ខេត្តសៀមរាប - លោក ប៉ៃ ពន់ មានអារម្មណ៍សប្បាយចិត្តមែនទែននៅពេលលោកត្រូវបានគេអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមួយកាលពីខែឧសភា ស្តីពីឱកាសការងារថ្មីនៅសាលាឃុំកន្ទ្រាំង ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីលោកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ចាប់តាំងពីពេលថៃចាប់ផ្តើមបិទប្រទេសដោយសារវីរុសកូវីដ១៩ កាលពីពីរខែមុននេះ។
លោកនិងពលករចំណាកស្រុក៣០នាក់ផ្សេងទៀតបានអង្គុយជិតគ្នានៅលើកៅអីឈើវែង ខណៈពេលក្រុមមន្ត្រីមកពីមន្ទីរកសិកម្មខេត្តបានសាកសួរពួកគាត់ថា តើពួកគាត់ចាប់អារម្មណ៍ចង់ដាំបន្ថែបង្ការឬក៏ចង់ចិញ្ចឹមសត្វគោក្របីឬទេ។
លោកបានរំឭកឡើងវិញក្នុងបទសម្ភាសកាលពីដើមខែនេះថា៖ «ខ្ញុំបានប្រាប់ពួកគាត់ [មន្ត្រីឃុំ] ថា ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន។ ខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា គ្មានការវិវឌ្ឍនោះទេ ដោយសារខ្ញុំមិនបានឮអ្វីពីពួកគាត់សោះ»។
លោកបានលើឡើងថា៖ «ពួកគាត់និយាយថា ពួកគាត់នឹងផ្តល់គ្រាប់ពូជ ប៉ុន្តែខ្ញុំមិនដឹងថា ពួកគាត់នឹងឲ្យគ្រាប់ពូជអ្វីដល់ខ្ញុំទេ។ ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំអត់មានដីទេ។ ខ្ញុំមិនដឹងថា ត្រូវចាប់ផ្តើម [ ដាំដុះ] នៅកន្លែងណានិងទីណានោះទេ»។
អំឡុងពេលថ្លែងនៅស្រុកពាមរក៍ ខេត្តព្រៃវែងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ពលករដែលវិលត្រឡប់ពីបរទេសនិងកម្មករផ្សេងទៀតដែលបច្ចុប្បន្នគ្មានការងារធ្វើគួរពិចារណាធ្វើស្រែចម្ការ ដើម្បីលើកស្ទួយវិស័យកសិកម្ម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំអំពាវនាវដល់បងប្អូនគ្រប់គ្នា កម្មករកាត់ដេរ និងពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ សូមចូលរួមក្នុងវិស័យកសិកម្ម»។
កាលពីខែមុន លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា ពលករប្រហែល ១១០.០០០ នាក់បានវិលត្រឡប់ពីប្រទេសថៃចាប់ពីខែមីនាដល់ខែឧសភា បន្ទាប់ពីថៃបិទប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ លោក ហេង សួរ មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅសប្តាហ៍នេះ។
លោក យង់ សាំងកុមារ អ្នកជំនាញកសិកម្មបាននិយាយថា វាមិនទំនងជាប្រជាជនកម្ពុជាដែលវិលត្រឡប់មកពីបរទេសនឹងចាប់ផ្តើមប្រឹងប្រែងធ្វើកសិក្មផ្ទាល់ខ្លួននោះទេ។
លោកបានមានប្រសាសន៍ថា៖ «វាគឺជាចំនួនដ៏ច្រើនមួយ [ ប្រពលរដ្ឋ] ប៉ុន្តែយើងមិនគិតថា ពួកគាត់អាចនឹងចាប់ផ្តើមក្នុងវិស័យកសិកម្មផ្ទាល់ខ្លួននោះទេ។ ពួកគេចង់ស៊ីឈ្នួលអ្នកផ្សេង»។
ទោះបីជាយ៉ាងណា មន្ត្រីខេត្តមួយចំនួនបាននិយាយថា ពួកគេមានគម្រោងដែលនឹងជួយឲ្យពលករចំណាកស្រុកចាប់ផ្តើមការងារស្រែចម្ការ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានមានប្រសាសន៍ថា ពលករចំណាកស្រុកជិត២០.០០០នាក់បានវិលត្រឡប់មកខេត្តសៀមរាបវិញចាប់តាំងពីចាប់ផ្តើមផ្ទុះវីរុសកូវីដ១៩។
លោកមានប្រសាសន៍ថា កម្មវិធីជួយពលករចំណាកស្រុកដែលទើបវិលត្រឡប់មកវិញនិងគ្មានការងារធ្វើដោយសារការផ្ទុះវីរុសកូវីដ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ចំណែកក្រសួងកសិកម្មបានណែនាំទៅថ្នាក់ខេត្តឲ្យចាប់ផ្តើមអនុវត្តការងារនេះ។
លោកមានប្រសាសន៍ថា៖ «សំខាន់បំផុតនោះ វាគឺជាគំរោងរបស់រដ្ឋាភិបាលនិងក្រសួងកសិកម្ម ហើយយើងគឺជាអ្នកអនុវត្តផែនការនោះដោយផ្ទាល់។រដ្ឋមន្ត្រីបានប្រាប់យើងឲ្យជួយដល់ពលករចំណាកស្រុកដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ដោយជួយពួកគាត់ជាមួយនឹងការងារកសិកម្ម»។
ទោះបីជាយ៉ាងណា លោកកត់សម្គាល់ឃើញថា គម្រោងននេះគ្មានថវិកាផ្ទាល់ខ្លួននោះទេ ហើយថវិកានេះត្រូវដកយកពីកម្មវិធីបច្ចុប្បន្នរបស់មន្ទីរកសិកម្មខេត្ត។
លោក គឹមសុទ្ធ បានមានប្រសាសន៍ថា៖ «ជាឧទាហរណ៍ មន្ទីររបស់យើងប្រើប្រាស់ថវិកាពីគម្រោងដែលមានស្រាប់និងមានសកម្មភាពស្រដៀងគ្នា ហើយបន្ថែមសកម្មភាពច្រើនទៀត ដូច្នេះយើងអាចធ្វើបានច្រើនជាងមុន។ជាក់ស្តែង យើងកំពុងពង្រីកគម្រោងដែលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វ»។
លោកមានប្រសាសន៍ថា មន្ទីររបស់លោកនឹងរង់ចាំរហូតដល់ខែក្រោយ ដើម្បីរៀបចំថវិកាមុនពេលអាចចាប់ផ្តើមអនុវត្តកិច្ចប្រជុំដែលបានធ្វើឡើងកន្លងមក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពលករចំណាកស្រុក។
លោកបានបន្ថែមថា៖ «យើងមិនអាចនិយាយថា តើវាគ្រប់គ្រាន់ឬយ៉ាងណានោះទេ ប៉ុន្តែគោលដៅគឺកាត់បន្ថយផលប៉ះពាល់ដោយសារកូវីដ១៩ ប៉ុន្តែពលករចំណាកស្រុកខ្លះមិនអាចអនុវត្តកម្មវិធីនេះបានទេ ពីព្រោះពួកគាត់គ្មានដីដើម្បីដាំដុះ»។
លោក ប៊ុន តួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្តាលបានមានប្រសាសន៍ថា មន្ទីររបស់លោកមានផែនការធ្វើការងារជាមួយប្រជាពលរដ្ឋ៣០០គ្រួសារ ដែលភាគច្រើនក្នុងចំណោមពួកគាត់ គឺជាពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ។ លោកមានប្រសាសន៍ថា មន្ទីរមានថវិកាសល់ពីគម្រោងដែលមានស្រាប់ប្រហែល ១០.០០០ដុល្លារ ដើម្បីជួយគ្រួសារទាំងនោះ ដាំដុះនិងចិញ្ចឹមសត្វ។
កាលពីដើមខែនេះ ក្រុមមន្ត្រីបានរៀបចំឲ្យពលរដ្ឋប្រហែល១០០គ្រួសារដែលទើបវិលត្រឡប់ពីបរទេសចុះទៅមើលកសិករនៅតំបន់ ហើយដែលពួកគាត់ទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់ដោយខ្លួន។
លោក ទួនស៊ីម៉ូណា បានមានប្រសាសន៍ថា៖ «យើងដឹងថា ការងារនេះ ប្រហែលជាប្រើពេលយូរ ដើម្បីវិលត្រឡប់ទៅរកសភាពធម្មតាវិញ បន្ទាប់ពីមានវីរុសកូវីដ១៩។ ហើយយើងមិនដឹងថា ពេលណាពួកគាត់អាចវិលត្រឡប់ទៅប្រទេសថៃឬប្រទេសផ្សេងទៀតនោះទេ ដូច្នេះយើងបានប្រាប់ពួកគាត់ថា ការចិញ្ចឹមមាន់គឺប្រសើរជាងការធ្វើចំណាកស្រុកទៅប្រទេសថៃ»។
លោក ទួនស៊ីម៉ូណា បាននិយាយថា ជាផ្នែកមួយនៃកម្មវិធីរបស់មន្ទីរកសិកម្មខេត្តកណ្តាល មន្ទីរនឹងផ្តល់កូនមាន់ដល់ពលករចំណាកស្រុកដែលគ្មានការងារធ្វើថ្មីៗនេះ និងបង្រៀនពីរបៀបចិញ្ចឹមព្រមទាំងរបៀបចាក់វ៉ាក់សាំងនិងធ្វើចំណីមាន់ផងដែរ ដោយមានជំនួយពីកសិករដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់។
លោកបានបន្ថែមថា៖ «វាអាចនឹងប្រើពេលប្រហែល៦ខែ ដើម្បីចាប់ផ្តើមគម្រោងនេះពេញលេញ។ប្រសិនបើវាដំណើរការល្អ យើងនឹងជួយស្វែងរកទីផ្សារឲ្យពួកគាត់ ដើម្បីលក់មាន់របស់ពួកគាត់»។
លោកបាននិយាយថា៖ «ប្រសិនបើពួកគាត់មិនធ្វើចំណាកស្រុក [ត្រឡប់ទៅប្រទេសថៃ] ហើយពួកគាត់សម្រេចជ្រើសរើសយកការចិញ្ចឹមមាន់វិញ វាគឺជាជោគជ័យមួយសម្រាប់រដ្ឋាភិបាលនិងក្រសួងដែលប្រឹងប្រែងអនុវត្តការងារនេះ»។
ពលករចំណាកស្រុកដែលបន្តនៅប្រទេសកម្ពុជានៅឡើយអះអាងថា ពួកគាត់ចាប់អារម្មណ៍លើការងារបង្កបង្កើនផល ប៉ុន្តែមិនប្រាកដថា តើកម្មវិធីដែលសំដៅគាំទ្រពួកគាត់នេះ នឹងមានប្រសិទ្ធិភាពឬយ៉ាងណា។
អ្នកស្រី ហយ ចន អតីតពលករចំណាកស្រុកបានចំណាយពេលប្រហែល៦ឆ្នាំនៅប្រទេសថៃ មុនពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីពីរឆ្នាំមុនជាមួយស្វាមីរបស់អ្នកស្រី ដើម្បីស្វែងករឱកាសការងារប្រសើរជាងមុន។
អ្នកស្រីបាននិយាយថា ក្រុមមន្ត្រីបានចុះមកជួបអ្នកស្រីដល់ផ្ទះកាលពីខែមុនដោយសួរនាំថា តើអ្នកស្រីចាប់អារម្មណ៍លើការចិញ្ចឹមមាន់ដែរឬទេ ដោយនិយាយថា ពួកគាត់អាចផ្តល់កូនមាន់ ទ្រុងនិងជំនួយផ្សេងទៀតក្នុងការចិញ្ចឹមមាន់។
អ្នកស្រីបាននិយាយថា៖ «កាលពីថ្ងៃសុក្រមុន ខ្ញុំបានចូលរួមកិច្ចប្រជុំមួយអំពីរបៀបចិញ្ចឹមមាន់ហើយពួកគេបាននាំយើងទៅមើលកសិដ្ឋានចិញ្ចឹមមាន់…ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំគិតថា ដំបូង ខ្ញុំនឹងចាប់ផ្តើមពីការចិញ្ចឹមខ្នាតតូច ហើយប្រសិនបើវាដំណើរការ យើងនឹងពង្រីកបន្ថែម»។
លោក ពន់ អាយុ៣២ឆ្នាំបានធ្វើការងារនៅប្រទេសថៃតាំងពីឆ្នាំ២០០៩ ហើយធ្វើកម្មករនៅចម្ការអំពៅមុនពេលលោកវិលត្រឡប់មកខេត្តសៀមរាបវិញកាលពីខែមីនា ហើយលោកមិនអាចទៅណារួចចាប់តាំងពីពេលគេបិទព្រំដែនថៃកាលពីចុងខែមីនានោះ។
ខណៈពេលលោកធ្វើការជាកម្មករចម្ការអំពៅ លោក ពន់ បាននិយាយថា លោកអាចផ្ញើប្រាក់ប្រហែល ១.០០០បាត (៣១ដុល្លារ) រៀងរាល់ពីរខែម្តង ដើម្បីជួយដល់ឪពុកម្តាយនិងកូនប្រុស ដើម្បីទិញម្ហូបអាហារ។
បន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញ លោក ពន់ រកការងារនៅការដ្ឋានសំណង់ ដែលអាចរកចំណូលបានប្រហែល ៣០.០០០រៀល (៧ដុល្លារ) ក្នុងមួយថ្ងៃ ប៉ុន្តែវាមិនបានយូរទេ។
លោកបាននិយាយថា៖ «ខ្ញុំអាចរកបានប្រហែល២០០ដុល្លារទៅ៣០០ដុល្លារក្នុងរយៈពេល៣០ថ្ងៃ ប៉ុន្តែនៅពេលនេះ គ្មានការងារធ្វើទៀតទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំពិតជាចង់ត្រឡប់ទៅប្រទេសថៃវិញជាមួយប្រពន្ធរបស់ខ្ញុំ។ ខ្ញុំអផ្សុកមែនទែន ពីព្រោះយើងគ្មានការងារធ្វើ។ ខ្ញុំចង់ដាំបន្ថែដូចជាស្ពៃជាដើម»។
លោកបាននិយាយថា លោកមិនគិតថា រដ្ឋាភិបាលមានផែនការគួរឲ្យជឿជាក់បាន ដើម្បីគាំទ្រដល់ពលករចំណាកស្រុកនោះទេ។
លោកបាននិយាយថា៖ «ខ្ញុំព្យាយាមរង់ចាំការងារផ្សេងទៀត ហើយខ្ញុំមិនអាចពឹងផ្អែកលើផែនការនោះទេ។ខ្ញុំក៏ត្រូវការប្រាក់ច្រើននិងដីធំដើម្បីធ្វើការងារនោះផងដែរ»។
លោកបានបន្ថែមថា៖ «នៅពេលណាព្រំដែនបើក ខ្ញុំនឹងត្រឡប់ទៅថៃវិញ»។
លោក សាំងកុមារ បានទទូចឲ្យរដ្ឋាភិបាលសម្របសម្រួលដោយផ្ទាល់ជាមួយក្រុមហ៊ុនកសិកម្មឬកសិដ្ឋានណា ដែលអាចផ្តល់ការងារដល់ពលករចំណាស្រុករួមទាំងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបររបស់គាត់។
លោកមានប្រសាសន៍ថា៖«ក្រសួងការងារគួរសម្របសម្រួលជាមួយម្ចាស់កសិដ្ឋាន ឬស្ថាប័នដែលមិនរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ ឲ្យទទួលយកកម្លាំងការងារបន្ថែមនៅក្នុងវិស័យកសិកម្ម»។
លោកបានបន្ថែមថា៖ «យើងគួរបែងចែកនិងគាំទ្រ [កម្មករ ] ដែលចាប់អារម្មណ៍។ ប្រសិនបើយើងគ្រាន់តែផ្តល់មាន់និងបន្លែ [ពូជ] វាគ្រាន់តែអាចជួយពួកគាត់បានមួយរយៈប៉ុណ្ណោះ ប៉ុន្តែត្រូវជួយធ្វើឲ្យជីវភាពរស់នៅរបស់គាត់មានលំនឹង គឺជារឿងសំខាន់»៕