សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជន​បរិស្ថាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​មូលដ្ឋាន​​ និង​អ្នក​ភូមិ​មួយ​ចំនួន​ពី​បទ​បង្ក​ហិង្សា​និង​គំរាម​កំហែង​

សកម្មជន​បរិស្ថាន​ ​លោក​ ​ឆន​ ​ផល្លា​ ​និយាយ​នៅ​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​។​ ​រូបភាព​​ ​បញ្ញា​ ​ឆ​ព័ណ្ណ

​សកម្មជន​បរិស្ថាន​ម្នាក់​នៅ​ខេត្ត​រតនគិរី​បាន​ដាក់ពាក្យ​ប្តឹង​មន្ត្រី​មូលដ្ឋាន​ប្រាំមួយ​រូប​ និង​អ្នកភូមិ​១​០​នាក់​ផ្សេងទៀត​ ​ដែល​តាម​ចោទ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​គំរាម​ឲ្យ​ដក​ពាក្យបណ្តឹង​ និង​គំរាមកំហែង​ ​នឹង​សម្លាប់​លោក​។​

​បណ្តឹង​កើតមានឡើង​ ​បន្ទាប់ពី​លោក​ ​ឆន​ ​ផល្លា​ ​អាយុ​ ៤​១​ឆ្នាំ​តាម​ចោទ​ថា​ ​ត្រូវ​បាន​គេ​ព្រួត​វាយ​ក្នុង​វេទិកា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​ ​នៅ​ក្នុង​ឃុំ​សេដា​ ​ស្រុង​លំ​ផាត់​ ​ជាទី​ដែល​លោក​បាន​លើកឡើង​ពី​បញ្ហា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​រាន​ព្រៃ​និង​លក់​ដី​សហគមន៍​ក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ​២​០​១​៧​។​

​លោក​ ​ផល្លា​ ​និង​ក្រុម​គ្រួសារ​បាន​គេច​ខ្លួន​ពី​ភូមិ​ស​មុ​ត្រ​ក្រោម​កាលពី​ស​ប្តាហ៍​មុន​ ​ដោយសារ​ការ​ធ្វើទុក្ខ​បុក​ម្និ​ញ​ ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​បដិសេធ​ការចោទប្រកាន់​ដែល​ថា​ ​មានការ​បំ​ផិត​បំភ័យ​និង​ការ​វាយដំ​។​

លោក​ ​រ៉ា​ ​បូរ៉ា​ន​ឌី​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​រតនគិរី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ថា​ ​តុលាការ​បាន​ទទួល​ពាក្យបណ្តឹង​របស់​លោក​ ​ឆន​ ​ផល្លា​ ​រួចហើយ​។​

លោក​បាន​មានប្រសាសន៍ថា​៖​ ​«​គាត់​ [ ​មន្ត្រី​តុលាការ​ ] ​បាន​ទទួល​ពាក្យបណ្តឹង​រួចហើយ​»​។​

​យោង​តាម​សំណៅ​ពាក្យបណ្តឹង​ដែល​ខេ​ម​បូ​ចា​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២​១​ខែ​កក្កដា​ ​លោក​ ​ផល្លា​ ​បាន​ប្តឹង​អ្នកភូមិ​១​០​នាក់​ ​ដែល​លោក​បាន​ចោទ​ថា​ ​បាន​ចូលរួម​ក្នុង​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ ​ព្រមទាំង​មន្ត្រី​មូលដ្ឋាន​ប្រាំមួយ​នាក់​ផង​ដែរ​ ​រួម​មាន​លោក​មេឃុំ​ ​មន្ត្រី​នគរបាល​ ​ប្រជា​ការពារ​និង​ប្រធាន​សហគមន៍​។​

​ក្នុង​ពាក្យបណ្តឹង​នេះ​ ​សកម្មជន​ព្រៃឈើ​រូប​នេះ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​គំរាមកំហែង​ ​ហិង្សា​ដោយចេតនា​និង​គំរាមកំហែង​ថា​នឹង​សម្លាប់​។​

​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​លោក​ ​ផល្លា​ ​បាន​ច្រានចោល​ព័ត៌មាន​ដែល​ក្រុម​អាជ្ញាធរ​បាន​ចុះផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​ដែល​ថា​ ​គ្មាន​អំពើ​ហិង្សា​អំឡុង​​វេទិកា​សាធារណៈ​នោះ​។​

លោក​ ​ផល្លា​ ​បាន​និយាយ​ថា​៖​«​ខ្ញុំ​សម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​ពីព្រោះ​ពួកគេ​បាន​វាយ​ខ្ញុំ​»​។​

​លោក​បាន​និយាយ​ថា​៖​«​គាត់​ [ ​អង់​ ​ប៊ុន​ធៀ​ង​ ​មេឃុំ​ ] ​គឺជា​អាជ្ញាធរ​ ​មិនបាន​រារាំង​ក្រុម​អ្នកភូមិ​ដែល​ប្រើ​ហិង្សា​ឲ្យ​ឈប់​វាយដំ​ខ្ញុំ​នោះ​ទេ​»​។​

​លោក​ ​ផល្លា​ ​បាន​បន្ថែម​ថា​ ​លោក​និង​ក្រុម​គ្រួសារ​កំពុង​លាក់ខ្លួន​នៅឡើយ​ ​បន្ទាប់​លោក​និង​ក្រុម​គ្រួសារ​ប្រឈម​នឹង​ការ​ធ្វើទុក្ខ​បុក​ម្និ​ញ​និង​ការ​បំ​ផិត​បំភ័យ​ពីសំណាក់​ក្រុម​មន្ត្រី​ក្នុង​មូលដ្ឋាន​។​

​លោក​បាន​និយាយ​ថា​៖​«​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ទេ​ ​ខ្ញុំ​មិន​ហ៊ាន​វិលត្រឡប់​ចូល​ភូមិ​វិញ​ទេ​»​។​
​លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ធ្វើ​ការស៊ើបអង្កេត​និង​ចាត់វិធានការ​ច្បាប់​លើ​ក្រុម​អាជ្ញាធរ​ដែល​លោក​អះអាង​ថា​ ​ព្យាយាម​គំរាម​លោក​ឲ្យ​ដក​ពាក្យបណ្តឹង​ដែល​លោក​បាន​ប្តឹង​តាំងពី​ឆ្នាំ​២​០​១​៧​ ​ដោយ​ចោទ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ថា​ ​បាន​បណ្តែត​បណ្តោយឲ្យ​អ្នកភូមិ​រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​។​

​លោក​ ​ផល្លា​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​សូមឲ្យ​សម្តេច​ ​ហ៊ុន​ ​សែន​ ​ចាត់វិធានការណ៍​ច្បាប់​លើ​មន្ត្រី​ទាំងអស់​នោះ​ ​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បាន​ធ្វើបាប​អ្នកភូមិ​។​ ​ជាពិសេស​ ​ខ្ញុំ​ចង់ឲ្យ​តុលាការ​ផ្តន្ទាទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​»​។​

​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​កក្កដា​ ​លោក​ ​នូ​ ថេ ​អភិបាលស្រុក​លំ​ផាត់​បាន​បដិសេធ​ការចោទប្រកាន់​របស់​លោក​ ​ផល្លា​ ​ដោយ​អះអាង​ថា​ ​ការចោទប្រកាន់​ទាំងនេះ​មិន​ពិត​ទេ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​អាជ្ញាធរ​ធ្វើមេ​គេ​ ​ធ្វើ​ម៉ែ​គេ​ ​ទៅ​វាយ​ទាត់​កូន​ម៉េច​?​»​។​ ​បន្ទាប់មក​លោក​បាន​ដាក់​ទូរស័ព្ទ​ចុះ​។​

​លោក​ ​ប៊ុន​ធៀ​ង​ ​ជា​មេឃុំ​សេដា​ ​មិន​អាច​ទាក់ទង​ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​។​

​លោក​ ​សំ​ ​ទិត្យ​សីហា​ ​ជា​មេធាវី​របស់​លោក​ ​ផល្លា​ ​បាន​និយាយ​ថា​ ​លោក​សង្ឃឹម​ថា​ ​តុលាការ​នឹង​ធ្វើ​ការស៊ើបអង្កេត​ករណី​នេះ​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​និង​សាក្សី​ ​ដើម្បី​បញ្ជាក់​ពី​ឧប្បត្តិហេតុ​នៃ​អំពើ​ហិង្សា​មក​លើ​លោក​ ​ឆន​ ​ផល្លា​ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​»​។​

​លោក​ ​ស៊ឹង​ ​សែន​កុរ​ណា​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​មាន​តម្លា​ភាព​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​លោក​ ​ស៊ឹង​ ​សែន​កុរ​ណា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​យើង​សង្ឃឹម​ថា​ ​តុលាការ​នឹង​ស៊ើប​អង្កេត​ករណី​នេះ​ ​ពីព្រោះ​យើង​មើលឃើញ​បញ្ហា​ច្រើន​ទាក់ទិន​នឹង​ការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​និង​អ្នកភូមិ​»​ ​ដោយ​លោក​បន្ថែម​ថា​ ​គួរតែ​ចាត់វិធានការ​ច្បាប់​ផង​ដែរ​លើ​ក្រុម​មន្ត្រី​នៅ​ថ្នាក់​ជាតិ​ដែល​បាន​ឃុបឃិត​រាន​ដី​ព្រៃ​។​

​លោក​ ​សែន​កុរ​ណា​ ​បាន​មានប្រសាសន៍ថា​ ​អាជ្ញាធរ​គួរ​បញ្ឈប់​ការ​បំភ័យ​លើ​ក្រុម​គ្រួសារ​របស់​លោក​ ​ផល្លា​ ​និង​អ្នកភូមិ​ផ្សេងទៀត​នៅ​ឃុំ​សេដា​ ​ដែល​បាន​ដាក់ពាក្យ​ប្តឹង​មន្ត្រី​មូលដ្ឋាន​កាលពី​ឆ្នាំ​២​០​១​៧​នោះ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​យើ​ចាត់​ទុក​ករណី​នេះ​ ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារ​ថា​ ​គាត់​គឺជា​ពល​រដ្ឋកម្ពុជា​ ​ប៉ុន្តែ​គាត់​មិន​អាច​វិលត្រឡប់​ចូល​ភូមិ​របស់​គាត់​បាន​»​៕

75 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម