សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ (Mother Nature) ចំនួនបីនាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួន ដើម្បីសាកសួរ កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅនេះ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើបណ្តាញសង្គម ដោយនិយាយថា ពួកគេមានគម្រោងដើរទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថានផ្សេងៗបង្កឡើងដោយសារការចាក់បំពេញបឹងតាមោក។
ការឃាត់ខ្លួនខាងលើនេះកើតឡើង បន្ទាប់ពីសកម្មជនពីរនាក់បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់អង្គការ មាតាធម្មជាតិ កាលពីថ្ងៃទី០២ ខែកញ្ញា ដោយលើកឡើងថា ពួកគេនឹងដើរថ្មើរជើងទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួបនឹងលោកនាយករដ្ឋមន្រ្តីផ្ទាល់។
សារបង្ហោះនោះបានសរសេរថា៖ «កញ្ញា ឡុង គន្ធា នឹងធ្វើដំណើរថ្មើរជើង ចេញពីវត្តភ្នំ នៅម៉ោង ១១ព្រឹក ឆ្ពោះទៅភូមិគ្រឹះសម្ដេច ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដោយស្លៀកពាក់ពណ៌ស ដើម្បីស្នើជួបផ្ទាល់ជាមួយសម្ដេច ក្នុងគោលបំណងបង្ហាញអំពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោកដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវចម្រុះក្នុងបឹង ជាដើម»។
នគរបាលបាននិយាយថា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបាននាំខ្លួនទៅសាកសួរនៅសាលាខណ្ឌច្បារអំពៅ ពាក់ព័ន្ធនឹងការសរសេរសារបង្ហោះនោះ ខណៈលោក ថុន រដ្ឋា ត្រូវបាននាំខ្លួនទៅសាកសួរនៅសាលាខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធនឹងការចែករំលែកសារនោះ និងការប្រើប្រាស់នូវបន្ទប់ផ្សាយព័ត៌មានក្នុងគេហដ្ឋានរបស់ខ្លួន ដោយមិនមានការអនុញ្ញាត។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងកាលពីថ្ងៃទី០៣ ខែកញ្ញាថា មន្រ្តីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យកំពុងស៊ើបអង្កេតសំណុំរឿងរបស់សកម្មជន ថុន រដ្ឋា ពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ផ្សាយព័ត៌មាន ដោយមិនមានសុំការអនុញ្ញាត។
លោក សុខសីហា មានប្រសាសន៍ថា៖ «នៅពេលដែលយើងទៅពិនិត្យមើល [ផ្ទះរបស់រដ្ឋា] យើងពិតជាឃើញមានបន្ទប់ផ្សាយព័ត៌មាន និងឧបករណ៍មួយចំនួន ដូចជា កុំព្យូទ័រ និងជើងកាម៉េរា សម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ផ្សាយជាដើម»។ ដោយលោកបានបន្ថែមថា រដ្ឋាកំពុងត្រូវបានសាកសួរនៅសាលាខណ្ឌនៅម៉ោងប្រាំល្ងាចថ្ងៃសុក្រ ទី០៤ ខែកញ្ញានេះ។
លោកបានបន្តថា លោក ថុន រដ្ឋា ត្រូវបានសួរនាំឲ្យបកស្រាយពីហេតុផលដែលលោកចែករំលែកសារនោះនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរ។
លោក សុខសីហា មានប្រសាសន៍ថា៖ «គេគ្រាន់តែហៅគាត់ឲ្យមកបញ្ជាក់ហេតុផលដែលគាត់បង្ហោះព័ត៌មាននោះប៉ុណ្ណោះទេ»។
លោកបានបន្ថែមថា៖ «វាគ្រាន់តែជាការសាកសួរតែប៉ុណ្ណោះ គាត់មិនទាន់ត្រូវបានរងការចោទប្រកាន់ណាមួយនៅឡើយទេ»។
ខេមបូចា មិនអាចទាក់ទងអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានទេ។
សេចក្តីប្រកាសមួយចុះហត្ថលេខាដោយអភិបាលខណ្ឌ មន្រ្តីមន្ទីរព័ត៌មាន និងព្រះរាជអាជ្ញាត្រូវបានចែករំលែកនៅតាមបណ្តាញសង្គម បន្ទាប់ពីមានការឃាត់ខ្លួនសកម្មជនអង្គការ មាតាធម្មជាតិត ដោយលើកឡើងថា គេហដ្ឋានរបស់លោក ថុន រដ្ឋា ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបិទជាបណ្តោះអាសន្ន។
សេចក្តីប្រកាសនោះបានសរសេរថា៖ «យើងបានសម្រេចបិទផ្ទះ ដោយសារការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានការអនុញ្ញាត»។
ភរិយារបស់លោក ថុន រដ្ឋា ឈ្មោះ ផាត រស្មី អាយុ ២៩ឆ្នាំ បានអំពាវនាវឲ្យអាជ្ញាធរខណ្ឌ និងនគិរបាលដោះលែងស្វាមីរបស់អ្នកស្រី ដោយថា ស្វាមីរបស់អ្នកស្រីមិនបានធ្វើអ្វីឲ្យប៉ះពាល់នរណាម្នាក់នោះទេ។
អ្នកស្រីបាននិយាយថា៖ «វាជារឿងអយុត្តិធម៌ដែលចាប់ខ្លួនគាត់ ដោយសារតែគាត់មិនបានធ្វើអ្វីខុសនោះទេ ហើយអ្វីដែលគាត់កំពុងធ្វើគឺជួយការពារបរិស្ថានទៅវិញទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានមានប្រសាសន៍ថា សេរីភាពជាមូលដ្ឋាននៅក្នុងការបញ្ចេញមតិយោបល់ និងការប្រមូលផ្តុំ កំពុងប្រឈមនូវការរឹតត្បិត ខណៈអាជ្ញាធរកំពុងតែចាត់ចំណាត់ការលើរាល់មតិណា ដែលរិះគន់រដ្ឋាភិបាល។
លោកបាននិយាយថា៖ «ការចាប់ខ្លួនពួកគាត់គឺជា ការរំលោភបំពានសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគាត់»។
លោកបានបន្ថែមថា នៅក្នុងសង្គមប្រជាធិបតេយ្យមួយ ការដាក់ញ្ញត្តិ និងសំណើផ្សេងៗជាផ្នែកមួយនៃសិទ្ធិរបស់ពលរដ្ឋដើម្បីស្នើឲ្យអាជ្ញាធរដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ។
លោកបានចោទសួរថា៖ «ប្រសិនបើយើងមិនអនុញ្ញាតឲ្យពួកគាត់ប្រើប្រាស់សិទ្ធិរបស់ពួកគាត់តាមមធ្យោបាយបែបលិទ្ធិប្រជាធិបតេយ្យ តើពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់ពួកគាត់យ៉ាងដូចម្តេចទៅ?»។
លោក អំ សំអាត ក៏បានអំពាវនាវឲ្យអាជ្ញាធរពិចារណាពីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការវាយប្រហារនានាមកលើប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការរិះគន់កាន់តែខ្លាំងឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានហៅការចាប់ខ្លួនសកម្មជនទាំងនេះ ថាជា «រឿងពិតជាគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង» និងបាននិយាយថា ការចាប់ខ្លួននេះគឺជា ឧទាហរណ៍ចុងក្រោយនៃការរំលោភបំពានសិទ្ធិមនុស្សបន្តបន្ទាប់ទៅលើសកម្មជនអង្គការមាតាធម្មជាតិ។
លោកស្រីបានឆ្លើយតបតាមរយៈសារអេឡិចត្រូនិចថា៖ «ជាអកុសល ការចាប់ខ្លួននេះហាក់ដូចជា បង្ហាញពីការព្យាយាមជាប្រព័ន្ធដើម្បីបំបិទការបញ្ចេញមតិ និងបង្អាក់សកម្មភាពដោយសន្តិវិធី និងស្របច្បាប់នានាដើម្បីការពារបរិស្ថាន»។
លោកស្រី ចក់ សុភាព បានបន្តថា៖ «ការរំលោភបំពានជាបន្តបន្ទាប់មកលើសង្គមស៊ីវិល និងអង្គការគាំពារបរិស្ថានគឺ ផ្ទុយស្រឡះពីកាតព្វកិច្ចគោរពសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការការពារបរិស្ថានគឺជាផ្នែកសំខាន់មួយនៃការប្រើប្រាស់សិទ្ធិមនុស្ស និងមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា ដោយសារតែនេះជាការអនុវត្តដោយសេរីនៃសិទ្ធិសេរីភាពមូលដ្ឋាន»៕