សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋកម្ពុជា២,៨លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២០

លោក ចយ ពេជ្រ វ័យ ៧៨ឆ្នាំ និងលោក សិន ម៉េង វ័យ ៦៥ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ កំពុងអង្គុយរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ចយ ពេជ្រ វ័យ ៧៨ឆ្នាំ និងលោក សិន ម៉េង វ័យ ៦៥ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ កំពុងអង្គុយរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ខណៈដែល​បុគ្គលិក​ កម្មករ​ចេញ​ពី​កន្លែង​ធ្វើ​ការនៅ​កណ្ដាល​ក្រុង​ភ្នំពេញ ​ដើម្បីញ៉ាំ​​អាហារ​ថ្ងៃ​ត្រង់​កាល​ពី​សប្ដាហ៍​មុន បុរស​អ្នក​ធាក់​ស៊ីក្លូ​មាន​សក់ពណ៌​ស្កូវបាន​ញញឹម និង​បក់​ដៃ​ហៅ​ម៉ូយ ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្នក​ជិះណា​ម្នាក់​។​ សឹង​តែ​មិន​ខុស​ពី​សព្វ​មួយ​ដង លោក ចយ ពេជ្រ វ័យ​ ៧៨ឆ្នាំ មិន​ទាន់​រក​អ្នក​ជិះ​បាន​សូម្បី​ម្នាក់ ទោះ​បី​ជា​លោក​បាន​ចេញ​រក​ម៉ូយ​តាំង​ពី​ព្រឹក​ព្រលឹមក​ម្លេះ។​​​

ទោះ​បី​ជា​​ជីវ​ភាព​របស់​ពួក​គាត់​បាន​ជួប​ការ​លំបាក​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​រថយន្ត​តាក់ស៊ី កង់បី និង​ម៉ូតូ​ឌុប អ្នក​ធាក់​ស៊ីក្លូ​ដូច​ជា​លោក ពេជ្រ ក៏​កំពុង​ប្រ​ឈម​ការ​លំបាក​ខ្លាំង​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩ ដោយ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ចំណូល​ដែលបាន​ពី​ភ្ញៀវ​ទេសចរ​។​

​លោក លើក​ឡើងថា៖ «​វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​អ្នក​ធាក់​ស៊ីក្លូ​ដូច​ពួក​យើងក្នុង​ការ​រក​ប្រាក់​ចំណូល ចាប់​តាំង​ពី​មាន​វិបត្តិ​កូវីដ-១៩ រហូត​មក​ដល់​ពេល​នេះ។ ជីវភាព​របស់​ពួក​យើង​មិន​ទាន់​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឡើយ​ទោះ​មក​ដល់​ពេល​នេះ»។​

​លោក បន្ថែម​ថា ជា​ធម្មតា​លោក​រក​បាន​ត្រឹម​ ២ ០០០រៀល ទៅ​៣ ០០០​រៀល​ក្នុង​មួយ​ថ្ងៃ។ ចំថ្ងៃ​ល្អ​ម្ដង​ម្កាល លោក​ថា លោក​អាច​រក​បាន​ ១០ ០០០​រៀល ដែល​លោក​ចាត់ទុក​ថា​ជា​ថ្ងៃ​​រក​ប្រាក់​បាន​ច្រើន​បំផុត។​

​លោក​បន្ត​ថា៖ «​ខ្ញុំ​តែង​តែ​អត់​ហូប​អាហារ​ពេល​ព្រឹក រង់ចាំ​ដល់​ថ្ងៃត្រង់។ ខ្ញុំ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​អាហារ​បីពេល​ក្នុង​មួយ​ថ្ងៃទេ»។​

​អ្នក​ប្រកប​របរធាក់​ស៊ីក្លូរូប​នេះ ឲ្យ​ដឹង​ទៀត​ថា ជីវិត​របស់​លោក​​ពេល​នេះ​ពឹង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ការ​ជួយ​ពី​សប្បុរសជន សមាជិក​សហគម ដែល​ចែក​អាហារ ជួយ​ជា​ថវិកា និង​សម្លៀក​បំពាក់។​ លោក​លើក​ឡើងថា បើ​មិន​ទាន់​មាន​អ្នក​ទេសចរ​មក​វិញ​ទេ លោក​នៅ​តែ​មិន​ទាន់​អាច​ទ្រទ្រង់​ជីវភាព​ខ្លួន​បាន​។​

​លោក​រៀប​រាប់​ទៀត​ថា៖ «ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​អ្នក​ទេស​ចរ​នឹង​ត្រឡប់​មក​វិញ​ ដូច​នេះ​ខ្ញុំ​អាច​រក​ប្រាក់​បាន​ច្រើន សម្រាប់​ចិញ្ចឹម​ជីវិត។ ខ្ញុំ​កំពុង​រង់​ចាំ​ថ្ងៃនោះ​មក​ដល់​»។​

ស្រ្តី​ម្នាក់​បង្ហាញ​បណ្ណក្រីក្រ​ នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ឃុំស្ទឹង​ថ្មី ស្រុក​ស្វាយ​ដង្គំ ខេត្ត​សៀមរាប ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ស្រ្តី​ម្នាក់​បង្ហាញ​បណ្ណក្រីក្រ​ នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ឃុំស្ទឹង​ថ្មី ស្រុក​ស្វាយ​ដង្គំ ខេត្ត​សៀមរាប ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

​រស់​នៅ​ដោយ​ចំណាយ​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ លោក ពេជ្រ ជា​ពល​រដ្ឋ​ម្នាក់ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ខ្ទង់លាន​នាក់​ផ្សេង​ទៀត ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​។ ទោះ​បី​ជា​ថ្ងៃ​ដែល​លោកអាច​រក​ប្រាក់​បាន​ច្រើន​បំផុត ក៏​លោក​នៅ​តែ​ជា​មនុស្ស​​ម្នាក់​រស់​នៅ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដដែល​។ កាល​ពី​ខែ​មុន រដ្ឋា​ភិបាល​បាន​បញ្ចេញ​តួលេខ​ភាពក្រី​ក្រ​ឆ្នាំ​២០២០ ក៏​ដូច​ជា​បាន​ធ្វើ​បច្ចុប្បន្ន​ភាពលើ​រង្វាស់ស្ដង់ដារ ដែល​ខក​ខាន​​ពិនិត្យ​ឡើង​វិញ​កាលពី​ឆ្នាំ​២០១៣​។ បន្ទាត់​នៃ​ភាព​ក្រី​ក្រ ត្រូវ​កំណត់​លើ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ១០៩៥១​រៀល ដែល​តួលេខនេះ​បានធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ២,៨លាននាក់ ឬ​ប្រហែល​ ១៨​ភាគ​រយ​នៃ​ប្រជា​ជន​សរុប បាន​ធ្លាក់​នៅ​ក្រោម​បន្ទាត់​នៃភាព​ក្រីក្រ​។​

​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រ​សួង​ផែនការ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ខែ​មុន​ថា៖ «ក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​នៃភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា មាន​ ៤,២​ភាគ​រយ​រស់​នៅ​រាជធានី​ភ្នំពេញ ១២,៦​ភាគ​រយ​រស់​នៅ​តាមទីប្រជុំជន​នានា និង​អត្រា​ភាព​ក្រី​ក្រ​នៅ​តាម​ទី​ជន​បទ​មាន​ចំនួន​ ២២,៨​​ភាគ​រយ»។​

​លោកមាន​ប្រសាសន៍​ទៀត​ថា វិបត្តិ​កូវីដ-១៩ និង​ផល​ប៉ះ​ពាល់​របស់​កូវីដ-១៩ លើ​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​រួម​លើ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា ខណៈ​ដែល​លោក​បាន​កត់​សម្គាល់​ដែរថា ការ​ផ្ដល់​ជូន​សាច់​ប្រាក់​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​បាន​កាត់​បន្ថយ​ផល​អាក្រក់​មួយ​ចំនួន​ដែរ​។​

លោក​ស្រី Alissar Chaker តំណាង​អង្គការ​ UNDP នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​រូម​គ្នា​មួយ​រវាង​ក្រ​សួង​សេដ្ឋកិច្ច និង​UNDP ក្នុង​ឆ្នាំ​២០២០ បាន​រក​ឃើញ​ថា​វិបត្តិ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​បាត់បង់ការងារ និង​ប្រាក់​ចំណូល ជាពិសេស​ប៉ះពាល់​ខ្លាំង​លើ​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា​លោក ពេជ្រ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ក៏​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​វិបត្តិ​កូវីដ-១៩ នេះ​ដែរ។​

លោក​ស្រី​បន្ថែម​ថា៖ «​កុមារតូចៗ​រង​ផល​ប៉ះ​ពាល់​ពី​ការ​បិទសាលារៀន»។​ ដោលយលោកស្រី Chaker ឲ្យដឹងថា​៖ «ផល​ប៉ះពាល់​អាច​រួម​មាន​ការ​បោះបង់ការ​សិក្សា​ដោយសារតែការ​បិទសាលា​មាន​រយៈពេល​យូរ និង​តម្រូវ​ការ​របស់​គ្រួសារ​មួយ​ចំនួន​ទាមទារ​ឲ្យកូនៗ​រួម​ចំណែក​ជួយ​រក​ចំណូល»។​​

លោកស្រី​កត់​សម្គាល់​ឃើញ​ថា​ចំនួន​សិស្ស​​បោះបង់ការ​សិក្សាមានការ​កើន​ឡើង ដែល​អាច​នឹង​ប៉ះពាល់​ដល់​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត ដោយសារតែ​កុមារ​មិនបាន​ទទួល​ការ​អប់​រំ នាំ​ឲ្យ​វាស​នា​ទៅ​ថ្ងៃ​អនាគត​របស់​ពួក​គេ​ក៏​នឹង​មាន​កម្រិត​។​

លោកស្រី​​បន្ថែមថា៖ «ការ​សិក្សា​មួយ​របស់​អង្គការ​ UNDP បាន​ប៉ាន់​ប្រមាណ​ថា ការ​បិទ​សាលា​នៅ​ឆ្នាំ​២០២០ ធ្វើ​ឲ្យ​បាត់​បង់​សន្ទស្សន៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​ស្មើ​នឹង​ការ​អភិវឌ្ឍ​រយៈ​ពេល​បួន​ឆ្នាំចុងក្រោយ​នេះ»។​

អ្នកលក់​ផ្លែឈើ​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ រូប​ភាព​ថតកាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បើតាម​លោកស្រី Chaker ដើម្បី​ជួយ​ដល់​អ្នក​ដែ​ល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​វិបត្តិ​កូវីដ-១៩ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​គាំពារ​សង្គម ដែល​បាន​ជួយ​ការពារ​មនុស្ស​ប្រហែល​ជា​ ៥៧០ ០០០​នាក់​ពី​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​។​

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជោគជ័យ​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង និង​វិធានការ​ស្ដារសេដ្ឋកិច្ច​ផ្សេង​ទៀត សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​នឹង​វិល​ទៅ​រក​តំបន់​វិជ្ជមាន​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ។​

លោកស្រី​បន្ថែម​ថា៖ «បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​ UNDP សម្រាប់​ឆ្នាំ​២០២១ អត្រា​ GDP ទំនង​ជា​អាច​នៅ​ចន្លោះ​ ១,៧ ទៅ ២,៣ភាគ​រយ ជាមួយ​នឹង​កិច្ច​គាំពារ​សង្គម និង​ការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត»។​

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ប្រាប់​ខេមបូចា ថា ស្ថាន​ភាព​ជីវភាព​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហាក់​បាន​ប្រសើរ​ឡើង​វិញ​បន្តិច​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ផ្សេងៗ និង​បាន​បើក​ប្រទេស​សម្រាប់​អ្នក​ទេសចរ​បាន​ចាក់​វ៉ាក់សាំង​។ យ៉ាងណា លោក​ថា កម្មករ​ក្នុងវិស័យ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តែ​ប្រឈម​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ រួម​ទាំង​ការ​ជាប់​​បំណុល​ផង​ដែរ​។​

លោក​មានប្រសាសន៍ថា៖ «កម្មវិធី​ជំនួយ​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​អាច​ជួយ​ដល់​អ្នក​ដែល​មាន​ការ​លំបាក​ផ្នែក​ជីវភាព​ក្នុង​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ​កម្មវិធី​នេះ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​តម្លា​ភាព»។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 2.8 million Cambodians were living under the poverty line in 2020

223 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម