សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកចូលរួមធ្វើ​កូដកម្មនៅ​ភូមិវប្បធម៌បារម្ភរឿង​ប្រាក់អត្ថប្រយោជន៍​ក្រោយក្រុមហ៊ុន​ប្រកាសបិទ​ទ្វារ​

បុគ្គលិកបន្តកូដកម្មនៅ​ខាងមុខ​ភូមិវប្បធម៌​កម្ពុជា​ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី​១២ ខែ​តុលា បន្ទាប់ពី​ក្រុម​ហ៊ុន​ជូនដំណឹង​ពីការបិទអាជីវកម្មទាំង​ស្រុង។ (បញ្ញា ឆព័ណ្ណ)

បុគ្គលិកភូមិ​វប្បធម៌​កម្ពុ​ជាក្នុង​ខេត្ត​សៀមរាប​ ដែល​បាន​ធ្វើ​កូដកម្ម​ពីរ​ខែ​កន្លង​មក​នេះ កំពុង​ជួប​ក្ដី​កង្វល់​ថ្មី​មួយ​ទៀត​​ទាក់ទង​នឹង​ប្រាក់​សំណង​បន្ទាប់​ពី​ក្រុម​ហ៊ុន​កាលពីថ្ងៃទ​១១ ខែតុលា បាន​ប្រកាស​បិទ​អាជីវកម្មទាំងស្រុង​នៅខែ​ក្រោយ​នេះ។​​

បុគ្គលិកក្រុម​ហ៊ុន​ភូមិ​វប្បធម៌​​ជិត​៧០​នាក់ ក្នុង​ចំណោម​៣១៨​នាក់ បាន​ធ្វើកូដកម្ម​នៅ​ខាងមុខ​ទី​តាំង​ភូមិ​វប្បធម៌​តាំង​ពីថ្ងៃទី​១៤ ខែ​សីហា ទាក់ទងនឹង​ការ​កាត់ប្រាក់ខែ និង​ការបាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ បន្ទាប់ពី​ក្រុម​ហ៊ុន​បាន​កាត់ប្រាក់ខែ និង​ថ្លៃអាហារ​ប្រចាំ​ថ្ងៃ​កាលពី​ខែ​មេសា ដោយ​ថា​មកពីដំណើ​រការ​​អាជីវកម្ម​ធ្លាក់​ចុះ​​​។

​មក​ដល់ពេលនេះ ក្រុម​ហ៊ុន​ភូមិវប្បធម៌​ដែល​គេ​ដឹង​ថា​ជា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ បាន​ប្រកាស​បិទអាជីវកម្ម​ទាំងស្រុក​នៅ​ថ្ងៃទៅ​៧ ខែវិច្ឆិកា ខាងមុខ ហើយ​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​បគ្គលិក​មាន​ការ​ព្រួយបារម្ភ ដោយ​ខ្លាច​ថា​មិន​ទទួល​បាន​​ប្រាក់សំណង​ផ្សេងៗ។​ 

បើ​តាម​តំណាង​បុគ្គលិក​នៅក្រុម​ហ៊ុន​បាន​​ឲ្យ​ដឹង​ថា ​ប្រាក់ខែ​បុគ្គលិក​ត្រូវ​កាត់​ចំនួន​២០​ភាគ​រយ ក្នុង​វិបត្តិ​សកល​កូវីដ​១៩ ដែល​បាន​ប៉ះពាល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប។​

លោក ឃ្លាំង ប៊ុនជា​ វ័យ​ ៣៤ឆ្នាំ ដែល​បាន​បម្រើ​ការ​នៅ​ភូមិ​វប្បធម៌​១៣​ឆ្នាំហើយ​នោះ បាន​និយាយ​ថា លោក​ពិតជា​សោក​ស្ដាយ​នៅ​ពេល​ឮ​ដំណឹង​ថា​មណ្ឌលទេសចរណ៍​មួយ​នេះត្រូវបិទ​បន្ទាប់ពីបានដំណើរការអស់ជិត​២០​ឆ្នាំ។​

លោក​ថា៖ «​ខ្ញុំ​សោក​ស្រាយ ពេល​ឮ​ព័ត៌មាន​ថា​ភូមិ​វប្បធម៌​ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ព្រោះ​ខ្ញុំ​បានធ្វើការ​នៅ​ទី​នេះ​យូរ​ឆ្នាំ​ហើយ»។ 

លោក​បន្ថែមថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ថាក្រុម​ហ៊ុន​នឹង​ផ្ដល់​​សំណង​ដែល​ក្រុម​ហ៊ុន​ត្រូវ​ផ្ដល់​ឲ្យ​បុគ្គលិក​នៅឡើយ​ទេ។​​

​លោក ប៊ុនជា បញ្ជាក់ថា៖ «ជា​ពិសេស​អ្នក​ចូល​រួម​ធ្វើ​កូដ​កម្ម​ដូច​យើង​បារម្ភ​​ មិន​ដឹង​ថា​ក្រុម​ហ៊ុន​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​​ឲ្យ​​ ឬអត់នោះទេ​»។​ ​

លោក​ឲ្យ​ដឹង​ទៀតថា​ អំឡុង​ពេលធ្វើ​កូដ​កម្ម​ រូប​លោក និង​បុគ្គលិក​ផ្សេង​ទៀត​បាន​ទាមទារ​សំណងជា​កញ្ចប់​ប្រហែល​៥ ០០០ដុល្លារ​​ សម្រាប់​បុគ្គលិក​ធ្វើកូដ​កម្មចំនួន​៦៩​នាក់ ដោយ​ក្នុង​ម្នាក់ត្រូវ​បាន​ប្រហែល​៧២​ដុល្លារ។ លោក​ថា​ប្រាក់នេះ​គឺ​សម្រាប់​បំពេញ​ឲ្យ​ការ​ខាត​បង់​របស់​បុគ្គលិក​គិត​តាំង​ពីខែ​មេសា មក។ ទោះ​យ៉ាងណា លោក​ថា​ភាគី​ក្រុម​ហ៊ុន​បាន​បដិសេធ​សំណើ​នេះ។​​

បើ​តាម​សេច​ក្ដីជូន​ដំណឹង​របស់​ក្រុម​ហ៊ុន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​តុលា ដោយ​សារ​វិបត្តិ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។​

ក្នុង​សេចក្ដីជូន​ដំណឹង​បញ្ជាក់ថា៖ «​ដូច្នេះ​ចាប់​ពីថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនយើងខ្ញុំ នឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង»។ «ការបិទ​អាជីវកម្ម​នេះ​​នាំឲ្យ​មាន​ការ​បញ្ចប់កិច្ច​សន្យា​ការងារ​ជាមួយ​បុគ្គលិក​គ្រប់​ផ្នែក​​ទាំង​អស់​ ដូចនេះ​គណៈគ្រប់​គ្រង​ក្រុម​ហ៊ុនភូមិ​វប្បធម៌​កម្ពុជា​​នឹង​ធ្វើ​ការ​ទូទាត់​ប្រាក់សំណង​​ជូន​បុគ្គលិក​ទាំងអស់​ស្រប​តាម​បទបញ្ញត្ត​​ច្បាប់​ស្ដីពីកាងារ​»។​

អ្នកចាត់ការ​ទូទៅ​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា លោកស្រី លឹម សុភ័ក្រ នៅថ្ងៃទី១៣ ខែតុលាបាន​បដិសេធធ្វើ​​អត្ថាធិប្បាយ​ទាក់​​ទង​នឹង​ករណី​នេះ ដោយ​ថា​លោក​ស្រី​អាច​និយាយ​បាន​បន្ទាប់ពី​​ជួបប្រជុំ​ជាមួយ​​បុគ្គលិក និង​មន្ទីរការងារ​សិន​។

បុគ្គលិក​ម្នាក់​ទៀត អ្នក​ស្រី​ ម៉ុម សុភ័ក្រ វ័យ​៣៥​ ឆ្នាំ ដែល​បានបម្រើការ​នៅ​ក្រុម​ហ៊ុន​១៧ ឆ្នាំ​មក​ហើយ​ និង​ជាអ្នក​ចូល​រួម​កូដ​កម្ម​ដែរនោះ​ ឲ្យ​ដឹង​ថា​ ការ​សម្រេច​បិទអាជីវកម្ម​របស់​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​​នឹង​ប៉ះពាល់​ខ្លាំង​ដល់​បុគ្គលិក​ដែល​បាន​ចូល​ធ្វើ​កូដ​កម្ម ព្រោះថា​អ្នកទាំង​នោះ​មិន​បាន​ទទួល​ប្រាក់ខែ​ចំនួន​ពីរ​ខែ​មក​ហើយ។​

អ្នកស្រី​ សុភ័ក្រ​ បន្ថែមថា៖​ «សេចក្ដី​ប្រកាស​របស់​ក្រុម​ហ៊ុន​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់​ផ្ញើល​យ៉ាង​ខ្លាំង ខាង​បុគ្គលិក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​ផង…​វា​ពិត​ជាមាន​ការ​លំបាក​ណាស់​សម្រាប់​ពួក​យើង ព្រោះ​យើង​មិនបាន​​ប្រាក់ខែ​យូរ​មក​ហើយ ប៉ុន្តែ​សម្រាប់​បុគ្គលិក​ដែល​បាន​បន្តធ្វើការ​នឹង​មិនប៉ះពាល់ធ្ងន់ធ្ងរ​នោះទេ​ ​»។ 

អ្នកស្រី​បន្ថែមថា បុគ្គលិក​ដែល​មិន​បាន​ចូលរួមធ្វើកូដ​កម្ម ត្រូវ​បាន​ផ្ដល់​ឱកាស​ការងារ​នៅ​កន្លែង​ថ្មីដែលជាក្រុមហ៊ុនសម្ព័ន្ធ​របស់​លោក ពុង ឃាវសែ ខណៈ​អ្នក​ធ្វើ​កូដ​កម្ម​មិន​មាន​ការ​ផ្ដល់បែបនេះ​ទេ។​

ចំណែក​ លោក មាន ម៉ាប់ វ័យ ៣០ ឆ្នាំ ដែល​បាន​បម្រើ​ការ​ជាជាងជួសជុលរថយន្ត​នៅ​ភូមិ​វប្បធម៌​​រយៈពេល​ប្រាំ​ឆ្នាំ មក​ហើយ​នោះ បាន​បញ្ជាក់ថា​លោក​ពិត​ជា​បានទទួល​ឱកាស​ការងារ​នៅ​ក្រុម​ហ៊ុន​ផ្សេង​មួយ​ទៀត​​​របស់​ម្ចាស់​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​នេះ​មែន។​

​លោក ម៉ាប់ និយាយថា៖ «ខ្ញុំ​ និង​អ្នក​ផ្សេង​ទៀត ដែល​បាន​បន្ត​ធ្វើការ នឹង​មិន​ចូល​រួមធ្វើបាតុកម្មកទេ ព្រោះ​ខាង​ក្រុម​ហ៊ុន​បាន​ផ្ដល់​ឲ្យ​ពួក​យើង​នូវ​អត្ថប្រយោជន៍​ផ្សេងៗទៅ​តាម​ច្បាប់»។ 

លោក​ ម៉ាប់ ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ពិចារណា​ទទួល​ការងារ​ថ្មី​ បន្ទាប់ពី​លោក​បាន​ទទួល​ប្រាកខែ​ចុង​ក្រោយ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ។​

លោក​បន្តថា៖ «ឥ​ឡូវនេះ​ពួក​យើង​កំពុង​គិត​ពី​ប្រាក់អត្ថប្រ​យោជន៍ ថាតើ​នឹង​អាច​ទទួល​បាន​ប៉ុន្មាន​ពី​ក្រុម​ហ៊ុន»។

លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា​មុន​ពេល​ក្រុម​ហ៊ុន​បិទ មន្ទីរ​ការ​ងារ​នឹង​ពិនិត្យ​លើ​សម្ភារៈផ្សេង និង​ជួប​ជាមួយ​គណៈ​គ្រប់គ្រង ដើម្បី​កំណត់ពី​មូល​ហេតុ​នៃការ​បិទអាជីវកម្ម​នេះ។​

លោក សុខុម​ចិ​ត្តា មានប្រសាសន៍ថា៖ «​ការ​សម្រេច​ចិត្ត​បើក ឬបិទ​អាជីវកម្មណាមួយ ជាសិទ្ធិរបស់​និយោជក» ដោយលោកពន្យល់ថា​ លោក​មិន​អាច​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​បន្ត​អាជីវកម្ម​ទាំង​ដែល​​ក្រុម​ហ៊ុន​មិន​​មានលទ្ធភាព​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិកទេ​។ 

លោក សុខុម​ចិ​ត្តា បន្តថា បើ​តាម​ច្បាប់​សំណង​ត្រូវ​តែ​ផ្ដល់ជូន​បុគ្គលិក​ រួម​ទាំង​បុគ្គលិក​ដែល​បានធ្វើកូដ​កម្ម​ផ​ងដែរ។​

លោក លឹម សុផា ប្រធាន​សហជីពនៅ​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា បាន​និយាយ​ថា​លោក​មិន​បាន​ដឹង​អ្វី​​ច្រើន​ទេ ពីរឿង​ថា​​ក្រុម​ហ៊ុន​នឹង​ព្យាយាម​ផ្ដល់​សំណង​ដល់​បុគ្គលិក​ទាំងអស់ឬយ៉ាងណានោះ។​

លោកថា៖ «​បើ​ក្រុម​ហ៊ុន​ផ្ដល់​ប្រាក់សំណង​ទៅ​តាម​ច្បាប់​ការងារ​គឺ​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​កម្មករ​នៅតែ​សោក​ស្តាយ​ចំពោះ​ការ​បិទអាជីវកម្មនេះ។ ​ពេល​ភូមិបវប្បធម៌បិទ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បុគ្គលិក ពួកគេ​នឹងមិន​មាន​ចំណូល​ប្រចាំខែទៀតទេ»។​

លោក បន្ថែមថា ក្រុម​បុគ្គលិក​នឹង​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​រហូត​បានទទួល​សំណង​ដែល​ខាង​ក្រុម​ហ៊ុន​ត្រូវ​ផ្ដល់​ឲ្យ​។​

អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា មាន​ប្រសាសន៍​កាល​ពីថ្ងៃទី​១២ ខែ​តុលា ថា​ លោក​បាន​ឃើញ​​សេចក្ដី​ប្រកាស​របស់​ក្រុម​ហ៊ុន តែថា​លោក​មិន​ទាន់​បាន​ជួប​គណៈគ្រប់​គ្រង​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​នេះ​នៅ​ឡើយ​។​

លោក​មានប្រសាសន៍ថា៖ «​ខ្ញុំ​មាន​គម្រោង​ជួប​ជាមួយ​ពួកគាត់ (អ្នកគ្រប់គ្រង​ភូមិវប្បធម៌​កម្ពុជា) ដើម្បី​ពិភាក្សា​ពី​មូល​ហេតុ​ដែល​ក្រុម​ហ៊ុន​បិទ»។ លោក​បន្ថែមថាការ​សម្រេច​ចិត្ត​ណា​មួយ​គួរតែ​ត្រូវ​​ធ្វើ​ឡើង​ដោយមិ​នពាក់​ព័ន្ធ​នឹង​ការ​ធ្វើកូដកម្ម​កំពុងមាន​នោះទេ ថានេះជា​បញ្ហា​ផ្ទៃ​ក្នុង។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «​ដំបូង​យើង​នឹង​ស្ដាប់​ពី​មូល​ហេតុ​របស់​ពួកគាត់ជាមុន​សិន ព្រោះ​ថា​កន្លង​មក​មាន​សណ្ឋាគារ​មួយ​ចំនួន​បាន​បិទ​ទ្វារ​ព្រោះតែ​មិន​សូវ​មាន​ភ្ញៀវ ដូចនេះ​ករណី​ភូមិ​វប្បធម៌​ ក៏​ស្រដៀង​គ្នា​ដែរ»។ 

អភិបាល​ខេត្ត​រួបនេះ​មានប្រសាសន៍ទៀតថា បើភូមិ​វប្បធម៌​​ពិតជាត្រូវ​បិទ​មែន​ វា​គឺ​ជារឿង​អកុសល​មួយ​សម្រាប់​វិស័យ​ទេសចណ៍​ក្នុង​ខេត្ត​សៀមរាប  ដោយថា​ភូមិវប្បធម៌​ជា​ទិស​ដៅទេសចណ៍​មួយ​សម្រាប់​ភ្ញៀវជាតិ និងអន្តរជាតិ​​ បាន​រៀនសូត្រពី​ប្រពៃណី​ខ្មែរ។​

លោកថា៖ «​យើង​ពិតជា​សោកស្ដាត​បើ​ក្រុម​ហ៊ុន​ពិតជាបិទមែន ព្រោះ​វាបានបើក​ដំណើរការ​យូរ​មក​ហើយ និង​ជាកន្លែង​មាន​សក្តានុពល​ផ្នែកទេសចរណ៍​មួយ​នៅ​សៀមរាប»។ 

លោក​បន្តថា លោក​នឹង​ចរចារ​ជាមួយ​អ្នកគ្រប់​គ្រង​ភូមិ​វប្បធម៌​កម្ពុជា​ ដើម្បី​ជួយ​សម្រាល​ការ​បាត់​បង់​របស់​បុគ្គលិក​ជាង​៣០០​នាក់ ពេល​ក្រុម​ហ៊ុន​បិទ។​

លោកបានបន្ថែមថា៖ «ខ្ញុំ​បាន​ផ្ញើ​សារទៅពួកគាត់​ហើយ ឲ្យរក្សា​ភាពស្ងៀម​ស្ងាត់ និង​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់ ដូចនេះទាំង​បុគ្គលិក និង​និយោជក​នឹង​បាន​យល់​គ្នា និង​អាច​មាន​ការ​សម្របសម្រួល​ណាមួយ​កើតឡើង»។ «អាជ្ញាធរ​ខេត្ត​បាន​ជួយ​សម្របសម្រួល​តាំងពី​មានការ​ធ្វើ​កូដ​កម្ម​ដំបូង​មក​ម្លេះ ដូច​នេះខ្ញុំ​សង្ឃឹម​ថា​ពួកគាត់​នឹង​យល់គ្នា និង​បន្ត​រក្សា​ដំណើរការ​ភូមិវប្បធម៌​តទៅទៀត»។ 

137 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម