សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សសាលា១០នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ក្នុងករណីលិចទូកនៅស្រុកលើកដែក

សាច់ញាតិរៀបចំកម្រងផ្កា និងមឈូសដាក់លើរឺម៉ក បន្ទាប់ពីស្វែងរកសពឃើញ ដើម្បីយកទៅធ្វើពិធីបុណ្យតាមប្រពៃណី។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
សាច់ញាតិរៀបចំកម្រងផ្កា និងមឈូសដាក់លើរឺម៉ក បន្ទាប់ពីស្វែងរកសពឃើញ ដើម្បីយកទៅធ្វើពិធីបុណ្យតាមប្រពៃណី។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

សិស្សសាលាបឋមសិក្សានៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន១០នាក់បានបាត់បង់ជីវិតដោយសារតែការ​លិចទូកដចម្លងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ខណៈសិស្សម្នាក់ទៀតកំពុងបាត់ខ្លួន និងនៅរស់៤នាក់។

តាមរយៈស្នងការខេត្តកណ្ដាល គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ច​បាន​រកឃើញជនរងគ្រោះក្នុងករណីលិចទូកចម្លងក្នុងភូមិកោះចំរើនសរុបចំនួន១៤នាក់ហើយ ក្នុង​នោះជួយសង្រ្គោះបានចំនួន៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១០នាក់ ខណៈម្នាក់ទៀត​កំពុង​បាត់ខ្លួន។ លោក នូវប៉េង ចាន់ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអ្នកនាំពាក្យបានឱ្យដឹងថា ខណៈពេលនេះ អាជ្ញាធរបានរកឃើញសពជនរងគ្រោះចំនួន១០នាក់ហើយ ក្នុងនោះមាន​អ្នក​រស់រានមានជីវិតចំនួន៤នាក់ និងបាត់ខ្លួនម្នាក់។

លោកថ្លែងថា៖ «យើងរកឃើញ១០នាក់ បាត់ខ្លួនម្នាក់ ហើយអ្នករួចផុត៤នាក់»។

យ៉ាងណាមិញ លោក ចាន់ដារ៉ា មិនអាចបញ្ជាក់ពីមូលហេតុជុំវិញករណីលិចទូកដឹក​សិស្សសាលា​នេះបាននៅឡើយទេ។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានហ្រ្វេសញូវថា មានសិស្សសាលាចំនួន១៥នាក់ធ្វើដំណើររួមទូកតែមួយ ហើយបានជួបឧប្បត្តិហេតុលិចទូក​ចម្លង នៅពេលពួកគេចេញពីរៀនគួរភាសាអង់គ្លេស នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

លោក សុចិត្ត ថ្លែងថា៖ «ករណីនេះបានកើតឡើងនៅពេលកូនសិស្សបានចេញពីរៀនរួច ក៏ជិះ​ទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះមានប្រហែល​៣០០​គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង»។

អាណាព្យាបាលសិស្ស ឈររង់ចាំទទួលសពកូនដោយអោបគ្នាយំស្រណោះ នៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោក សុខ ចាន់ អាយុ៣៩ឆ្នាំ ជាឪពុករបស់សិស្សដែលបានបាត់បង់ជីវិត​ដោយសាតែ​លិច​ទូក បានលើកឡើងពីការសោកស្ដាយចំពោះសោកនាដកម្មនេះ។ លោកបានលើក​ជា​សំណូម​ពរថា អាជ្ញាធរពាក់ព័ន្ធគួរតែសាងសង់ស្ពាន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស​ធ្វើ​ដំណើរឆ្លងកាត់ ពិសេសនៅរដូវទឹកឡើង ដើម្បីបង្ការកុំឱ្យមានរឿងដូច្នេះកើតឡើងបន្តទៀត។

លោកថ្លែងថា៖ «ខ្ញុំសោកស្ដាយកូនខ្ញុំណាស់ សំណូមពរសុំស្ពានធ្វើដំណើរ​ចេញចូលកុំឱ្យ​លើក​ក្រោយមានរឿងអ៊ីចឹងទៀត»

លោក ចាន់ ប្រាប់ថា នៅកោះចំរើនពីមុនមកមិនដែលមានហេតុការណ៍លិចទូក​ដូច្នេះ​កើត​ឡើងទេ ហើយនេះជាករណីដំបូងដែលលោកមិននឹកស្មានដល់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព ហើយសូមអំពាវនាវដល់​សិស្សានុ​សិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការ​ប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។

លោកថ្លែងថា៖ «សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក»។

អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងនៅតែបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាព​ធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។

លោកថា៖ «ក្រសួងក៏មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្ត​កិច្ច​សហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀម​លក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់​តាម​លទ្ធភាពជាក់ស្តែង»។

កងកម្លាំងអាជ្ញាធរកំពុងស្វែងរកសពសិស្សសាលាដែលបាត់ខ្លួន ក្នុងករណីលិចទូកដចម្លងទៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ជុំវិញករណីនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្រកម្ពុជា យល់​ឃើញ​ថា នារដូវទឹកឡើងដូច្នេះ ក្រសួងអប់រំមិនគួរអនុញ្ញាតឱ្យសិស្សានុសិស្ស​បន្តរៀនសូត្រ​ឡើយ ព្រោះដោយសារតែរដូវទឹកជំនន់ គឺជារដូវវិស្សមកាល ដើម្បីឱ្យសិស្សបានសម្រាក និងបង្ការបញ្ហាកើតឡើងដោយចៃដន្យដូច្នេះ។

លោកស្រីបញ្ជាក់ថា៖ «រដូវកាលនេះតាំងពីជំនាន់ខ្ញុំនៅរៀន គឺរដូវកាលវ៉ាកង ប៉ុន្តែប្រទេស​កម្ពុជា​យើងយករដូវវិស្សមកាលហ្នឹងនៅសិក្សានៅឡើយ។ មិនគួរណាឱ្យសិស្សបន្តរៀន​នៅរដូវហ្នឹងទេ គួរតែឱ្យគាត់វិស្សមកាលទៅ ដើម្បីបង្ការបញ្ហាអ៊ីចឹងនែក»។

ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ចំពោះហេតុ​ការណ៍​លិចទូកនេះ ស្ថាប័នជំនាញរបស់រដ្ឋាភិបាលគួរតែមានប្រព័ន្ធត្រួតពិនិត្យមធ្យោបាយ​ធ្វើដំណើរផ្លូវទឹក ហើយពិសេសម្ចាស់ទូក ឬម្ចាស់អាជីវកម្ម ត្រូវតែធានាឱ្យបាន​នូវសុវត្ថិភាព​សម្រាប់អ្នកធ្វើដំណើរ។

លោកថ្លែងថា៖ «លិចទូកនេះជាឧបទ្ទវហេតុនេះ ក្រុមហ៊ុនដែលគ្រប់គ្រងទូក ឬកំពង់ចម្លង តើពួកគេមានវិធានការគ្រប់គ្រាន់ មានប្រព័ន្ធសុវត្ថិភាពពេញលេញឬនៅដល់អ្នកធ្វើដំណើរ​តាមទូក»។

លោកបន្តថា៖ «ដើម្បីបញ្ចៀសបញ្ហានេះ ស្ថាប័នជំនាញរបស់រដ្ឋាភិបាលគួរតែមាន​ប្រព័ន្ធនៃ​ការត្រួតពិនិត្យជាពិសេសនៅរដូវកាលមួយដែលមានហានិភ័យខ្ពស់ក្នុងការធ្វើដំណើរតាម​ទូក»។ ​គួរជម្រាបជូនថា ចាប់តាំងពីខែឧសភាមក កម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅទូទាំង​ប្រទេស។

ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ប្រជាពលរដ្ឋប្រមាណ ៨៥​ ៤៨២​គ្រួសារក្នុងខេត្តចំនួន ១៤ ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ដោយទឹកជំនន់ ដោយផ្ទះ​សម្បែង ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព) និងដីកសិកម្មត្រូវ​បាន​ជន់លិច និងមានមនុស្ស១៥នាក់បានស្លាប់៕

430 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម