ថ្នាក់ដឹកនាំសហជីព និងកម្មករចំនួន១៥នាក់ ដែលបម្រើការងារនៅតាមបណ្ដារោងចក្រចំនួនបី ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារទាំងមិនទាន់ចប់កុងត្រា បន្ទាប់ពីពួកគេទាំងនោះបានចងក្រងបង្កើតជាសហជីពឯករាជ្យនៅតាមរោងចក្រដើម្បីរក្សា និងការពារប្រយោជន៍ជូន កម្មករដែលស្របទៅតាមច្បាប់ការងារ។
បើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរើសអើងសេរីភាពក្នុងការបង្កើតសហជីព នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បញ្ជាក់ថា កម្មកររោងចក្រដែលជាតំណាងសហជីពឯករាជ្យចំនួន១៥នាក់ត្រូវបានខាងក្រុមហ៊ុនបញ្ឈប់ពីការងារ និង០៣នាក់ផ្សេងទៀតត្រូវបានលាលែងពីការងារក្រោយរងការធ្វើទុក្ខបុកម្នេញពីភាគីនិយោជក ខណៈសមាជិកដ៏ទៃទៀតកំពុងតែប្រឈមនឹងការបញ្ឈប់ជាបន្តបន្ទាប់ផងដែរ។
លោក ស៊ីណា មានប្រសាសន៍ថា៖ «មកដល់ម៉ោងនេះ រោងចក្រT-win បញ្ឈប់ស្ថាបនិកសហជីពទាំង១០នាក់តែម្ដង រីឯរោងចក្រ Pontus សហជីព៣រូបត្រូវបានក្រុមហ៊ុនធ្វើទុក្ខបុកម្នេញដាក់គំនាបគ្រប់រូបភាពរហូតធ្វើឱ្យពួកគាត់លាលែងពីសហជីព។ រីឯក្រុមហ៊ុន Caswellបញ្ឈប់ម្នាក់ ប៉ុន្តែ៩នាក់ផ្សេងទៀតស្ថិតក្នុងការធ្វើទុក្ខបុកម្នេញ»។
ជុំវិញករណីនេះ លោក ស៊ីណា យល់ថា ការបញ្ឈប់បុគ្គលិកកម្មករ ដោយមិនត្រឹមត្រូវតាមច្បាប់ និងខណៈពួកគេទាំងនោះជាថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពផងនោះ គឺជាសកម្មភាពនៃការរើសអើង មកលើសហជីព ខណៈពួកគេមានសិទ្ធិការពារដោយច្បាប់ការងារ។
លោក ស៊ីណា បន្តថា៖ «ខ្ញុំមិនចង់ឃើញច្បាប់ដែលមានតែសៀវភៅ មានតែក្រដាសហើយការអនុវត្តមិនត្រូវបានយកចិត្តទុកដាក់ ដែលផ្ដល់អំណាចឱ្យភាគីនិយោជកប្រើប្រាស់អំណាចហួសហេតុធ្វើឱ្យប៉ះពាល់ដល់បងប្អូនដែលគាត់ប្រើប្រាស់សិទ្ធិរបស់ពួកគាត់នោះទេ»។
ជាប្រធានសហជីពសម្ព័ន្ធចលនាកម្មករប្រចាំរោងចក្រ Pontus Footwear ស្ថិតនៅក្នុងខេត្តតាកែវ លោក កែម សៅរី បានឱ្យដឹងថា រូបលោកត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារក្រោមហេតុផល ថាលោកបានបង្កើតសហជីពប្រឆាំងនិងរោងចក្រ។
លោក សៅរី បន្តថា ហេតុផលដែលលោកចងក្រងជាសហជីពឯករាជ្យប្រចាំរោងចក្រ Pontus ត្បិតថាមានការរំលោភបំពានសិទ្ធិការងារ ការគាបសង្កត់កម្លាំងពលកម្ម និងការប្រមាថមកលើបុគ្គលិកកម្មករ។ លោកថា សូម្បីតែដាក់ច្បាប់ឈប់សម្រាកពេលឈឺក៏ត្រូវកាត់លុយលើសចំនួនច្បាប់ដែលបានចែងផងដែរ។
លោក សោរី និយាយថា៖ «ខ្ញុំបានជូនដំណឹងទៅក្រុមហ៊ុនហើយ គាត់មានការរើសអើងមិនចង់ឱ្យមានសហជីពប្រចាំឯករាជ្យចូលទៅក្នុងរោងចក្រគាត់ទេ ចឹងគាត់មានសកម្មភាពជាច្រើនលួងលោមសកម្មជនរបស់ខ្ញុំឱ្យចេញ រហូតដល់បញ្ឈប់បួននាក់ និងបង្ខំឱ្យចេញពីសហជីពបីនាក់។ មានការគាបសង្កត់នៅតាមផ្នែកមួយៗ មានការធ្វើការដោយបង្ខំឱ្យលើសចំនួន ទី២ការប្រើសម្ដីអសុរសពីប្រធានផ្នែកប្រធានអគារ ប្រៀបដូចយើងជាទាសករដាច់ថ្លៃ»។
លោក សៅរី បន្តថា អ្វីដែលលោកចង់បានពីថៅកែរោងចក្រ គឺគ្រាន់តែគោរពទៅតាមច្បាប់ការងារ ហើយកុំរំលោភបំពានអត្ថប្រយោជន៍កម្មករ ដែលការពារដោយច្បាប់ការងារតែប៉ុណ្ណោះ។
លោក សៅរី បន្ថែមទៀតថា៖ «រាល់សកម្មភាពដែលខ្ញុំចងក្រង គឺមិនមានចេតនាទៅប្រឆាំងជាមួយក្រុមហ៊ុនទេ គឺពាំនាំកង្វល់របស់កម្មករដែលគាត់ជួបប្រទះ គេគាបសង្កត់នៅកន្លែងធ្វើការឱ្យរដ្ឋបាលសម្របសម្រួលកុំឱ្យគាបសង្កត់បន្តទៀត»។

មិនខុសគ្នាពីលោក សៅរី កម្មកររោងចក្រមួយរូបទៀតមកពីរោងចក្រ T-Win Garment Cambodia Co., Ltd ស្ថិតក្នុងខេត្តតាកែវ គឺអ្នកស្រី សី ផុល អាយុ៤២ឆ្នាំ លើកឡើងថា អ្នកស្រីទើបតែចូលបម្រើការងារនៅរោងចក្រខាងលើប្រមាណជាបីខែប៉ុណ្ណោះ ប៉ុន្តែនៅពេលអ្នកស្រីបានចូលជាសមាជិកសហជីពសម្ព័ន្ធចលនាកម្មករប្រចាំរោងចក្រដែលអ្នកស្រីធ្វើការ គឺថៅកែរោងចក្របានបញ្ឈប់ការងារអ្នកស្រី និងបុគ្គលិកចំនួន៣នាក់ទៀត។
អ្នកស្រី ផុល និយាយថា៖ «ក្រុមហ៊ុនបញ្ឈប់ខ្ញុំដោយអត់មានមូលហេតុ បញ្ឈប់ខ្ញុំបន្ទាន់ថ្ងៃហ្នឹងតែម្ដង[ថ្ងៃដែលអ្នកស្រីចូលជាសហជីព] អត់មានជូនដំណឹងមុនទេ ប្រាប់ថាថៅកែគេឈប់យកខ្ញុំធ្វើការហើយ គេបញ្ចប់កិច្ចសន្យាត្រឹមហ្នឹង»។
បន្ទាប់ពីបាត់បង់ការងារ បន្ទាប់ពីកម្មករទាំងនោះចូលជាសមាជិកសហជីព និងអ្នកខ្លះទៀតជាប្រធានសហជីព ពួកគេបានប្រទះនឹងបញ្ហាជាច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈកម្មករភាគច្រើនអះអាងថាពួកគេកំពុងជំពាក់បំណុលធនាគារផងដែរ។
អ្នកស្រី ខាន ចន្ធូ ជាបុគ្គលិកមកពីរោងចក្រ T-Win Garment Cambodia Co., Ltd លើកឡើងថា អ្នកស្រីត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារក្រោយចូលជាសមាជិកសហជីព ហើយអ្នកស្រីកាន់តែមានជីវភាពលំបាកបន្ទាប់បាត់បង់ការងារ ខណៈអ្នកស្រីនៅជាប់ជំពាក់បំណុលធនាគារច្រើនពាន់ដុល្លារ។
អ្នកស្រី ចន្ធូ និយាយថា៖ «តើខ្ញុំខុសអីគេ? គ្រាន់តែបង្កើតសហជីព ហេតុអ្វីក្រុមហ៊ុនបញ្ឈប់ខ្ញុំទាំងដែលខ្ញុំនៅមានកុងត្រា»។ ជាស្រ្តីមេម៉ាយចិញ្ចឹមកូនពីរនាក់ក្នុងបន្ទុក អ្នកស្រីចន្ធូ បន្តថា៖ «បន្ទុកធ្ងន់មែនទែន កូនខ្ញុំបងអាយុ៦ឆ្នាំ កូនទីពីរ ទើបតែបានមួយខួប ហើយខ្ញុំត្រូវដោះស្រាយបំណុលច្រើន ហើយឥឡូវមកត្រូវបាត់បង់ការងារទាំងដែលខ្ញុំត្រូវមានទំនួលខុសត្រូវធ្ងន់ធ្ងរបំផុត»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ឆ្លើយតបតាមរយៈសារអេឡិតត្រូនិកតេឡេក្រាម ថា ក្នុងករណីដែលនៅតាមបណ្ដារោងចក្រមានការបញ្ឈប់បុគ្គលិក គួរដាក់ពាក្យបណ្ដឹងមកអធិការកិច្ចការងារ នោះក្រសួងនឹងដោះស្រាយជានិច្ច។
លោកថ្លែងយ៉ាងដូច្នេះថា៖ «រាល់ការបញ្ឈប់បុគ្គលិក សូមប្តឹងមកអធិការការងារ បើមិនប្តឹងពេលខ្លះយើងអត់ដឹងដែរ។ ក្នុងករណីអធិការការងារ ដោះស្រាយហើយមិនសុខចិត្តគឺអាចប្តឹងឧបាស្រ័យមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
អ្នកនាំពាក្យក្រសួងការងាររូបនេះ លើកឡើងទៀតថា ប្រសិនបើនៅតាមរោងចក្រមានការរំលោភសិទ្ធិកម្មករ ឬសិទ្ធិការងារ គួរប្ដឹងមកអធិការការងារជាមុនសិន ដោយមិនត្រូវបកស្រាយតាមតែការយល់ឃើញនោះទេ។
លោកហេង សួរ ថ្លែងថា៖ «ប្រសិនជាមានករណីរំលោភសិទ្ធិសូមប្តឹងមកអធិការការងារគ្រប់ពេលវេលា ហើយសូមស្តាប់ការបកស្រាយច្បាប់របស់មន្ត្រីជំនាញ សូមកុំបកស្រាយតាមការយល់ឃើញរបស់ខ្លួន ឬបុគ្គលដែលមិនមានសមត្ថកិច្ច»។
ចំពោះការបញ្ឈប់កម្មករដោយសារតែបង្កើតសហជីពនេះ ចំពោះលោកប៉ាវ ស៊ីណា ថ្លែងថា សិទ្ធិសេរីភាពបង្កើតសហជីពដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ប៉ុន្តែលោកថាមិនត្រូវបានអនុវត្ត ខណៈនិយោជកបានប្រើអំណាចហួសហេតុមកលើកម្មករ ដែលហាក់ជាន់ឈ្លីទៅលើប្រព័ន្ធច្បាប់កម្ពុជា។
លោក ស៊ីណា ថ្លែងថា៖ «យើងមិនអាចនៅស្ងៀមឱ្យអ្នកវិនិយោគមួយចំនួន ឬនិយោជកមួយចំនួនគាត់ធ្វើទង្វើតាមអំពើចិត្តទេ ជាពិសេសគឺការប្រឆាំង រើសអើងសេរីភាពសហជីពនេះតែម្ដង។ ប្រសិនបើនិយោជកយកសហជីពជាសត្រូវ នោះអ្នកមិនបាច់មករកស៊ីទេ ព្រោះសហជីពជាកម្លាំងផលិតរបស់ពួកគាត់»។
រីឯលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ យល់ឃើញថា ការអនុវត្តក្របខណ្ឌច្បាប់ស្ដីពីការងារក្នុងការធានាសិទ្ធិ និងការការពារពិសេសចំពោះកម្មករនិយោជិត គឺមិនសូវទទួលបានការចាត់វិធានការជាក់លាក់ក្នុងការឆ្លើយតបនៅពេលមានបញ្ហាកើតឡើងពីសំណាក់អធិការការងារនោះទេ។ លោកជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពង្រឹងនូវប្រសិទ្ធភាព និងគុណភាពនៃការធ្វើអធិការកិច្ចដោយធ្វើការដោះស្រាយជាបន្ទាន់នៅពេលមានការប្ដឹង និងមានវិវាទកើតឡើង។
លោក ថារ៉ូ មានប្រសាសន៍ថា៖ «ចំណុចនេះខ្ញុំមើលឃើញថា រឿងដែលសំខាន់ គឺជំរុញនូវប្រសិទ្ធភាព គុណភាពនៃការធ្វើអធិការកិច្ច នៅពេលដែលមានវិវាទកើតឡើង ហើយ និងការដោះស្រាយជាបន្ទាន់ក្នុងករណីដែលមានការប្ដឹង ហើយការស៊ើបអង្កេតនោះវាត្រូវអនុវត្តដោយតម្លាភាព និងប្រសិទ្ធភាពដើម្បីដោះស្រាយនូវបញ្ហាបន្ទាន់ដែលកម្មករគាត់ជួបប្រទះ»។
បើតាមសហភាពការងារកម្ពុជា បានឱ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ រោងចក្រចំនួនជាង១០កន្លែងបានបិទទ្វារ និងចំនួនជិត៤០កន្លែងផ្សេងទៀតបានព្យួរការងារកម្មករនិយោជិត ខណៈរោងចក្រចំនួន៦០កន្លែងទៀតបានកាត់បន្ថយបុគ្គលិក។ ជុំវិញបញ្ហានេះ ក្រុមសង្គមស៊ីវិលបានលើកឡើងថាបញ្ហានេះអត្រាពលរដ្ឋបាត់បង់ការងារ គឺជាបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា៕