សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករ​ប្រមូល​សំរាម​ធ្វើ​កូដកម្ម បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ ប្រកាស​រើស​ក្រុមហ៊ុនថ្មីជំនួស ស៊ីនទ្រី

គំនរ​សំរាម​កកកុញ​តាម​តាម​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា។ បញ្ញា ឆព័ណ្ណ

កម្មករ​ប្រមូល​សំរាម​​ក្រុមហ៊ុន​ស៊ីនទ្រី (Cintri) ជាង​មួយ​ពាន់​នាក់​បាន​ធ្វើ​កូដកម្ម​អស់រយៈពេល​បួន​ថ្ងៃ​​កន្លង​មក​នេះ​ ដើម្បី​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ខណៈរដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យឡើង​វិញ​លើ​កិច្ចសន្យា​ប្រមូល​សំរាម​ផ្តាច់មុខ​នៅ​​ក្រុង​ភ្នំពេញ​ជាមួយ​នឹង​ក្រុមហ៊ុន​​ស៊ីនទ្រី។ កូដកម្ម​ពី​សំណាក់​កម្មករ​ប្រមូល​សំរាម​បាន​បណ្តាល​ឲ្យ​សំរាម​គរ​ពេញ​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ​​

កូដកម្ម​នេះចាប់ផ្តើមពីថ្ងៃទី២ ខែតុលា ​​បន្ទាប់​ពី​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​​ស៊ីនទ្រី​បាន​ឃើញ​សេចក្តីប្រកាស​មួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​ចែករំលែក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​លើកឡើង​ថា ក្រុមហ៊ុន​ថ្មី​មួយ​នឹង​ត្រូវ​ផ្តល់​កិច្ចសន្យា​ដើម្បី​ប្រមូលសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ហេតុនេះ​បាន​​បង្ក​ឲ្យ​កម្មករ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​​ស៊ីនទ្រី​នឹង​បិទទ្វារ ដោយ​មិន​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ និង​ប្រាក់​ខែ​ចុងក្រោយ។

ជា​ការ​ឆ្លើយតប រដ្ឋបាលរាជធានី​ភ្នំពេញ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា​ថា ខ្លួន​នឹង​រើស​កម្មករ​ថ្មី​ដើម្បី​ប្រមូល​សំរាម ខណៈ​ការ​ចរចា​កំពុង​ធ្វើឡើង​រវាង​ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​​ស៊ីនទ្រី និង​កម្មករ។ យ៉ាងណាក្តី កម្មករ​មួយ​ចំនួន​យល់​ថា ការ​ធ្វើ​ដូចនេះ គឺ​មិន​សមហេតុផល​នោះ​ទេ។ ​​

លោក​ រ៉ង សារ៉ាយ អាយុ ៣៧​ឆ្នាំ តំណាង​មួយ​រូប​ឲ្យ​កម្មករ​​ស៊ីនទ្រី​ដែល​ធ្វើ​កូដកម្ម បាន​និយាយ​​កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា​ថា កម្មករ​ប្រមាណ​មួយ​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​អស់​រយៈពេល​បួន​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណងជំងឺ​ចិត្ត ប្រាក់​ជួស​ការ​ជូន​ដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់។

កម្មករស៊ីនទ្រី​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ទីបួន​នៃ​ការ​ធ្វើ​កូដកម្ម​ នៅយានដ្ឋាន ជួសជុលរថយន្ត​​​ប្រមូល​​សំរាម​របស់​ក្រុមហ៊ុន​ Cintri កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា។ បញ្ញា ឆព័ណ្ណ

លោក ​សារ៉ាយ ​បាន​និយាយ​ថា៖ «យើង​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ដូច្នេះ​យើង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បំពេញ​តម្រូវការ​ទាំង​ប្រាំ​ចំណុច​របស់​យើង» ដោយ​កត់សម្គាល់​ថា កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​​មុន​ពេល​​ផ្តល់​កិច្ចសន្យា​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត។​

លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ យើង​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​មាន​ដំណោះស្រាយ។ កម្មករ​យើង​បាន​ឈប់​ប្រមូល​សំរាម​អស់រយៈពេល​បួន​ថ្ងៃ​មក​ហើយ»

លោក​ សារ៉ាយ ​ បាន​បន្ត​ថា លោក​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​​ស៊ីនទ្រី ​អស់រយៈពេល​ជិត​​ប្រាំ​ឆ្នាំ​នេះ​ ដោយ​ឥឡូវ​នេះ​លោក​ធ្វើ​ជា​ជាង​ជួសជុល​រថយន្ត​ប្រមូល​សំរាម​ បន្ទាប់​ពី​បាន​ធ្វើ​ជា​អ្នកប្រមូល​សំរាម​រួច​មក។

លោក អ៊ុំ វណ្ណី​ អាយុ ៣២​ឆ្នាំ កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ​អស់​រយៈពេល​ ១០​ឆ្នាំ​មក​នេះ បាន​និយាយ​ថា លោក​និង​កម្មករ​ដទៃ​ទៀត​នឹង​ឈប់​​ប្រមូល​សំរាម​ក្នុង​រយៈពេល​ខ្លី ខណៈ​ប្តេជ្ញា​នឹង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​ប្រមូល​សំរាម។

​​លោក​ វណ្ណី​ បាន​និយាយ​ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​បិទ​ក្រុមហ៊ុន​ប្រមូល​សំរាម ហើយ​ក្រុមហ៊ុន​ចាស់ [ក្រុមហ៊ុន​ស៊ីនទ្រី] នឹងមិន​បង់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ដល់​យើង។ សូម​ឲ្យ​សាលា​ក្រុង​រក​ដំណោះស្រាយ​ ហើយ​មិន​​ដាក់​សម្ពាធ​មក​លើ​ពួក​យើង​ ដោយ​និយាយថា ប្រសិន​បើ​យើង​មិន​ធ្វើការ ពួកគេ​នឹង​រក​កម្មករ​ថ្មី​មក​ជំនួស​​ពួកយើង​វិញ។ នេះ​គឺ​ មិន​សមហេតុផល​នោះ​ទេ»

លោក​ វណ្ណី ​យល់​ថា​ ទោះ​បី​ជា​​មាន​ការ​រើស​កម្មករ​ដោយ​រដ្ឋបាល​រាជធានី​​ភ្នំពេញ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​រក​កម្មករ​ដែល​អាច​ប្រមូល​សំរាម​បាន​ល្អ​ផង​ដែរ។

លោក​ វណ្ណី ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មិនមាន​មនុស្ស​ច្រើន​អាច​ធ្វើ​ការងារ​នេះ​បាន​ទេ» ដោយ​បន្ថែម​ថា​ ការងារ​នេះ​ត្រូវ​ការ​ប្រើ​កម្លាំង​ខ្លាំង និង​ថា កម្មករ​ជា​រឿយៗ​រង​ការ​មុត​របួស​ផ្សេងៗ ដោយសារ​ប៉ះ​នឹង​អំបែង​កែវ​ក្នុង​សំរាម​ដោយ​ចៃដន្យ។

លោក ​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ​  បាន​និយាយ​ថា សាលារាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​តុលា ដោយ​បកស្រាយ​ថា លក្ខខណ្ឌ​ទាមទារ​មួយ​ចំនួន​របស់​​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​មិន​អាច​ត្រូវ​បាន​បំពេញ​នោះ​ទេ ដោយសារ​តែ​ពួកគេ​នៅ​ជាប់​កិច្ចសន្យា​ការងារ​នៅ​ឡើយ។​​

លោក​មាសភក្តី​បាន​និយាយ​ថា៖ «ក្រុមហ៊ុន​នៅ​តែ​បន្ត​ដំណើរការ ដូច្នេះ​ការ​ទាមទារ​របស់​ពួកគេ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។​

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​រូប​នេះ​បាន​លើកឡើង​ថា សាលារាជធានី​ភ្នំពេញ​ពី​មុន​មក​បាន​សម្រេច​មិន​បន្ត​កិច្ចសន្យា​​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី ដោយសារ​មិនពេញចិត្ត​នឹង​សមត្ថភាព​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​នេះ។ លោក​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​ សាលារាជធានី​ភ្នំពេញ​នឹង​ជ្រើសរើស​ក្រុមហ៊ុន​បី​ផ្សេង​ទៀត​ ដែល​នឹង​ចែករំលែក​សេវាកម្មប្រមូល​សំរាម​​​ក្នុង​ក្រុង​ភ្នំពេញ។

លោក ​មាសភក្តី ​បាន​និយាយ​ថា៖ «អំឡុងពេលអន្តរកាល យើង​កំពុង​ស្វែង​រក​ក្រុមហ៊ុន​ដទៃ​ទៀត ដូច្នេះ​យើង​នឹង​ប្រើយន្តការ​ចាស់​​ ដោយ​ជួល​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ក្នុង​រយៈពេល​ខ្លី​សិន។ យើង​នឹង​រើស​ក្រុមហ៊ុន​បី​ផ្សេង​ទៀត [ដើម្បី​ប្រមូល​សំរាម​ក្នុង​ក្រុង​ភ្នំពេញ]»

​​​

លោក​បាន​បន្ថែម​ថា​ សាលារាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​​​​ចេញ​ប្រមូល​សំរាម ខណៈ​កម្មករ​ក្រុមហ៊ុន​​ស៊ីនទ្រី​​កំពុង​ធ្វើ​កូដកម្ម ប៉ុន្តែ​ពលរដ្ឋ​ក្រុង​ភ្នំពេញ​គួរចូលរួម​ចំណែក​រក្សា​ទុក​សំរាម​ក្នុង​គេហដ្ឋាន​សម្រាប់​ពេល​មួយ​រយៈ​សិន​ផង​ដែរ។ ​

លោក​បាន​និយាយ​ថា៖ «សូម​បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់​​ចំពោះ​បញ្ហា​នេះ។ យើង​គួរ​ទុក​សំរាម​នៅ​ផ្ទះ​សិន​សម្រាប់​ពេល​នេះ ហើយ​សូម​កុំ​ដាក់​សំរាម​តាម​ដង​ផ្លូវ​ ពីព្រោះ​បើ​យើង​ដាក់​សំរាម​តាម​ដង​ផ្លូវ វា​​នឹង​ធុំក្លិន​អាក្រក់»

សេចក្តីថ្លែងការណ៍​ទី​ពីរ​ចេញ​ដោយ​​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី០៥ បាន​ប្រកាស​ពី​គោលបំណង​របស់​សាលារាជធានី​​ភ្នំពេញ​ក្នុង​ការ​រើស​កម្មករ​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ក្នុង​រយៈពេល​ខ្លី។

​​អ្នកស្រី ស្រី ទូច​ អាយុ ៥៥​ឆ្នាំ ពលរដ្ឋ​រស់នៅ​ខណ្ឌ​បឹង​កេងកង​ បាន​លើកឡើង​ថា អ្នកស្រី​បាន​សម្គាល់​ឃើញ​ថា មិន​មាន​ការ​ប្រមូល​សំរាម​តាម​បណ្តោយ​ផ្លូវ​ជិត​ផ្ទះ​​អ្នកស្រី​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​មិន​បាន​ដឹង​ពី​ហេតុផល​នៅ​ពី​ក្រោយ​នេះ​ទេ។ ​

​​​អ្នកស្រី​ ទូច ​និយាយ​ថា៖ «ប្រសិន​បើ​កម្មករ​ស៊ីនទ្រី​មិន​ប្រមូល​សំរាម សំរាម​នឹង​គរ​កាន់​តែ​ខ្លាំង​តាម​បណ្តោយ​ផ្លូវ ហើយ​វា​នឹង​ស្អុយ​រលួយ»

ពលរដ្ឋ​ម្នាក់​ទៀត​ អ្នកស្រី ញឹម ស្រីមុំ អាយុ ៣៥​ឆ្នាំ អ្នក​លក់​គ្រឿង​ឧបភោគបរិភោគ​នៅ​ខណ្ឌ​បឹងកេងកង បាន​និយាយ​ថា អ្នកស្រី​បាន​ឮ​ពី​មន្រ្តី​សង្កាត់​ថា កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មិន​ប្រមូល​សំរាម ដោយសារ​ពួកគេ​កំពុង​ធ្វើ​ការ​តវ៉ា។​​

អ្នកស្រី​បាន​និយាយ​ថា៖ «មន្រ្តី​សង្កាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត ពួកគេ​នឹង​មក​ប្រមូល​សំរាម​ ប៉ុន្តែ​ប្រសិន​បើ​ចាំ​មួយ​សប្តាហ៍​ទៀត សំរាម​នឹង​ស្អុយ​រលួយ ហើយ​នៅ​ពេល​ភ្លៀង​ វា​នឹង​ធ្វើ​ស្ទះ​លូ» ដោយ​បន្ថែម​ថា អ្នកស្រី​សង្ឃឹម​ថា កម្មករ​ប្រមូល​សំរាម​នឹង​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក សេង សាវី​  អគ្គនាយក​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​និយាយ​ថា លោក​កំពុង​ជាប់​ប្រជុំ​​​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​កូដកម្ម។ ​

លោក ​សាវី ​បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវការពេលវេលា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ»

លោក​ ទូច កុសល ប្រធាន​សហជីព​កម្មករ​នយោជិត​​វិស័យ​ទេសចរណ៍ បាន​និយាយ​ថា បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ជំនួប​រវាង​កម្មករ​ និង​នយោជក​ក្រុមហ៊ុន​ស៊ីនទ្រី រដ្ឋបាលរាជធានី​ភ្នំពេញ និង​មន្ទីរ​ការងារ​ក្រុង​ភ្នំពេញ ខាង​កម្មករ​ និង​ក្រុមហ៊ុន​នៅ​តែ​មិន​អាច​ឈាន​ដល់​ចំណុច​ព្រមព្រៀង​ណា​មួយ​នៅ​ឡើយ​ទេ។

លោក​ កុសល ​បាន​និយាយ​ថា៖ «នៅ​ក្នុង​ការ​ប្រជុំ លោក​ឧកញ៉ា​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​និយាយ​ថា សាលាក្រុង​ភ្នំពេញ​នឹង​ដាក់​ដេញ​ថ្លៃ​កិច្ចសន្យា​ប្រមូល​សំរាម​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា​ខាង​មុខ» ដោយ​​បន្ថែម​ថា តំណាង​នយោជិត​ ដែល​មាន​វត្តមាន បាន​បដិសេធ​សាជា​ថ្មី​ក្នុង​ការ​ប្រមូល​សំរាម រហូត​ទាល់​តែ​​ការ​ទាមទារ​របស់​ពួកគេ​ត្រូវ​បាន​ដោះស្រាយ៕

223 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម