សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជា​ចុះ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន​

នៅ​ក្នុង​រូបថត​ដែល​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី ខាង​ឆ្វេង​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កណ្តាល និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ នៅ ថ្ងៃទី ១២ ខែតុលា នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​ ។

មន្រ្តី​ជាន់ខ្ពស់ចិន​និង​កម្ពុជា​នៅ​ថ្ងៃទី១២ ខែ​តុលា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ (CCFTA) ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​ចិន​បាន​កាន់​តែ​ច្រើន និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​​ជា​មួយ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែល​ចូល​រួម​ដោយ ​លោក​នាយក​រដ្ឋ​មន្រ្តី​​ ហ៊ុន សែន រដ្ឋ​មន្រ្តីក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​។​

លោក​​បាន​​មាន​​ប្រសាសន៍​​នៅ​​ក្នុង​​ពិធី​​នៅឯ​​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ថា​៖«ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បង្ហាញ​ពី​ចំណង​កាន់​តែ​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​និង​ជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​ដ៏​​សំខាន់​មួយ​ទៀត​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​-​ចិន​»​។​

លោក​បាន​បន្ថែម​ទៀត​ថា​៖ «ឥត​មាន​ការ​សង្ស័យ​ឡើយ​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ផ្តល់​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​យ៉ាង​រឹង​មាំ​ថែម​ទៀត​ តាមរយៈ​ការ​ចូល​ទៅ​​ទី​ផ្សារ​កាន់តែមានកម្រិត​ទូលំទូលាយ​​​ ការ​ធ្វើសេរី​ភា​វូប​នីយ​កម្ម​ ចំពោះ​ទំនិញ សេវាកម្ម និង​ការ​វិនិយោគ​»​។​  «ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា​នឹង​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ និង​សង្គម​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ តាមបែបផែន​ផ្តល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​»​។​

លោក​បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា​ភាគី​ទាំង​ពីរ​នឹង​អាច​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បាន​ពេញ​លេញ​នៅ​ដើម​ឆ្នាំ​ ២០២១ ។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​ពិធី​តាមរយៈប្រព័ន្ធ​វីដេអូ​​ពី​ប្រទេស​ចិន​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ ចុង ស្សាន (Zhong Shan) បាន​កោត​សរសើរ​ចំពោះ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល​មួយ​ឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ​។​

លោក​បាន​មាន​ប្រសាសន៍​ថា​៖  «ចាប់​ពី​ដើម​ឆ្នាំ​នេះ​ក្រសួង​ទាំង​ពីរ​របស់​យើង​បាន​អនុវត្ត​ការ​ឯកភាព​គ្នាដោយ​​ថ្នាក់​ដឹក​នាំ​របស់​ពួក​យើង​ ហើយ​បាន​ពន្លឿន​និង​បញ្ចប់​កិច្ច​ចរចា​ពាណិជ្ជកម្ម​សេរី ចិន-កម្ពុជា​យ៉ាង​ឆាប់​រហ័ស»​។​

លោក ចុង បាន​បន្ត​ទៀត​ថា​៖ «ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​របស់​ពួក​យើង​នៅ​ថ្ងៃ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​​សេដ្ឋកិច្ច​និង​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​»​។ «ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញឱ្យ​មាន​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​»​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ឡុង កែមវិចិត្រ បានមានប្រសាសន៍​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​រួម​ទាំង​​​ឱ​កាស​ពង្រីកទីផ្សារ និង​វិនិយោគ​ ។​

លោក កែមវិចិត្រ បាន​លើក​ឡើង​ថា​៖ «នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​យើង​បាន​យល់​ព្រម​បើក​ទី​ផ្សារ​សម្រាប់​ទំនិញ​និង​ការ​វិនិយោគ​ ដូច្នេះ​យើង​បាន​ពិភាក្សា​ជា​មួយ​ភាគី​ចិន​ដើម្បី​បើកទី​ផ្សារ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​»​។​ «ដូច្នេះ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ប្រទេសចិន​»​ ។​

លោក​បាន​កត់​សម្គាល់​ថា​ក្នុង​ចំណោម​ទំនិញ​ដែល​អាច​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ​ទៅ​ប្រទេស​ចិន​មាន​ត្រី សាច់​ស្ងួត​ ផ្លែ​ឈើ​ស្រស់​ និង​បន្លែ រួម​ទាំង​ផលិត​ផល​កសិកម្ម​កែ​ច្នៃ​ផ្សេង​ទៀត​ដូច​ជា​ម្រេច​និង​តាង៉ែន​កំប៉ុងជាដើម​។​

លោក​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​រំពឹង​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ជួយ​ទាក់​ទាញ​ការ​វិនិយោគ​ពី​ក្រុម​ហ៊ុន​ ដែល​កំពុង​សម្លឹង​មើល​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​ចិន​។​

លោក​បាន​បន្ថែម​ថា ដោយ​សារ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​ផល​ប្រយោជន៍​ជា​ទ្វេ​ភាគី​ វា​មិន​មែន​ធ្វើឡើងក្នុង​​បំណងជំនួស​ការ​បាត់​បង់​ពាណិជ្ជកម្មជា​មួយ​សហភាព​អឺរ៉ុបដោយ​សារ​តែ​ការ​ដក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី «គ្រប់មុខទំនិញ​​លើក​លែង​តែ​​សព្វា​វុធ​​»​​ ជា​មួយ​ប្រទេស​កម្ពុជា​នោះ​ទេ​។​

លោក កែមវិចិត្រ បាន​ឱ្យដឹង​ទៀតថា​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​ចិន​បាន​កើន​ឡើង​ដល់ ៨,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩  ហើយ​បាន​ឈាន​ដល់ ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ។

តាមរយៈ​ការបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​​កាល​ពី​ថ្ងៃ​ទី ១២ ខែតុលា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​អំណរ​គុណ​ដល់រដ្ឋ​មន្រ្តី​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​និង​បាន​សរសើរ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជក​ម្ម​សេរី​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ក៏​បាន​បញ្ជាក់​ថា​៖​ «EBA គង់​មាន​ថ្ងៃ​ណា​មួយ​នឹង​បាត់​បង់​ តែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​គឺ​នៅ​ជា​រៀង​រហូត​»​។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​ លោក យី មក​កាន់​ប្រទេស​កម្ពុជា​ នៅថ្ងៃទី ១១ និង ១២ ខែតុលា លោក យី ក៏​បាន​ជួប​ជា​មួយ​មន្រ្តី​ជា​ច្រើនរួម​មាន​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក ប្រាក់ សុខុន និង លោក​ឧប​នាយករដ្ឋ​មន្រ្តី ហោ ណាំហុង ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​និង​បញ្ហា​អន្តរ​ជាតិ​ដែល​មាន​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ​។​

យោង​​​តាម​ការបង្ហោះ​​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ឧប​នាយករដ្ឋ​មន្រ្តី ហោ ណាំហុង នាថ្ងៃទី១១ខែតុលា លោក ហុង​ ​និង​លោកយី បាន​ពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​និង​ជំនួយ​ឥត​សំណង​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ចាប់​ផ្តើម​គម្រោង​នានា​​រួម​មាន​ គម្រោង​ខ្សែ​កាប​អុប​ទិក​ថ្មី​ភ្ជាប់​ទៅ​​ក្រុង​ ហុង​កុង គម្រោង​ប្រព័ន្ធ​ស្រោច​ស្រព​ និង​ការពារ​ទឹក​ជំនន់ គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវ​ជាតិ រួម​ទាំង​គម្រោង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​។​

លោក យី បាន​ប្រាប់ លោក ហោ ណាំហុង ថា​បន្ទាប់​ពី​កូវីដ១៩ ប្រទេស​ចិន​នឹង​ធ្វើ​ការ​លើ​ផែន​ការ​អភិវឌ្ឍន៍​រួម​គ្នា​ដើម្បី​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​។​

យោងតាម​ការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហោ ណាំហុង លោកយី បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​ថា​៖«ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់(ប្រហែល១៤០លានដុល្លារ)​»​ ។​

អ្នក​វិភាគ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ហេតុផល​ផ្លូវ​ការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ក៏​ដោយ​លោក​បាន​ចោទ​ជា​សំណួរ​ថា​តើ​ភាគី​ណា​មួយ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​។​

លោក​សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​៖​ «[កម្ពុជា]​ត្រូវ​ជំរុញ​ជំនួញ​និង​ការ​វិនិយោគ​ក្នុង​ស្រុក​  ឱ្យ​កាន់​តែ​ខ្លាំង​និង​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដែល​បាន​ពី​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​ចិន​»​។​

លោក​បាន​ថ្លែងបន្ត​​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ រវាង​កម្ពុជា និង​ចិន​នឹង​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា ក៏​ប៉ុន្តែ​មិន​អាច​ជំនួស​តម្លៃ​នៃ​​ EBA បាន​ទេ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ថ្មី​និង​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន វា​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​តើ​កម្ពុជា​នឹង​រក្សាបាននូវ​ចំណង​ទាក់​ទង​រឹង​មាំ​ជា​មួយ​សហរដ្ឋ​អាមេរិក​​ទៀត​​​​ដែរ​ឬ​​ទេ​​។​​

លោក​សុវណ្ណារ៉ា​ បានមានប្រសាសន៍​ថា ៖ «យើង​រងចាំមើល​ថា​តើ​ប្រទេស​កម្ពុជា​អាច​ឈរ​ជើង​ពីរ​ជាប់​ឬ​យ៉ាង​ណា​»​ ។ «[ប្រសិន​បើ​កម្ពុជា​ជ្រើស​]​ យក​ចំណុច​ណា​មួយ​ដែល​ហាក់​ដូច​ជា​កំពុង​ងាក​ចេញ​ពី​អាមេរិក​នោះ​វា​ជា​ការ​ខាត​បង់​របស់​កម្ពុជា​»​ ។​

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​លោក Chad Roedemeier មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​ជា​ដៃ​គូ​ជាប់​លាប់​ជា​មួយ​កម្ពុជា​ទាក់​ទង​នឹង​ជំនួយ​មនុស្ស​ធម៌​ និង​ពាណិជ្ជកម្ម​។ លោក​សង្ឃឹម​ថា​គ្រប់​ក្រុម​ហ៊ុន​អន្តរជាតិ​ទាំង​អស់​ដែល​ចង់​ធ្វើ​ជំនួញ​នៅ​កម្ពុជា«នឹងទទួលបាន​ឱកាសប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព​»​​។​

លោក​បាន​លើក​ឡើង​ថា​ ៖ «ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូត​លាស់ ហើយ​ជា​ធម្មតា​មាន​​វត្តមាន​​សេដ្ឋកិច្ច​នៅ​ទី​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។  យើង​​មិន​​ស្នើ​ឱ្យ  កម្ពុជា​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​នោះ​ទេ​»​ ។  «បើ​ទោះ​ជា​យ៉ាង​ណា​អ្វី​ដែល​យើង​សង្ឃឹមថា​នឹង​មាន​ការ​ប្រកួត​ប្រ​ជែង​ក្នុងការរកស៊ី​មួយដែល​ស្មើ​គ្នា​សម្រាប់​ក្រុមហ៊ុន​ទាំង​អស់​ដោយ​​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​និង​ការ​អនុវត្ត​អាជីវកម្ម​ល្អ​បំផុត​»​ ។​

លោក​បាន​បន្ថែម​ថា៖ «យើង​ជឿ​ជាក់​ថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​គួរ​តែ​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​តម្លា​ភាព​ និង​ប្រកាន់​ខ្ជាប់​នូវ​ស្តង់​ដារ​ខ្ពស់​បំផុត​ រួម​ទាំង​សិទ្ធិ​ការងារ​ផង​ដែរ​»​ ។​

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ក្នុង​តម្លៃ ៧,៥៥ ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដែល​កើន​ឡើង​បន្តិច​ពី​ ៦,១២ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។  ប្រទេស​ចិន​បាន​នាំ​ចូល​ទំនិញ​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​គឺ​កើន​ឡើង​ពី ៨៥៥ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​៕​

61 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម