សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាល​ប្តេជ្ញា​រក្សា​ជំហរ​​រឹងមាំ បន្ទាប់​ពី​សេចក្តី​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កម្មកររោងចក្រធ្វើការក្នុងរោងចក្រមួយកន្លែង។ រូបភាព បញ្ញា ឆព័ណ្ណ

នា​សប្តាហ៍នេះ រដ្ឋាភិបាល​​​បាន​លើក​ឡើង​សារជា​ថ្មី​ថា សហភាព​អឺរ៉ុប​កំពុង​តែ​ជ្រៀតជ្រៀក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​​ផ្នែក​ពី​កម្ពុជា​ជុំវិញ​បញ្ហា​នយោបាយ​ និង​សិទ្ធិមនុស្ស។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​កាល​ពី​ថ្ងៃ​ពុធ ក្រសួង​ការបរទេស​កម្ពុជា​បាន​រិះគន់​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ថា ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ​ហេតុផល​នយោបាយ ដោយការពារ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​ចម្បង​នៅ​ក្នុង​ប្រទេស​គឺ​ ស្រប​ទៅ​តាម​នីតិវិធី​តុលាការ។

សេចក្តីថ្លែងការណ៍​ខាង​លើ​នេះ​បាន​សរសេរ​ថា៖ «រដ្ឋាភិបាលនៅតែរក្សាជំហរមុតមាំដោយច្រានចោលរាល់ការប៉ុនប៉ងពីបរទេសដែលប្រើជំនួយផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ជាហេតុផលនៅពីក្រោយការលូកដៃចូលរឿងផ្ទៃក្នុងរបស់កម្ពុជា»

​​បន្ទាប់​ពី​សិក្សា​វាយតម្លៃ​អស់​រយៈពេល​​មួយ​ឆ្នាំ​មក សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ បាន​និយាយ​ថា ខ្លួន​នឹង​ដាក់​បញ្ចូល​ឡើងវិញ​នូវ​ពន្ធដារ​​តាម​អត្រា​បទដ្ឋាន​មក​លើ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​​មួយ​ចំនួន រួម​ទាំង​​គ្រប់​ទំនិញ​ប្រើប្រាស់​ពេលធ្វើ​ដំណើរ និង​ស្ករស ដែល​ផលិតផល​ទាំង​នេះ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ។ សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​​ក៏​បាន​សរសេរ​ផងដែរ​ថា សហភាព​អឺរ៉ុប​​បាន​រក​ឃើញ​នូវ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន «មិនមាន​ជម្រើស​អ្វី» ក្រៅ​ពី​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ​​​ផ្នែកខ្លះ​នោះ​ទេ។

​​គណបក្ស​ប្រឆាំង​ចម្បង​នៅ​កម្ពុជា​គឺ គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​ក្រោម​បញ្ជា​របស់​តុលាការ​កំពូល​តាម​សំណើរ​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប្រាំ​បី​ខែ​មុន​​ការ​បោះឆ្នោត​ជាតិ។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ដណ្តើម​យក​កៅអី​ទាំង ១២៥ នៅ​ក្នុង​សភា​ក្នុង​ការ​បោះឆ្នោត​ជាតិ​នោះ។

សហភាព​អឺរ៉ុប​គឺជា ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ​ដោយ​មួយ​ផ្នែក​ធំ​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើង។

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​និយាយ​ថា លោក​រំពឹង​ ក្រុមហ៊ុន​នាំ​ចេញ​ពី​កម្ពុជា​នឹង​ត្រូវ​បង់​​ប្រាក់​​​ប្រមាណ ១០០​លាន​ដុល្លារ ដើម្បី​បង្រ្គប់​លើ​ពន្ធ​បន្ថែម។

​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា ការ​ចរចារ​ផ្សេងៗ​នឹង​បន្ត​​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ទៅ​មុខទៀត មុន​ពេល​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​​ចូល​ជា​ធរមាន។

​​លោក ប៉ាវ ស៊ីណា បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ឲ្យ​កម្មករ​ក្លាយ​ជា​ចំណាត់​ខ្មាំង​នយោយបាយ​នោះ​ទេ»

​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ម៉ាក H&M បាន​និយាយ​ថា ខ្លួន​គាំទ្រ​គោលបំណង​របស់​សហភាព​អឺរ៉ុប​​ក្នុង​ការ​ដោះស្រាយ​ការ​រំលោភបំពាន​សិទ្ធិ​នៅ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​​របស់​ក្រុមហ៊ុន H&M បាន​សរសេរ​ថា៖ «យើងទាំងអស់គ្នា រួមជាមួយអ្នកកាន់ភាគហ៊ុនក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ម៉ាកសម្លៀកបំពាក់ដទៃទៀត នឹងបន្តចូលរួមអភិវឌ្ឍវិស័យវាយនភណ្ឌប្រកបដោយចីរភាពមួយ។ ឥឡូវនេះ យើងនឹងបន្តវាយតម្លៃទៅលើទំហំនៃផលប៉ះពាល់ដោយសារ​​សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបមកលើយុទ្ធសាស្រ្តអាជីវកម្ម និងផលិតកម្មរបស់យើងនៅកម្ពុជា»៕

63 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម