វិបត្តិកូវីដ ១៩ ធ្វើឲ្យមគ្គុទេសក៍ទេសចរ គ្មានប្រាក់ចំណូលបង់ធនាគារ

Share on facebook
Share on twitter
Share on linkedin
ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្ត​ក្នុងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ
Share on facebook
Share on twitter
Share on linkedin

«ការបង់លុយធនាគារ ដែលជួបបញ្ហាធ្ងន់ ប្រាក់កម្ចីគេ​ដែលយើង​មិនគិតថា​វិស័យ​ហ្នឹងដួលរលំ អញ្ចឹងដើម្បី​បាន​គេហដ្ឋាននៅ យើងសុខចិត្ត​ខ្ចីលុយធនាគារ​មកទិញផ្ទះ បង់ថ្លៃផ្ទះគេ​ទាំងអស់ បង់ទាំងការ​ទាំងដើម​ចូលធនាគាវិញ អាហ្នឹងវិបត្តិ​ខ្លាំងជាងគេ» នេះគឺជា​ការរៀបរាប់ទុកលំបាក​របស់មគ្គុទេសក៍ម្នាក់​នៅខេត្តសៀមរាប។

បុររសវ័យ ៣៥ឆ្នាំ មានសម្បុរសណ្តែកបាយ និងសក់រួញ​អង្គាសដី លោក លួត ប៊ុនឈួប បានត្អូញត្អែរថា ចាប់តាំងពីវិបត្តកូវីដ ១៩ រីករាលដាល​ដល់​ប្រទេស​កម្ពុជា លោក​បាត់បង់​ប្រាក់ចំណូលបន្តិច​ម្តងៗ។ លុះដល់ខែមេសា លោកបាត់បង់​ប្រាក់ចំណូល​ទាំងស្រុង បន្ទាប់ពី​រដ្ឋាភិបាលបិទ​ជើងហោះហើរ​អន្តរជាតិ ដើម្បីទប់ស្តាត់​ការនាំចូល​ជំងឺកូវីដ ១៩។ មុនវិបត្តកូវីដ ១៩ លោក​អាច​ប្រាក់ចំណូល​ប្រមាណ៣៥ដុល្លារ​ក្នុងមួយថ្ងៃ។

លោក ប៊ុនឈួប ប្រកបរបរជា​មគ្គុទេសក៍​ទេសចរ​ភាសាអង់គ្លេស​អស់រយៈពេល​៧ឆ្នាំ នៅក្នុង​ខេត្តសៀមរាប។ លោកមាន​ប្រពន្ធ និងកូន២​នាក់។ ការរស់នៅ និងប្រាក់ចំណូល​ប្រចាំថ្ងៃរបស់លោក​គឺពឹងផ្អែក​ការនាំភ្ញៀវ​ទេសចរបរទេស ទៅទស្សនា​ប្រាសាទ និងរមនីដ្ឋាននានា​ នៅក្នុងខេត្តសៀមរាប។

លោក ប៊ុនឈួប បន្តទៀតថា ដោយមិននឹក​ស្មាន​ថា​ មានករណីរីករាល​ដាលនៃ ជំងឺកូវីដ ១៩ កើតឡើង គួបផ្សំនឹងសន្សំ​បានលុយ​មួយចំនួន កាលពីបីឆ្នាំមុន លោក​និងប្រពន្ធបាន​សម្រេចចិត្ត ទិញផ្ទះមួយខ្នង ដោយខ្ចីប្រាក់ពីធនាគារ និងបង់រំសល់ប្រចាំខែ។

លោកថា លោកនៅជំពាក់​ធនាគារ​ជាង១ម៉ឺនដុល្លារ​ទៀត ដោយត្រូវបង់​ទាំងដើម​និងការប្រាក់ ៥០០ដុល្លារ ក្នុងមួយខែ។ ដោយសារ​បាត់បង់​ចំណូល និងពុំមាន​លទ្ធភាព លោកបាន​ស្នើសុំធនាគារ បង់រំសល់ត្រឹម ២២០ដុល្លារ​ក្នុងមួយខែ។

ឥឡូវនេះ ការស់នៅ និងចំណាយ​ប្រចាំថ្ងៃ​គឺពឹងផ្អែក​លើប្រាក់ចំណូល​ប្រពន្ធរបស់លោក ជាពេទ្យឆ្មប នៅស្រុកក្រឡាញ់ ដែលមាន​ចំងាយប្រមាណ ៧០គីឡូម៉ែត្រ ពីក្នុងសៀមរាប។ រៀងរាល់ថ្ងៃ លោក​ត្រូវចំណាយ​ត្បិតត្បៀត និងកាត់បន្ថយ​ថ្លៃម្ហូបអាហារ។

លោក ប៊ុនឈួប និយាយថា៖ «កាត់ចំណាយ​ទាំងអស់ សូម្បីតែប្រើប្រាស់​ទឹកភ្លើង​គឺបើកតែ​មួយភ្លែតៗទេ មិនសូវ​បើកយូរទេ។ និយាយទៅ​កាត់បន្ថយ​ទាំងម្ហូប​អាហារ ការហូបចុក ការនាំ​គ្រួសារដើរ​លេង មិនដូចពី​មុនទេ

 លោកបន្ថែមថា៖ «កាត់បន្ថយ​ខ្លាំងចំណាយហ្នឹង ការចាយវាយ​ត្រូវគិត យកចិត្ត​ទុក្ខដាក់​មែនទែន និយាយ​ទៅចំណាយ​សំរាប់ខ្ញុំ​វិញស្ទើរ​តែមិនហ៊ាន តិចណាស់ មិនដូចកាល​មានភ្ញៀវដើរ​នោះទេ»

មគ្គុទេសក៍ទេសចរខ្មែរ​ជិត៦០០០នាក់ បាត់បង់ការងារ និងប្រាក់ចំណូល ចាប់តាំង​ពីការរីរាល​ដាលនៃ​ជំងឺកូវីដ ១៩ និង​បិទជើងហោះហើរ​អន្តរជាតិ ដែលបាន​កាត់ផ្តាច់​ភ្ញៀវទេសចរអន្តរ​ជាតិស្ទើរ​តែទាំងស្រុង។​

ពួកគេមួយចំនួន​មិនអាចស្វែងរកការងារ​ផ្សេងធ្វើ និងអ្នកខ្លះទៀត​បានប្តូរមុខរបរ​ ប៉ុន្តែទទួល​បានចំណូលតិច​ជាងមុន។ ភាពអត់ការងារ​ធ្វើបានរុញ​ច្រានពួកគេឲ្យ​ចូលភាពក្រីក្រ និងអ្នកខ្លះ​គ្មានលទ្ធភាពបង់​ការប្រាក់​ធនាគារ។

មគ្គុទេសក៍ទេសចរ​ភាសាអង់គ្លេសម្នាក់​ទៀត រស់នៅក្នុង​រាជធានីភ្នំពេញ អ្នកស្រី​  ខៀវ ស្រីពេជ្រ​ វ័យជាង៣០ឆ្នាំ បាននិយាយថា គ្រួសារអ្នកស្រី​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង នៅពេលដែល ជំងឺកូវីដ ១៩​ រាតត្បាត និងប៉ះពាល់ដល់​វិស័យទេសចរណ៍។ អ្នកស្រីមានកូនបីនាក់​ក្នុងបន្ទុក ហើយ​ប្តីអ្នកស្រី​ប្រកបអាជីព​ជាមគ្គុទេសក៍​ដូច​អ្នកស្រីដែរ។

បច្ចុប្បន្ន អ្នកទាំងពីរ មិនទាន់​មានការងារ​ថ្មីនិង​មានប្រាក់​ចំណូល  ដែលធ្វើឲ្យ​ជីវភាព​ធ្លាក់ចុះ។ ពួកគាត់​បានលក់គ្រឿង​អលង្កា​និងរបស់បរ​ខ្លះៗដែលមាន​ពីមុន​និងខ្ចីប្រាក់ពី​បងប្អូន​សម្រាប់ចំណាយ​ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបង់​ធនាគារ​ក្នុងមួយខែ ៨០០ដុល្លារ  ដែលពួកគេបានខ្ចីទិញផ្ទះ កន្លងមក។

ស្រីពេជ្រ និយាយថា៖«ខ្ញុំអត់បាន​ទទួលប្រាក់​ឧបត្ថម្ភអីទេ សូមបីមួយ​សេន។ ឥឡូវវា​ចាប់ផ្តើម​ចូលទម្រង់​ក្រីក្រហើយ ដល់ពេល​អត់ស៊ី ហើយកូវីដ ចូលមួយ​ឆ្នាំទៀត​វាមិន​ចូលក្រីក្រ។ យើង​ចេះតែស្រវេស្រវាទាញ​នេះទាញនោះ​សិន ដើម្បីឲ្យរួចមួយ​ដង្ហើម​ៗសិន​ ព្រោះពេលវេលា​ដែល​មកយើងទប់អត់​បាន អញ្ចឹងយើងអត់​មានផែនការ អត់មាន​គំរោង»

ស្រីពេជ្រ ទទូចឲ្យរដ្ឋាភិបាល​អន្តរាគមន៍​បញ្ចុះតំលៃលើសេវា​ផ្សេងៗ ទំនិញ​និង​ម្ហូបអាហារ ​ដើម្បីសម្រាល​បន្ទុកដល់​ប្រជាពលរដ្ឋ​​ ដែលកំពុងជួប​វិបត្តិអត់​ការងារ​ធ្វើ។

អ្នកស្រីថ្លែង៖«ចង់ឲ្យជួយ​សម្រួលជីវភាព ថ្លៃទំនិញក្នុង​ទីផ្សារឲ្យវា​សមរម្យ​នៅក្នុងជីវភាព​ប្រជា​ជនដែល​កំពុងតែ​មានបញ្ហា ទាល់ច្រក កំពុងតែម្នាក់ៗ អត់មាន​បាយស៊ី ជួយសម្រួល​តំលៃ​ម្ហូម​អាហារ​ឲ្យ​​មានតំលៃទាប សាំងអីហ្នឹង​ឲ្យចុះតំលៃទាប»

លោក ហែម សោភ័ន្ត ជាមគ្គុទេសក៏​ទេសចរ​ភាសាអង់គ្លេស​និងជាអ្នកនិពន្ធ​សៀភៅ​មគ្គុទេសក៍​អាណាចក្រអង្គរ បាននិយាយថា មគ្គុទេសក៍ទេសចរ​មួយចំនួនធំ​និងអ្នកបើកបរ​មានភាពលំបាក​ក្នុងការស្វែង​រកការងារថ្មី។ អ្នកខ្លះគ្មានជំនាញ​ផ្សេងទៀត គួបផ្សំ​និងការងារ​បច្ចុប្បន្នមានការប្រកួតប្រជែង​និងទាមទារបទ​ពិសោធន៍ ធ្វើឲ្យពួកគាត់​ពិបាករក​ការងារថ្មី។

មកដល់​បច្ចុប្បន្ន​នេះលោកក៏ពុំទាន់​អាចរក​ការងារបាន​នៅឡើយទេ បើទោះបី​លោកមានជំនាញ​ផ្សេងៗក៏​ដោយ​ ពីព្រោះលក្ខខណ្ឌ​ការងារ បទពិសោធន៍ និងចំណូល​ដែលធ្លាប់​ទទួល​បានពីមុន​និងបច្ចុប្បន្ន​មានភាព​ខុសគ្នាឆ្ងាយ។

លោក សោភ័ន្ត និយាយថា៖«[ខ្ញុំ]ដើររកតែរក​មិនបាន ពីមុនពឹងថា​អត់ពីនេះ រស់តាមការ​បង្រៀន ដាក់នៅ​សកលវិទ្យាល័យ​ពីរបីកន្លែង ឥឡូវបិទ​សាលាបណ្តោយ។ [ខ្ញុំ]​ ចង់រកកាងារ​ធ្វើផ្សេងទៀត​លក្ខខណ្ឌ ជំនាញរបស់យើង​វាមិន[ត្រូវ]នេះផង»។

លោក​សោភ័ន្ត ក៏ជំពាក់បំណុលដូច មគ្គុទេសក៍​ដទៃទៀតដែរ។​ លោកត្រូវបង់​ការប្រាក់​និងដើម ដល់ធនាគារ ៤០០ដុល្លារក្នុង១ខែ ហើយវារឿង​ដ៏លំបាកមួយ​សម្រាប់លោក ខណៈដែលលោកពុំមាន​ការងារធ្វើ។ លោកបានស្នើឲ្យរដ្ឋាភិបាល​ជួយអន្តរាគមន៍​ដល់ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ ពន្យាពេលការ​សងបំណុល។

លោក សោភ័ន្ត  បន្ថែមថា៖ «សំរាប់ខ្ញុំ​បើយកលក្ខខណ្ឌ ជាមួយ​ប្រជាជនទូទៅ​សំខាន់បំផុតអ្នក​ជាប់បំណុល​ទាំងប៉ុន្មាន ជាមួយ​និងធនាគារ​ដែលជាស្ថាប័ន​ឯកជន បំណុល​ដីធ្លីដែល​ធ្លាប់បង់រំលស់ បើអាច​ទៅរួចឲ្យ​គេផ្អាកសិន​ទៅក្នុងការបង់»

លោក ដា វីន​ ជាមគ្គុទេសក៍ទេសចរ​ភាសាអាល្លឺម៉ង់​និងជាប្រធានសមាគម​មគ្គុទេសក៍​ទេសចរ​រាជធានីភ្នំពេញ​បាននិយាយថា លោក​និងមគ្គុទេសក៍​ផ្សេងទៀតធ្លាប់​ស្នើទៅក្រសួងទេសចរណ៍ ដើម្បីផ្តល់​ប្រាក់ឧបត្ថម្ភ​ដូចកម្មកររោងច​ក្រកាត់ដេរ​​ ប៉ុន្តែក្រសួងបានបដិសេធ​​ ដោយលើក​ឡើងថា ពួកគេមិន​បានបង់​ពន្ធជូនរដ្ឋ។​

លោក ដា វីន និយាយថា៖ «តាមយោបល់​ខ្ញុំដោយសារ​យើងហ្រី្វលែន (freelance) យើងគួរ​មានអាជីពមួយ​គ្រាន់តែទប់ទល់​ដែរ ប៉ុន្តែវាជាការ​មួយសោកស្តាយ​ណាស់ ដែល​ពួកយើង​មានបញ្ហា​គេអត់បានជួយ​ចិញ្ចឹមយើង។ បើសិន​ពួកហ្រី្វលែន​អត់ចូលធ្វើការវិញ ក្រសួង​ទេសចរណ៍និងខ្វះខាត​ហើយ មិនអញ្ចឹង»

យោង​តាម​សេចក្ដីថ្លែងការ​ណ៍​របស់ GMAC កាលពីខែ​មិថុនា មានរោងចក្រ​ប្រហែល​៤០០​បាន​ផ្អាកការងារ និង​មាន​កម្មករ​ជាង​១៥ម៉ឺន​នាក់​បាន​បាត់​បង់ការងារ​ដោយ​សារ​តែ​បញ្ហា​វិបត្តិ​កូវីដ​១៩។​

រដ្ឋាភិបាលបាន​សម្រេចផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ ដល់កម្មករ​កាត់ដេរ និង៣០ដុល្លារផ្សេងទៀត​ផ្តល់ដោយ ថៅកែរោងចក្រ នៅពេលដែល​រោងចក្រ​របស់ពួកគេ​ត្រូវបានព្យួរ​ការងារ។

បន្ទាប់ពីមានការប្រកាសផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់កម្មកររោងច​ក្រកាត់ដេរ ក្រុមអ្នក​ធ្វើការនៅ​សេវាកម្សាន្ត និងកាស៊ីណូ បានស្នើ​ទៅក្រសួងការងារ​ដើម្បីផ្តល់​ប្រាក់ឧបត្ថម្ភដូចគ្នា ប៉ុន្តែក្រសួង​បានបដិសេធ។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានមាន​ប្រសាសន៍ថា​ភ្ញៀវបរទេស​ដែលមកក្នុង​ប្រទេសកម្ពុជា​សព្វថ្ងៃមិនមែនជា​ភ្ញៀវទេសចរទេ។ ពួកគេជា​អ្នកការទូត និងអ្នកធុរកិច្ច។

អ្នកស្រីថា មគ្គុទេសក៍ទេសចរ​ភាសាបរទេស​សរុបជិត​៦០០០នាក់ ដែលនាំភ្ញៀវបរទេស​ទៅទស្សនាកន្លែង​ផ្សេងក្នុង​ប្រទេសកម្ពុជា កំពុងជួប​វិបត្តិហិរ​ញ្ញវត្ថុធ្ងន់ធ្ងរ។

អ្នកស្រី បន្តទៀតថា មានមគ្គុទេសក៍ខ្លះ​ធ្លាក់ខ្លួន​ធ្វើការមិនត្រូវ​ជំនាញ ក្លាយជាកម្មករ រត់កង់បី លក់អនឡាន ហើយមានអ្នកខ្លះ​លក់របស់របរ​ដែលធ្លាប់មាន​សម្រាប់ចំណាយ​ប្រចាំថ្ងៃ។

អ្នកស្រីចង់​ឃើញរដ្ឋាភិបាល​មានវិធានការជួយ​ដល់ពួកគេ​ផងដែរ។

អ្នកស្រីថ្លែងថា៖«ឆ្លៀតក្នុងឱកាសនេះដែរ​ខ្ញុំចង់បានការ​អើពើពី​រាជរដ្ឋាភិបាល​ដែរ ធ្វើម៉េចឲ្យ​ជួយពួកគាត់​ដើម្បីឲ្យពួកគាត់​រស់បានមួយ​ពេលនេះ។ ទោះបីជាថាផ្នែកមគ្គុទេសក៍​ទេសចរ​កន្លងមកការ​បង់ពន្ធមាន​ការមិនពេញលេញ​ក៏ដោយ ក៏ប៉ុន្តែគាត់​គឺជាផ្នែកមួយនៅ​ក្នុងសេវាកម្ម​ទេសចរណ៍ដ៏សំខាន់​ព្រោះគាត់ជាអ្នកដឹកនាំ​ភ្ញៀវផ្ទាល់»។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៏​បានមានប្រសាសន៏​ថាកាលពីឆ្នាំ២០១៩ ​មានភ្ញៀវទេសទេស​ចរអន្តរជាតិ៦.៦លាននាក់ មកលេងប្រទេសកម្ពុជា ដោយ កើនឡើងប្រមាណជាង៦.៦​ភាគរយ​ បើប្រៀបធៀបឆ្នាំ២០១៨ ដែល​នាំមកនូវប្រាក់​ចំណូលសេដ្ឋកិច្ច​ជាតិប្រមាណជិត​ប្រាំពាន់លានដុល្លារ។

លោកទទួលស្គាល់ថា វិបត្តិកូវីដ ១៩ ជះឥទ្ធិពលខ្លាំង​ដល់វិស័យ​ទេសចរណ៍ និងធ្វើឲ្យ​មគ្គុទេសក៍ បាត់បង់ការងារ និងប្រាក់ចំណូល។ លោកថា បញ្ហានេះ នឹងអូសបន្លាយពេលយូរ ​ហើយលោកលើកទឹកចិត្ត​ឲ្យមគ្គុទេសក៍​ទាំងនោះ​ងាកមកបំរើសេវាកម្ម​ដល់ទេសចរ​ក្នុងស្រុកវិញ។

លោក សុភ័ក បានមានប្រសាសន៍ថា៖ «ដំណាក់កាល​នេះគាត់គួរងាក​មកបំរើសេវា​ភ្ញៀវទេសចរណ៏​ក្នុងស្រុកវិញ​ដែលដើរលេង​កំសាន្តតាមគោលដៅ​ធំៗ»

លោក​បន្តថា៖ «ការប៉ាន់ប្រមាណថាឆ្នាំ​២០២៥បានយើង​មកដល់​តួលេខដូចឆ្នាំ២០១៩​វិញ ​អាចមានចលនាទេសចរផ្លាស់​ប្តូរក្នុងពិភពលោក ទេសចរណ៍​អន្តរជាតិ។ យ៉ាងហោច​ណាស់ត្រូវប្រើពេលវេលា​បីទៅប្រាំឆ្នាំ»

 លោក សុភ័ក បានបន្ថែមថា វិស័យទេសចរណ៍ ផ្តល់ការងារ​ដោយផ្ទាល់៦០ម៉ឺនកន្លែង ការងារប្រយោលរាប់ម៉ឺន​កន្លែងទៀត។ អំឡុងពេល វិបត្តិកូវីដ ១៩ អាជីវកម្ម​ទេសចរណ៏ដែលបាន​បិទទ្វារឬផ្អាកអាជីវកម្មមាន​ប្រមាណជាងបីពាន់​ទីតាំង រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន​ ផ្ទះសំណាក់ ក្លិបកំសាន្ត និង​ទីភ្នាក់ងាទេសចរណ៍​​ ដែលធ្វើឲ្យប៉ះពាល់​ដល់បុគ្គលិក​ជាង ៥ម៉ឺននាក់។​

កាលពីចុងខែមិថុនា រដ្ឋាភិបាលប្រកាស​ផ្តល់ប្រាក់ឧបត្ថម្ភ​ដល់គ្រួសារក្រីក្រ ប្រមាណ២.៣លាននាក់ ដែលរង​ផលប៉ះពាល់​ដោយសារវិបត្តិ​កូវីដ ១៩។ នៅក្នុងជុំទី១​ រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ២៥លានដុល្លារ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន២៧៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៧៥នាក់។

ខណៈពេលដែលរដ្ឋាភិបាល​បន្តបិទ​ជើងហោះហើរអន្តរជាតិ លោក ប៊ុនឈួប អំពាវនាវ​ដល់​រដ្ឋាភិបាលរៀបចំ​គោលនយោបាយ​គាំពារ ដល់មគ្គុទេសក៍​ដែល​ពុំមានការងារ​ធ្វើ។

លោក ប៊ុនឈួប និយាយថា៖ «ជួយទំនុកបំរុង​មគ្គុទេសក៍ផង​ក្នុងកំឡុងពេល​កូវីដនេះ ដ៏រាបណា​ជើងយន្តហោះ​អត់ទាន់ដំណើរ​ការវិញ។ បើមគ្គុទេសក៍ខ្លះ​ភរិយាគាត់​គ្រួសារគាត់​ពឹងតែ​វិស័យ​ហ្នឹង ដុនដាបទាំងស្រុង​បណ្តាយ។ ដូចខ្ញុំប្រសិន​ប្រពន្ធអត់​មានការងារ​ជាពេទ្យឆ្មប​តិចតួច គឺសូន្យបណ្តោយ»

Share on facebook
Share on twitter
Share on linkedin
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ
ព័ត៌មានពេញនិយម