សហជីព និងសហព័ន្ធសហជីពមួយចំនួនបានធ្វើពិហិកាចូលរួមកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារជាមួយភាគីរោងចក្រ និងតំណាងរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែកញ្ញា ដោយថាការធ្វើវិសោធនកម្មនេះនឹងប៉ះពាល់ដល់ប្រយោជន៍កម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។
លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រជុំគ្នាកាលពីថ្ងៃទី១៤ ខែកញ្ញា សហជីព និងសហព័ន្ធសហជីពឯករាជ្យសរុបចំនួនប្រាំមួយបានសម្រេចមិនចួលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងតំណាងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នោះទេ។
លោក សេងហាក់ មានប្រសាសន៍ថា៖ «យើងមិនបានចូលរួមកិច្ចប្រជុំទេ ព្រោះពួកយើងមិនពេញចិត្តនឹងអ្នកទាំងនោះដែលមិនគិតគូរប្រយោជន៍របស់កម្មករ»។
លោកឲ្យដឹងទៀតថាសជីពធ្លាប់បានលើបញ្ហាទាក់ទងនឹងការពិកែប្រែមាត្រា១៤៤ និង១៦២ ដែលអាចនឹងកាត់បន្ថយប្រាក់ឈ្នួលកម្មករធ្វើការវេនយប់ និងប្រាក់ឈ្នួលនៅថ្ងៃបុណ្យផ្សេងៗ។
លោក សេងហាក់ បន្តថា៖ «មាត្រា១៤៤ ទាក់ទងនឹងកម្មករធ្វើការវេនយប់ ធ្លាប់បានធ្វើវិសោធនកម្មម្ដងហើយកាលពីឆ្នាំ២០០៧ ដោយបន្ថយប្រាក់ឈ្នួលពី២០០ភាគរយ មកត្រឹម១៣០ភាគរយ ហើយនៅឆ្នាំ២០២០នេះ អ្នកទាំងនោះចង់ធ្វើវិសោធនកម្មម្ដងទៀតដោយកាត់ពី១៣០ភាគរយ មកត្រឹម១០០ភាគរយ។ ដូចនេះវានឹងធ្វើឲ្យបាត់បង់ប្រយោជន៍របស់កម្មករ»។
សម្រាប់ការធ្វើវិសោធនកម្មមាត្រា១៦២ វិញ លោក ពន្យល់ថាបើថ្ងៃបុណ្យផ្សេងៗត្រូវចំថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាករបស់កម្មករនោះ ខាងនិយោជកមិនចាំបាច់បន្ថែមប្រាក់ឈ្នួលសម្រាប់ថ្ងៃនោះទេ។
លោក សេងហាក់ បន្ថែថា៖ «ពួកយើងចង់ឲ្យក្រសួងការងារទម្លាក់ចោលការធ្វើវិសោធនកម្មនេះ និងរក្សាប្រាក់ឈ្នួល១៣០ភាគរយសម្រាប់កម្មករធ្វើការវេនយប់»។
ក្រុមសហជីពដែលបានចូលរួមធ្វើពិហិកានោះរួមមាន សម្ព័ន្ធសហជីពចលនាកម្មករ សហភាពការងារកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហភាពចលនាកម្មករកម្ពុជា និងសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ក្រុមសហជីពទាំងប្រាំមួយបាននិយាយថាខ្លួនបានចូលរូមកិច្ចប្រជុំត្រីភាគីលើសេចក្ដីព្រាងវិសោធនកម្មនេះចំនួនពីរដងមកហើយ នៅថ្ងៃទី១៦ ខែមករា និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ ហើយក្នុងកិច្ចប្រជុំទាំងពីរលើកគឺបានទាមទារឲ្យក្រសួងទម្លាក់ចោលការចង់ឲ្យមានការកែប្រែមាត្រាទាំងនេះ។
ច្បាប់ស្ដីពីការងារបានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ និង ទើបបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៨ ថ្មីៗនេះ ទាក់ទងនឹងប្រាក់សំណងពេលនិយោជកបញ្ឈប់កម្មករកិច្ចសន្យាការងារមានថេរវេលាកំណត់។ សម្រាប់ចុងក្រោយនេះគឺ ការកែប្រែមាត្រា១៤៤ និង១៦២ ដែលបានផ្ដួចផ្ដើមឡើងតាំងពីខែមករា។
អគ្គលេខាងធិការសហព័ន្ធសហជីពកម្ពុជា លោកម៉ៃ សុភ័ក្ត្រា បានអំពាវនាវឲ្យក្រសួងពន្យាពេលកែប្រែមាត្រាទាំងនេះ ដោយថាកម្មកជាច្រើនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសាររោងចក្រផ្អាកការងារ ព្រោះបញ្ហាកូវីដ១៩។
លោក សុភ័ក្ត្រា មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ យើងសង្កេតឃើញថាកម្មករយើងបានជួបបញ្ហាធ្ងន់ធ្ងរដូចជាកម្មករត្រូវផ្អាកការងារ រោងចក្របិទទ្វារ និងបញ្ហាសងប្រាក់ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម»។
លោក សុភ័ក្ត្រា លើកឡើងថា៖ «កម្មករប្រហែលពី៨០ ទៅ៨៥ភាគរយជំពាក់ធនាគារ»។ ដោយលោកបន្ថែមថា ម្ចាស់រោងចក្រមិនបានទទួលខុសត្រូវលើប្រាក់ចំណូលរបស់កម្មករពេលរោងចក្របិទទ្វារបណ្ដោះអាសន្នទេ។
បើតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៥ ខែកញ្ញា បានលើកឡើងថាក្រសួងបានសិក្សាពីសេចក្ដីព្រាងវិសោធនកម្មនេះថាតើជាក់ស្តែងនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្រិតណារួចហើយ។
បើតាមសេចក្ដីថ្លែងការណ៍៖ «ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរបែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ»។
លោកបានការពារការធ្វើវិសោធនកម្មត្រង់ចំណុចលុបថ្ងៃឈប់សងពេលថ្ងៃបុណ្យចំថ្ងៃអាទិត្យ ថាការផ្លាស់ប្ដូរនេះនឹងជំរុញផលិតភាពការងារ និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា និងសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍប្រទេសជាតិ។ សេចក្ដីថ្លែងការណ៍ដដែលនិយាយទៀតថា កម្ពុជានៅមានម៉ោងធ្វើការប្រចាំឆ្នាំតិចជាងប្រទេសនានាក្នុងតំបន់នៅឡើយ។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា ក្រោយកិច្ចប្រជុំថ្ងៃទី១៥ ខែកញ្ញា ក្រសួងនឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅគណៈកម្មការអន្តរក្រសួងដើម្បីសម្រេច និងបញ្ជូនទៅកាត់រដ្ឋសភាបន្តទៀត។
អគ្គលេខាធិការសមាគមរោងចក្រកាតដេរនៅកម្ពជា លោក ខេន លូ ដែលបានចូលរួមកិច្ចប្រជុំនេះបានមានប្រសាសន៍ថា ការផ្ដល់យោបល់ពាក់ព័ន្ធនឹងវិសោធនកម្មនេះបានធ្វើឡើងដោយមានការចូលរួមពីតំណាងគ្រប់ភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់លោក អ៊ិត សំហេង។
លោកថា សហជីពដែលមិនចូលរួមកិច្ចប្រជុំនេះ បានបោះបង់សិទ្ធិរបស់ពួកគេក្នុងការផ្ដល់មតិយោបល់សម្រាប់សេចក្ដីព្រាងវិសោធនកម្មនេះ។
លោក ខេន លូ មានប្រសាសន៍ថា៖ «កិច្ចប្រជុំនេះរៀបចំឡើងដើម្បីឲ្យមានការផ្ដល់យោបល់ ហើយបើអ្នកទាំងនោះមិនប្រើឱកាសនេះដើម្បីផ្ដល់យោបល់ទេ បានន័យថាពួកគេបោះបង់សិទ្ធិហើយ»។ លោកបន្ថែមថា មានតែសហជីពពីរ បីប៉ុណ្ណោះ ដែលមិនចូលរួមកិច្ចប្រជុំនេះ។
លោកឲ្យដឹងទៀតថា GMAC គាំទ្រចំពោះការធ្វើវិសោធនកម្មនេះ ដែលវាជាវិធីមួយជួយអភិវឌ្ឍប្រទេសកម្ពុជា។
លោក ខេន លូ មានប្រសាសន៍ថា៖ «ខាងនិយោជកយើងយល់ឃើញថាការកែប្រែដែលក្រសួងបានលើកឡើងនេះគឺជាគំនិតល្អ»។
លោក ខេន លូ បន្តថា ការកាត់ប្រាក់ឈ្នួលការងារវេនយប់នេះគឺមានសារៈសំខាន់ណាស់ ដូចនេះកម្មករធ្វើការវេនយប់ណាគិតថាគ្រោះថ្នាក់ នឹងមិនមានសម្ពាធបន្ថែមក្នុងការធ្វើការងារទាំងនោះ។ លោកថា អ្នកធ្វើការវេទយប់ និងវេនថ្ងៃនឹងទទួលបានប្រាក់ឈ្នួលដូចគ្នា។ ដូចនេះនិយោជកអាចផ្ដល់អត្ថប្រយោជន៍បន្ថែមផ្សេងៗតាមការចាំបាច់ឲ្យអ្នកធ្វើការវេនយប់ បើពួកគេពិបាករកអ្នកធ្វើការបាន។
លោក ខេន លូ បន្ថែមថា៖ «សហជីព និងកម្មករត្រូវតែយល់ពីចំណុចនេះ វាមិនមែនមានន័យថាគ្រប់កម្មរត្រូវបាត់បង់អត្ថប្រយោជន៍នោះទេ ព្រោះបច្ចុប្បន្នប្រាក់ឈ្នួល១៣០ភាគរយ មិនមានកម្មករច្រើនប៉ុន្មានចង់ធ្វើការងារវេនយប់ទេ។ ប៉ុន្តែទៅថ្ងៃខាងមុខ ពេលវិសោធនកម្មច្បាប់ត្រូវបញ្ចប់ វាអាចនឹងទាក់ទាញកម្មរវេនយប់បានកាន់តែច្រើន»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃនេះ។