សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​កែ​ប្រែ​​សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​​ពី​​សិទ្ធិទទួល​​​​ព័ត៌​មាន​​​

តំណាងមកពី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ក្នុង​​ទិវា​អន្តរជាតិសម្រាប់​សិទ្ធិទទួល​បាន​ព័ត៌មានជាសកល នា​ថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២០។ (បញ្ញា​ ឆព័ណ្ណ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នា​ថ្ងៃទី២៨ ខែកញ្ញា បាន​អំពាវ​នាវ​ឱ្យ​​រដ្ឋាភិបាល​​ធ្វើ​ការ​កែ​​ប្រែ​​ផ្នែក​​ខ្លះ​​នៃ​​សេចក្តី​​ព្រៀង​​ច្បាប់​​​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​​ត្រង់​ចំណុច​នៃ​មាត្រា​មួយដែល​​​ចែង​ទាក់​ទង​នឹងការ​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​​សម្ងាត់​ ខណៈ​ក្រសួងព័ត៌មាន​​ថា​នឹង​មិនធ្វើការកែសម្រួលណាមួយ​នោះ​ទេ។

ក្នុងពេល​​ប្រារព្ធ​​ទិវា​អន្តរជាតិសម្រាប់​សិទ្ធិទទួល​បាន​ព័ត៌មានជាសកល អង្គការតម្លាភាពកម្ពុជា សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា​ វិ​ទ្យា​ស្ថា​ន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ និងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ បាន​រួមគ្នា​ធ្វើ​ការ​ស្នើ​សុំឱ្យ​​ក្រសួង​ព័ត៌មានផ្លាស់​ប្តូរ ឬ​​លុប​ចោល​មាត្រា​ចំនួន​៩​នៃសេចក្តី​ព្រាង​ច្បាប់នេះ។

ពួកគេ​បាន​ស្នើ​ឱ្យដ​កចេញ​មាត្រា​២០.៧ ដែល​បាន​ចែ​ង​ថា​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​​មិន​​ផ្តល់​នូវ​«​ព័ត៌មានសម្ងាត់​ផ្សេង​ទៀតដែល​មាន​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ហាម​ឃាត់​» ដែល​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​ថា«​មាន​លក្ខណៈ​ទូលំ​ទូលាយ​ពេក​និង​ខ្វះ​ភាព​ជាក់​លាក់​»។

ពួកគេ​ក៏បាន​ស្នើ​ឱ្យលុប​ចោល​មាត្រា​១៥.៤ ទាក់​ទង​នឹងការ​កំណត់រយៈពេល​​៤០ថ្ងៃ​​ទើប​អាច​ធ្វើ​ការស្នើ​សុំ​ព័ត៌មាន​ម្តង​ទៀតបាន​ ក៏ដូច​ជា​កែ​ប្រែ​មាត្រា​៦ផ្សេង​ទៀ​ត​ដែល​ក្នុង​នោះ​រួម​មាន​មាត្រា​២៥​​ដើម្បី​ការពារ​ប្រភព​ដែល​បញ្ចេញ​ព័ត៌មាន​។

នាយក​ប្រតិបត្តិសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី បាន​លើកឡើង​ក្នុង​កម្មវិធី​នោះ​ថាលោក​គាំទ្រចំណុច​ជា​ច្រើ​ន​នៃមាត្រា​២០នេះ ដែល​បង្ហាញ​ថា​ពី​របៀប​ដែល​ព័ត៌មាន​សម្ងាត់​អាច​ត្រូវបាន​ផ្តល់​ឱ្យ​ ប៉ុន្តែ​ចំណុច​ទី៧នៃ​មាត្រា​នេះ​អាច​នឹង​បើ​កដៃ​ឱ្យ​មន្រ្តី​បដិសេធ​មិនផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ​។

លោក ណុប វី បាន​លើកឡើង​ថា៖«​យើងមាន​ការ​ព្រួយ​បារម្ភ​នៅ​ត្រង់​មាត្រា​ ២០.៧……… ដែល​ចែង​ថា​ព័ត៌មាន​សម្ងាត់​ដ​ទៃទៀ​ត​ដែល​ស្ថិត​នៅ​ក្នុង​បទ​បញ្ញតិ្ត​ហាម​ឃាត់​ ចឹង​យើង​អ្នក​សារ​ពត៌​មាន​ និង​ប្រជាពល​រដ្ឋ​អត់​ស្នើ​សុំព័ត៌មាន​ហ្នឹង​បាន»

លោក ណុប វី បានបន្តថា៖«វា​មាន​ន័យ​ខ្លឹមសារ​លម្អិត​ដែល​បានចែង​ក្នុង​ច្បាប់​ស្តី​ពី​សិទិ្ធ​ទទួល​បាន​ពត៌មាន​គ្រាន់​ជា​ខ្លឹម​សារ​ចែង​អំពី​របៀប​របប​នៃ​ការ​ទទួល​បាន​នូវ​ពត៌​មាន​»​។

លោក បាន​បន្ថែម​ថា​៖«​​ប៉ុន្តែ​វា​មាន​ន័យ​មួយ​ទៀត​ត្រង់​ថា​មន្ត្រី​សាធារណៈ​ដែល​ធ្វើ​ការ​នៅ​ក្នង​ស្ថាប័ន​ជំនាញ​មាន​សិទ្ធិ​បដិសេធ​ដោយ​ប្រើ​ប្រាស់​ច្បាប់​ទៅ​តាម​ផ្នែក​របស់​ពួក​គាត់​»

លោកបាន​​អំពាវនាវ​ឱ្យរដ្ឋាភិបាល​បើក​ការ​ពិភាក្សាសេចក្តីព្រាង​ច្បាប់ និង​ពិចារណា​ទទួល​យក​មតិ​យោបល់​ក្រុម​សង្គម​ស៊ីវិល​ដើម្បី​ធានា​ថា​បាននូវតម្រូវ​ការ​របស់​មហាជន​។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី បានមានប្រសាសន៍ថា​ច្បាប់​​ស្តី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារៈ​សំខាន់​ព្រោះ​ថា​វា​នឹង​ផ្តល់​អំណាច​ដល់​ពលរដ្ឋ​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​ឱ្យមាន​ទំនួល​ខុសត្រូវ និងតម្លាភាព​ នៅពេល​​ដែល​ផ្តល់​សេវា ក៏​ដូច​ជា​លុប​បំបាត់​នូវ​អំពើ​ពុករលួយ​ផង​ដែរ។​

លោក​ ពិសី បាន​លើកឡើង​ថា៖«​នៅពេល​ដែល​ពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​ ពួកគាត់​អាច​ចូលរួម​ក្នុង​ការងារ​សង្គម​បាន​ច្រើន»។ «យុទ្ធនាការ​ប្រឆាំង​អំពើពុក​រលួយ​នឹង​មិន​មាន​ប្រសិទ្ធិភាព​នោះទេ ប្រសិន​បើ​គ្មាន​ស្តង់ដារ​នៅ​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិទទួលបាន​ព័ត៌មាន​នោះ»

លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​មាត្រា​២៥​នៃច្បាប់នេះ​នឹង​មិន​បាន​ជួយ​ការពារ​អ្នក​បញ្ចេញ​ព័ត៌មាន​ឧក្រិដ្ឋ​ទេ ប៉ុន្តែបានត្រឹម​តែ​ការពារ​អ្នក​ដែល​ប្តឹង​ស្ថាប័នសាធារណៈ ឬតុលាការ​ជុំវិញ​ការ​ប្រព្រឹត្ត​ខុស​របស់​មន្រ្តី​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ព័ត៌មាន​នៃស្ថាប័ន​ទាំងនោះតែប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍ថា​៖«​យើង​លើកទឹក​ចិត្ត​ឱ្យពង្រីក​វិសាលភាព​នៃសេចក្តី​ព្រាង​ច្បាប់នេះ​ ដើម្បី​ការពារ​ពលរដ្ឋ​ទាំងអស់​ដែល​បញ្ចេញ​ព័ត៌មាន​ ឬកំហុស ឬ បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​​ដោយ​មន្រ្តី​សាធារណៈ»

ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួង​ព័ត៌មាន​ លោក មាស សុភ័ណ្ឌ បានបញ្ជាក់​ប្រាប់​តាម​ទូរសព្ទ​ថា​សេចក្តី​ព្រាង​ច្បាប់នោះ​នឹង​ត្រូវ​ផ្ញើ​ទៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ឆាប់​ៗ​ ហើយ​ថា​ការព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល​មិនមែន​ជាឧបសគ្គ​ក្នុង​ការ​ផ្តល់​សច្ចាប័នដល់​ច្បាប់នេះ​នោះទេ។

លោក បានបន្ថែម​ថា​ក្រសួង​បាន​ពិភាក្សា​ជាមួយសង្គមស៊ីវិល​ជុំវិញ​ច្បាប់នេះ​ជាច្រើន​ឆ្នាំ​មកហើយ​ ហើយ​ក៏បាន​ព្រមព្រៀង​គ្នា​នូវ​ចំណុច​ទាំង​អស់​ក្នុងកិច្ច​ប្រជុំ​ជាមួយ​ក្រុម​​ការងារ​បច្ចេកទេសរួច​រាល់​ហើយដែរ។

លោកបាន​បញ្ជាក់ថា៖«​ពេលនេះ​ពួកគេ​លើក​​ពីបញ្ហា​ទាំងហ្នឹង ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​ពួកគេ​ទទួលបាន​ការ​ទាក់ទាញ​អារម្មណ៍​ដើម្បី​បន្ត​ទទួលបាន​ជំនួយ ដើម្បី​បាន​ធ្វើ​ការ​លើ​កិច្ចការនេះ​តទៅទៀត»។ «អ្វី​ដែល​ពួកគេ​បាន​លើកឡើង​មិន​​ខុស​គ្នា​ពី​អ្វី​ដែល​បាន​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​ដែល​ពេល​នោះ​យើង​បាន​ផ្លាស់​ប្តូរ​យោបល់​ជាច្រើន»

លោក​បាន​លើកឡើងថា​ច្បាប់​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​នឹង​ធានា​ថា​ពលរដ្ឋ​ទាំងអស់​មានសិទ្ធិ​ទទួល​​បាន​ព័ត៌មាន​ពីស្ថាប័នរដ្ឋ​ លើកឡើង​តែព័ត៌មានសម្ងាត់។

លោក សុភ័ណ្ឌ​ មានប្រសាសន៍ថា​៖«​ច្បាប់នេះ​និយាយ​ពី​កាតព្វកិច្ច​របស់​ស្ថាប័នរដ្ឋ​ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យ​សាធារណជន ប៉ុន្តែមិនមែន​មាន​ន័យថា​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ពីស្ថាប័ន​រដ្ឋ​នោះ​ទេ»។ «​ព័ត៌មាន​សម្ងាត់​មួយចំនួន​មិន​អាច​ឱ្យបាន​ទេ»

លោក សុភ័ណ្ឌ បាន​បន្ថែម​ទៀតថា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​ត្រូវបាន​ការងារ​បច្ចេកទេស​ និង​អន្តរ​ក្រសួង​បាន​បញ្ចប់ហើយ ដោយ​កំពុង​រង់​ចាំ​ការពិនិត្យ​របស់​ក្រសួង​យុត្តិ​ធម៌​ទាក់ទង​នឹង​ទោសប្បញ្ញត្តិ​ មុនពេល​ផ្ញើ​ទៅកាន់​ទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងសេចក្តីថ្លែងការណ៍នាទិវា​អន្តរជាតិសម្រាប់​សិទ្ធិទទួល​បាន​ព័ត៌មានជាសកល តំណាង​អង្គការ​យូណេស្កូប្រចាំ​កម្ពុជា​លោក Sardar Umar Alam បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​ច្បាប់​នេះ​នឹង​ចេញ​ឆាប់​ៗ​ ហើយ​វា​នឹង​ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់​ដា​រសេរីភាព​បញ្ចេញ​មតិ​អន្តរជាតិ។​

លោក បាន​មានប្រសាសន៍ថា​៖«​រដ្ឋាភិបាល​ត្រូវ​តែប្តេជ្ញា​រួមគ្នា​អភិវឌ្ឍការប្រើប្រាស់​​បច្ចេកវិទ្យា​ឌីជីថល​ប្រកបដោយភាពច្នៃប្រឌិតដើម្បី​កសាង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ព័ត៌មាន​ដែល​មាន​ភាព​ធន់ទ្រាំ…ជួយឱ្យមានការវិភាគត្រឹមត្រូវលើបញ្ហានានាដើម្បី​ផលប្រយោជន៍សាធារណៈ»

លេខាទី១ស្ថានទូត​ស៊ុយអែត​ប្រចាំប្រទេសកម្ពុជា​អ្នកស្រី Camilla Ottosson បានថ្លែងថា​ការទទទួល​បាន​ព័ត៌មាន​ជួយកសាងទំនុក​ចិត្ត​ដល់​ស្ថាប័នរដ្ឋាភិបាល​ ដោយអនុញ្ញាតឱ្យ​ពលរដ្ឋ​បំពេញ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគេ​ ធ្វើ​ការសម្រេចចិត្ត​ដោយត្រឹម​ត្រូវ​ ក៏ដូច​ជា​ចូល​រួម​ក្នុង​ការ​ធ្វើ​គោល​នយោ​បាយ​ផង​ដែរ។

អ្នកស្រី​បាន​មានប្រសាសន៍ថា​បើទោះណា​ជា​ការ​ចាប់យក​បច្ចេក​វិទ្យាថ្មី​ៗមាន​សារសំខាន់ ប៉ុន្តែ​ក៏មិនត្រូវ​មើលរំលង​ពីស្តង់ដារ​ដែរ។

អ្នកស្រី​ Ottosson បាន​ថ្លែង​ថា​៖«សិទ្ធ​ដែល​ពលរដ្ឋមានខាង​ក្រៅ ក៏ត្រូវ​តែ​ទទួល​បានការការពារ​តាម​អនឡាញ​ដែរ ជាពិសេស​ទាក់​ទង​នឹងសេរីភាព​បញ្ចេញ​មតិ​»

អ្នកស្រី​បាន​មានប្រសាសន៍ថា​៖«នៅក្នុង​បរិបទ​នេះ​ យើ​ង​ត្រូវ​តែ​និយាយ​ថា​រដ្ឋាភិបាល​ស៊ុយ​អែត​មាន​ការបារម្ភ​ជុំ​វិញ​សេចក្តី​រាយការណ៍នៃការបំភិត​បំភ័យ​ និងការយាយី​​ ដើម្បី​កម្រិត​ការ​បញ្ចេញ​មតិ​ក៏ដូច​ជា​សេរីភាព​ក្នុង​ការជួបជុំ​នៅក្នុងប្រទេស​កម្ពុជា​»។​

ក្នុង​ពិធី​នោះ​លោក សុភ័ណ្ឌ ក៏បាន​គូសបញ្ជាក់​ថា​បច្ចុប្បន្ននេះ​​ប្រទេស​​ក្នុង​តំបន់​អាស៊ា​នភាគ​ច្រើន​មិន​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះនៅឡើយ​ទេ។

លោកបាន​លើកឡើង​ថា​៖«​កម្ពុជា​នឹង​មានច្បាប់នេះ ខណៈដែល​ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ាន​មិន​ទាន់​ទាំងបាន​និយាយ​ពី​ច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ផង»។«កុំ​គិតថាកម្ពុជា​ជា​ប្រទេស​ចុងក្រោយ​ដែល​មាន​ច្បាប់​​ស្តី​ពីសិទ្ធិ​ទទួល​ព័ត៌មាន​»

លោកបាន​បន្ថែម​ថា​រដ្ឋាភិបាល​​ចាត់​ទុកថាច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​ព័ត៌មាន​ជា​កក្តា​ដែល​មា​ន​សារៈសំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ប្រ​ជាធិបតេយ្យ​សេរីពហុបក្ស ហើយមើលឃើញ​ថា​វា​ជា​មធ្យោបាយ​មួយក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍជាមួយ​រដ្ឋាភិបាល​។

កាលពី​ខែកក្កដា ក្នុង​របាយការណ៍​រួម​គ្នា​រវាងមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​សមាគមសិទ្ធិ​មនុស្ស​​អាដហុក និង​មជ្ឈមណ្ឌលសាមគ្គីភាពបាន​ធ្វើ​ការ​វិភាគ​ពីស្ថានភាព​សេរីភាព​ជាមូល​ដ្ឋាន​នៅប្រទេស​កម្ពុជា​បាន​រកឃើញ​ពី​ការ​បន្ត​រឹត​ត្បិត​សេរីភាព​ក្នុង​ការប្រមូលផ្តុំ​ និង​សេរីភាព​បញ្ចេញ​មតិ​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ២០២០។

របាយការណ៍​បាន​កត់​ត្រា​ការ​រឹត​បន្តឹង​ចំនួន​២៤៥​ករណី​ដែល​ក្នុង​នោះ​១០៣ករណី​ជា​ការរំលោភសេរីភាព​បញ្ចេញមតិ ១៦៦ករណី​ត្រូវបានកោះហៅ និង​ការចាប់ខ្លួន​៩៩ករណីព្រោះ​តែ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ។​

របាយការណ៍នោះបាន​លើកឡើង​ថា៖«ការរិះគន់​តាមអនឡាញ​ត្រូវបានកាត់បន្ថយ»។ «ស្ទើរ​តែ​ទាំង​អស់​នៃ​ការរំលោភ​សេរីភាព​បញ្ចេញ​មតិ​ដែល​បាន​កត់​ត្រា​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​តាម​អនឡាញ ដែល​ក្នុង​នោះមាន​ករណីចាប់​ខ្លួន​៤៨»៕

61 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម