កិច្ចប្រជុំត្រីភាគីដំបូងដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឧស្សាហកម្មកាត់ដេរ និងស្បែកជើង សម្រាប់ឆ្នាំ ២០២១ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣ ខែកញ្ញា ដោយតំណាងនិយោជកហាក់ដូចជាកំពុងគេចវេះក្នុងការដំឡើងប្រាក់ខែដោយលើកហេតុផលការប្រឈមផ្នែកសេដ្ឋកិច្ចបន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយសហជីពស្នើបង្កើនប្រាក់ឈ្នួលជិត១២ដុល្លារ។
ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានកំណត់ក្នុងកិច្ចប្រជុំរវាងសហជីព សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងក្រសួងការងារដែលនឹងបន្តនៅថ្ងៃទី ៩ និង ១០ ខែកញ្ញា។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានមានប្រសាសន៍ថា លោករំពឹងថាការប្រជុំឆ្នាំនេះនឹងផ្តោតទៅលើ កូវីដ-១៩ និងការដកផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មដោយមិនគិតពន្ធជាមួយសហភាពអឺរ៉ុបក្រោមកិច្ចព្រមព្រៀងគ្រប់មុខទំនិញលើកលែងតែអាវុធ(EBA)។
លោក ស៊ីណា បានមានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំនេះ GMAC បានស្នើសុំឱ្យកាត់បន្ថយប្រាក់ឈ្នួលអប្បបរមាប៉ុន្តែសមាជិកសមាគម GMAC បាននិយាយថាពួកគេមិនទាន់ឆ្លើយតបសំណើររបស់សហជីពទេរហូតដល់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំនៅថ្ងៃទី ១០ ខែកញ្ញា។
លោក ស៊ីណា បានមានប្រសាសន៍ថា៖ «ទោះបីជាមិនមានបញ្ហាប្រឈមបន្ថែមដូចឆ្នាំនេះក៏ដោយ ក៏នៅក្នុងឆ្នាំមុនៗ ភាគីខាងនិយោជកតែងតែបង្កការលំបាកក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះពួកយើងមិនមានការភ្ញាក់ផ្អើលចំពោះជំហររបស់និយោជកឡើយ»។
ទោះជាយ៉ាងណាលោកបាននិយាយថាព័ត៌មានស្តីពីលទ្ធផលផលិតកម្មឧស្សាហកម្មនិងការព្យាករអត្រាអតិផរណាដែលបានផ្តល់ដោយក្រសួងការងារនៅឯកិច្ចប្រជុំលើកដំបូងបានបង្ហាញនូវរូបភាពវិជ្ជមាន ដែលនាំឱ្យលោកសង្ឃឹមថាការដំឡើងអាចនឹងកើតមាន។
លោក ស៊ីណា បានបន្ថែមថា៖«ទោះបីជាឆ្នាំនេះមានការលំបាកក៏ដោយយើងសង្ឃឹមថានឹងមានលទ្ធផលជាវិជ្ជមាន ទៅលើការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ» ។
មេដឹកនាំសហជីពបានបើកកិច្ចប្រជុំផ្ទៃក្នុងមួយនៅថ្ងៃទី ២៨ ខែសីហា ដើម្បីជ្រើសរើសការតំឡើងប្រាក់ឈ្នួលអប្បបរមាដែលពួកគេចង់បាន ដោយយល់ព្រមលើទឹកប្រាក់ចំនួន ១១.៥៩ ដុល្លារ ស្រដៀងនឹងសំណើរបស់ពួកគេកាលពីឆ្នាំមុន ហើយចំនួននេះគឺកើនឡើង ៦.១ ភាគរយ។
ប្រាក់ឈ្នួលអប្បបរមាគ្រប់ដណ្តប់លើកម្មករប្រមាណជា ៨០០ ០០០ នាក់មកពីរោងចក្រជាង ១០០០ នៅក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ហើយប្រាក់ឈ្មួលនេះត្រូវបានកំណត់ត្រឹម១៩០ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ ២០២០ ។
លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា មុនពេលកិច្ចប្រជុំ ត្រីភាគី លើកទី២ នៅថ្ងៃទី ៩ ខែកញ្ញា តំណាងសហជីពនឹងជួបជុំគ្នាដើម្បីពិភាក្សាអំពីវឌ្ឍនភាពដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកដំបូង។
លោក សេងហាក់ បានមានប្រសាសន៍ថា៖«ភាគីសហជីពរបស់យើងនឹងបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាពីតួលេខលម្អិតនៅឯក្រសួងការងារនៅថ្ងៃទី ៧ ខែកញ្ញា»។
លោក សេងហាក់ បានបញ្ជាក់ជាថ្មីថា នៅក្នុងកិច្ចប្រជុំលើកដំបូងនិយោជិកបានសង្កត់ធ្ងន់ទៅលើថ្លៃខាតបង់ដោយសារជំងឺកូវីដ-១៩ មកលើឧស្សាហកម្មនេះ ដោយមិនបានបង្ហាញពីជំហរជាក់លាក់របស់ពួកគេលើប្រាក់ឈ្នួលអប្បបរមានោះទេ ហើយ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានចង្អុលបង្ហាញថាប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀត បានពន្យាពេលចរចាប្រាក់ឈ្នួលរបស់ពួកគេ ឬជ្រើសរើសមិនយល់ព្រមដំឡើងប្រាក់ខែ ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារដែលធ្វើជាប្រធានកិច្ចពិភាក្សាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថាក្រសួងនឹងបង្ហាញនិយោជកនិងសហជីពនូវទិន្នន័យចាំបាច់។ ដូច្នេះពួកគេនឹងអាចធ្វើការវិនិច្ឆ័យត្រឹមត្រូវដោយផ្អែកលើកត្តាសង្គមនិងសេដ្ឋកិច្ច។
លោក សំហេង បានមានប្រសាសន៍ថា៖«យើងបានពិនិត្យមើលកត្តាសង្គមនិងសេដ្ឋកិច្ច ព្រមទាំងមើលថា ជំងឺកូវីដ-១៩ជះឥទ្ធិពលដល់បញ្ហាសង្គមនិងសេដ្ឋកិច្ចរបស់យើងយ៉ាងណា រួមទាំងបញ្ហានៃភាពអត់ការងារធ្វើរបស់កម្មករនិងបញ្ហាដែលទាក់ទងនឹងប្រាក់ចំណូលនិងសុខភាពរបស់ពួកគេ»។
លោក សំហេង បានមានប្រសាសន៍ថា៖«យើងត្រូវតែមានឆន្ទៈក្នុងការពិភាក្សាជាមួយគ្នាប្រកបដោយស្មារតីទទួលខុសត្រូវនិងប្រកបដោយការស្ថាបនា»។
លោក សំហេង បានបន្ថែមថារហូតមកដល់ពេលនេះ មិនមានទាន់ភាគីណាបដិសេធពី តួលេខប្រាក់ឈ្នួលដែលពួកគេបានស្នើសុំនោះទេ ប៉ុន្តែការពិភាក្សានឹងបន្តរហូតដល់មានប្រាក់ឈ្នួលសមរម្យមួយត្រូវបានព្រមព្រៀងគ្នា។
លោក សំហេង បានមានប្រសាសន៍ថា៖«យើងបានកំណត់កាលវិភាគបន្តការប្រជុំនៅថ្ងៃទី ៩ ខែកញ្ញាហើយយើងនឹងបញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញាមុនថ្ងៃភ្ជុំបិណ្ឌ។ ខ្ញុំសង្ឃឹមថាយើងនឹងមានលទ្ធផលសម្រាប់កម្មករមុនថ្ងៃភ្ជុំបិណ្ឌ»។
លោក ងួន ចាន់ណារ៉ា អគ្គលេខាធិការរងនៃសមាគមស្បែកជើងកម្ពុជាបានមានប្រសាសន៍ថា តំណាងនិយោជកមិនទាន់បានសម្រេចចិត្តលើការឱ្យប្រាក់ឈ្នួលនោះទេ ហើយនឹងរង់ចាំរហូតដល់ការប្រជុំនាពេលខាងមុខ។
លោក ចាន់ណារ៉ា បាននិយាយបន្ទាប់ពីចូលរួមកិច្ចប្រជុំថា៖ «វគ្គនេះយើងមិនទាន់បានសម្រេចចិត្តនៅឡើយទេ ប៉ុន្តែយើងបានស្តាប់ដោយយកចិត្តទុកដាក់នូវភាគីនីមួយៗ។ ដូច្នេះនៅថ្ងៃទី ៩ ខែកញ្ញាយើងនឹងមានការរីកចម្រើន។ ពេលនេះបញ្ហាកូវីដ-១៩ និងបញ្ហាមួយចំនួនទៀត កំពុងធ្វើឱ្យរោងចក្រនានាជួបការលំបាក»។
យោងតាមសេចក្តីថ្លែងការណ៍របស់ GMAC គិតត្រឹមខែមិថុនាឆ្នាំនេះ មានរោងចក្រប្រហែល ៤០០ បានផ្អាកដំណើរការហើយមានកម្មករជាង ១៥០ ០០០ នាក់បានបាត់បង់ការងារដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។
អគ្គលេខាធិការរង GMAC លោក កាំង ម៉ូនីកា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី ៣ ខែកញ្ញានេះ ប៉ុន្តែលោកបានមានប្រសាសន៍នៅថ្ងៃទី ៣១ ខែសីហាថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតនៅលើពិភពលោកបានជួបនឹងវិបត្តិសេដ្ឋកិច្ចដោយសារតែ ជំងឺកូវីដ-១៩ ហើយស្ថានភាពមួយនេះក៏កាន់តែធ្ងន់ធ្ងរឡើង ដោយសារការដកផ្នែកខ្លះនៃ EBA ។
លោកបានមានប្រសាសន៍ថា៖ «ដោយសារវិបត្តិទាំងពីរនេះ តួលេខនៃការនាំចេញ [ផលិតផលពីរោងចក្រកាត់ដេរ] បានធ្លាក់ចុះយ៉ាងខ្លាំង។ ដូច្នេះប្រសិនបើយើងវិភាគរឿងនេះជាធម្មតាការដំឡើងប្រាក់ឈ្នួលអប្បបរមា ជាពិសេសចំពោះចំនួនទឹកប្រាក់ដែលសហជីពបានលើកឡើង គឺមិនអាចទៅរួចទេ» ។
លោកបាននិយាយថាប្រាក់ឈ្នួលអប្បបរមាគួរតែត្រូវបានកំណត់ដោយផ្អែកលើការស្រាវជ្រាវដែលផ្តល់ដោយវិទ្យាស្ថានជាតិស្ថិតិ ដែលផ្តល់នូវការវាយតម្លៃលើកត្តាសង្គមនិងសេដ្ឋកិច្ច។
លោក ខេន លូ អគ្គលេខាធិការ GMAC មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍៕