សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រ​កាត់ដេរ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​បន្ថែម​របស់​កម្មករ

កម្មកររោងចក្រធ្វើការក្នុងរោងចក្រមួយកន្លែង។ រូបភាពផ្តល់ឲ្យ

កម្មករ​រោចក្រ​កាត់ដេរ​កំពុង​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ ខណៈ​ពេល​មាន​ការ​ភ័យខ្លាច​វីរុស​កូរ៉ូណា​ និង​សេចក្តី​​ប្រកាស​របស់​សហភាព​អឺរ៉ុប​ថា នឹង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា។​

​រោងចក្រ​ផ្សេងៗ​ធ្លាប់​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ប្រឈម​មុខ​នឹង​កង្វះខាត​វត្ថុធាតុ​ដើម​នាំ​ចូល​ពីប្រទេស​ចិនដោយ​សារ​តែវិធានការ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណា​នៅ​ទី​នោះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ​បាន​ប្រកាស​ថា ខ្លួន​បាន​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​ផលិតផល​មួយ​ចំនួន​នាំចេញ​ពី​កម្ពុជា ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ។ ​

គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា​គឺ ​គណបក្ស​សង្គោះជាតិ​ ត្រូវ​បាន​រំលាយរយៈពេល​ប្រាំបី​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ជាមួយ​នឹង​ការ​បង្រ្កាប​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គមស៊ីវិល ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

លុយ អេង អាយុ ៤០ឆ្នាំ ជា​កម្មករ​ម្នាក់​នៅ​រោងចក្រ Eastex Garment ក្នុង​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ម៉ោង​ថែម​ត្រូវ​បាន​លុប​ចោល​នៅ​រោងចក្រ​របស់​អ្នក​ស្រី​ចាប់តាំង​ពី​ខែ​មករា​មក។ ឥឡូវ​នេះ កម្មករ​ប្រមាណ ៣០០០​នាក់​នៅ​រោងចក្រ​នេះ​​ត្រូវ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ ៤​រសៀល​វិញ ខណៈ​ពេល​ពី​មុនមក ​ពួកគេ​អាច​រក​បាន​ចំណូល​បន្ថែម​ពេល​ធ្វើការ​ថែម​ម៉ោង​ដល់​ម៉ោង​៩​យប់។ ​​

​លើស​ពី​នេះ​ទៀត អ្នកស្រី អេង និយាយ​ថា កម្មករ​កុងត្រា​រយៈពេល​ខ្លីចំនួន ១០០០នាក់ ​ក៏​មិន​​​ទទួល​បាន​ការ​​បន្ត​កិច្ច​សន្យា​ថ្មី​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ​

អ្នកស្រី អេង ​បាន​បន្ថែម​ថា សម្លៀក​បំពាក់​ភាគច្រើន​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​រោងចក្រ​របស់​អ្នកស្រី ដែល​ក្នុង​នោះ​រួម​មាន​ម៉ាក​សម្លៀកបំពាក់ H&M ផង​ដែរ ត្រូវ​​នាំ​ចេញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប។

​ យ៉ាង សាមាន អាយុ ២៧ឆ្នាំ ​​ជា​កម្មករ​​នៅ​រោងចក្រ​ Akeentex ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​ក្រុង​ភ្នំពេញ ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង ​៣ ​រសៀល​ផង​ដែរ។ ​

​កញ្ញា សាមាន បាន​និយាយ​ថា៖ «រោងចក្រ​នេះ​មិន​បាន​បញ្ឈប់​កម្មករ​ពី​ការងារ​ទេ ប៉ុន្តែ​រោងចក្រ​បាន​កាត់​បន្ថយ​ម៉ោង​ការងារ»

​កញ្ញា សាមាន បាន​លើកឡើង​ថា ម៉ាក​សម្លៀកបំពាក់កីឡា Puma ស្ថិត​នៅ​ក្នុង​​ចំណោម​​ម៉ាក​សម្លៀកបំពាក់​ផលិត​ឡើង​នៅ​រោងចក្រ Akeentex។​

សៀក ហុង អាយុ ៣៧ឆ្នាំ ​​ជា​កម្មករ​នៅ​រោងចក្រ Horizon Outdoor ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​កម្មករ​​ចំនួន ៨០០០​នាក់ ក៏​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ​ចំនួន​ពីរ​ម៉ោង​ផងដែរ ដោយ​ឲ្យ​កម្មករ​ត្រូវ​​ចេញ​ពី​ធ្វើការ​នៅ​​ម៉ោង​ ៤​រសៀល​វិញ ជំនួស​ឲ្យ​ម៉ោង​ ៦​ល្ងាច។

អ្នកស្រី​​ ហុង បាន​និយាយ​ថា កាបូប និង​សម្លៀកបំពាក់​ម៉ាក North Face កំពុង​ត្រូវ​បាន​ផលិត​នៅ​រោងចក្រ​របស់​នាង ហើយ​ត្រូវ​​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​អូស្រ្តាលី កាណាដា និង​សហភាព​អឺរ៉ុប។

នាង​បាន​និយាយ​ថា៖ «កម្មករ​ភាគច្រើននៅ​ក្នុង​រោងចក្រ​នេះ បារម្ភ​យ៉ាង​ខ្លាំងពី​បញ្ហាEBA ព្រោះ​កម្មករ​អត់មានការងារ​អ្វីធ្វើ ក្រៅពី​ការងាររោងចក្រ ហើយ​យើងជំពាក់​បំណុលធនាគារទៀត»

លោក​ ព្រាប មុន្នី​សុវណ្ណ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​និយាយ​ថា រោងចក្រ​ចំនួន​ប្រាំ​ ដែល​សហជីព​របស់​លោក​មាន​សមាជិក​ក្នុង​នោះ ​បាន​ចាប់ផ្តើម​កាត់​បន្ថយ​កម្លាំង​ពលកម្ម។

រោងចក្រ​ Orange Manufacturing ក្នុង​ខេត្ត​ព្រៃវែង ​រោងចក្រ​ Top Silver ដែល​មាន​នៅ​​ក្នុង​​ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូង​ឃ្មុំ រោងចក្រ Hong Sen ក្នុង​ខេត្តតាកែវ និង​រោងចក្រ Woorie Garment ក្នុង​​ក្រុង​ភ្នំពេញ កំពុង​ធ្វើ​ការ​​កាត់បន្ថយ​ដូចគ្នា​នេះ​ផង​ដែរ។

​លោក មុនី្នសុវណ្ណ បាន​និយាយថា៖ «រោងចក្រ​ទាំងប្រាំបាននឹង​កំពុង​កាត់បន្ថយកម្លាំង​ពលកម្ម ដោយ​សារ​បញ្ហា​EBA និង​វីរុសកូរ៉ូណា ដូច្នេះវានឹង​ធ្វើឲ្យកម្មករបាត់បង់ការងារ»

លោក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​និយាយ​ថា សមាជិក​សហជីព​របស់​លោកស្រី​បាន​រាយការណ៍​ថា ម៉ោង​ធ្វើ​ការ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​រោងចក្រ​ចំនួន​ពីរ​ក្នុង​​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់​ស្ពឺ។ ​

លោកស្រី​បាន​និយាយ​ថា៖ «ខាង​រោងចក្របាន​បញ្ជាឲ្យកម្មករចេញពី​ធ្វើការនៅម៉ោង ៤រសៀល ចាប់​តាំងពីខែកុម្ភៈ។ កាលពីមុន កម្មករ​ធ្វើការថែម​ម៉ោងដល់ ម៉ោង ៦ល្ងាច»

​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ចន្ទ បាន​បញ្ជា​ឲ្យ​រោងចក្រ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​នៅ​ក្នុង​ករណី​បាត់បង់​ការងារ ដោយ​​បង់​ប្រាក់​ជូន​ពួកគេ​ចំនួន ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​រយៈពេល​ប្រាំ​មួយ​ខែ​ ហើយ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​បន្ថែម​ ២០​ភាគរយ​ពី​លើ​នេះ​ទៀត។

សមាគម​រោងចក្រ​កាត់​ដេរ​បាន​ព្រមាន​ពី​ការ​បាត់បង់ការងារ​របស់​កម្មករ​បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ ដោយ​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​ហៅ​កាត់​ថា GMAC បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​ថា​ «ការ​បាត់បង់​ការងារ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​បន្ថែម​នៅ​ក្នុង​ប្រទេស​ និង​បង្ក​ជា​ការ​លំបាក​នៅ​ក្នុង​ការ​ដំឡើង​បា្រក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​ដទៃ​ទៀត»។​

​​អគ្គលេខាធិការ​​រងសមាគម​​ស្បែកជើង​កម្ពុជា លោក ងួន ចាន់ណារ៉ា បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ចុះផ្សាយ​​នៅ​ថ្ងៃ​ដូចគ្នា​ថា «ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​លើ​ផលិតផល​ស្បែក​ជើង​ផលិត​នៅ​កម្ពុជា ​នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​ការងារ​ជា​ច្រើន​ និង​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​នេះ ក៏ដូចជា ​ការ​បង្ក​ជា​លទ្ធភាព​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ​សម្រាប់​កម្មករ​រាប់​ម៉ឺននាក់ និង​សមាជិក​គ្រួសារ​រាប់​ម៉ឺន​នាក់​ទៀត​ដែល​ពឹង​អាស្រ័យ​​លើ​ពួកគេ​ផង​ដែរ»៕

275 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម