សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទិវាប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ត្រូវបានប្រារព្ធឡើង​ដោយមាន​ទាំងការ​សរសើរ​និងការរិះគន់

កាលពីថ្ងៃទី​២៣​ ខែកញ្ញា​ រដ្ឋាភិបាល​បាន​អបអរសាទរទិវារំលឹកខួប​នៃការប្រកាសឲ្យ​ប្រើរដ្ឋធម្មនុញ្ញដោយ​ចាត់ទុកធម្មនុញ្ញនេះថា ជា​មូលដ្ឋាន​គ្រឹះនៃសន្តិភាពនិង​ស្ថិរភាព ខណៈ​ពេល​ក្រុម​សង្គមស៊ីវិល​បាន​អះអាង​ថា សិទ្ធិនិងសេរីភាពជាមូលដ្ឋាន​ដែលធានាដោយ​រដ្ឋធម្មនុញ្ញ​នោះ​មិនត្រូវ​បាន​គេការពារនោះទេ។

ដោយ​អបអរសាទរទិវារំលឹកខួប​២៧ឆ្នាំនៃការ​ប្រកាសឲ្យ​ប្រើរដ្ឋធម្មនុញ្ញដែល​ត្រូវ​ចំថ្ងៃ​ទី​២៤ ខែកញ្ញា​ លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សារដ្ឋធម្មនុញ្ញ​កម្ពុជាបានមាន​​ប្រសាសន៍​​ក្នុង​កម្មវិធីដែលប្រារព្ធធ្វើមុន​មួយថ្ងៃនេះថា ឯកសារនេះបានផ្តល់ជាមូលដ្ឋានគ្រឹះ​សម្រាប់ស្ថិរភាពនយោបាយ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​។

លោក​បាន​មាន​ប្រសាសន៍ថា៖ «មកដល់បច្ចុប្បន្ននេះ​មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ក្នុងរយៈ​ពេលពីរទសវត្សរ៍​កន្លងមក»។

លោក អ៊ឹម ឈុនលឹម បាន​មាន​ប្រសាសន៍បន្តទៀតថា អ្នក​រិះគន់ទាំងក្នុងនិងក្រៅប្រទេសកម្ពុជា​ដែល​មាន​មន្ទិល​ថា តើ​ប្រទេសកម្ពុជា​គឺជាប្រទេសដំណើរការរបបប្រជាធិបតេយ្យសេរីពហុបក្សឬយ៉ាងណានោះ មិនបាន​ផ្តល់​ប្រយោជន៍អ្វីដល់​ការ​រីកចម្រើ​ន​របស់​ប្រទេសនេះទេ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖«ការវាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​ដែលផ្អែក​តែលើ លក្ខណៈវិនិច្ឆ័យ​មួយជ្រុង​នៃការអនុវត្ត​គុណតម្លៃទំនើប នឹង​នាំឲ្យមានភាព​អយុត្តិធម៌ ចំពោះអ្នកអនុវត្ត​ដែលបាន​ខិតខំសម្រេច​សមិទ្ធផលធំៗ​ជាច្រើន​របស់ជាតិ»។

លោក​បាន​បន្ថែមថា  ដើម្បី​ធ្វើ​ការវាស់វែង​ដំណើរការនៃការ​អនុវត្តធម្មនុញ្ញកម្ពុជា​ដោយ​យុត្តិធម៌និង​សមធម៌ សង្គមកម្ពុជា​ត្រូវតែ​គិតដល់អនាគតនិង​ប្រពៃណីរបស់​ប្រទេសនេះផងដែរ។

លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញកម្ពុជា​ ធ្វើជាអធិបតី​ក្នុងសន្និសីទមួយ​ក្នុងទីក្រុងភ្នំពេញ​កាល​ពីថ្ងៃទី​២៣​ ខែកញ្ញា​ មួយថ្ងៃមុន ទិវាប្រកាសឲ្យ​ប្រើរដ្ឋធម្មនុញ្ញ។ (បញ្ញា ឆពណ្ណ)

ស្របពេលជាមួយគ្នា​នោះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា ចាប់តាំងពី​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស​បាន​បញ្ចប់​វិបត្តិនយោបាយ​ក្នុង​ប្រទេសកម្ពុជាក្នុងឆ្នាំ​១៩៩១​ ហើយ​រដ្ឋធម្មនុញ្ញ​បានបង្កើតឡើង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​ ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​ប្រទេសដែលមានការបង្រួបបង្រួម។

លោក​បាន​សរសេរនៅលើ​ទំព័រហ្វេប៊ុករបស់​លោកថា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស»។     

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR)​ លោកស្រី ចក់ សុភាព​ បាន​មាន​ប្រសាសន៍ថា បើទោះបីជា​សិទ្ធិដែល​ធានាដោយរដ្ឋធម្មនុញ្ញរបស់​ពលរដ្ឋកម្ពុជា​គួរត្រូវ​បាន​តម្កល់ទោះក្នុងតម្លៃណាក៏ដោយ ក៏​សិទ្ធិមួយចំនួន​ដូចជា​សេរីភាពជាមូលដ្ឋាន «ភាគច្រើនមិនត្រូវ​បាន​គេអើពើ​ហើយថែមទាំង​បំពាន​ដោយចេតនាផងដែរ»។

លោកស្រី​បាន​សរសេរតាមអ៊ីម៉េល​ថា៖ «ប៉ុន្មាន​សប្តាហ៍ចុងក្រោយ​នេះ ស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជាត្រូវ​បាន​គេមើលឃើញថា កាន់តែអាក្រក់ទៅៗ ជាការងាកចេញដ៏គួរឲ្យគ្រោះថ្នាក់ពី​ការសន្យាដែលមាននៅក្នុង​រដ្ឋធម្មនុញ្ញ​របស់យើង»។

លោកស្រីបានលើឡើងថា៖ «បើទោះបីជាសិទ្ធិទាំងអស់នេះ​ត្រូវ​បាន​ការពារដោយ​រដ្ឋធម្មនុញ្ញា​ក៏ដោយ ក៏សេរីភាពជាមូលដ្ឋាន​ទាំងនេះ​រួម​ទាំង​សេរីភាពនៃការបញ្ចេញមតិ (មាត្រា៤១) សិទ្ធិបង្កើត​សមាគមនិង​ការ​ប្រមូល​ផ្តុំដោយសន្តិវិធី (មាត្រា៤២) ត្រូវ​បាន​គេបន្ត​រំលោភបំពានជាប្រចាំ។ ការរឹតត្បិតលើ​សេរីភាពបញ្ចេញបតិជាពិសេសតាម​ប្រព័ន្ធអ៊ីនធើណិតនៅតែបន្តកើនឡើង​ សិទ្ធិ​ប្រមូលផ្តុំ​​ប្រឈម​នឹងការប្រើប្រាស់កម្លាំងច្រើន​ហួស​ហេតុ​ដោយ​អាជ្ញាធររដ្ឋ​កាន់តែខ្លាំងឡើង​ៗ ហើយ​សមាគមដែលគេចាត់ទុកថា រិះគន់រដ្ឋាភិបាល​នោះបានក្លាយ​ជាគោលដៅ»

លោកស្រីបាន​ទទួល​ស្គាល់ថា មាន​ការរីកចម្រើន​ខ្លះ​ក្នុងការ​ពង្រឹងសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ដូចជា​កិច្ច​ប្រឹងលុបបំបាត់ការរើសអើងលើស្ត្រី និង​ការលើកកម្ពស់សិទ្ធិទទួលបាន​ការកាត់ក្តីដោយយុត្តិធម៌និង​សេរីភាពនៃការ​ទទួល​បាន​ព័ត៌មាន។

លោកស្រីបានបន្ថែមថា៖ «​ទោះបីជា​យ៉ាងណា ការ ការពារសិទ្ធិដែល​ធានាដោយ​រដ្ឋធម្មនុញ្ញនេះ​គឺមិនទាន់​គ្រប់គ្រាន់នៅឡើយ​ទេ។ រដ្ឋធម្មនុញ្ញមិនមែនជា​ឯកសារដែល​គេគ្រាន់តែគោរពដោយផ្នែកនោះទេ រាល់សិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញគួរ​ត្រូវ​បាន​ធានាដោយស្មើភាពនិង​ពេញលេញចំពោះ​ពលរដ្ឋទាំងអស់»

លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍កាល​ពីថ្ងៃទី​២៣​ខែកញ្ញា​ថា លោក​មិនភ្ញាក់ផ្អើលទេដែលថា CCHR បាន​រិះគន់​​រដ្ឋាភិបាល​ទាក់ទិន​នឹងសេរីភាពនៃការបញ្ចេញមតិ​របស់ពលរដ្ឋនោះទេ។

លោក​មាន​ប្រសាសន៍ថា៖ «​យើង​ឃើញថាវាមានលក្ខណៈដូចៗគ្នា ​ពីព្រោះ​ដូចដែលយើងសង្កេតឃើញ របាយការណ៍របស់​គាត់​គ្មានការវិភាគស៊ីជម្រៅលើការអនុវត្តនៃសិទ្ធិសេរីភាពបញ្ចេញមតិ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្តច្បាប់​ក្នុង​ប្រទេស​កម្ពុជា​»

លោក ជិន ម៉ាលីន បាន​មាន​ប្រសាសន៍ទៀតថា ដំណើរកាអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ​មាន​ភាពប្រសើរឡើង​រៀងរាល់ឆ្នាំ​ ចាប់តាំងពី​ច្បាប់​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​កត់សម្គាល់ថា ការអនុវត្តមិនដូចគ្នា​នឹងការអនុវត្តច្បាប់​នៅ​បស្ចិម​ប្រទេសទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺអនុវត្តទៅតាម​លក្ខណៈបទដ្ឋាន​របស់​ខ្មែរ។

លោក​បានមានប្រសាសន៍ថា៖ «យើង​បាន​អនុវត្តគ្រប់​មូលដ្ឋាន​គ្រឹះនិងគោលការណ៍ទាំង​អស់នៅក្នុង​រដ្ឋធម្មនុញ្ញា…ដែល​តម្កល់ផលប្រយោជន៍ជាតិ ហើយដែល​ជា​ធាតុសំខាន់នៃរបបប្រជាធិបតេយ្យ​ សិទ្ធិនិងសេរីភាព»។ 

លោក មាស នី ជា​អ្នកវិភាគនយោបាយ​មិនយល់ស្របនឹងការលើកឡើង​នេះទេ ដោយ​លោក​មាន​ប្រសាសន៍ថា ជាក់ស្តែង សិទិ្ធរបស់ពលរដ្ឋកម្ពុជា​មិនត្រូវបាន​អនុវត្តពេញលេញ​ស្របតាមរដ្ឋធម្មនុញ្ញទេ ដោយ​លោក​កត់​សម្គាល់ថា ការធ្វើវិសោធកម្មច្បាប់ខ្លះ​កាន់តែ​រឹតត្បិតលើ​សេរីភាពជាមួយ​ដ្ឋាន​រួម​ទាំង​សេរីភាពបញ្ចេញ​មតិ​ផងដែរ។

លោក​មាន​ប្រសាសន៍ថា៖ «​ប្រទេសយើង​គ្មាន​ស្ថាប័ន​ដែលអាចជួយ​វាយតម្លៃ​ឯករាជ្យ​នោះទេ ថាតើការយករដ្ឋធម្មនុញ្ញមកប្រើប្រាស់ មាន​ចំណុចចន្លោះប្រហោងកន្លែងណាខ្លះ ក្នុងការ​អនុវត្តរដ្ឋធម្មនុញ្ញ​» ដោយ​លោកបន្ថែមថា មនុស្ស​ជាច្រើន​បានរិះគន់រដ្ឋាភិបាល​ដែល​ខកខានមិនបានផ្តល់​តម្លៃសិទ្ធិជា​មូលដ្ឋាន​ដែល​មាន​ចែងក្នុងច្បាប់​នេះ។

ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពកាលពីថ្ងៃទី​៣១ ខែកក្កដាមក​ មានសកម្មជន តារាចម្រៀងនិង​អ្នក​ការពារសិទ្ធិមនុស្សសរុប​១៩នាក់ ត្រូវបានឃាត់ខ្លួន​ដោយសារតែ​ការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ នេះបើយោងតាម​អង្គការលីកាដូ ដែល​បានចេញតារាងពេលវេលាដែល​និយាយលម្អិតពីការចាប់ខ្លួន​នីមួយៗកាលពីថ្ងៃទី​២២​ ខែកញ្ញា។

តារាងពេលវេលា​របស់​អង្គការសិទ្ធិមនុស្សនេះសរសេរថា៖ «​ការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់នេះ បានចាប់ផ្តើម​ពីការចាប់ខ្លួន​លោក រ៉ុង ឈុត ប្រធានសហជីព​ទាំងយប់…រយៈ​ពេលជាង​មួយខែកន្លះក្រោយមក សកម្មជនដែល​បានអំពាវនាវជាសាធារណៈឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​និងឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំសវនាការ»។​

តារាងពេលវេលានេះ​បន្តថា៖ «ក្រៅពីសកម្មជនដែលអំពាវនាវឲ្យដោះលែងលោក រ៉ុង ឈុន ទទួលរងនូវការធ្វើ​ទុក្ខបុកម្នេញ​នេះ​ ក៏បានកើតមាន​ឡើងចំពោះអ្នក​ផ្សេងទៀតដែរ។ សកម្មជនបរិស្ថាន អ្នក​ចម្រៀងរ៉េបវ័យក្មេងនិង​ព្រះសង្ឃកាន់ព្រះពុទ្ធសាសនា​ត្រូវ​បានចាប់ខ្ឡួន ដោយសារតែការសម្តែងមតិអំពីបញ្ហា​ដែលប៉ះពាល់ដល់ប្រទេសជាតិ និងសហគមន៍របស់ខ្លួន» ដោយ​បាន​បន្ថែមថា សមាជិកអតីតគណបក្ស​ប្រឆាំង ដែលត្រូវ​បាន​រំលាយ​ ក៏ស្ថិតក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារនាពេលថ្មីៗនេះផងដែរ៕

1,146 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម