សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យល់ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ​និង​តំឡើង​ប្រាក់ឈ្នួល​ដល់​បុគ្គលិក​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើ​ល​ដ៍​ជិត​ ២​០​០​០​នាក់​ ​តវ៉ា​មុខ​ក្រុមហ៊ុន​ ​ដើម្បី​ទាមទារ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើការ​វិញ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​រូបភាព​ ខេ​ម​បូ​ចា

កាលពី​រសៀល​ថ្ងៃសុក្រ​ ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​បាន​យល់ព្រម​ទទួលយក​តំណាង​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ចូល​ធ្វើការ​វិញ​ ​និង​តំ​ឡើង​ប្រាក់ឈ្នួល​ចន្លោះ​ពី​ ១​៨​ ​ទៅ​ ៣​០​ភាគរយ​ដល់​បុគ្គលិក​ទាំងអស់​ ​បន្ទាប់ពី​ពួកគេ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ពីរ​ថ្ងៃ​។​

​ការ​សម្រេច​បែប​នេះ​កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​កាលពី​ថ្ងៃសុក្រ​ ​ដែល​មានការ​សម្របសម្រួល​ពី​ក្រសួងការងារ​និង​អាជ្ញាធរ​ខណ្ឌ​ចំការមន​។​

​លោក​ ​ឃុន​ ​ថា​រ៉ូ ​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់​ត្រា​ល់​បាន​និយាយ​ថា​៖​ ​«​បុគ្គលិក​ទាំងអស់​យល់ព្រម​ត្រឡប់​ចូល​ធ្វើការ​វិញ​កាលពី​ថ្ងៃអាទិត្យ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​យើង​ស្វាគមន៍​លទ្ធផល​នេះ​។​ ​ខ្ញុំ​គិតថា​ ​បើ​គ្មាន​សាមគ្គីភាព​ក្នុងចំណោម​បុគ្គលិក​ណា​ហ្គាវើ​ល​ដ៍​ទេ​ ​ពួកគេ​ប្រហែលជា​មិន​អាច​សម្រេច​បាន​លទ្ធផល​នេះ​ទេ​»​។​

កញ្ញា​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណាហ្គាវើលដ៍ ​ត្រូវ​បាន​ព្យួរ​ការងារ​កាលពី​ខែកញ្ញា​ ​បន្ទាប់ពី​កញ្ញា​ចេញមុខ​ការពារ​សហការី​ ​បន្ទាប់ពី​សហការី​រូប​នេះ​បាន​យក​អាវយឺត​ដែលគេ​បោះពុម្ព​ជា​ផ្នែក​ ​នៃ​យុទ្ធនាការ​ទាមទារ​ការ​តំ​ឡើង​ប្រាក់ឈ្នួល​ចូល​ទៅ​កា​ស៊ី​ណូ​នេះ​។​

បុគ្គលិក​ចាប់ផ្តើម​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ព្រ​ស​ហ្បតិ៍​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​តំណាង​រូប​នេះ​ចូល​ធ្វើការងារ​វិញ​ ​ព្រមទាំង​តំ​ឡើង​ប្រាក់ឈ្នួល​ដល់​បុគ្គលិក​ទាំងអស់​។​

​រី​ ​សូ​វាន់​ឌី​ ​ជា​ប្រធាន​ក្រុម​ផ្នែក​ហ្គេ​ម​លើ​តុ​នៅ​ណា​ហ្គាវើ​ល​ដ៍ ​បាន​ប្រាប់​ខេ​ម​បូ​ចា​ថា​ ​នាង​និង​បុគ្គលិក​ដទៃទៀត​ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​ ​ពេញចិត្ត​នឹង​លទ្ធផល​នេះ​។​

​សូ​វាន់​ឌី​ ​បាន​និយាយ​ថា​៖​ ​«​យើង​គ្រាន់តែ​ចង់ឲ្យ​ក្រុមហ៊ុន​តំ​ឡើងប្រាក់ខែ​របស់​ពួកយើង​ ​ដើម្បី​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់យើង​បាន​សមរម្យ​»​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​មុននេះ​បាន​ចេញដីកា​រក្សា​ការពារ​មួយ​ជំទាស់​នឹង​កូដកម្ម​របស់​បុគ្គលិក​ ​ជា​សេចក្តី​សម្រេច​មួយ​ដែល​រង​ការរិះគន់​ពី​សហជីព​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២​៣​ ​រួម​ទាំង​អង្គការ​សង់​ត្រា​ល់ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​និង​អង្គការ​លី​កា​ដូ​ផង​ដែរ​។​

​សេចក្តីថ្លែង​ការណ៍​រួម​បាន​លើកឡើង​ថា​៖​ ​«​យើង​សង្កេតឃើញ​ថា​ ​ការ​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​គឺជា​លេស​មួយ​សម្រាប់​ឲ្យ​តុលាការ​ផ្អាក​កូដកម្ម​ដែល​បុគ្គលិក​សម្រេច​ចិត្ត​ធ្វើ​ដោយសេរី​នេះ​»​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃសុក្រ​ថា​ ​លោក​មិន​ចង់​ឃើញ​បញ្ហា​រវាង​ក្រុមហ៊ុន​និង​បុគ្គលិក​បន្ត​អូស​បន្លាយ​ទៀត​នោះ​ទេ​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ក្នុងនាម​អាជ្ញាធរ​ ​យើង​ចង់ឲ្យ​ភាគី​ទាំងពីរ​ព្រមព្រៀង​ជាមួយគ្នា​​ដូច្នេះ​យើង​សម្របសម្រួល​រវាង​ភាគី​ទាំងពីរ​»​។​ ​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​។​

ខេ​ម​បូ​ចា​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​បានទេ​កាលពី​ថ្ងៃសុក្រ​៕

41 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម