ក្នុងឱកាសនៃព្រះរាជពិធីប្រារព្ធខួបគម្រប់ ២០ព្រះវស្សា នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រជាពលរដ្ឋកម្ពុជាបានចូលរួមរយៈពេលបីថ្ងៃជាប់ៗគ្នា គឺចាប់តាំងពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រង រាជសម្បត្តិបន្តពីព្រះរាជបិតារបស់ព្រះអង្គ គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០០៤ ។
ព្រះឆាយាល័ក្ខណ៍នៃព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ សារថ្វាយព្រះពរ ព្រមទាំងព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវបានតាំងបង្ហាញជូនសាធារណៈជនទស្សនាដោយសេរី ។
ប្រជាពលរដ្ឋដែលមកចូលរួមអបអរសារទរ និងទស្សនាការបាញ់កាំជ្រួច សម្តែងនូវក្តីសប្បាយរីករាយ ។
នៅថ្ងៃចុងក្រោយនៃព្រះរាជពិធី មានការរៀបចំមហាមិទ្ទិញ ហើយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងជាព្រះរាជអធិបតី និងមានការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងអង្គទូត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
តាមរយៈព្រះរាជសុន្ទរកថាក្នុងអង្គពិធីគម្រប់ខួប ២០ព្រះវស្សា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាព សាមគ្គីជាតិ និងឯកភាពជាតិ ។ ព្រះមហាក្សត្រទ្រង់អំពាវនាវឱ្យជនរួមជាតិ រួបរួមគ្នាតាមរដ្ឋធម្មនុញ្ញ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រសូត្រនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ហើយមកដល់ពិធីប្រារព្ធខួបគម្រប់ ២០ព្រះវស្សា នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គនេះ ព្រះអង្គមានព្រះជន្មាយុ ៧១ ព្រះវស្សា ៕