សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​កិច្ចពិភាក្សា​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​បាន​ចាប់​ផ្តើម​

រដ្ឋមន្ត្រី​ក្រសួង​ការងារ ​លោក​ អ៊ិត សំហេង​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះ​។ បញ្ញា ឆព័ណ្ណ

កិច្ច​ប្រជុំ​ត្រី​ភាគី​ដំបូង​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឧស្សាហកម្ម​កាត់​ដេរ​ និង​ស្បែក​ជើង​ សម្រាប់​ឆ្នាំ​ ២០២១​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៣​ ខែ​កញ្ញា ​ដោយ​តំណាង​និយោជក​ហាក់​ដូច​ជា​កំពុង​គេច​វេះ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ដោយ​លើក​ហេតុ​ផល​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​បន្ទាប់​ពី​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ ហើយ​សហជីព​ស្នើ​បង្កើន​ប្រាក់​ឈ្នួល​ជិត​១២​ដុល្លារ​។

ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ត្រូវ​បាន​កំណត់ក្នុង​កិច្ច​ប្រជុំ​រវាង​សហជីព​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) និង​ក្រសួង​ការងារ​ដែល​នឹង​បន្ត​នៅ​ថ្ងៃ​ទី​ ៩ និង​ ១០​ ខែ​កញ្ញា​។

លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​មាន​ប្រសាសន៍​ថា​ លោក​រំពឹង​ថា​ការ​ប្រជុំ​ឆ្នាំ​នេះ​នឹង​ផ្តោត​ទៅ​លើ​ កូវីដ-១៩​ និង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​គិត​ពន្ធ​ជា​មួយ​សហភាព​អឺរ៉ុប​ក្រោម​​កិច្ច​ព្រម​ព្រៀង​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ​(EBA)​។​

លោក​ ស៊ីណា​ បាន​មានប្រសាសន៍​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ GMAC​ បាន​ស្នើ​សុំ​ឱ្យ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​អប្បបរមា​ប៉ុន្តែ​សមាជិក​សមាគម​ GMAC​ បាន​និយាយ​ថា​ពួក​គេ​មិន​ទាន់​ឆ្លើយ​តប​សំណើរ​របស់​សហជីព​ទេ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​ ១០​ ខែ​កញ្ញា​។

លោក​ ស៊ីណា​ បាន​មានប្រសាសន៍​ថា​៖ «ទោះ​បី​ជា​មិន​មាន​បញ្ហា​ប្រឈម​បន្ថែម​ដូចឆ្នាំ​នេះ​ក៏​ដោយ​ ក៏​នៅ​ក្នុង​ឆ្នាំ​មុនៗ​ ភាគី​ខាង​និយោជក​តែង​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។​ ដូច្នេះ​ពួក​យើង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជំហរ​របស់​និយោជក​ឡើយ​»។​

ទោះ​ជា​យ៉ាង​ណា​លោក​បាន​និយាយ​ថា​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ផលិតកម្ម​ឧស្សាហកម្ម​និង​ការ​ព្យាករ​អត្រា​អតិផរណា​ដែល​បាន​ផ្តល់​ដោយ​ក្រសួង​ការងារ​នៅ​ឯ​កិច្ច​ប្រជុំ​លើក​ដំបូង​បាន​បង្ហាញ​នូវ​រូប​ភាព​វិជ្ជមាន​ ដែល​នាំ​ឱ្យ​លោក​សង្ឃឹម​ថា​កា​រ​ដំឡើង​អាច​នឹង​កើត​មាន​។​

លោក​ ស៊ីណា បាន​បន្ថែម​ថា​៖«ទោះ​បី​ជា​ឆ្នាំ​នេះ​មាន​ការ​លំបាក​ក៏​ដោយ​យើង​សង្ឃឹម​ថា​នឹង​មាន​លទ្ធផល​ជា​វិជ្ជមាន​ ទៅ​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​» ។​

មេ​ដឹក​នាំ​សហជីព​បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​មួយ​នៅ​ថ្ងៃទី​ ២៨​ ខែ​សីហា​ ដើម្បី​ជ្រើស​រើស​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ពួក​គេ​ចង់​បាន​ ដោយ​យល់​ព្រម​លើ​ទឹកប្រាក់​ចំនួន​ ១១​.៥៩​ ដុល្លារ​ ស្រដៀង​នឹង​សំណើ​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​មុន​ ហើយ​ចំនួន​នេះ​គឺ​កើន​ឡើង​ ៦.១​ ភាគរយ​។

ប្រាក់ឈ្នួល​អប្បបរមា​គ្រប់​ដណ្តប់​លើ​កម្មករ​ប្រមាណ​ជា​ ៨០០ ០០០​ នាក់​មក​ពី​រោង​ចក្រ​ជាង​ ១០០០​ នៅ​ក្នុង​ឧស្សាហកម្ម​វាយន​ភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ ហើយ​ប្រាក់​ឈ្មួល​នេះ​ត្រូវ​បាន​កំណត់​ត្រឹម​១៩០​ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​ ២០២០​ ។​

លោក​ ម៉ាន់​ សេង​ហាក់​ អនុ​ប្រធាន​សហជីព​សេរី​កម្មករ​បាន​មាន​ប្រសាសន៍​ថា​ មុន​ពេល​កិច្ច​ប្រជុំ​ ត្រី​ភាគី​ លើក​ទី២​ នៅ​ថ្ងៃ​ទី​ ៩​ ខែ​កញ្ញា​ តំណាង​សហជីព​នឹង​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍន​ភាព​ដែល​ទទួល​បាន​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​។​

លោក​ សេង​ហាក់​ បាន​មាន​ប្រសាសន៍​ថា​៖«​ភាគី​សហជីព​របស់​យើង​នឹង​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ដើម្បី​ពិភាក្សា​ពី​តួ​លេខ​លម្អិត​នៅ​ឯ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​ ៧​ ខែ​កញ្ញា​»​។​

លោក​ សេង​ហាក់​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​និយោជិក​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ថ្លៃ​ខាត​បង់​ដោយ​សារ​​ជំងឺ​​កូវីដ-១៩​​ មក​​លើ​​ឧស្សាហកម្ម​​នេះ​​ ដោយ​​មិន​​បាន​​បង្ហាញ​​ពី​​ជំហរ​​ជាក់​​លាក់​​របស់​​ពួក​​គេ​​លើ​​ប្រាក់​​ឈ្នួល​​អប្បបរមា​នោះ​ទេ​ ហើយ​ លោក​ ហេង​ សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ចង្អុល​បង្ហាញ​ថា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ពន្យា​ពេល​ចរចា​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ ឬ​ជ្រើស​រើស​មិន​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ ។​

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ដែល​ធ្វើ​ជា​ប្រធាន​កិច្ច​ពិភាក្សា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា​ក្រសួង​នឹង​បង្ហាញ​និយោជក​និង​សហជីព​នូវ​ទិន្នន័យ​ចាំ​បាច់។ ​ដូច្នេះ​ពួកគេ​នឹង​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​កត្តា​សង្គម​និង​សេដ្ឋកិច្ច​។

លោក សំហេង បាន​មាន​ប្រសាសន៍​ថា​៖«​យើង​បាន​ពិនិត្យ​មើល​កត្តា​សង្គម​និង​សេដ្ឋកិច្ច​ ព្រម​ទាំង​មើល​ថា​ ជំងឺ​កូវីដ-១៩​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​របស់​យើង​យ៉ាង​ណា​ រួម​ទាំង​បញ្ហា​នៃ​ភាព​អត់​ការងារ​ធ្វើ​របស់​កម្មករ​និង​បញ្ហា​ដែល​ទាក់​ទង​នឹង​ប្រាក់​ចំណូល​និង​សុខភាព​របស់​ពួកគេ​»។​

លោក​ សំហេង​ បាន​មាន​ប្រសាសន៍​ថា​៖«យើង​ត្រូវ​តែ​មាន​​​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​ជា​មួយ​គ្នា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ប្រកប​ដោយ​ការ​ស្ថាបនា​»។​

លោក សំហេង បាន​បន្ថែម​ថា​រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​ទាន់​ភាគី​ណា​បដិសេធ​ពី​ តួ​លេខ​ប្រាក់​ឈ្នួល​ដែល​ពួក​គេ​បាន​ស្នើ​សុំ​នោះ​ទេ​ ប៉ុន្តែ​ការ​ពិភាក្សា​នឹង​បន្ត​រហូត​ដល់​មាន​ប្រាក់​ឈ្នួល​សមរម្យ​មួយ​ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​​។​

លោក សំហេង បាន​មាន​ប្រសាសន៍​ថា​៖«យើង​បាន​កំណត់​កាល​វិភាគ​បន្ត​ការ​ប្រជុំ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​កញ្ញា​ហើយ​យើង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១០​ ខែ​កញ្ញា​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ​។​  ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មាន​លទ្ធផល​សម្រាប់​កម្មករ​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ​»។​

លោក ងួន ចាន់ណារ៉ា អគ្គលេខាធិការ​រង​នៃ​សមាគម​ស្បែក​ជើង​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ តំណាង​និយោជក​មិន​ទាន់​បាន​សម្រេច​ចិត្ត​លើ​ការ​ឱ្យ​ប្រាក់​ឈ្នួល​នោះ​ទេ​ ហើយ​នឹង​រង់​ចាំ​រហូត​ដល់​ការ​ប្រជុំ​នា​ពេល​ខាង​មុខ​។​

លោក ចាន់ណារ៉ា បាន​និយាយ​បន្ទាប់​ពី​ចូលរួម​កិច្ច​ប្រជុំ​ថា​៖ «វគ្គ​នេះ​យើង​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ភាគី​នីមួយៗ។​ ដូច្នេះ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​កញ្ញា​យើង​នឹង​មាន​ការ​រីក​ចម្រើន​។​ ពេលនេះ​បញ្ហា​កូវីដ-១៩​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ កំពុង​ធ្វើ​ឱ្យ​រោង​ចក្រ​នានា​ជួប​ការ​លំបាក​»។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ GMAC​ គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំនេះ មាន​រោង​ចក្រ​ប្រហែល​ ៤០០​ បាន​ផ្អាក​ដំណើរ​ការ​ហើយ​មាន​កម្មករ​ជាង​ ១៥០ ០០០​ នាក់​បាន​បាត់​បង់​ការងារ​ដោយ​សារ​​ ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ នៅ​ទូទាំង​ពិភព​លោក​។​

អគ្គលេខាធិការរង​ GMAC​ លោក​ កាំង​ ម៉ូនីកា​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​ ៣​ ខែ​កញ្ញា​នេះ ​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ​៣១​ ខែ​សីហា​ថា​ ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រ​​ទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក​បាន​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​តែ​ ជំងឺ​កូវីដ-១៩​ ហើយ​ស្ថានភាព​មួយ​នេះ​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​ការ​ដក​ផ្នែក​ខ្លះ​នៃ​ EBA​ ។​

លោកបានមានប្រសាសន៍ថា៖ «ដោយសារវិបត្តិទាំងពីរនេះ  តួលេខនៃការនាំចេញ [ផលិតផលពីរោងចក្រកាត់ដេរ] បានធ្លាក់ចុះយ៉ាងខ្លាំង។  ដូច្នេះប្រសិនបើយើងវិភាគរឿងនេះជាធម្មតាការដំឡើងប្រាក់ឈ្នួលអប្បបរមា ជាពិសេសចំពោះចំនួនទឹកប្រាក់ដែលសហជីពបានលើកឡើង គឺមិនអាចទៅរួចទេ»

លោកបាននិយាយថាប្រាក់ឈ្នួលអប្បបរមាគួរតែត្រូវបានកំណត់ដោយផ្អែកលើការស្រាវជ្រាវដែលផ្តល់ដោយវិទ្យាស្ថានជាតិស្ថិតិ ដែលផ្តល់នូវការវាយតម្លៃលើកត្តាសង្គមនិងសេដ្ឋកិច្ច។

លោក ខេន លូ អគ្គលេខាធិការ GMAC មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍៕ 

82 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម