សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការ​កំពូល​ឱ្យ​តុលាការ​ថ្នាក់​ក្រោម​ជំនុំ​ជម្រះ​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី ឡើងវិញ

លោក រ៉ាត់ រត្នមុនី លើកដៃខណៈដែលលោកមកដល់តុលាការកំពូល​នាថ្ងៃទី១៥ ខែកក្កដា​។ រូបថត បញ្ញា ឆព័ណ្ណ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា​បាន​សម្រេចបញ្ជូន​សំណុំ​រឿង​អ្នក​បក​ប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​RT​ លោក​ រ៉ាត់​ រត្នមុនី​ ឱ្យ​កាត់​សេចក្តី​​ឡើង​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថាសេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែលតម្តល់​​ការផ្តន្ទាទោស​គាត់​ពីបទញុះ​ញង់គឺមិនត្រឹមត្រូវ។

លោក​ រត្នមុនី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​​២០១៨ ដោយសារ​តួនាទី​របស់​លោក​នៅក្នុងការផលិត​​​​ភាព​យន្ត​​ឯកសារ​និយាយ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​អនីតិជន​នៅ​កម្ពុជា​របស់​​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​ RT​ របស់​រុស្ស៊ី ​ដែល​លោក​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផលិតករ​ប៉ុន្តែ​សាមី​ខ្លួន​អះ​អា​ង​ថា​លោក​គ្រាន់​តែ​ជា​អ្នក​បក​ប្រែ​ប៉ុណ្ណោះ​​។

អំឡុង​ពេល​​អាន​សាល​ដីការ​​កាល​ពី​​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ប្រធាន​​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​​នៃ​​តុលាការ​​កំពូល​ លោក​ស្រី ​គឹម ​សត្ថា​​វី​ នៅថ្ងៃ​នេះ​បាន​ប្រកាស​ថា​​សាលា​ឧទ្ធរណ៍​ធ្វើ​ការ​សម្រច​ក្តី​​លើ​សំណុំ​រឿង​លោក​​ រ៉ាត់​ រត្ន​មុនី​​មិន​បាន​​ត្រឹម​ត្រូវ​។​

លោក​ស្រី ​បាន​ប្រកាស​ថា​៖​«តុលាការ​កំពូល​បាន​ពិចារណា​ឃើញ​ថា​​តុលាការ​សាលា​ឧទ្ធរណ៍​​​​បាន​ធ្វើ​សេចក្តី​សម្រេចមិនត្រឹមត្រូវ​ ដូច្នេះ​[តុលាការកំពូល] បាន​សម្រេច​​បដិសេធ​សាលដីការ​សាលា​ឧទ្ធរណ៍​ និងបញ្ជូនសំណុំ​​រឿង​ជនជាប់ចោទ ​រ៉ាត់ រត្នមុនី ទៅ​ជំនុំ​​ជម្រះ​​ ​នៅ​សា​លា​ឧទ្ធរណ៍​ជាថ្មី»​។​ ​

ចៅក្រម​គឹម សត្ថា​វី មិនបាន​ធ្វើ​​ការ​អត្ថា​ធិប្បាយបន្ថែម​ទៀត​ទេ​នៅក្នុង​បន្ទប់​សវនាការ​។

ភាពយន្ត​ឯកសារ​ដែល​​បណ្តាល​ឱ្យ​លោក​ រ៉ាត់ រត្នមុនី​ ជាប់​ពន្ធនាគារ​នោះមាន​ចំណងជើងថា​«ម្តាយខ្ញុំ​ លក់ខ្ញុំ» ដែល​​ចេញ​​កាល​ពី​ឆ្នាំ​មុន​ ហើយ​បាននិយាយ​ពី​រឿង​រ៉ាវ​របស់​ក្មេង​ស្រី​​​កម្ពុជា​​៣​​នាក់​​​ដែល​​ត្រូវ​បាន​​ជួញ​ដូរ​ផ្លូវ​ភេទ​​ដោយ​​ម្តាយ​​​របស់​​ខ្លួន​​​​​។

នៅបន្ទប់​រង់ចាំ​នៅ​តុលាការ​បន្ទាប់​ពីស្តាប់​ការជំនុំ​ជម្រះរួច​ លោក រ៉ាត់ រត្នមុនី បាន​និយាយ​ថា​លោក​មិន​រំពឹង​ថា​​នឹងមាន​សេចក្តី​សម្រេច​បែប​នេះ​ទេ។

លោក​​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖«​ខ្ញុំ​មានភ្ញាក់​ផ្អើលមែន​ទែនដែល​តុលាការ​បាន​​សម្រេច​ថា​​សាលា​ឧទ្ធរណ៍​បាន​ធ្វើ​សេចក្តី​សម្រេច​មិនត្រឹមត្រូវ​»។

លោក រ៉ាត់ រត្នមុនី បាន​និយាយ​ទៀត​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​រូប​​ខ្ញុំ​» ដោយ​បន្ថែម​ថា​រយៈពេល​ជាប់ពន្ធនាគារ​របស់​លោក​នឹង​បញ្ចប់​​នៅខែធ្នូ​ ឆ្នាំ២០២០។

ភរិយា​លោក រ៉ាត់ រត្ន​មុនី អ្នកស្រី ឡុង គីម​ហ៊ាង បាន​និយាយ​តាម​​សារ​ហ្វេស​ប៊ុក​បន្ទាប់ពីសវនាការ​ថា​វា​ពិតជា​អយុត្តិធម៌​សម្រាប់ស្វាមី​អ្នកស្រី​ដែលនៅ​តែជាប់ឃុំ បើ​ទោះណា​ជា​តុលាការ​កំពូល​ឱ្យ​សាលា​ឧទ្ធរណ៍​ជំនុំជម្រះ​ក្តី​ឡើងវិញ​ក៏ដោយ។

អ្នកស្រី​បានចោទ​ជាសំណួរថា​៖«​សម្រាប់​ខ្ញុំ​ ប្រសិន​តុលាការ​កំពូល​បាន​បដិសេធ​សាលដីការ​សាលា​ឧទ្ធរណ៍​ហើយ​ តើ​ហេតុ​អ្វីបាន​ជា​​តុលាការ​មិន​ដោះ​លែង​ប្តីខ្ញុំ​ទៅ?»។

 ទោះ​យ៉ាងណា​ក៏ដោយ​ ​អ្នក​ស្រី​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​អាច​ផ្តល់​យុត្តិធម៌​ឱ្យ​ស្វាមី​អ្នក​ស្រី។

អ្នកស្រី​បាន​លើកឡើង​ថា​៖«​សូម​សាលា​ឧទ្ធរណ៍​ ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះ​ ចៀ​សវាង​បន្តឃុំប្តីខ្ញុំក្នុង​ពន្ធនាគារ​យូរ​​ ខណៈដែលតុលាការ​​(កំពូល)បាន​និយាយ​ហើយ​ថា​​ពួកគេ​​(តុលាការ​សាលា​ឧទ្ធរណ៍)កាត់ទោសគាត់ខុស»។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​​ រ៉ាត់ រត្នមុនី លោក ឡោ ជុនធី បាន​​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល​ដែល​បដិសេធ​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ៗ ដោយ​លោក​ហៅ​ការសម្រេច​នេះថា​ជា​«សញ្ញា​វិជ្ជមាន​»​ ដែល​​កូន​ក្តី​របស់​លោក​អាច​នឹង​ទទួល​បាន​យុត្តិធម៌។

លោក​បាន​និយាយ​ថា៖«​ក្រុម​RT ជា​អ្នក​ទទួល​ខុស​ត្រូវ​អ្វី​ៗ​គ្រប់​យ៉ាង​ទាំងអស់[នៅក្នុង​វីដេអូ​ឯកសារ​] ហើយ​កូន​ក្តី​របស់​ខ្ញុំ​មាន​តួនាទី​គ្រាន់​តែ​ជា​អ្នក​បក​ប្រែ​និង​សម្រប​សម្រួល​ការងារ​ជាមួយ​អាជ្ញាធរ​តែប៉ុណ្ណោះ​»។

លោក ​ជុនធី បាន​លើកឡើង​បន្ត​ថា​មិន​មាន​ភស្តុ​តាង​ដែល​អាច​ដាក់​បន្ទុក​លោក រ៉ាត់ រត្ន​មុនី ពីបទ​ញុះញង់​​ប្រឆាំង​រូប​គាត់​បាន​ទេ។ លោក​បាន​បន្ថែម​ថា​មាត្រា​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​​ចែង​ពី​បទញុះញង់​បាន​បញ្ជាក់​ថា​បទឧក្រិដ្ឋ​អាច​កើតឡើង​ទៅ​បាន​តាម​រយៈសម្តី​ដែល​ធ្វើ​ឡើង​នៅ ទីសាធារណៈ ក្នុង​ទម្រង់​ជាលាយល័ក្ខ​អក្សរ​ដែល​​ចែក​ចាយ​ជាសាធារណៈ​ ឬ ដោយការទំនាក់​ទំនង​តាម​សម្លេងនិងរូបភាព​ទៅ​កាន់​​សាធារណៈ។

លោក​បាន​បន្ថែម​ទៀត​ថា​មាន​​ចំណុច​ចន្លោះ​ប្រហោង​ជាច្រើន​ក្នុង​រឿងនេះ​ព្រោះ​ថា​អាជ្ញាធរ​បាន​​ខក​ខាន​ក្នុង​ការ​នាំខ្លួន​ស្រ្តី​ម្នាក់​ដែល​មាន​វត្តមាន​ក្នុង​ភាពយន្ត​ឯកសារ​នោះមក​ធ្វើសក្ខី​កម្ម​ ដែល​ស្ត្រី​រូប​នោះ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​នៅក្នុង​បទ​សម្ភាសន៍​ដែល​ខ្លួន​បាន​និយាយ​ក្នុងភាពយន្ត​ឯកសារថា«​ជា​រឿង​ពិត​របស់​ខ្ញុំ»​។

លោក ជុនធី បានបន្ថែមថា៖ «អាជ្ញាធរមិនបានស្វែងរកស្រ្តីម្នាក់នោះមកបញ្ជាក់នៅតុលាការនោះទេ។ វាគឺជាផ្នែកមួយរសើបនៃករណីនេះ»។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក​ លោក យី សុខសាន្ត​ ដែល​បាន​តាម​ដាន​សវនាការនេះ បានលើកឡើងថា​លោក​មាន​ការ​ខក​ចិត្ត​ដែល​តុលាការ​កំពូល​​សម្រេច​បង្វិល​សំណុំរឿងនេះឱ្យ​កាត់​ក្តី​ឡើង​វិញ​ ដោយ​លោក​ថា​វា​​នឹងធ្វើឱ្យ​​​នីតិវិធី​ ដែល​វា​នឹង​ប៉ះ​ពាល់​ដល់​សេរី​ភាព​របស់​ចុង​ចោទ​។

លោក​បាន​និយាយ​ថា​៖«​វា​គឺ​អយុត្តិ​ធម៌​សម្រាប់​ជនជាប់ចោទ[លោក រ៉ាត់ រត្នមុនី] ពីព្រោះ​លោក​​សង្ឃឹម​ថា​តុលាការ​កំពូល​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​លើក​លែង​បទ​ចោទប្រឆាំងគាត់ ឬ​ព្យួរ​ទោស​ បន្ទាប់ពី​​មើល​ឃើញ​ថា​តុលាការ​​ថ្នាក់​ក្រោម​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​ត្រឹម​ត្រូវ​»។

លោក សុខសាន្តថា៖«វា​ប៉ះពាល់​សិទ្ធិសេរី​ភាព​ជនជាប់ចោទ» ដោយ​បន្ថែម​ថា​អ្នក​បក​ប្រែ​រូបនេះ​បាន​ជាប់​ពន្ធនាគារ​ចំនួន​២ភាគ៣​នៃ​ទោស​សរុប​រួចហើយ ហើយដែល​គួរ​តែ​លុ​បចោល​បទចោទ ឬដោះ​លែង​ឱ្យ​នៅ​ក្រៅឃុំ​។

នៅក្នុង​សំណុំ​រឿង​ដាច់​ដោយឡែក​មួយ​ទៀតនៅ​ថ្ងៃ​នេះ តុលាការ​កំពូល​បាន​សម្រេច​ចិត្ត​តម្តល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ក្នុង​ការ​ស៊ើបអង្កេត​ឡើងវិញ​នូវ​សំណុំ​រឿងផលិត​វីដេអូ​អាសអាភាសដែល​ចោទប្រកាន់​លើ​អតីត​​បុគ្គលិក​​វិទ្យុ​​អាស៊ី​​សេរី​​២​រូប​ គឺ លោក អួន ឈិន និង លោក យាង សុធារិន។

នៅក្នុង​សវនាការ​នៅ​ដើម​ខែនេះ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង២រូប​បាន​ស្នើ​សុំ​​តុលាការ​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​ឡើង​វិញ​ក្នុង​សំណុំ​រឿង​ពួកគេ។

ចៅក្រម​គឹម សត្ថា​វី បាន​​ប្រកាស​ថា៖«សេចក្តី​​សម្រេច​របស់​សាលា​ឧទ្ធរណ៍​គឺ​ត្រឹម​ត្រូវ ដូច្នេះ​តុលាការ​កំពូល​បាន​សម្រេច​​តម្តល់​សាល​ដីការ​តុលាការ​ថ្នាក់​ក្រោម​»។

លោកសុធារិន និងលោក ឈិន ពីដំបូង​​ត្រូ​វបាន​ចោទ​ប្រកាន់​ថា​បាន​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ប៉ះពាល់​​ដល់​សន្តិ​សុខជាតិ ដែល​ពាក់ព័ន្ធក្នុង​ការ​​បន្ត​សរសេរ​អត្ថបទ​ឱ្យ​​វិទ្យុ​អាស៊ីសេរី​ បន្ទាប់​ពី​ការិយាល័យ​នៅភ្នំពេញ​របស់​ខ្លួន​បាន​បិទ​កាល​ពី​ខែកញ្ញា ឆ្នាំ២០១៧​ អំឡុងពេល​ដែល​មាន​សម្ពាធ​ធ្ងន់​ធ្ងរ​លើ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា។

បទ​ចោទ​ដំបូង​ដែល​បណ្តាល​ឱ្យ​មាន​ការចាប់​ខ្លួន​អ្នក​ទាំងពីរ​នៅចុង​ឆ្នាំ​២០១៧​ ធ្វើឱ្យ​ពួកគាត់​ទាំង​ពីរនាក់​ប្រឈមនឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១៥ឆ្នាំ។ ដោយឡែក​បទចោទទាក់​ទង​នឹងការ​ផលិត​វីដេអូអាសអាភាស​ទើបតែត្រូវ​បន្ថែម​កាល​ពី​ខែមីនា ឆ្នាំ​២០១៨។

លោក សុធារិន បានប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​តុលាការ​នា​ថ្ងៃទី១៥ ខែ​កក្កដានេះថា​លោក​ពិត​ជាខក​ចិត្ត​ចំពោះ​​ការ​សម្រេច​របស់​តុលាការ​ដែល​បន្ត​ការ​ស៊ើបអង្កេត​លើសំណុំ​រឿង​របស់​លោក​ បើ​ទោះបី​ជា​​មិន​មាន​ភស្តុ​តាង​ប្រ​ឆាំង​រូប​លោក​ក្នុង​រយៈ​ពេល​ជិត​៣ឆ្នាំ​តាំង​ពីពេល​ចាប់​ខ្លួន​លោក​យ៉ាង​ណាក្តី។

លោក​បាន​លើក​ឡើង​ថា​៖​«​វា​នឹង​ប៉ះពាល់​ជំនឿ​ចិត្ត​របស់​​សាធារណជន​លើប្រព័ន្ធ​តុលាការ​ ជាពិសេស​សិទ្ធិសេរីភាព​​របស់​ពួកយើង​រយៈពេល​៣ឆ្នាំ​មក​នេះ»។

លោក សុធារិន បានបន្ថែម៖ «បាទ ខ្ញុំ​គិតថា​ពួកគាត់​[រដ្ឋាភិបាល​] មាន​ចេតនា​សង​សឹក​ពួក​យើង​សម្រាប់​អ្វី[ការធ្វើ​សេចក្តីរាយការណ៍ព័ត៌មាន] ដែល​យើង​បាន​ធ្វើ​ក្នុង​ពេល​អតីតកាល​។ ​ខ្ញុំ​តែង​តែ​យល់​ថា​ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ក្នុង​ចេតនា​​គំរាម​កំហែង​អ្នក​សារព័ត៌មាន​ឯករាជ្យ»។

លោក​បាន​លើក​ឡើង​ទៀតថា​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​នឹង​រូបលោក និង​ លោក ឈិន អាច​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​​ហេតុផល​នយោ​បាយ​ ព្រោះ​ថា​ការចាប់​ខ្លួន​រូបលោក​ទាំងពីរ​ធ្វើ​ឡើ​ង​ជិលដល់ពេល​បោះឆ្នោត​ជាតិ​កាលពីឆ្នាំ​២០១៨។

នាយក​​ប្រតិបត្តិ​​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​​កម្ពុជា​​ លោក ​ណុប​ វី​ បាន​អំពាវ​​នាវ​ឱ្យ​តុលាការ​​ដោះ​លែង​អ្នកបកប្រែ​ឱ្យសារព័ត៌មាន​ RT លោក រ៉ាត់ រត្ន​មុនី និង​ទម្លាក់​ចោល​បទ​ចោល​ទាំងអស់​ប្រ​ឆាំង​នឹង​អតីតអ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​រូប​ ដោយ​លោកថា​វា​នឹង​ជួយ​ឱ្យ​ប្រសើរឡើងនូវស្តង់​ដារតុលាការក្នុង​ក្រសែភ្នែក​សាធារណជន។

លោក​បាន​​លើក​ឡើង​ថា​៖«វាបាន​ប៉ះពាល់​យ៉ាង​ខ្លាំង​​នូវ​សិទ្ធិរបស់គាត់ជាពលរដ្ឋម្នាក់​[​លោក រ៉ាត់ រត្នមុនី]។ គាត់​បាន​ជាប់​ពន្ធនាគារ​មួយឆ្នាំ​ជាង​ហើយ ដូច្នេះ​ខ្ញុំ​គិត​ថា​តុលាការ​គួរ​តែ​​តម្តល់​សារៈសំខាន់​​នៃ​សេរី​ភាព​និង​សិទ្ធិរបស់​ពលរដ្ឋ​ម្នាក់»។

លោក វី បានបន្ថែមថា៖ «ករណី​របស់​ពួកគាត់​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ ដែល​​កំពុង​​បំពេញ​​កាតព្វកិច្ច​​របស់​​ពួកគេ​​ ឬ​ក៏អ្នកដែល​​​​រិះគន់សកម្មភាព​​រដ្ឋាភិបាល​»៕ ​

170 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម