ប្រធានពន្ធនាគារខ្មែរក្រហមដែលមានឈ្មោះអសោច កាំង ហ្គេចអ៊ាវ ហៅឌុច បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ក្នុងវ័យ៧៧ឆ្នាំនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ អតីតប្រធានគុកទួលស្លែងដែលមានទីតាំងនៅរាជធានីភ្នំពេញរូបនេះ បាននិងកំពុងអនុវត្តន៍ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ពីគាត់ត្រូវបានរកឃើញថាមានទោសដោយសាលាក្តីខ្មែរក្រហមកាលពីឆ្នាំ២០១០ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការសម្លាប់រង្គាល និងទារុណកម្ម។
គាត់ជាមនុស្សម្នាក់ដំបូងគេក្នុងចំណោមមេដឹកនាំខ្មែរក្រហមដែលត្រូវបាននាំមកជំនុំជម្រះនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ វ ត ក) ចំពោះតួនាទីរបស់គាត់នៅក្នុងចលនាបដិវត្តកុម្មុយនីស្តដែលនាំឱ្យមានមនុស្សស្លាប់យ៉ាងតិច ១,៧ លាននាក់។
សាលាដំបូងខេត្តកណ្តាលបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការស្លាប់របស់គាត់ថាបណ្តាលមកពីជំងឺរលាកសួត នៅវេលាម៉ោង១២និង៥១នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា៖ «លទ្ធផលនៃការធ្វើកោសល្យវិច័យបានបង្ហាញថាការស្លាប់នេះបណ្តាលមកពីជំងឺប្រចាំកាយ (រលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ)» ហើយសពរបស់លោកត្រូវបានក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលត្រួតពិនិត្យជាមួយមន្រ្តីពន្ធនាគារនិងព្រះរាជអាជ្ញា។
សពរបស់លោកត្រូវបានយកទៅបូជានៅពេលរសៀល នៅឯវត្តចាក់អង្រែក្រោមរាជធានីភ្នំពេញដោយមានសមាជិកគ្រួសារបួនទៅប្រាំនាក់ចូលរួម។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅ ខែមេសាឆ្នាំ១៩៧៥ ឌុច ត្រូវបានតែងតាំងជាអនុប្រធានគុកទួលស្លែងនៅទីក្រុងភ្នំពេញ ជាកន្លែងដែលជនសង្ស័យប្រឆាំងនឹងរបបប៉ុលពត ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់។ នៅក្រោមការបញ្ជាពីឌុច អ្នកទោសដែលត្រូវបានដាក់នៅអតីតសាលាមធ្យមសិក្សានេះ ដែលក្រោយមកបានប្តូរឈ្មោះទៅជាមន្ទីរស-២១ ត្រូវបានបង្ខំឱ្យសារភាព ចំពោះឧក្រិដ្ឋកម្មដែលពួកគេត្រូវបានចោទប្រកាន់ ដោយអ្នកចាប់ខ្លួនពួកគេ ហើយចម្លើយសារភាពរបស់ពួកគេត្រូវបានកត់ត្រាដាក់ក្នុងរបាយការណ៍យ៉ាងវែង។
មនុស្សប្រមាណជាជាង ១២ ០០០ នាក់ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់នៅទីនោះក្នុងចន្លោះឆ្នាំ១៩៧៦ រហូតដល់ការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ដោយអ្នកនៅរស់រានមានជីវិតចេញពីគុកនោះមានតែ១២ នាក់ប៉ុណ្ណោះ។ សាកសពរបស់ពួកគេត្រូវបានយកចេញពីបរិវេណមន្ទីរស២១ ហើយយកទៅបោះចោលនៅទីតាំងវាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៃវិទ្យាស្ថានស្រាវជ្រាវខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបនេះ មានប្រសាសន៍ថាលោកមានការសោកស្តាយដែល ឌុច មិនព្រមទទួលខុសត្រូវនូវទង្វើរបស់គាត់។
លោកមានប្រសាសន៍ថា៖«អ្វីដែលយើងបានបាត់បង់ទៅតាមមរណភាពរបស់គាត់គឺថាឌុចមិនដែលមានភាពស្មោះត្រង់ ក្នុងការទទួលស្គាល់នូវអ្វីដែលគាត់បានធ្វើនោះទេ។ គាត់នៅតែបដិសេធពីតួនាទីរបស់គាត់ហើយនិយាយថាវាជាការបញ្ជារបស់អង្គការ»។
លោកបានបន្ថែមថាលោកមិនមានការសោកស្តាយចំពោះការស្លាប់របស់អតីតមេពន្ធនាគារសម័យក្រហមរូបនោះទេ ពីព្រោះមានមនុស្សជាង១ម៉ឺននាក់បានស្លាប់ក្រោមបញ្ជារបស់លោក។
លោក ឆាំង យុ បានមានប្រសាសន៍ថា៖«ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ណាស់ដែលមរណភាពរបស់គាត់អាចក្រើនរំឮកដល់ពួកយើងទាំងអស់គ្នាថា ប្រសិនបើនរណាម្នាក់ប្រព្រឹត្តិនូវបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សម្នាក់ទៀត យុត្តិធម៌នឹងតាមយើងរហូតដល់យើងស្លាប់។ ហើយយើងក៏មិនអាចគេចផុតពីយុត្តិធម៌បានដែរ»។
លោកបានសង្កត់ធ្ងន់ថាស្របតាមសេចក្តីសម្រេចរបស់សាលាក្តី ឌុច គួរតែបានសារភាពថាបានធ្វើខុស។
លោក ឆាំង យុ បបានបន្ថែមថា៖«គាត់ជាមនុស្សម្នាក់ដែលមាន បងប្អូនប្រុស ស្រី និងមានកូនៗដូចអ្នកដទៃដែរ។ គាត់មិនខុសពីមនុស្សដទៃទៀតទេ គ្រាន់តែថាគាត់ត្រូវទទួលយកការទទួលខុសត្រូវបន្ថែមទៀត ក្នុងនាមជាមេដឹកនាំម្នាក់ ហើយគាត់ក៏មិនអាចលុបចោលអតីតកាលរបស់គាត់បានដែរ ហើយវាបានក្លាយជាមេរៀនសម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សារៀនសូត្រ»។
បើតាមឯកសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលោក ហ្គេកអ៊ាវ កើតនៅ ថ្ងៃទី១៧ ខែវិច្ឆិកានៅ ភូមិពៅវើយ ខេត្តកំពង់ធំ ។
ឌុច ដែលធ្លាប់ធ្វើការជាគ្រូបង្រៀនគណិតវិទ្យាកាលពីក្មេង ក្រោយមកត្រូវបានគេអូសទាញឱ្យចូលក្រុមកុម្មុយនីស្ត ដោយចូលរួមជាមួយខ្មែរក្រហមនៅឆ្នាំ ១៩៦៧ និងបម្រើការចាប់ពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៧៥ ក្នុងតួនាទីជាប្រធានពន្ធនាគារ ម-១៣ នៅខេត្តកំពង់ស្ពឺ ជាកន្លែងដែលខ្មែរក្រហមបានសួរចម្លើយនិងសម្លាប់ប្រជាជនដែលចាប់បាននៅក្នុងតំបន់ ដែលពួកគេបានគ្រប់គ្រងនៅពេលនោះ។
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ឌុចនៅតែបន្តដើរតាមក្រុមខ្មែរក្រហមនិងបានរស់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃក្នុងខេត្តបាត់ដំបងអស់រយៈពេលជាងមួយទសវត្សរ៍ មុនពេលត្រឡប់មកបង្រៀននៅដើមទសវត្សឆ្នាំ ១៩៩០ ហើយប្តូរទៅជាគ្រីស្ទសាសនិកនៅឆ្នាំ ១៩៩៥ ។ ខណៈពេលដែលគាត់រស់ក្នុងខេត្តបាត់ដំបង នៅស្រុកសំឡូត គាត់ត្រូវបានអ្នកកាសែតរកឃើញនៅឆ្នាំ ១៩៩៩ ហើយគាត់បានផ្តល់បទសម្ភាសន៍ដល់អ្នកឆ្លើយឆ្លងព័ត៌មាន Far Eastern Economic Review ដែលជាហេតុនាំឱ្យឈានដល់ការចាប់ខ្លួនរូបលោកនៅឆ្នាំនោះ។
បន្ទាប់ពីជាប់ឃុំអស់រយៈពេលប្រាំបីឆ្នាំនៅពន្ធនាគារយោធាភ្នំពេញ គាត់ត្រូវបានផ្ទេរទៅមណ្ឌលឃុំឃាំងនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ វ ត ក) នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៧ ។
សវនាការរបស់ ឌុច ចាប់ផ្តើមនៅឆ្នាំ២០០៩។ តុលាការបាននិយាយថា គាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមាន ការធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយ ការសម្លាប់ផ្តាច់ពូជ ការយកធ្វើជាទាសករ ការដាក់ឃុំឃាំងមនុស្សខុសច្បាប់ និងការធ្វើទារុណកម្ម រួមទាំងការរំលោភបំពានជាច្រើនទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។
តាមរយៈការជំនុំជម្រះនិងបណ្តឹងឧទ្ធរណ៍របស់គាត់នៅចន្លោះឆ្នាំ ២០០៩ និងឆ្នាំ ២០១២ រួមទាំងនៅក្នុងការបង្ហាញខ្លួនជាបន្តបន្ទាប់នៅឯតុលាការក្នុងឆ្នាំ ២០១៦ ក្នុងសំណុំរឿងបងធំទី២ លោក នួន ជា និង ប្រមុខរដ្ឋ ខៀវ សំផន ឌុច ហាក់ដូចជាមិនផ្លាស់ទស្សនៈចំពោះសកម្មភាពរបស់គាត់ហើយនៅតែមិនមានអារម្មណ៍ថាធ្វើខុស ។ ប្រធានពន្ធនាគាររូបនេះ ក៏តែងតែស្តីបន្ទោសថ្នាក់លើរបស់គាត់ដែលបានបញ្ជាឱ្យធ្វើទារុណកម្មនិង “វាយកម្ចាត់” អ្នកដែលត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងដែលលោកបានគ្រប់គ្រង។
នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១០ តុលាការបានរកឃើញថាឌុចមានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ដោយផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំ។
មេធាវីការពារក្តីបានប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមនេះដោយលើកហេតុផលថាឌុចមិនស្ថិតក្នុងចំណោមអ្នកដែលទទួលខុសត្រូវធំបំផុតចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយខ្មែរក្រហមនោះទេ ខណៈដែលព្រះរាជអាជ្ញាបានអំពាវនាវឱ្យផ្តន្ទាទោសខ្លាំងក្លាជាងនេះ។ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តី បានចាប់ផ្តើមបើកសវនាការ នៅក្នុងបណ្តឹងឧទ្ធរណ៍កាលពី ខែមីនា ឆ្នាំ ២០១១ និងបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងខែកុម្ភៈ ឆ្នាំបន្ទាប់។ គាត់ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងរបស់សាលាក្តីទៅពន្ធនាគារខេត្តកណ្តាលដើម្បីអនុវត្តន៍ទោសរបស់គាត់នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៣ ។
លោក គុយ ណូ ប្រធានផ្នែកថែទាំពិសេសនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានថ្លែងថា ឌុច ត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងឃុំឃាំង នៅ ថ្ងៃទី ៣១ ខែ សីហា ដើម្បីព្យាបាលជំងឺរលាកសួត ដែលមានសភាពធ្ងន់ធ្ងរបណ្តាលមកពីជំងឺសួតរ៉ាំរ៉ៃ បង្កឡើងពីការជក់បារី។
មុនពេលបដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីមូលហេតុនៃការស្លាប់របស់ឌុច លោក គុយ ណូ បាននិយាយថា៖«ជំងឺលើសឈាមរបស់គាត់មិនមែនជាបញ្ហាធ្ងន់ធ្ងរទេ នៅពេលគាត់បានជួបជាមួយខ្ញុំ ប៉ុន្តែគាត់មានប្រព័ន្ធដកដង្ហើមខ្សោយ»។
ប្រធានពន្ធនាគារខេត្តកណ្ដាលលោក ចាប ស៊ីនាង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
សេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តកណ្តាលបានឱ្យដឹងថា ឌុចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានបញ្ហាសួតចំនួន ៤ ដងរួចមកហើយ ចាប់តាំងពីគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកណ្តាលកាលពីឆ្នាំ ២០១៣។
សៀវ គីម ដែលកូនស្រីពៅរបស់ឌុចបាននិយាយនៅឯវត្ត បន្ទាប់ពីការបូជាសព កាលពីថ្ងៃទី ២ ខែកញ្ញា នាងនិងប្តីបានធ្វើដំណើរពីស្រុកសំឡូតខេត្តបាត់ដំបងដើម្បីយកធាតុឪពុករបស់នាង។
មុនពេលបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមលោកស្រីបាននិយាយថា៖«ខ្ញុំបានយល់ព្រមបូជាសពនៅទីនេះ»។
ប្តីរបស់គីមដែលបដិសេធមិនប្រាប់ឈ្មោះបាននិយាយថាក្រុមគ្រួសារបានសម្រេចចិត្តមិនធ្វើតាមប្រពៃណីដោយបូជាសពរបស់គាត់នៅសំឡូតនោះទេព្រោះវាពិបាកក្នុងការដឹកសាកសព។ លោកបានបញ្ជាក់ថាឪពុកក្មេករបស់ លោក ឌុចមានកូន ៤ នាក់តែម្នាក់ទៀតបានស្លាប់។
ប្តីរបស់គីមបាននិយាយបន្តថា៖«ផ្លូវពិបាកណាស់»។ ដោយបន្ថែមថា៖«សាច់ញាតិរបស់ខ្ញុំក៏ក្រីក្រទៀត» ។
លោក ហែម កុសល្យ អនុប្រធានពន្ធនាគារខេត្តកណ្តាលបានបញ្ជាក់ថាធាតុរបស់ឌុចត្រូវបានដឹកទៅស្រុកសំឡូតនៅពេលរសៀល។
លោក ហុង គឹមសួន មេធាវីតំណាងជនរងគ្រោះនៃរបបខ្មែរក្រហមនៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថា មរណភាពរបស់ឌុចគឺទៅដោយស្រួលបើប្រៀបធៀបទៅនឹងអ្នកដែលរងគ្រោះក្រោមការដឹកនាំរបស់គាត់នៅទួលស្លែង ។ លោក គឹមសួន បានថ្លែងថា៖«ពាក់ព័ន្ធនឹងការធ្វើទារុណកម្មជនរងគ្រោះដោយរបបខ្មែរក្រហម ការស្លាប់របស់គាត់ គឺមិនអាចប្រៀបធៀបបានទេ ពីព្រោះពួកគេនៅក្នុងគុកទួលស្លែង មុនពេលពួកគេស្លាប់ ពួកគេត្រូវបានដាក់សម្ពាធ និងធ្វើទារុណកម្ម យ៉ាងខ្លោចផ្សារបំផុត។ បើប្រៀបធៀបទៅឌុចមានសំណាងជាងពួកគេ»