សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជប៉ុន​ទទួល​ស្គាល់ការ​រួមចំណែក​របស់​​បញ្ញវន្ត និង​មន្រ្តី​កម្ពុជា​​លើ​ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន​​

លោកស្រី អ៊ុំ រ៉ាវី ទទួល​លិខិត​សរសើរ​ពី​ឯក​អគ្គរាជទូត​​ជប៉ុន​​លោក Masahiro Mikami នៅក្នុង​ទីក្រុង​ភ្នំពេញ នាខែធ្នូ​ ឆ្នាំ២០១៩។ រូបភាព ឃី សុវុឌ្ឍី

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ទទួល​ស្គាល់​បុគ្គល​បី​រូប​ជា «បុគ្គល​ឆ្នើម» នៅ​ក្នុង​ការ​លើកកម្ពស់​​ទំនាក់ទំនង​យោគយល់​គ្នា​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​កម្មសិក្សា​​តាម​សាកលវិទ្យាល័យ​រវាង​កម្ពុជា និង​ជប៉ុន។

លោកស្រី​ អ៊ុំ រ៉ាវី សាកលវិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ឯក ប៊ុនថា អគ្គនាយក​រង​ផ្នែក​​កេរដំណែល​វប្បធម៌​អរូបិយ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​លោក Takakazu Yamada សាស្រ្តាចារ្យ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ បាន​ទទួល​លិខិត​សរសើរ​នៅ​ក្នុង​ពិធី​មួយ​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ។

ឯក​អគ្គរាជទូត​ជប៉ុន​លោក Masahiro Mikami បាន​មានប្រសាសន៍ថា លោកស្រី​រ៉ាវី​បាន​ជួយជ្រោមជ្រែង​​និស្សិត​ជប៉ុន​ក្នុង​ការ​រៀន​អក្សរសិល្ប៍​ខ្មែរ​នៅ​កម្ពុជា​ ហើយ​អ្នកស្រី​ក៏​ជា​នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ​ផង​ដែរ។

លោក Mikami បាន​មានប្រសាសន៍​ថា៖ «លោកស្រីរ៉ាវីបានខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងតាមរយៈកម្មវិធីផ្លាស់ប្តូរកម្មសិក្សាជាមួយនឹងសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន»

លោក Mikami បាន​បន្ត​ថា ស្របពេល​ដូចគ្នា​នេះ​ដែរ លោក ​ប៊ុនថា បាន​សិក្សា​នៅ​សាកលវិទ្យាល័យ Sophia ក្នុងទី​ក្រុង​តូក្យូ និង​បាន​បង្កើត​សមាគម​អតីត​និស្សិត​ខ្មែរ​​ពី​​ប្រទេស​ជប៉ុន​ផងដែរ​។

លោក​ឯកអគ្គរាជទូត​បាន​ថ្លែង​ថា៖ «លោកប៊ុនថាបានចូលរួមចំណែកលើការជំរុញកម្មវិធីផ្លាស់ប្តូរ​​វប្បធម៌រវាងប្រទេសទាំងពីរដូចជា សហស្រាវជ្រាវ​​ជាដើម»

​លោក Mikami បាន​លើកឡើង​ថា ជាចុងក្រោយ លោក Yamada គឺ​ជា​ ជាង​គំនូរ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​គូរ​រូបភាព​ទេសភាព​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ១៩៩៤​ ដោយ​ប្រើ​ទឹកថ្នាំ​​ពិសេស​ម្យ៉ាង​ដែល​មិនមែន​ជា​ប្រេង ឬ​ទឹកពណ៌។

លោក Mikami បាន​មានប្រសាសន៍​ថា រូប​គំនូរ​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​គឺ​ជា​ស្នាដៃ​របស់​លោក Yamada។

លោក​ Mikami បាន​មាន​ប្រសាសន៍​ថា៖ «ចាប់តាំងពីឆ្នាំ២០០៨ លោក Yamada បានចូលរួមក្នុងវិស័យអប់រំផ្នែក​​វិចិត្រសិល្បៈនៅកម្ពុជាក្នុងឋានៈជា​​សាស្រ្តាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជានាយកសាលាសិល្បៈ​ Yamada ផងដែរ»

លោក​ឯកអគ្គរាជទូត Mikami បាន​ពន្យល់​​ថា ការ​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ និង​វប្បធម៌​អាច​​មាន​ការ​លំបាក​ក្នុង​ការ​វាស់ស្ទង់​ ​នឹង​ការ​រួមចំណែក​ក្នុង​វិស័យ​ផ្សេង​ទៀត​ដូចជា ​វិស័យ​សេដ្ឋកិច្ច ប៉ុន្តែ​នៅ​រយៈ​ពេល​វែង គឺ​ជា​ការ​សំខាន់​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ឲ្យ​សហការ​គ្នា។

​លោក Mikami បាន​បន្ថែមថា៖ «វិស័យអប់រំ និងវប្បធម៌អាចផ្សារភ្ជាប់​​ទំនាក់ទំនងរវាងមនុស្សនិងមនុស្សឲ្យកាន់តែជិតដិតជាងវិស័យដទៃទៀត។ ហើយបុគ្គលទាំងបីរូបនេះបានផ្សាភ្ជាប់ និងរឹតបន្តឹងកិច្ចសហប្រតិបតិ្តការរវាងប្រជាជនជប៉ុន និងកម្ពុជា»

​មុន​ពេល​ពិធី​ប្រគល់​លិខិត​សរសើរ​ ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រកាស​បញ្ជី​ឈ្មោះ​បុគ្គល​ឆ្នើម​កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា។

សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ជប៉ុន​បាន​សរសេរ​ថា លោកស្រី​​រ៉ាវី​បាន​ចូលរួម​ចំណែក​ក្នុង​​ទំនាក់ទំនង​យោគយល់​​ពី​គ្នា​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​កម្ម​សិក្សា។ លោក​ប៊ុន​ថា​បាន​លើកកម្ពស់​ទំនាក់ទំនង​យោគយល់​ពី​គ្នា​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ ហើយ​លោក Yamada បាន​ជួយ​បំផុស​​គំនិត​សិល្បករ​ខ្មែរ​តាមរយៈ​ការ​អប់រំ​ផ្នែក​សិល្បៈ។

នៅ​ក្នុង​ពិធី​​ប្រគល់​លិខិត​សរសើរ​ លោកស្រី​រ៉ាវី​បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​ជប៉ុន​​ចំពោះ​ការ​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ ដែល​​រួម​មាន​ គ្រឿងសម្ភារៈ ជំនួយ​បច្ចេកទេស និង​ថវិកា​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស​នៅ​កម្ពុជា។ លោកស្រី​បាន​មានប្រសាសន៍​ថា តាមរយៈ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​ លោកស្រី​អាច​​សម្រេច​ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ឆ្នាំ ១៩៩៥។ ​

លោកស្រី​រ៉ាវី ​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​នៅ​ប្រទេ​ជប៉ុន​ក្នុង​ឆ្នាំ ២០០២ មុន​ពេល​ត្រឡប់​មក​បំពេញ​ការងារ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

លោក ង៉ូវ ប៉េងហ៊ុយ ប្រធាន​ក្រុមអតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​ បាន​មានប្រសាសន៍ថា លោក​មាន​សេចក្តី​សោមនស្ស​ពេល​ឃើញ​មាន​ការ​ទទួល​ស្គាល់​បុគ្គល​ទាំង​បី​រូប​ខាង​លើ។

លោក ​ប៉េងហ៊ុយ ​បាន​បន្ថែម​ថា និស្សិត​ខ្មែរ​ប្រមាណ ១០០០​នាក់ បាន​បញ្ចប់​ការ​សិក្សា​នៅ​ជប៉ុន​រហូត​មក​ទល់​ពេល​នេះ។

លោក​បាន​បន្ត​ថា ​ពលរដ្ឋ​ខ្មែរ​បី​រូប​ផ្សេង​ទៀត​ធ្លាប់​​បាន​ទទួល​លិខិត​សរសើរ​ជា​​បុគ្គល​ឆ្នើម​ពី​សំណាក់​ក្រសួង​ការបរទេស​ជប៉ុន​កាល​ពី​​ពេល​មុន​ ដែល​​រួម​មាន​ លោក ជេត ជាលី សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​លោក ហោ ប៉េង ​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​៕

76 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម