កម្មករ កម្មការិនី តំណាងសហជីព និងសង្គមស៊ីវិល ព្រមទាំងសាច់ញាតិជាច្រើននាក់បានជួបជុំគ្នានៅមុខរូបសំណាករបស់លោក ជា វិជ្ជា កាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់រូបលោក នៅក្បែរវត្តលង្កា នៅឆ្នាំ២០០៤។ កម្មវិធីបានប្រព្រឹត្តទៅនៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងដែលលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃធ្វើពិធីសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនា។
ខណៈដែលពិធីបុណ្យបានបញ្ចប់ កម្មករកម្មការិនី សមាជិកសហជីព និងសាច់ញាតិ បានអំពាវនាវដល់អាជ្ញាធរឱ្យតាមរកមុខជនទាំងឡាយដែលនៅពីក្រោយឃាតកម្មដ៏ឥតអៀនខ្មាសនេះ ដើម្បីស្ដារយុត្តិធម៌នៅក្នុងសង្គម និងកសាងស្ដូបមួយជានិមិត្តរូបនៃការបញ្ចប់វប្បធម៌និទណ្ឌភាព។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បាននិយាយថា នៅតែពុំទាន់មានភាពយុត្តិធម៌ ហើយពុំមាន«ឃាតក»ណាត្រូវបានផ្ដន្ទាទោសឡើយ បើទោះបីជាលោក ជា វិជ្ជា ត្រូវបានគេបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅក្ដី។ ប៉ុន្តែរដ្ឋាភិបាលតែងតែអះអាងថា កម្ពុជាគឺជាប្រទេសដែលមានសន្តិភាព។
លោកស្រី សុភ័ណ្ឌ បាននិយាយយ៉ាងដូច្នេះថា៖ «យើងនៅតែចងចាំរូបលោក [ទោះបីវាកន្លងទៅ] ២០ឆ្នាំហើយក្ដី។ តើយុត្តិធម៌នៅឯណា ? តើប្រទេស[កម្ពុជា]មានសន្តិភាពយ៉ាងដូចម្ដេច នៅពេលដែលមានការបាញ់សម្លាប់[កើតឡើង] ? នេះជារឿងគួរឱ្យសោកស្ដាយ»។ លោកស្រី សុភ័ណ្ឌ បានទាមទារឱ្យរដ្ឋាភិបាលថ្មីស្វែងរកយុត្តិធម៌ឱ្យក្រុមគ្រួសាររបស់លោក ជា វិជ្ជា។
លោកស្រីប្រធានសហជីពដដែលបានបន្ថែមថា សិទ្ធិរបស់កម្មករក៏ដូចគ្នាដែរ នៅតែបន្តគាបសង្កត់ដោយម្ចាស់រោងចក្រ «កម្មករនៅតែត្រូវបានសង្កត់សង្កិនដោយអ្នកមាននិងអ្នកមានអំណាច ដូច្នេះ តើយុត្តិធម៌នៅឯណាសម្រាប់ពួកយើង?»។
ក្រៅពីប្រារព្ធពិធីរំឭកខួបមរណភាពរបស់លោក ជា វិជ្ជា អង្គការសង្គមស៊ីវិល និងសហជីពចំនួន៥៥ស្ថាប័ន ក៏បានធ្វើញត្តិស្នើសុំឱ្យមានការសាងសង់ស្ដូបមួយដើម្បីរំឭកប្រជាជនឱ្យចូលរួមបញ្ឈប់និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។
កម្មករជឿជាក់ថា ការសាងសង់ស្តូបនេះនឹងជំរុញដល់រដ្ឋាភិបាល និងអ្នកនយោបាយឱ្យគិតគូរអំពីយុត្តិធម៌សង្គម និងលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់ស្ដីពីសិទ្ធិមនុស្ស ។
លោ ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការ សង់ត្រាល់ បាននិយាយថា វប្បធម៌និទណ្ឌភាព គឺជាឧបសគ្គមួយនៃដំណើរការនីតិរដ្ឋ។ «អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺដោះស្រាយបញ្ហានិទណ្ឌភាពនេះ ។ យើងសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងអនុញ្ញាតដល់ការសាងសង់ចេតិយមួយដើម្បីទុកជា[សញ្ញា]នៃការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា»។
លោកនិយាយថា ស្ដូបនេះនឹងជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្ស។
លោក ថារ៉ូ បានបន្ថែមថា៖ «យើងមិនដឹងថានាយករដ្ឋមន្ត្រីនឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះសំណើនេះនោះទេ។ វាអាស្រ័យលើថាតើរដ្ឋាភិបាលមានឆន្ទៈក្នុងការផ្ដល់ទីតាំង ឬអត់។ ស្ដូបនេះ គឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់ក្រុមណាមួយ ឬគណបក្សណាមួយនោះទេ»។
មន្ត្រីខុទ្ទកាល័យ លោក គង់ ចំរើន បាននិយាយថា លោកបានទទួលញត្តិនៅវេលាម៉ោង១១ព្រឹក និងបានបញ្ជូនទៅឱ្យមន្ត្រីខុទ្ទកាល័យមួយរូបផ្សេងទៀត ដោយលោកបានបន្ថែមថា លោកមិនដឹងថាលទ្ធផលនឹងចេញមកដូចម្ដេចនោះទេ ពីព្រោះលោក«មិនមែនជាអ្នកដែលសម្រេចចិត្ត»ឡើយ។
ស្របពេលជាមួយគ្នានេះដែរ លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា បានគាំទ្រគំនិតផ្ដួចផ្ដើមដើម្បីសាងសង់ស្ដូបមួយនេះ ពីព្រោះវាជាការរំឭកពីវីរភាពរបស់អ្នកទាំងឡាយដែលបានបាត់បង់ជីវិត។ ស្ដូបនេះគឺមិនមែនសំដៅតែបងប្រុសរបស់លោកតែម្នាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ជាការលើកទឹកចិត្តដល់រដ្ឋាភិបាលដើម្បីចូលរួមនៅក្នុងការលុបបំបាត់និទណ្ឌភាពផងដែរ ។
លោក មុនី បានលើកឡើងថា៖ «ការសាងសង់ស្ដូបគឺជានិមិត្តរូបប្រាប់ដល់ប្រជាជនកម្ពុជាថា វីរភាពរបស់ពួកគេមិនដែលត្រូវគេបំភ្លេចឡើយ»។
អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានបដិសេធមិនផ្ដល់អត្ថាធិប្បាយអ្វីតាមទូរសព្ទឡើយ ដោយលោកណែនាំឱ្យអ្នកសារព័ត៌មានផ្ញើសំណួរទៅឱ្យលោកតាមរយៈតេឡេក្រាមរបស់លោក។ ប៉ុន្តែលោកមិនបានឆ្លើយតបនឹងសំណួរតាមតេឡេក្រាមនោះទេ ។
បើយោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយសហជីពសេរីកម្ម លោក វិជ្ជា ត្រូវបានគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែតមួយកន្លែងនៅខាងក្រៅរបងវត្តលង្កា។ អស់រយៈពេលជាងមួយទសវត្សរ៍ហើយ ឃាតកពិតប្រាកដនៅតែគេចរួចផុតពីយុត្តិធម៌នៅឡើយ ។
មនុស្សពីរនាក់ ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ដំបូងឡើយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំម្នាក់ ប៉ុន្តែចៅក្រមមួយរូបសម្រេចធ្វើមោឃភាពសាលក្រមទាំងនោះ ដោយសារតែខ្វះភស្តុតាង។
ទោះបីលោក ជា វិជ្ជា បាត់បង់ជីវិតទៅ២០ឆ្នាំហើយក្ដី លោក មុនី នៅតែរន្ធត់តក់ស្លុតពីមរណភាពរបស់លោក ដោយលោកអះអាងថា៖ «ឃាតកម្មនេះគឺជាការគ្រោងទុកជាមុន ដោយសារតែសាក្សីមួយចំនួននៅរស់រានមានជីវិតនៅឡើយ»។លោកក៏បានទទូចឱ្យរដ្ឋាភិបាលស្វែងរកឃាតក ដែលកំពុងមានសេរីភាពនៅខាងក្រៅផងដែរ។
លោក មុនី បន្ថែមថា៖ «ឃាតកនិងអ្នកនៅពីក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា នៅមិនទាន់វែកមុខ ឬចាប់ខ្លួននៅឡើយទេ។ គេមិនឃើញមានឆន្ទៈពិតប្រាកដទេ ដែលនេះជាការឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅខ្សោយណាស់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពុំបានឆ្លើយតបនឹងការហៅទូរសព្ទទេ ហើយលោកក៏មិនបានឆ្លើយតបនឹងសារតាមតេឡេក្រាមដែរ ជុំវិញការវិវឌ្ឍនៃការស៊ើបអង្កេតក្នុងករណីនេះ ។
នៅក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា ចំនួន៥ខែ លោក រស់ សុវណ្ណារ៉េត ដែលជាសមាជិកម្នាក់ទៀតនៃគណៈកម្មាធិការសហជីពសេរីកម្មករ ក៏ត្រូវបានគេបាញ់សម្លាប់ដែរ។
នៅឆ្នាំ២០០៧ អតីតមេដឹកនាំសហជីព លោក ហ៊ី វុទ្ធី ត្រូវបានបាញ់សម្លាប់។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធមិនផ្ដល់កិច្ចសម្ភាសន៍តាមទូរសព្ទទេ ដោយលោកស្នើឱ្យផ្ញើសំណួរតាមតេឡេក្រាម ប៉ុន្តែលោកក៏មិនបានឆ្លើយតបនឹងសំណួរតាមតេឡេក្រាមដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ 20 Years On – Chea Vichea’s Death Mourned, Call To Build Symbolic Stupa To End Impunity