សហជីពបានដាក់ចំនួនតួលេខជិត១២ដុល្លារសម្រាប់ការចរចាដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀងបំពាក់ និងស្បែកជើង ដែលក្រុមការងារត្រីភាគីមានមកពីតំណាងរោងចក្រ និងក្រសួងការងារ គ្រោងនឹងរៀបចំពិភាក្សាសម្រាប់ឆ្នាំ២០២១។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែសីហា ដោយមានតំណាងសហជីពធំៗជាង២០បានចូលរួម គឺបានសម្រេចយកតួលេខ១១,៥៩ដុល្លារ ជាចំនួនត្រូវដំឡើងសម្រាប់ប្រាក់ឈ្នួលគោលឆ្នាំ២០២១។ លោកថាសហជីពនឹងដាក់តួលេខនេះទៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងក្រសួងការងារ ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែកញ្ញា។
លោក ស៊ីណា មានប្រសាសន៍ថា៖ «សហជីពទាំងអស់បានឯកភាពគ្នាយកតួលេខនេះទៅពិភាក្សាក្នុងកិច្ចប្រជុំត្រីភាគីនៅថ្ងៃទី៣ ខែកញ្ញា។ យើងបានយល់ព្រមយកតួលេខ១១,៥៩ដុល្លារ ដែលចំនួននេះកើន៦.១ភាគរយ»។
លោកបន្តថាតួលេខនេះសហជីពបានជ្រើសរើសដោយផ្អែកលើស្ថានភាពនៃផលប៉ះពាល់ពីជំងឺកូវីដ១៩ និងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។ លោកថា សហជីពសង្ឃឹមថាភាគីទាំងអស់នឹងមិនយករឿងនេះធ្វើជាលេសដើម្បីទម្លាក់តួលេខប្រាក់ឈ្នួលគោលអប្បបរមានោះទេ។
លោក ស៊ីណា ក៏បានអំពាវនាវដល់សមាគមរោងចក្រកាន់ដេនៅកម្ពុជា (GMAC) និងក្រសួងការងារឲ្យពិចារណាលើការលំបាករបស់កម្មករ ពេលរៀបចំដាក់តួលេខសម្រាប់ដំឡើងប្រាក់ឈ្នួលគោលថ្មីនេះ។
លោក ស៊ីណា បន្ថែមថា៖ «ខ្ញុំសង្ឃឹមថាភាគីនិយោជក និងក្រសួងការងារនឹងគិតគូពីសំណើរបស់យើង ហើយនឹងពិចារណាដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសមរម្យសម្រាប់កម្មរក្នុងឆ្នាំ២០២១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឲ្យបានប្រសើរឡើង ខណៈកម្មករកំពុងជួបបញ្ហានៅពេលនេះ»។
យោងតាមសេចក្ដីថ្លែងការណ៍របស់ GMAC កាលពីខែមិថុនា មានរោងចក្រប្រហែល៤០០បានផ្អាកការងារ និងមានកម្មករជាង១៥ម៉ឺននាក់បានបាត់បង់ការងារដោយសារតែបញ្ហាវិបត្តិកូវីដ១៩។
ប្រាក់ឈ្នួលគោលអប្បបរមាបានគ្របដណ្ដប់លើកម្មករក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើងប្រហែលប្រាំបីសែននាក់ នៅរោងចក្រជាង១ ០០០ ហើយកាលពីឆ្នាំ២០២០ ប្រាក់ឈ្នួលគោលអប្បបរមាមានចំនួន១៩០ដុល្លារក្នុងមួយខែ។ ការកំណត់ប្រាក់ឈ្នួលគោលអប្បបរមាត្រូវកំណត់ដោយឆ្លងកាត់កិច្ចប្រជុំច្រើនលើកច្រើនសាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ត្រីភាគី ដោយមានភាគីសហជីព ភាគីខាងរោងចក្រ និងខាងក្រសួងការងារ។ សម្រាប់ឆ្នាំនេះ កិច្ចប្រជុំ គ្រោងនឹងធ្វើនៅក្នុងខែកញ្ញា។
បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុង ភាគីនិមួយៗ នឹងលើកសំណើតួលេខចុងក្រោយរបស់ខ្លួនមកដាក់ក្នុងកិច្ចប្រជុំត្រីភាគី ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខៃកញ្ញា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថាទោះបីជាមានបញ្ហាវិបត្តិកូវីដ១៩ និងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA បានប៉ះពាល់គ្រប់ភាគីក៏ពិតមែន តែការចរចាប្រាក់ឈ្នួលគោលរបស់កម្មករមិនប៉ះពាល់រហូតដល់ឆ្នាំ២០២១។ លោកថា ដូចនេះហើយការកើនឡើងថ្លៃចំណាយសម្រាប់ការរស់នៅរបស់កម្មករត្រូវតែមានការយកចិត្តទុកដាក់។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «សហជីពយើងប្រកាន់ជំហរដំឡើងប្រាក់ឈ្នួលគោលអប្បបរមាដល់កម្មករ ពីព្រោះថាប្រាក់ឈ្នួលពួកគាត់នៅទាបនៅឡើយ»។
លោក សៀង វិចិត្រ កម្មករនៅរោងចក្រ Southland (Cambodia) Co Ltd បាននិយាយថាលោកសង្ឃឹមថាការពិភាក្សាពីរឿងប្រាក់ឈ្នួលគោលអប្បបរមានឹងមានលទ្ធផលល្អ ដោយមានការដំឡើងប្រាក់ខែក្នុងចំនួនមួយដ៏សមរម្យ។ លោកក៏សង្ឃឹមដែរថាខាងភាគីរោងចក្រ និងក្រសួងការងារនឹងមិនយកបញ្ហាEBA និងបញ្ហាកូវីដ១៩ ជាលេសក្នុងការរក្សាទុកប្រាក់ឈ្នួលឲ្យនៅទាបនោះទេ។
លោក វិចិត្រ និយាយថា៖ «សូម្បីឥឡូវនេះ វាពិបាកណាស់ពីព្រោះលក្ខខណ្ឌការងារមួយចំនួនខាងរោងចក្រមិនគោរពនោះទេ បើទោះបីមានចែងក្នុងច្បាប់ក៏ដោយ ដូចជារោងចក្របានបញ្ចប់កិច្ចសន្យាការងារ ឬបញ្ឈប់កម្មករដោយគ្មានប្រាក់សំណងជាដើម»។
លោកបន្តថា៖ «ខ្ញុំគិតថាបើវិនិច្ឆ័យតាមស្ថានភាពបច្ចុប្បន្ន កិច្ចពិភាក្សាប្រាក់ឈ្នួលគោលអប្បបរមានឹងមិនបានផ្លែផ្កាដល់កម្មករនោះទេ»។
លោកឲ្យដឹងទៀតថាប្រាក់ខែកម្មករឥឡូវមិនគ្រាន់នឹងការចំណាយនោះទេ។ លោកលើកជាឧទាហរណ៍ថាតម្លៃម្ហូបអាហារនៅក្បែររោងចក្របានឡើងថ្លៃ ដោយត្រូវចំណាយជាង១៥០០រៀលសម្រាប់បាយមួយពេល ដែលពីមុនលោកថាចំណាយត្រឹម១០០០រៀល។
លោ វិចិត្របន្ថែមថា៖ «ឥឡូវការចំណាយច្រើនជាងមុនលើថ្លៃអាហារប្រចាំថ្ងៃ។ លើសពីនេះទៀត អត្ថប្រយោជន៍របស់ពួកយើងជាច្រើនត្រូវគេកាត់។ ដូចនេះវាធ្វើឲ្យពួកយើងកាន់តែពិបាកថែមទៀត»។
អ្នកស្រី ហាត់ ណាក់ វ័យ២៩ឆ្នាំ ជាកម្មករនៅរោងចក្រ Can Sport Shoes Company ក្នុងខេត្តកំពង់ឆ្នាំងបាននិយាយថា អ្នកស្រីសង្ឃឹមថាប្រាក់ខែនឹងឡើងបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ ដោយថាតម្លៃម្ហូបអាហារ និងទំនិញឥឡូវបានឡើងថ្លៃដែរ និងថាប្រាក់ខែ១៩០ដុល្លារមិនអាចគ្រប់ការចំណាយនោះទេ។
អ្នកស្រីថា៖ «បើសិនជានិយោជក និងរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែឲ្យពួកយើងមែនគឺជារឿងល្អណាស់។ សព្វថ្ងៃប្រាក់ខែពួកយើងមិនស៊ីគ្នានឹងទំនិញលើទីផ្សារទេ ហើយវាកាន់តែពិបាកថែមទៀតបើយើងត្រូវការប្រាក់ដើម្បីសងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតនោះ»។
បើតាមអ្នកស្រី ណាក់ ពេលនេះអ្នកស្រីកាន់តែមានបញ្ហាលុយកាត់កាន់តែខ្លាំងបន្ទាប់ពីរោងចក្របានផ្អាកការងារសម្រាប់ខែកក្កដា និងសីហា នេះ។
ចំណែកអគ្គលេខាធិការរងសមាគរោងចក្រកាត់ដេរនៅកម្ពុជា GMAC លោក កាំង ម៉ូនីកា មានប្រសាសន៍ថា ដូចប្រទេសជាច្រើនទៀតលើពិភពលោកដែរ កម្ពុជាក៏កំពុងរងផលប៉ះពាល់ពីវិបតិកូវីដ១៩ ហើយស្ថានភាពករឹតតែធ្ងន់ធ្ងរថែមទៀតពេលមានការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
លោក ម៉ូនីកា មានប្រសាសន៍ថា៖ «ដោយសារវិបត្តិទាំងពីរនេះ បរិមាណនាំទំនិញចេញ(ផលិតផលវិស័យកាត់ដេរ)មានការធ្លាក់ចុះច្រើន។ ដូចនេះបើសិនជាយើងវិភាគពីរឿងនេះ ការដំឡើងប្រាក់ឈ្នួលគោលអប្បបរមា និងចំនួនតួលេខត្រូវដំឡើងបន្ថែមពីខាងសហជីពគឺមិនសមហេតុផលទេ»។
លោក បន្ថែមថា លោកមិនដឹងថាខាងភាគីសហជីពបានតួលេខនេះដោយផ្អែកលើកត្តាអ្វីខ្លះនោះទេ តែលោកថាខាងសហជីពគួរសិក្សាវាយតម្លៃលើកត្តាសង្គម និងសេដ្ឋកិច្ច និងរួមទាំងកត្តារួមផ្សំមួយចំនួនទៀត ដើម្បីធ្វើការសម្រេចចិត្ត។
លោកបន្តថាប្រាក់ឈ្នួលគោលគួរតែត្រូវកំណត់ទៅតាមការស្រាវជ្រាវដែលផ្ដល់ដោយវិទ្យាស្ថានជាតិស្ថិតិ ឯការសិក្សាផ្សេងៗទៀតគឺគ្រាន់ជាឯកសារក្រៅផ្លូវការ។
លោកបន្ថែមថា៖ «សម្រាប់ខាងយើង ដំបូងគឺត្រូវផ្អែកលើស្ថានភាពជាក់ស្ដែង។ យើងគិតថាវាមានការពិបាកណាស់ក្នុងការដំឡើង (ប្រាក់ឈ្នួលគោល) ប៉ុន្តែមន្ត្រីរបស់យើងនឹងចូលរួមកិច្ចពិភាក្សានេះ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃទី៣១ ខែសីហា ប៉ុន្តែលោកធ្លាប់មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមកាលពីខែមិថុនាថាកិច្ចប្រជុំត្រីភាគីនឹងនៅតែដំណើរការដូចធម្មតាទៅតាមអ្វីដែលមានចែងក្នុងច្បាប់។
លោក ហេង សួរ លើកឡើងថា៖ «ច្បាប់តម្រូវឲ្យយើងរៀបចំកិច្ចពិភាក្សា ដូចនេះយើងត្រូវតែជួបប្រជុំគ្នា។ ច្បាប់មិនបានចែងថាប្រាក់ឈ្នួលត្រូវតែឡើងរាល់ឆ្នាំនោះទេ មិនថាឡើងឬចុះ អាស្រ័យលើការប្រែប្រួលលក្ខខណ្ឌវិនិច្ឆ័យទាំងប្រាំពីររបស់ប្រាក់ឈ្នួលគោល»។ មន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលគោលអប្បបរមារបស់ក្រសួងការងារ លោក សាន ស្រស់ បានឲ្យដឹងថាក្រុមការងាររបស់លោកបានបញ្ចប់ការស្រាវជ្រាវលើស្ថានភាពរស់នៅរបស់កម្មករហើយកាលពីខែកក្កដា ប៉ុន្តែលោកបដិសេធបញ្ចេញរបាយការណ៍នេះ៕