សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជន​បួនរូបទៀត​ត្រូវបានចោទ​ប្រកាន់ ខណៈអាជ្ញាធររារាំង​មិនឲ្យធ្វើបាតុកម្ម​នៅទីលាន​ប្រជាធិបតេយ្យ

នគរបាលនិងសន្តិសុខខណ្ឌ​បានរារាំងក្រុម​អ្នកតវ៉ា​មិនឲ្យប្រមូលផ្តុំ​នៅទីលានប្រជាធិបតេយ្យ​ក្នុងក្រុងភ្នំពេញ​កាលពីថ្ងៃទី៧ ខែកញ្ញា៖ បញ្ញា ឆពណ្ណ

សកម្មជនបួនរូប​ត្រូវបានចាប់ខ្លួន​និងចោទប្រកាន់​ពីបទញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ដល់សង្គម រយៈពេលពីរថ្ងៃកន្លងទៅនេះ ដោយសារមានផែនការ​ប្រមូលផ្តុំ ដោយសន្តិវិធី​នៅទីលាន​ប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ ដើម្បីទាមទារ​រកយុត្តិធម៌​សម្រាប់​អ្នកតវ៉ា​ផ្សេងទៀត​ដែលត្រូវ​បានឃុំខ្លួន​កាលពីខែសីហាកន្លងទៅ ជាចំណាត់ការមួយ​ដែលក្រុមសង្គមស៊ីវិល​អះអាងថា វាបានបង្ហាញ​ឲ្យឃើញថា រដ្ឋាភិបាល​កំពុងតែបង្កើន​ការរឹតត្បិតលើ សេរីភាពជាមូលដ្ឋាន។ 

បើទោះបីជា​ទីលានប្រជាធិបតេយ្យ​គឺជាទីលាន​តែមួយគត់​ក្នុងរាជធានី​ដែលគេកំណត់ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិសេរីភាព​នៃការជួបជុំ​ក៏ដោយ ក៏កាលពីថ្ងៃទី៧ ខែ កញ្ញានេះ មន្ត្រីនគរបាល​និងសន្តិសុខខណ្ឌ ដោយមាន​ដាក់របាំងផងនោះ បានរារាំង​ពលរដ្ឋ​មិនឲ្យចូល​ទៅកាន់ទីតាំង​នោះទេ ជាអ្វីដែល​សាលារាជ​ធានីភ្នំពេញ​អះអាងថា ជាវិធានការណ៍ចាំបាច់ ដើម្បីរក្សា​សន្តិសុខ​និងសណ្តាប់ធ្លាប់សាធារណៈ។

លោក មាន ព្រហ្មមុនី ជាអនុប្រធានសមាគម សម្ព័ន្ធ និស្សិតបញ្ញាវន្តខ្មែរ ហៅកាត់ថា (KSILA) លោក ថា ឡាវី និងភិក្ខុ កើត សារ៉ាយ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈនិងសកម្មជនម្នាក់ទៀតឈ្មោះ គង់ សំអាន បានប្រកាសតាមហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែសីហាថា ពួកគាត់នឹងរៀបចំការប្រមូលផ្តុំដោយសន្តិវិធីចាប់ពីថ្ងៃទី៧ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញា ដើម្បីស្វែងរកយុត្តិធម៌សម្រាប់មេដឹកនាំសហជីពលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត ហើយពួកគេជឿថា អ្នកទាំងអស់នោះត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។ 

មនុស្សបួននាក់​ត្រូវចាប់ខ្លួន​នៅថ្ងៃទី៦និងទី៧ ខែកញ្ញា និងបានចោទប្រកាន់​ពីបទញុះញង់​បង្កឲ្យមានភាពវឹកវរ​ដល់សន្តិសុខសង្គម ដែលសរុបមាន​សកម្មជនចំនួន ១៣ នាក់ហើយ​ត្រូវបាន​ចោទប្រកាន់ពីបទ ល្មើស​ដូចគ្នានេះ​ក្នុងរយៈពេលមួយខែ។ 

សំណេរនៅលើហ្វេសប៊ុក​ស្តីពីព្រឹត្តិការណ៍​ដែលដាក់​ឈ្មោះថា ពលរដ្ឋសកម្ម សរសេរថា៖ «ប្រសិនបើ[យើង]​ចង់បានយុត្តិធម៌ [យើង]ត្រូវតែទាមទារ​យុត្តិធម៌។ សូមចូលរួម​សម្តែងមតិ​ឲ្យបានច្រើនកុះករ»។

អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមឃឿន បានមានប្រសាសន៍ថា សកម្មជនបួនរូបនេះ ត្រូវបានចាប់ខ្លួន​ផ្អែកតាម​ដីការបស់តុលាការ ដោយចោទប្រកាន់​ពួកគេ​ពីបទញុះញង់​បង្កឲ្យមានភាពវឹកវរ​ដល់សន្តិសុខសង្គម។ 

លោកបានមាន​ប្រសាសន៍ថា៖ «តុលាការ​បានសម្រេច​ឃុំខ្លួន​ពួកគេ​នៅពន្ធនាគារ​ហើយ»

លោក ថេង ជាង អ្នកនាំពាក្យតុលាការ​ខេត្តត្បូងឃ្មុំ​បានបញ្ជាក់ថា លោក សំអាន ត្រូវបាន​ចាប់ខ្លួននៅខេត្តនេះ​តាមដីកាផងដែរ។ 

លោកមានប្រសាសន៍ថា៖ «យើង​សហការ​និងធ្វើតាមដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ​តែប៉ុណ្ណោះ» ដោយបានបន្ថែមថា លោក សំអាន ត្រូវបាន​បញ្ចូនទៅ​ក្រុងភ្នំពេញ បន្ទាប់ពី​ត្រូវបានចាប់ខ្លួន។ 

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​មិនអាចទាក់ទង ដើម្បីសុំការ​អត្ថាធិប្បាយបានទេ។ 

កាលពីថ្ងៃទី៧ ខែកញ្ញា នៅក្រៅទីលាន​ប្រជាធិបតេយ្យ អ្នកតវ៉ាប្រហែល ២០ នាក់​បានប៉ះទង្គិចជាមួយ​នគរបាល​និងសន្តិសុខ​ខណ្ឌឫស្សីកែវ ខណៈពេល ក្រុមនេះព្យាយាម​ចូលទៅទីលានសាធារណៈនេះ បើទោះបីជា​ទទួលបាន លិខិត​ជូនដំណឹង​ពីសាលារាជធានីភ្នំពេញ​កាលពីថ្ងៃទី២ ខែកញ្ញាប្រាប់ថា សំណើ​របស់ពួកគេ​ត្រូវបាន​បដិសេធ​ក៏ដោយ។ 

លិខិតនេះសរសេរថា៖«លោក លោកស្រី​មិនអាច​កំណត់​សមាសភាព និងចំនួន​អ្នកចូល​រួមបានច្បាស់លាស់ ដែលការ​ធ្វើបាតុកម្មនេះ នឹងអាច​បង្កគ្រោះថ្នាក់​ណាមួយ ឬនឹងអាចប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សន្តិសុខ សុវត្ថិភាព»។

លិខិតនេះបន្តថា៖ «ទីពីរ លោក លោកស្រី បានធ្វើការ​អំពាវនាវ​តាមទំព័រហ្វេស​ប៊ុក​ដែលមាន​ឈ្មោះថា ពលរដ្ឋសកម្ម ដែលខ្លឹមសារ​មានចរិត​បំផុស ញុះញង់​ឲ្យប្រឆាំង​ជាមួយ​នឹងដំណើរ​ការនីតិវិធីតុលាការ»

 លោក សុខ រដ្ឋា អាយុ ២៦ ឆ្នាំជាសមាជិករបស់ KSILA ដែលបាន​ចូលរួមក្នុង​ការតវ៉ានេះ​បាននិយាយថា ការចាប់​ខ្លួនសកម្មជន នាពេលថ្មីៗនេះ​គឺអយុត្តិធម៌ ចំណែក​ការសម្រេច ចិត្តរបស់​អាជ្ញាធរ​ក្នុងការ​រារាំង​មិនឲ្យចូល​ទីលានប្រជាធិបតេយ្យ​ក៏ដូចគ្នាដែរ។ 

លោកបាននិយាយថា៖ «ខ្ញុំគិតថា វាគឺជាការ​រឹតត្បិតពិតប្រាកដ​លើសេរីភាព​ជាមូលដ្ឋាន​របស់យើង​ពីព្រោះនៅពេល​យើងធ្វើសកម្មភាព​ [តាមទីសាធារណៈ] កន្លងមក ពួកគេចោទ​ប្រកាន់​យើងថា បានធ្វើសកម្មភាពខុសច្បាប់ ប៉ុន្តែនៅពេលយើងធ្វើតាមការណែនាំសុំការអនុញ្ញាត [ដើម្បីធ្វើបាតុកម្ម] ពួកគេមិនអនុញ្ញាតឲ្យយើងធ្វើទេ»។ 

លោក រដ្ឋា បានបន្ថែមថា ក្រុមរបស់លោក​បានជូនដំណឹង​ទៅសាលាក្រុង​ជាមុនថា បាតុកម្មរបស់ខ្លួននឹងមាន​អ្នកចូលរួម​ប្រហែល ២០០ នាក់ ប៉ុន្តែសាលាក្រុង​នៅតែបដិសេធ។ 

លោកសួរថា៖ «យើងគ្រាន់តែ​ចង់ឲ្យប្រជាពលរដ្ឋ​អាចសម្តែង​មតិរបស់គាត់ ហើយយើងចង់​ជួយអប់រំសាធារណជន​អំពីច្បាប់។ តើវាមានន័យ​ដូចម្តេចប្រសិន​បើទីលាន​ប្រជាធិបតេយ្យ​ដែលត្រូវបានរៀបចំ​សម្រាប់សាធារណៈជន​បញ្ចេញមតិរបស់ខ្លួន ប៉ុន្តែបែរ​ជាពួកគេហាមឃាត់​យើងមិន​ឲ្យធ្វើ​ដូច្នេះទៅវិញ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា​រាជធានីភ្នំពេញ​បានមានប្រសាសន៍ថា បាតុកម្មនេះ​មិនត្រូវបានអនុញ្ញាតទេ ពីព្រោះ​បើទោះបីជា​អ្នករៀបចំ​បានដាក់ពាក្យ​សុំប្រើប្រាស់​ទីលាននេះ​ក៏ដោយ ក៏ពួកគេមិនបានពន្យល់ថា តើពួកគេអាច​គ្រប់គ្រង​អ្នកចូលរួមតាម​របៀបណា ដើម្បីធានា​បានសុវត្ថិភាព​និងសណ្តាប់ធ្លាប់​សាធារណៈ។ 

លោក មាសភក្តី បានមានប្រសាសន៍ថា៖ «យើងមើលឃើញថា ពួកគាត់ធ្វើ​តាមការណែនាំ​ហើយ ប៉ុន្តែនៅពេល​យើងរៀបចំកិច្ច​ប្រជុំជាមួយ​ពួកគាត់ ពួកគាត់​មិនអាច​បញ្ជាក់ពីចំនួន​ប្រជាពលរដ្ឋ​ដែលចូលរួម​នោះទេ ហើយពួកគាត់​បានអំពាវនាវ​តាមទំព័រហ្វេសប៊ុក​របស់គាត់​ឲ្យសាធារណជន​ចូលរួមដោយសេរី​នៅក្នុង​ព្រឹត្តិការណ៍នេះ»។ 

លោកមានប្រសាសន៍ថា៖ «ដូច្នេះ ពួកគាត់មិនអាចឆ្លើយថា តើពួកគាត់​នឹងគ្រប់គ្រង​ប្រជាពលរដ្ឋ​ដែលចូលរួមនោះ ហើយនេះ​ជាមូលហេតុដែល​យើងមិនអាច​អនុញ្ញាតឲ្យ​ពួកគាត់​រៀបចំការ​ប្រមូលផ្តុំនេះ»។ 

យោងតាមច្បាប់​ស្តីពីការធ្វើបាតុកម្ម​ដោយសន្តិវិធី គ្មានការ​កំណត់ចំនួន​មនុស្សដែល​អាចចូលរួម​បាតុកម្មទូទៅនោះទេ។ 

ផ្នែកទី២​នៃច្បាប់នេះចែងថា«ប្រសិនបើបាតុកម្ម​ត្រូវធ្វើនៅកន្លែង​បញ្ចេញមតិ​ជាសាធារណៈ​ហើយមានមនុស្ស​លើសពីចំនួន២០០នាក់​បន្តិចបន្តួច​បានចូលរួម អាជ្ញាធរគួរ​តែអនុញ្ញាត​ឲ្យបាតុកម្ម​បន្តធ្វើទៅបាន ប្រសិនបើ​បាតុកម្មនោះ មិនមានការ​គំរាមកំហែង​ដល់សណ្តាប់​ធ្លាប់សាធារណៈ» 

ច្បាប់នេះក៏បានចែងថា៖​ «អាជ្ញាធរគួរ​ខិតខំ​អស់លទ្ធភាព​តាមតែអាច​ធ្វើបាន ដើម្បីធានាថា ក្រុមទាំងអស់ដែលចង់​ធ្វើបាតុកម្ម អាចរៀបចំបាតុកម្ម​ស្របទៅតាម​បែបបទ ពេលវេលា និងទីកន្លែង​ដែល​បានស្នើសុំ»។ 

លោក មាសភក្តី បានអំពាវនាវឲ្យ​ក្រុមសង្គមស៊ីវិល​ពិនិត្យមើលព័ត៌មាន​ឲ្យបានគ្រប់ជ្រុងជ្រោយ​ជាមុនសិន មុនពេលធ្វើការ​សន្និដ្ឋានថា អាជ្ញាធរមាន​ភាពលម្អៀង​ចំពោះភាគី​ណាមួយ។ 

លោកបានមានប្រសាសន៍ថា៖ « [អង្គការសង្គមស៊ីវិល] កុំគ្រាន់តែមើលឃើញ​ទីលានប្រជាធិបតេយ្យត្រូវបានបិទ ហើយ​និយាយថា សិទ្ធិសេរីភាព​នៃការបញ្ចេញមតិ​ត្រូវបាន​រឹតត្បិត»។ 

លោក ស ថេត ស្នងការនគរបាល​រាជធានីភ្នំពេញ​បានបដិសេធមិន​ធ្វើអត្ថាធិប្បាយ​ជុំវិញករណីនេះទេ។ 

ចំណែក​លោក ជិន ម៉ាលីន ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​បានមាន​ប្រសាសន៍ថា ក្រុមអង្គការ​សង្គមស៊ីវិល​ព្រួយបារម្ភ​ជ្រុលពេក​ហើយទាក់ទិន​នឹងការអនុវត្ត​សិទ្ធិសេរីភាព​នៃការបញ្ចេញមតិ ប៉ុន្តែមិន​បានគិតពី​ផលប្រយោជន៍សន្តិសុខជាតិ​និងសណ្តាប់ធ្លាប់​សាធារណៈ​នោះទេ។ 

លោកមានប្រសាសន៍ថា៖ ​«យើងចង់សួរ​ក្រុមអង្គការសង្គម​ស៊ីវិលថា តើពួកគេ​អាចធានាថា ការប្រមូលផ្តុំ​ដែលមិនមាន​ការកំណត់ចំនួន​អ្នកចូលរួម នឹងប៉ះពាល់ដល់​សន្តិសុខ​ជាតិទេ»

លោក ជិន ម៉ាលីន បានបន្ថែមថា៖ «ប្រសិនបើពួកគេ​មិនអាច​ធានា [សន្តិសុខ] នោះវិធានការណ៍​ទប់ស្កាត់ការ​ប្រមូលផ្តុំ​គឺជាការចាំបាច់ ហើយវា​មិនរំលោភសិទ្ធិ​សេរីភាព​នៃការបញ្ចេញ​មតិនោះទេ»។ 

 ដោយសារមាន​ការហាមឃាត់​មិនឲ្យចូល​ទៅទីលាន​ប្រជាធិបតេយ្យ ក្រុមអង្គការសង្គមស៊ីវិល​ដូចជាអង្គការមាតាធម្មជាតិ និងសកម្មជន​ដែលមិនសប្បាយចិត្តដូចជា​ក្រុមអ្នកគាំទ្រ​លោក រ៉ុង ឈុន ជាដើមគ្មានកន្លែង​ដើម្បីសម្តែងការ​មិនពេញចិត្ត​របស់ពួកគេនោះទេ។ 

បាតុកម្មដែលប្រមូលផ្តុំ​ដោយអ្នកគាំទ្រ​របស់គណបក្ស​សង្គ្រោះជាតិ​នៅទីលាន​ប្រជាធិបតេយ្យ​ចាស់កណ្តាល​ក្រុងភ្នំពេញ​ទាក់ទាញការ​ចូលរួម​របស់មនុស្ស​រាប់ម៉ឺននាក់កាល​ពីឆ្នាំ ២០១៣ ហើយទីលាននេះ​ត្រូវបាន​គេបោសសម្អាត​ទាំងហិង្សា​កាលពីឆ្នាំ២០១៤ ។ កាលពីឆ្នាំ ២០១៧ សាលាក្រុងភ្នំពេញបានប្រកាសថា ទីលាននេះនឹងត្រូវប្តូរ​មកទីតាំងបច្ចុប្បន្ននេះ​នៅជាយក្រុងភ្នំពេញវិញ បន្ទាប់ពីលោក ហ៊ុន សែន បានមានប្រសាសន៍ថា ទីតាំងកណ្តាល​ក្រុងភ្នំពេញ​នេះបង្កឲ្យ​មានភាពអនាធិបតេយ្យ។ 

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​នៅសមាគមការពារ​សិទ្ធិមនុស្ស​អាដហុក បានមានប្រសាសន៍ថា ការដែល​សាធារណជន​មិនអាចសម្តែងមតិ​ជាសាធារណៈ​គឺជាផ្នែកមួយ​នៃនិន្នាការ​នៃការធ្លាក់ចុះ​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​នៅក្នុង​ប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងឃើញហើយថា នៅមានការរឹតត្បិត​លើសិទ្ធិសេរីភាព​នៃការប្រមូលផ្តុំ​និងការបញ្ចេញមតិ និងកង្វះការ​គោរព​សិទ្ធិមនុស្ស»។ 

លោកបានបន្ថែមថា៖ «យើងកំពុងមានចម្ងល់ថា ហេតុអ្វីគាត់មានកន្លែង [ទីលានប្រជាធិបតេយ្យ] ដែលសាធារណជន​អាចអនុវត្ត​សិទ្ធិសេរីភាពបញ្ចេញមតិ​របស់ខ្លួន ប៉ុន្តែមិន​អនុញ្ញាតឲ្យធ្វើ»។ 

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បានមាន ប្រសាសន៍ថា អាជ្ញាធរប្រឹងប្រែងខ្លាំង​ក្នុងការទប់ស្កាត់​និងបំបែកការ​ប្រមូលផ្តុំ​ដោយសន្តិវិធី ហើយថា ការរឹតត្បិត​ការចូលទៅ​ទីលានប្រជាធិបតេយ្យ​បានបង្ហាញថា រដ្ឋាភិបាល​គ្មានចេតនា​បន្ថយការរំលោភបំពាន​លើសិទ្ធិសេរីភាព​នៃការជួបជុំ​នេះទេ។​ 

លោកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «ការរឹតត្បិតលើ​ការចូល​ទៅកាន់​ទីលានបាន​បង្ហាញនូវ​ការព្យាយាមជាថ្មីទៀត​របស់អាជ្ញាធរក្នុងការ​កាត់បន្ថយ​សំឡេង​របស់ក្រុមអ្នកតវ៉ា»។ 

លោកស្រីមានប្រសាសន៍បន្តថា៖ «ស្របទៅ​តាមកាតព្វកិច្ច​ស្តីពីសិទ្ធិមនុស្ស [រដ្ឋាភិបាល] គួរតែ​បង្កើតកន្លែង​ដែលមានសុវត្ថិភាព​និងអាច​ធ្វើទៅបាន​សម្រាប់​បុគ្គល​ទាំងនេះ​និងពលរដ្ឋផ្សេងទៀត​ដើម្បីអនុវត្ត​សេរីភាព​របស់ពួកគេ»។ 

លោកស្រី ចក់ សុភាព ក៏បានមានប្រសាសន៍ផងដែរថា ការចាប់ខ្លួនសកម្មជនស្តែងៗ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានគឺ «គួរឲ្យបារម្ភ»។ 

លោកស្រី បានបន្ថែមថា៖ «ស្របពេលការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវតុលាការ​និងការបំផិតបំភ័យ​លើ​សកម្មជន​និងអ្នកការពារសិទ្ធិ​មនុស្សគឺ​ជារឿងធម្មតា​ទៅហើយនៅ​កម្ពុជានោះ ការចាប់ខ្លួន​អ្នករិះគន់ឥតសំចៃដៃ​បានកើនឡើង​គួរឲ្យបារម្ភ​ក្នុងពេលដ៏ខ្លីនេះ ហើយមានការ​ផ្តោតគោលដៅ​ច្បាស់លាស់​ទៅលើសំឡេង​របស់សកម្ម ជនលេច​ធ្លោតែម្តង»។ 

ការចាប់ខ្លួន​សកម្មជនបួនរូប​ដែលមានគម្រោង​ធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ​នៅសប្តាហ៍នេះ​ កើតមានបន្ទាប់ពីការ​ចាប់ខ្លួនសកម្មជន​មាតាធម្មជាតិ​បីរូបកាល​ពីសប្តាហ៍មុន ការឃុំខ្លួន​និងការចោទប្រកាន់​ជាបន្តបន្ទាប់​លើក្រុមសកម្មជន​ដែលធ្វើការតវ៉ា ចាប់តាំងពីថ្ងៃទី១ ខែសីហាមក ដើម្បីទាមទារឲ្យមានការ​ដោះលែងលោក រ៉ុង ឈុន។ លោក រ៉ុង ឈុន ជាអ្នករិះគន់​រដ្ឋាភិបាល​ជារឿយៗ​នោះត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសារ​តែពាក់ព័ន្ធ​នឹងការញុះញង់​តាមរយៈ​ការធ្វើអត្ថាធិប្បាយ​អំពីការបោះបង្គោល​ព្រំដែននៅ​តាមបណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។

នៅក្នុងចំណោម​ក្រុមអ្នកតវ៉ា​ប្រហែល៥០នាក់​ដែលទាមទារ​ឲ្យមានការដោះលែង​លោក រ៉ុង ឈុន នោះ មាន១២នាក់​ហើយត្រូវបាន​ចាប់ខ្លួន ដោយ៥នាក់​ត្រូវបានចោទប្រកាន់​បន្តបន្ទាប់​ពីបទញុះញង់​បង្កឲ្យមាន​ភាពវឹកវរប៉ះពាល់​ដល់សន្តិសុខសង្គម ហើយត្រូវ​បានឃុំខ្លួនបណ្តោះ​អាសន្នមុន​ការកាត់ក្តី​ រួមទាំងលោក សួង សោភ័ណ្ឌ ជាប្រធាន​គណបក្សខ្មែរឈ្នះ​ផងដែរ។

ប៉ុន្មានថ្ងៃក្រោយពីការចាប់ខ្លួនលោក រ៉ុង ឈុន អ្នកគាំទ្រលោកប្រហែល២០ នាក់បានធ្វើការតវ៉ាបីលើកនៅក្រៅ​សាលាដំបូងរាជធានី​ភ្នំពេញ ប៉ុន្តែទើបតែ​នៅថ្ងៃទី ៣ ដែលពួកគេ​ត្រូវបាន​នគរបាលនិងមន្ត្រី​កងរាជអាវុធហត្ថ​ប្រហែល៧០នាក់​បានរាំរាំង។ ជំនួសមកវិញ ពួកគេបាន​តវ៉ាតាមដង​វិថីដោយដើរ​ជាក្បួនពីផ្សារ​អូឫស្សីឆ្ពោះទៅ​ក្រសួងយុត្តិធម៌​និងស្រែកទាមទារ​ឲ្យដោះលែង​លោក រ៉ុង ឈុន។

លោក ស ថេត ស្នងការនគរបាលរាជធានី​ភ្នំពេញ​បានមានប្រសាសន៍​នៅល្ងាចថ្ងៃនោះថា គ្មានការអនុញ្ញាតឲ្យ​តវ៉ានៅ​ក្រៅតុលាការទេ ហើយក៏​បានគំរាម​ចាត់វិធានការណ៍​ច្បាប់លើ​ក្រុមនេះផងដែរ​ ប្រសិនបើ​ពួកគេ​តវ៉ានៅ​តាមទីសាធារណៈ​ផ្សេងទៀត។ 

លោកមានប្រសាសន៍ថា៖ «យើងមិនអនុញ្ញាតឲ្យ [ ក្រុមអ្នកតវ៉ា] បង្កភាពអនាធិបតេយ្យ​នៅមុខស្ថាប័នតុលាការទេ។ កម្លាំងរបស់យើង​នឹងប្រចាំការ​រហូតដល់​ការតវ៉ាខុសច្បាប់​នេះបញ្ឈប់»។ 

លោកបានបន្ថែថា៖ «ប្រសិនបើពួកគេបង្កការ​រំខានដល់ពលរដ្ឋ​ដែលកំពុង​ធ្វើដំណើរ ពួកគាត់ [អាជ្ញាធរ] នឹងចាត់វិធានការច្បាប់ លើអ្នកតវ៉ាទាំងអស់»។ 

កាលពីពាក់កណ្តាលខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគំរាមកំហែង​ក្រុមអ្នកតវ៉ា អំឡុងពេល​ថ្លែងសុន្ទរ​កថាក្នុង​ពិធីសម្ពោធសួនទឹក​នៅក្នុងទីក្រុងភ្នំពេញ ។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «សូមផ្ញើសារ​ចេញមកប៉ុន្មាន​ចាប់ប៉ុណ្ណឹង រឿងទល់ដែនអត់ឲ្យមានរញ៉េរញៃ។ កុំថា រដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ នេះមិនមែន​ជាការតស៊ូមតិទេ»

ចាប់តាំងពីពេលនោះមក ក្រុមសកម្មជនបន្តប្រមូលផ្តុំ ហើយត្រូវបានរារាំង​ដោយនគរបាល​និងសន្តិសុខខណ្ឌ​ជាច្រើនលើកច្រើនសា ខណៈពួកគេហែរក្បួន​ដាក់ញត្តិ​តាមស្ថានទូតបរទេស​ដោយអំពាវនាវឲ្យស្ថានទូត​ទាំងនោះ​អន្តរាគមន៍​លើករណី​របស់លោក រ៉ុង ឈុន។ 

យោងតាមរបាយការណ៍​ប្រចាំឆ្នាំដែល​ចេញផ្សាយកាលពីខែកក្កដា​ដោយគម្រោង​ឃ្លាំមើល​សេរីភាព​ជាមូលដ្ឋាន​បានឲ្យដឹងថា ចន្លោះពីខែមេសាឆ្នាំ២០១៩ ដល់ខែមីនាឆ្នាំ ២០២០ មានការរឹតត្បិត​៥៣លើក​និងការរំលោភបំពាន​លើសិទ្ធិសេរីភាព​នៃការប្រមូលផ្តុំ​២១លើក៕

169 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម