សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជន​​បរិស្ថាន​អង្គការមាតាធម្មជាតិ បី​នាក់​ត្រូវ​បាន​ឃាត់​​ខ្លួន​ជុំវិញ​​បង្ហោះ​សារតាម​បណ្តាញ​សង្គម

សកម្មជន​បរិស្ថាន លោក​ ថុន រដ្ឋា ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងសន្តិសុខ ខណៈ​លោក​ព្យាយាម​ចូលរួម​ក្នុង​ពិធី​គម្រប់ខួប​នៃ​ការ​បាញ់សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០២០។ បញ្ញា ឆព័ណ្ណ

សកម្មជន​​បរិស្ថាននៃ​​​អង្គការ​មាតាធម្មជាតិ (Mother Nature) ចំនួន​បី​នាក់​​ត្រូវ​បាន​​អាជ្ញាធររាជធានីភ្នំពេញ ​ឃាត់​ខ្លួន​ ដើម្បី​សាកសួរ​ កាល​ពី​ថ្ងៃ​ទី០៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយ​និយាយ​ថា ពួកគេ​មាន​គម្រោង​ដើរ​​​ទៅ​កាន់​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​ផ្សេងៗ​បង្ក​ឡើង​ដោយសារ​ការ​ចាក់​បំពេញ​បឹងតាមោក។

​ការ​ឃាត់​​ខ្លួន​ខាង​លើ​​នេះ​កើត​ឡើង បន្ទាប់​ពី​សកម្មជន​ពីរ​នាក់​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ មាតាធម្មជាតិ កាល​ពី​ថ្ងៃ​ទី០២ ខែ​កញ្ញា ដោយ​លើកឡើង​ថា ​ពួកគេ​នឹង​ដើរ​ថ្មើរ​ជើង​​ទៅ​កាន់​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដើម្បី​ជួប​នឹង​លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់។

សារ​បង្ហោះ​នោះ​បាន​សរសេរ​ថា៖ «កញ្ញា ឡុង គន្ធា នឹងធ្វើដំណើរថ្មើរជើង ចេញពីវត្តភ្នំ នៅម៉ោង ១១ព្រឹក ឆ្ពោះទៅភូមិគ្រឹះសម្ដេច ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដោយស្លៀកពាក់ពណ៌ស ដើម្បីស្នើជួបផ្ទាល់ជាមួយសម្ដេច ក្នុងគោលបំណងបង្ហាញអំពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោកដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវចម្រុះក្នុងបឹង ជាដើម»

ន​គរបាលបាន​និយាយ​ថា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​​នាំ​ខ្លួន​​ទៅ​សាកសួរ​នៅ​សាលាខណ្ឌ​​ច្បារអំពៅ​ ​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​សារ​បង្ហោះ​នោះ ខណៈ​លោក ថុន រដ្ឋា ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​សាលាខណ្ឌ​ពោធិ៍សែនជ័យ​ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​សារ​​នោះ និង​ការ​ប្រើប្រាស់​នូវ​បន្ទប់​ផ្សាយ​ព័ត៌មាន​ក្នុង​គេហដ្ឋាន​របស់​ខ្លួន ដោយ​មិនមាន​ការ​អនុញ្ញាត។​

អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ ​លោក សាន សុខសីហា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី០៣ ខែ​កញ្ញា​ថា មន្រ្តី​នៃមន្ទីរព័ត៌មាន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​ស៊ើបអង្កេត​សំណុំ​រឿង​របស់​សកម្មជន​ ថុន រដ្ឋា ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​​បន្ទប់​ផ្សាយ​ព័ត៌មាន ដោយ​មិនមាន​សុំ​ការ​អនុញ្ញាត។

លោក សុខសីហា មានប្រសាសន៍​ថា៖ «នៅពេលដែលយើងទៅពិនិត្យមើល​ [ផ្ទះរបស់រដ្ឋា] យើងពិតជាឃើញមានបន្ទប់ផ្សាយព័ត៌មាន និងឧបករណ៍មួយចំនួន ដូចជា កុំព្យូទ័រ និងជើងកាម៉េរា សម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ផ្សាយជាដើម»។ ដោយ​លោក​បាន​បន្ថែម​ថា រដ្ឋា​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​សាលាខណ្ឌ​នៅ​ម៉ោង​ប្រាំ​ល្ងាច​ថ្ងៃ​សុក្រ ទី​០៤ ខែ​កញ្ញា​នេះ។

លោក​បាន​បន្ត​ថា លោក ថុន រដ្ឋា​​ ត្រូវ​បាន​សួរ​នាំ​ឲ្យ​បកស្រាយ​ពី​ហេតុផល​ដែល​លោក​ចែករំលែក​សារ​នោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ។

លោក ​សុខសីហា ​មានប្រសាសន៍​ថា៖ «គេគ្រាន់តែហៅគាត់ឲ្យមកបញ្ជាក់ហេតុផលដែលគាត់បង្ហោះព័ត៌មាននោះប៉ុណ្ណោះទេ»

លោក​បាន​បន្ថែម​ថា៖ «វាគ្រាន់តែជាការសាកសួរតែប៉ុណ្ណោះ គាត់មិនទាន់ត្រូវបានរងការចោទប្រកាន់​​ណាមួយ​​នៅឡើយទេ»

ខេមបូចា មិន​អាច​ទាក់ទង​​​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ​លោក ហែម ដារិទ្ធ និងអភិបាលខណ្ឌ​​​ច្បារ​អំពៅ ​លោក ចេង មុនីរ៉ា បាន​ទេ។

​សេចក្តី​ប្រកាស​មួយ​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ មន្រ្តី​មន្ទីរ​ព័ត៌មាន និង​ព្រះរាជអាជ្ញា​ត្រូវ​បាន​ចែករំលែក​នៅ​តាម​បណ្តាញ​សង្គម​ បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​សកម្មជន​អង្គការ មាតាធម្មជាតិត ដោយ​លើកឡើង​ថា គេហដ្ឋាន​របស់លោក​ ថុន ​រដ្ឋា​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ​ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន។

សេចក្តី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «យើងបានសម្រេចបិទផ្ទះដោយសារការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានការអនុញ្ញាត»។ 

ភរិយា​របស់លោក ថុន ​រដ្ឋា​ ឈ្មោះ ផាត រស្មី អាយុ ២៩​ឆ្នាំ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​នគិរបាល​ដោះលែង​ស្វាមី​របស់​អ្នកស្រី ដោយថា ស្វាមី​របស់​អ្នកស្រី​មិន​បាន​ធ្វើអ្វី​ឲ្យ​ប៉ះពាល់​នរណា​ម្នាក់​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​ថា៖ «វាជារឿងអយុត្តិធម៌ដែលចាប់ខ្លួនគាត់ ដោយសារតែគាត់មិនបានធ្វើអ្វីខុសនោះទេ ហើយអ្វីដែលគាត់កំពុងធ្វើគឺជួយការពារបរិស្ថានទៅវិញទេ»

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​​ថា សេរីភាព​ជា​មូលដ្ឋាន​​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និងការ​​ប្រមូលផ្តុំ កំពុង​ប្រឈម​​នូវ​ការ​រឹតត្បិត​ ខណៈ​អាជ្ញាធរ​កំពុង​តែ​ចាត់ចំណាត់​ការ​លើ​រាល់​​មតិ​ណា ដែល​រិះគន់​រដ្ឋាភិបាល។

លោក​បាន​និយាយ​ថា៖ «ការចាប់ខ្លួនពួកគាត់គឺជា ការរំលោភបំពានសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគាត់»

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ ការ​ដាក់​ញ្ញត្តិ និង​សំណើ​ផ្សេងៗ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​របស់​ពលរដ្ឋ​ដើម្បី​​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ។ ​

លោក​បាន​ចោទសួរ​ថា៖ «ប្រសិនបើយើងមិនអនុញ្ញាតឲ្យពួកគាត់ប្រើប្រាស់សិទ្ធិរបស់ពួកគាត់តាមមធ្យោបាយបែបលិទ្ធិប្រជាធិបតេយ្យតើពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់ពួកគាត់យ៉ាងដូចម្តេចទៅ

លោក​ អំ សំអាត ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​​ពិចារណា​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការ​វាយប្រហារ​​នានា​មក​លើ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ហៅ​ការ​ចាប់ខ្លួន​សកម្មជន​ទាំងនេះ ថា​ជា​ «រឿង​ពិត​ជា​គួរឲ្យ​​ព្រួយបារម្ភ​យ៉ាងខ្លាំង» និង​បាន​និយាយ​ថា ការ​ចាប់ខ្លួន​នេះ​គឺ​ជា​ ឧទាហរណ៍​ចុងក្រោយ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​បន្ត​បន្ទាប់​ទៅលើសកម្មជនអង្គការ​មាតាធម្មជាតិ។

​លោកស្រី​បាន​ឆ្លើយតប​តាម​រយៈ​សារ​អេឡិចត្រូនិច​ថា៖ «ជាអកុសល ការចាប់ខ្លួននេះហាក់ដូចជា បង្ហាញពីការ​​ព្យាយាមជាប្រព័ន្ធដើម្បី​​បំបិទការបញ្ចេញមតិ និងបង្អាក់សកម្មភាពដោយសន្តិវិធីនិងស្របច្បាប់នានា​​ដើម្បី​​​ការពារបរិស្ថាន»

លោកស្រី​ ចក់ សុភាព​ បាន​បន្ត​ថា៖ «ការរំលោភបំពានជាបន្តបន្ទាប់មកលើសង្គមស៊ីវិល និងអង្គការគាំពារបរិស្ថានគឺផ្ទុយស្រឡះពីកាតព្វកិច្ចគោរពសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការការពារបរិស្ថានគឺជាផ្នែកសំខាន់មួយនៃការប្រើប្រាស់សិទ្ធិមនុស្ស និងមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា ដោយសារតែនេះជាការអនុវត្តដោយសេរីនៃសិទ្ធិសេរីភាពមូលដ្ឋាន»

236 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម