច្នេះ នៅក្នុងការបង្ហោះសារ គឺសំដៅទៅដល់វិបត្តិសេដ្ឋកិច្ច ដែលជះឥទ្ធិពលដល់ប្រទេសកម្ពុជា ដោយសារតែ កូវីដ-១៩»។
លោកបានបន្ថែមថា៖«ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ»។
ការចាប់ខ្លួន លោក កឹម សុខា បានកើតឡើងនៅពេលដែលគណបក្សសង្គ្រោះជាតិកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា និងអាចនាំមុខក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ប៉ុន្តែការចោទប្រកាន់ពីការក្បត់ជាតិ ដោយផ្អែកទៅលើសេចក្តីអត្ថាធិប្បាយ ដែលធ្វើឡើងនៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំ ២០១៣ ដែលក្នុងនោះលោកបានសំដៅទៅលើការគាំទ្រនិងការបណ្តុះបណ្តាលដែលបានផ្តល់សម្រាប់ក្រុមប្រឆាំងដោយអាមេរិក ។ គាត់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ខេត្តត្បូងឃ្មុំ មួយលើក បន្ទាប់មកត្រូវឃុំខ្លួនក្នុងផ្ទះរហូតដល់ខែវិច្ឆិកាឆ្នាំ ២០១៩ ។
លោក ចាន់ ចេន មេធាវីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងមេធាវីការពារក្តីរបស់លោក បានអះអាងរួចហើយក្នុងពេលជំនុំជម្រះថា លោកមិនបានប្រព្រឹត្តិអំពើក្បត់ជាតិណាមួយឡើយ។
លោក ចេន បានមានប្រសាសន៍ថា៖ «យោងតាមការបង្ហោះសាររបស់លោក កឹម សុខា គាត់មានហេតុផលត្រឹមត្រូវតាមច្បាប់ ដើម្បីអំពាវនាវ ឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើរូបគាត់។ មុនពេលគាត់អាចទទួលបានសិទ្ធិនយោបាយពេញលេញ តុលាការត្រូវតែលើកលែងទោសគាត់ពីបទចោទប្រកាន់នានា»។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា វាមិនមែនជារឿងចម្លែកទេសម្រាប់ជនជាប់ចោទនិងមេធាវីរបស់ពួកគេ ក្នុងការបដិសេធពីកំហុស ដោយមិនបានគិតថាពួកគេពិតជាមានទោសនោះ។
លោកបានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តគឺ អាស្រ័យលើតុលាការ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់»។
លោកម៉ាលីនបានបន្តថា៖ «វាជាសិទ្ធិរបស់គាត់[ក្នុងការស្នើសុំទម្លាក់ចោលការចោទប្រកាន់] ប៉ុន្តែយោងទៅតាមនីតិរដ្ឋ គាត់ត្រូវអនុវត្តទៅតាមនីតិវិធីរបស់តុលាការ និងបន្តចូលរួមក្នុងការជំនុំជម្រះក្តី» ។
ការកាត់ក្តីរបស់លោកកឹមសុខាត្រូវបានពន្យារពេលចាប់តាំងពីខែមីនា ដោយសារក្តីបារម្ភជុំវិញ បញ្ហាការរីករាលដាលនៃ ជម្ងឺ កូវីដ-១៩ នៅកម្ពុជា ហើយកាលបរិច្ឆេទ សម្រាប់ជំនុំជម្រះក្តីបន្ត នៅមិនទាន់បានកំណត់នៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី ២ ខែកញ្ញាថា គណបក្សកាន់អំណាចគ្មានចេតនាចរចាជាមួយ «ក្រុមឧទ្ទាមក្រៅច្បាប់នោះទេ» ដោយបញ្ជាក់ថា លោក កឹម សុខា បានប្រកាសជាសាធារណៈថា លោកកំពុងអនុវត្តផែនការរបស់ សហរដ្ឋអាមេរិក ដោយយក យូហ្គោស្លាវី និងស៊ែប៊ី ជាគំរូដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖«បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែររបស់យើងមិនបានបែកបាក់សាមគ្គីឡើយ លើកលែងតែក្រុមបះបោរខុសច្បាប់មួយចំនួនតូច ។ មានតែអ្នកដែលបានប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះដែលមិនពេញចិត្ត» ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរបានរួបរួមគ្នាឡើងវិញដោយសន្តិភាព ក្រោមការដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការទាមទាររបស់ លោក កឹម សុខា នឹងមិនទទួលបានជោគជ័យឡើយ ពីព្រោះគណបក្សប្រជាជនមិនចរចាជាមួយគណបក្សដែលខ្លួនគិតថាខ្សោយនោះទេ។
លោកបានមានប្រសាសន៍ថា៖«ខ្ញុំគិតថានៅក្នុងកាលៈទេសៈនេះគណបក្សកាន់អំណាចនឹងមិនឆ្លើយតបទៅនឹងអ្វីដែល លោក កឹម សុខា បានទាមទារនោះទេ ពីព្រោះគណបក្សប្រជាជននៅតែរឹងមាំហើយពួកគេនឹងប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយទៅៗ»។
លោកសុវណ្ណារ៉ា បានបន្តថា សេរីភាពនយោបាយរបស់ លោក កឹម សុខា អាចត្រូវបានផ្តល់ឱ្យវិញលុះត្រាតែតុលាការសម្រេចទម្លាក់ការចោទប្រកាន់លើរូបលោក។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។
នៅក្នុងសំណើដែលបានផ្ញើទៅក្រសួងមហាផ្ទៃកាលពីចុងខែមុន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកសុន ឆ័យ បានលើកឡើងថា យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ បុគ្គលដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ អាចស្នើសុំស្តារនីតិសម្បទាធ្វើនយោបាយឡើងវិញ។
លោកបានលើកឡើងក្នុងលិខិតនោះថា៖«ខ្ញុំបាទសូមស្នើសុំសម្តេចក្រឡាហោម [ស ខេង] ឧបនាយករដ្ឋមន្ត្រី មេត្តា ពិនិត្យ តាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ បានថ្លែងនៅថ្ងៃទី ២៨ ខែសីហាថា ក្រសួងបានទទួលសំណើពីលោក សុន ឆ័យ និងអតីតសមាជិកបក្ស ២ រូបផ្សេងទៀតដោយបញ្ជាក់ថាលិខិតនោះនឹងត្រូវបញ្ជូនទៅ លោកនាយករដ្ឋមន្រ្តីដើម្បីពិនិត្យ។
លោកថាកន្លងមកអតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង ១១៨ នាក់ ដែលត្រូវបានរារាំងមិនឱ្យធ្វើនយោបាយ ហើយពួកគាត់ក៏មិនបានស្នើសុំ ឱ្យមានលើកលែងការហាមឃាត់របស់ពួកគេដែរ ពីព្រោះពួកគេជឿជាក់ថាសហគមន៍អន្តរជាតិនឹងដាក់សម្ពាធរដ្ឋាភិបាល ដើម្បីឱ្យមានការចរចារបែបនយោបាយ។
ដោយសំដៅទៅលើការរំលាយគណបក្សសង្គ្រោះជាតិ លោកសុភ័ក្របានលើកឡើងថា៖ «តាមគំនិតរបស់ខ្ញុំមិនមានការចរចាជាមួយគណបក្សខ្មោចទេ ពីព្រោះថាវាបានស្លាប់ទៅហើយ។ ដូច្នេះហើយជម្រើសដ៏ល្អប្រសើរសម្រាប់ពួកគេគឺការតស៊ូ រើបម្រាស់សម្ពាធពីមេខាងក្រៅដើម្បីទទួលបានសិទ្ធិចូលរួមធ្វើនយោបាយ»។
ទោះជាយ៉ាងណាលោកបានបន្ថែមថាសម្ពាធអន្តរជាតិនឹងគ្មានប្រយោជន៍ទេ ព្រោះវាជាអំពើខុសច្បាប់សម្រាប់បរទេសណា ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា។
លោកសុភ័ក្ត្របានលើកទឹកចិត្ត ដល់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយផ្សេងទៀត ចូលរួមស្នើសុំឱ្យមានការផ្តល់សិទ្ធិនយោបាយឡើងវិញ ដើម្បីឱ្យពួកគេអាចចូលរួមសកម្មភាពនយោបាយនៅក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលនិងមកដល់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិឆ្នាំ ២០២៣ ។
លោកបានមានប្រសាសន៍ថា៖«អ្នកនយោបាយដែលមិនអាចធ្វើនយោបាយបានដូចអ្នកប្រដាល់ដែលបាត់ពីសង្វៀន»៕